1 បន្ទាប់មក លោកយ៉ាកុបបានហៅកូនប្រុសៗរបស់គាត់ ហើយប្រាប់ថា៖ «ចូរមកជួបជុំគ្នា ដើម្បីឲ្យពុកអាចប្រាប់នូវអ្វីដែលនឹងកើតឡើងជាមួយកូនៗនាពេលអនាគត។ 2 ចូរជួបជុំគ្នា ហើយស្តាប់កូនប្រុសៗរបស់យ៉ាកុបអើយ។ ចូរស្តាប់លោកអ៊ីស្រាអែល ជាឪពុករបស់អ្នករាល់គ្នា។ 3 រូបេន កូនគឺជាកូនច្បងរបស់ឪពុក ជាឬទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ឪពុក កូនមានកិត្តិយស និងអំណាចខ្លាំងជាងគេ។ 4 កូនប្រៀបដូចជាទឹកហូរដែលមិនអាចឃាត់បាន តែកូនមិនអាចធ្វើមេបានទេ ដោយសារកូនបានឡើងទៅលើគ្រែរបស់ឪពុក។ បន្ទាប់មក កូនបានបង្ខូចកិត្តិយសរបស់ឪពុក ដោយកូនឡើងទៅដេកជាមួយភរិយារបស់ឪពុក។ 5 ស៊ីម្មាន និងលេវី ជាបងប្អូនគ្នា។ ដាវរបស់ពួកគេបានប្រព្រឹត្តអំពើឃោរឃៅ។ 6 ឱព្រលឹងខ្ញុំអើយ សូមកុំឲ្យខ្ញុំចូលរួមទៅក្នុងគំនិតរបស់ពួកគេ ហើយកុំចូលរួមជាមួយការជួបជុំរបស់គេឡើយ ដ្បិត ដួងចិត្តរបស់ខ្ញុំខឹងចំពោះអំពើឃោរឃៅនោះ។ ដ្បិត នៅក្នុងកំហឹងរបស់ពួកគេ ពួកគេបានសម្លាប់មនុស្ស។ ហើយពេលគេសប្បាយ ពួកគេកាត់ជើងគោ។ 7 សូមឲ្យបណ្តាសាធ្លាក់លើកំហឹងរបស់ពួកគេ ដ្បិត ជាកំហឹងដ៏ខ្លាំង ហើយកំហឹងដ៏ខ្លាំងនេះ អាក្រក់ណាស់។ ឪពុកនឹងញែកពួកគេចេញពីយ៉ាកុប ហើយបំបែកពួកគេចេញពីលោកអ៊ីស្រាអែល។ 8 យូដា បងប្អូនរបស់កូននឹងសរសើរដល់កូន។ ដៃរបស់កូននឹងច្របាច់កខ្មាំងសត្រូវរបស់កូន។ បងប្អូនរបស់កូននឹងលុតជង្គង់នៅចំពោះកូន។ 9 យូដាគឺជាតោស្ទាវ។ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបដេកចុះ វាបានដេក ដូចជាតោះឈ្មោល ដូចជាតោញី តើនរណាហ៊ានដាស់វា? 10 ដំបងរាជ្យនឹងមិនចេញឆ្ងាយពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏មិនឃ្លាតឆ្ងាយចេញពីជើងរបស់គាត់ដែរ រហូតតែស៊ីឡូមកដល់។ ប្រជាជាតិទាំងឡាយនឹងស្តាប់បង្គាប់គាត់។ 11 លោកនឹងចងលារបស់លោកនឹងដើមទំពាំងបាយជូរ លោកបោកអាវរបស់លោកនៅក្នុងស្រាទំពាំងបាយជូរ ហើយបោកអាវវែងរបស់លោកនៅក្នុងទឹកទំពាំងបាយជូរដែរ។ 12 ភ្នែករបស់លោកខ្មៅដូចជាស្រាទំពាំងបាយជូរ ហើយឆ្មេញរបស់លោកសដូចជាទឹកដោះគោ។ 13 សាប់យូឡូននឹងរស់នៅតាមមាត់សមុទ្រ។ គាត់នឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់គាត់នឹងលាតសន្ធឹងទៅដល់ក្រុងស៊ីដូន។ 14 អ៊ីសាខារគឺជាសត្វលាដ៏រឹងមាំ ដេកនៅក្នុងចន្លោះរោងចៀម។ 15 គាត់បានឃើញកន្លែងសម្រាកដ៏ល្អ ហើយទឹកដីក៏ស្រួលរស់នៅផង។ គាត់ក៏ឱនខ្លួនឲ្យគេដាក់កែបផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។ 16 ដាន់នឹងគ្រប់គ្រងលើជនជាតិរបស់ខ្លួន ក្នុងចំណោមកុលសម្ព័ន្ធមួយនៃកុលសម្ព័ន្ធអ៊ីស្រាអែល។ 17 ដាន់នឹងក្លាយជាពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចចឹកកែងជើងសេះបណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។ 