1 បន្ទាប់មក លោកយ៉ូសែបកើតទុក្ខជាខ្លាំង គាត់បានក្រាបមុខលើឪពុករបស់គាត់ ហើយយំឱប ថើបគាត់។ 2 លោកយ៉ូសែបបានបង្គាប់ដល់អ្នកបម្រើរបស់គាត់ដែលជាគ្រូពេទ្យអប់ឪពុករបស់គាត់។ ដូច្នេះ គ្រូពេទ្យបានអប់លោកអ៊ីស្រាអែល។ 3 ពួកគេបានចំណាយពេលសែបសិបថ្ងៃពេញ សម្រាប់ធ្វើពិធីអប់។ ជនជាតិអេស៊ីបកាន់ទុក្ខគាត់អស់រយៈពេលចិតសិបថ្ងៃ។ 4 ពេលថ្ងៃកាន់ទុក្ខបានបញ្ចប់ លោកយ៉ូសែបបាននិយាយទៅកាន់ពួកគេដែលនៅក្នុងដំណាក់របស់ស្តេចផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើ ខ្ញុំបានប្រកបដោយព្រះគុណនៅចំពោះអស់លោកមែន សូមទូលទៅព្រះបាទផារ៉ោន ដោយពោលថា៖ 5 «ឪពុករបស់ខ្ញុំបានឲ្យខ្ញុំស្បថ ដោយប្រាប់ថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ។ ចូរបញ្ចុះឪពុកនៅក្នុងផ្នូររបស់ឪពុកដែលឪពុកបានជីកសម្រាប់ឪពុកខ្លួនឯងនៅក្នុងទឹកដីកាណាន។ ចូរបញ្ចុះឪពុកនៅទីនោះចុះ»។ 6 ព្រះបាទផារ៉ោនឆ្លើយថា៖ «ទៅ ហើយបញ្ចុះសពឪពុករបស់លោក តាមដែលគាត់ឲ្យលោកស្បថចុះ»។ 7 លោកយ៉ូសែបបានឡើងទៅ ដើម្បីបញ្ចុះសពឪពុករបស់គាត់។ មន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់បានទៅជាមួយគាត់ អស់អ្នកដែលនៅដំណាក់របស់ស្តេចផង រួមទាំងមន្ត្រីធំៗទាំងអស់នៅក្នុងទឹកដីអេស៊ីប 8 និងគ្រួសាររបស់លោកយ៉ូសែបទាំងអស់ ព្រមទាំងបងប្អូនរបស់គាត់ និងអស់អ្នកដែលនៅក្នុងគ្រួសាររបស់គាត់។ ប៉ុន្តែ ក្មេងៗ ហ្វូងចៀម និងហ្វូងគោរបស់ពួកគេទុកនៅក្នុងទឹកដីកូសែនដដែល។ 9 មានរទេះ មានពួកជិះសេះក៏បានចូលរួមដង្ហែទៅជាមួយលោកដែរ។ មានហ្វូងមនុស្សយ៉ាងច្រើនកុះករ។ 10 ពេលពួកគេមកដល់លានស្រូវរបស់លោកអ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ ពួកគេយំសោកជាខ្លាំងនៅទីនោះ។ នៅទីនោះ លោកយ៉ូសែបកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។ 11 ពេលប្រជាជនដែលរស់នៅទឹកដីនោះ គឺទឹកដីកាណាន បានឃើញការកាន់ទុក្ខនៅលានស្រូវរបស់លោកអ័ថាត់ ពួកគេនិយាយថា៖ «នេះគឺជាការកាន់ទុក្ខយ៉ាងខ្លាំងសម្រាប់ជនជាតិអេស៊ីប»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា៖ «អេបិល មីសរ៉ែម ដែលនៅខាងនាយទន្លេយ័រដាន់។ 12 ដូច្នេះ កូនប្រុសៗរបស់លោកយ៉ាកុបបានធ្វើសម្រាប់គាត់ ដូចដែលគាត់បានបង្គាប់ដល់ពួកគេ។ 13 កូនប្រុសៗរបស់គាត់បានដឹកសពរបស់គាត់ទៅកាន់ទឹកដីកាណាន ហើយបញ្ចុះសពរបស់គាត់នៅក្នុងល្អាងនៅក្នុងចម្ការរបស់លោកម៉ាកពេឡា នៅក្បែរម៉ាមរ៉េ ដែលលោកអប្រាហាំបានទិញល្អាងជាមួយនឹងចម្ការសម្រាប់ជាកន្លែងបញ្ចុះសព។ គាត់បានទិញពីលោកអេប្រូន ជនជាតិហេត។ 14 បន្ទាប់ពីកាត់បានបញ្ចុះសពឪពុករបស់គាត់ហើយ លោកយ៉ូសែបបានត្រឡប់ទៅកាន់ទឹកដីអេស៊ីបវិញ គាត់បានទៅជាមួយបងប្អូនរបស់គាត់ ហើយនិងអស់អ្នកដែលរួមដំណើរដើម្បីបញ្ចុះសពឪពុករបស់គាត់ជាមួយគាត់។ 15 ពេលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេនិយាយគ្នាថា៖ «តើមានរឿងអ្វីកើតឡើង ប្រសិនបើ យ៉ូសែបចងគំនុំជាមួយពួកយើង ហើយចង់សងសឹកនឹងយើង ដោយព្រោះការអាក្រក់ទាំងអស់របស់យើងដែលយើងបានធ្វើជាមួយនឹងវា?» 16 ដូច្នេះ ពួកគេបានបង្គាប់ម្នាក់ឲ្យទៅជួបលោកយ៉ូសែប ប្រាប់ថា៖ «លោកឪពុកបានបង្គាប់មុនពេលគាត់លាចាកលោកនេះថា៖ 17 «ចូរប្រាប់យ៉ូសែបដូច្នេះ «សូមអត់ទោសដល់កំហុសបងៗរបស់កូន និងបាបនៅពេលដែលពួកគេធ្វើអាក្រក់នឹងកូន»។ ឥឡូវនេះ សូមអត់ទោសដល់ពួកគេ ដែលជាអ្នកបម្រើព្រះជាម្ចាស់ឪពុករបស់កូន»។ 18 បងៗរបស់គាត់ក៏បានទៅលុតជង្គង់នៅចំពោះគាត់។ ពួកគេនិយាយថា៖ «មើល៍ ពួកយើងជាអ្នកបម្រើរបស់ប្អូន»? 19 ប៉ុន្តែ លោកយ៉ូសែបបានប្រាប់ពួកគេថា៖ «កុំភ័យខ្លាចអី។ តើខ្ញុំជាព្រះជាម្ចាស់ឬ? 20 បងៗមានបំណងធ្វើបាបខ្ញុំ ប៉ុន្តែ ព្រះជាម្ចាស់ធ្វើឲ្យវាទៅជាល្អវិញ គឺដើម្បីការពារជីវិតរបស់មនុស្សជាច្រើន ដូចដែលបងៗបានឃើញសព្វថ្ងៃនេះ។ 21 ដូច្នេះ សូមកុំភ័យខ្លាចធ្វើអ្វី។ ខ្ញុំនឹងផ្តត់ផ្គង់បងៗ និងកូនចៅរបស់បងៗដែរ»។ គាត់បានកម្សាន្តចិត្តដល់ពួកគេបែបនេះឯង ហើយបាននិយាយដោយស្រទន់ទៅកាន់ដួងចិត្តរបស់ពួកគេ។ 22 លោកយ៉ូសែបរស់នៅក្នុងអេស៊ីប ជាមួយនឹងក្រុមគ្រួសារឪពុករបស់គាត់។ គាត់រស់នៅបានមួយរយដប់ឆ្នាំ។ 23 លោកយ៉ូសែបានឃើញកូនចៅរបស់លោកអេប្រាអ៊ីមរហូតដល់បីជំនាន់។ គាត់ក៏បានឃើញកូនរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ជាអ្នកដែលបានដាក់លើភ្លៅរបស់លោកយ៉ូសែប។ 24 លោកយ៉ូសែបប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់ប្រាកដជាមកជួបបងៗ ហើយនាំបងៗចេញពីទឹកដីនេះ ទៅកាន់ទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់លោកអប្រាហាំ ដល់លោកអ៊ីសាក និងដល់លោកយ៉ាកុប»។ 25 បន្ទាប់មក លោកយ៉ូសែបបានឲ្យជនជាតិអ៊ីស្រាអែលស្បថសម្បថ។ គាត់ប្រាប់ថា៖ «ព្រះជាម្ចាស់ប្រាកដជាមកជួបអ្នករាល់គ្នា។ នៅពេលនោះ អ្នករាល់គ្នាត្រូវដឹកយកឆ្អឹងរបស់ខ្ញុំចេញពីទីនេះ»។ 26 ដូច្នេះ លោកយ៉ូសែបបានស្លាប់ ក្នុងអាយុ ១១០ឆ្នាំ។ ពួកគេបានអប់សពគាត់ ហើយគេបានដាក់លោកនៅក្នុងមឈូសនៅក្នុងអេស៊ីប។