18 ឱព្រះអម្ចាស់អើយ ទូលបង្គំរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ 19 កាដត្រូវកងទ័ពមួយមកវាយប្រហារលើកូន តែកូននឹងវាយកងទ័ពនោះពីក្រោយខ្នងរបស់ពួកគេវិញ។ 20 អេស៊ើបចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់ កូននឹងធ្វើព្រះស្ងោយថ្វាយមហាក្សត្រ។ 21 ណែបថាលីគឺជាសត្វក្ដាន់ញីដែលរត់ដោយសេរី កូននឹងបង្កើតកូនយ៉ាងស្អាតៗ។ 22 យ៉ូសែបគឺជាមែកដែលផ្លែ ដុះនៅជិតប្រភពទឹក មានមែកដុុះព័ទ្ធឡើងនៅលើជញ្ជាំង។ 23 ខ្មាំងសត្រូវនឹងវាយប្រហារកូន ហើយគេនឹងបាញ់លើកូន ហើយវាយប្រហារកូនថែមទៀតផង។ 24 ប៉ុន្តែ ធ្នូររបស់កូននឹងនៅតែរឹងមាំ ហើយដៃរបស់កូនមានភាពស្ទាត់ជំនាញ ដោយសារព្រះហស្តរបស់ព្រះដ៏ខ្លាំងពូកែរបស់លោកយ៉ាកុប ដោយព្រោះនាមព្រះអង្គជាអ្នកគង្វាល និងជាថ្មដានៃអ៊ីស្រាអែល។ 25 ព្រះជាម្ចាស់ឪពុករបស់កូននឹងជួយកូន ហើយព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តានឹងប្រទានពរដល់កូនជាមួយនឹងព្រះពរដែលមកពីលើមេឃ ព្រះពរចេញពីទីជម្រៅដែលនៅខាងក្រោម និងព្រះពរពីទឹកដោះ និងពីផ្ទៃផង។ 26 ពរឪពុករបស់កូនធំជាងពរដែលចេញពីភ្នំបុរាណ ឬអ្វីៗដែលគួរឲ្យចង់បានពីភ្នំបុរាណ។ សូមឲ្យពរនេះបានហូរមកលើក្បាលរបស់យ៉ូសែប ថែមទាំងមកលើមកុដនៅលើក្បាលរបស់មេនៃបងប្អូនរបស់កូន។ 27 បេនយ៉ាមីនគឺជាឆ្កែចចកដែលស្រែកឃ្លាន។ នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែកគ្នាស៊ី»។ 28 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។ នេះគឺជាអ្វីដែលឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេ នៅពេលកាត់ឲ្យពរដល់ពួកគេ។ គាត់បានឲ្យពរដល់ម្នាក់ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។ 29 បន្ទាប់មក គាត់បានបង្គាប់ដល់ពួកគេហើយនិយាយទៅកាន់ពួកគេថា៖ «ឪពុកជិតត្រឡប់ទៅរកដូនតារបស់ឪពុកវិញហើយ។ ចូរបញ្ចុះសពឪពុកជាមួយបុព្វបុរសរបស់ឪពុកនៅក្នុងល្អាងដែលនៅចម្ការរបស់លោកអេប្រូន ជនជាតិហេត 30 គឺនៅក្នុងល្អាងដែលនៅចម្ការរបស់លោកម៉ាកពេឡា ដែលនៅក្បែរម៉ាមរ៉េ ក្នុងទឹកដីកាណាន ជាចម្ការដែលលោកអប្រាហាំបានទិញសម្រាប់ជាកន្លែងបញ្ចុះសពពីលោកអេប្រូន ជនជាតិហេត។ 31 ពួកគេបានបញ្ចុះសពរបស់លោកអប្រាហាំ និងនាងសារ៉ា ភរិយារបស់គាត់នៅទីនោះ ហើយក៏បញ្ចុះសពរបស់លោកអ៊ីសាក និងនាងរេបេកា ភរិយារបស់គាត់ និងនាងលេអានៅទីនោះដែរ។ 32 ចម្ការ និងល្អាងដែលបានទិញពីជនជាតិហេត»។ 33 ពេលលោកយ៉ាកុបបានបង្គាប់ដល់កូនៗរបស់គាត់ចប់សព្វគ្រប់ហើយ គាត់បានលើកជើងដាក់លើគ្រែវិញ ហើយបានដកដង្ហើមចុងក្រោយរបស់គាត់ ហើយបានត្រឡប់ទៅបុព្វបុរសរបស់គាត់វិញទៅ។