1 លោកយ៉ាកុបបានរស់នៅក្នុងទឹកដី ដែលឪពុករបស់គាត់រស់នៅ គឺនៅក្នុងទឹកដីកាណាន។ 2 ទាំងនេះ គឺជាព្រឹត្តិការណ៍ដែលកើតឡើងទាក់ទងនឹងលោកយ៉ាកុប។ លោកយ៉ូសែប នៅក្មេង អាយុដប់ប្រាំពីរឆ្នាំ បានទៅឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ គាត់បានទៅជាមួយកូនប្រុសរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ លោកយ៉ូសែបបានរាយការណ៍មិនល្អពីបងៗដល់ឪពុករបស់ពួកគេ។ 3 លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសៗទាំងអស់របស់គាត់ដោយសារគាត់មានកូនប្រុសនេះ ពេលគាត់មានអាយុច្រើនហើយ។ លោកអ៊ីស្រាអែលបានធ្វើសម្លៀកបំពាក់យ៉ាងស្អាតឲ្យគាត់។ 4 បងប្រុសរបស់គាត់បានឃើញថា ឪពុករបស់ពួកគេស្រឡាញ់គាត់ច្រើនជាងបងៗទាំងអស់។ ពួកគេបានស្អប់គាត់ ហើយមិនបាននិយាយពាក្យល្អដាក់គាត់ឡើយ។ 5 លោកយ៉ូសែបបានសុបិនរឿងមួយ ហើយគាត់បានប្រាប់ដល់បងៗរបស់គាត់ពីរឿងនោះ។ ពួកគេស្អប់គាត់កាន់តែខ្លាំង។ 6 គាត់និយាយទៅពួកគេថា៖ «សូមស្តាប់សុបិន ដែលខ្ញុំបានសុបិន។ 7 មើល៍ កាលយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាលុតជង្គង់ចំពោះកណ្ដាប់របស់ខ្ញុំ»។ 8 បងៗរបស់គាត់និយាយទៅកាន់គាត់ថា៖ «តើឯងនឹងគ្រងរាជ្យលើយើងឬ? តើឯងនឹងគ្រប់គ្រងលើយើងឬ?»។ ពួកគេរឹតតែស្អប់គាត់កាន់តែខ្លាំងឡើយ ដោយព្រោះតែសុបិនដែលគាត់យកមកប្រាប់ពួកគេ។ 9 គាត់បានសុបិនឃើញរឿងមួយផ្សេងទៀត ហើយបានប្រាប់សុបិនដល់បងៗរបស់គាត់ដែរ។ គាត់និយាយថា៖ «មើល៍ ខ្ញុំបានសុបិនឃើញរឿងមួយទៀត គឺឃើញដួងអាទិត្យ និងដួងច័ន្ទ ហើយផ្កាយទាំងដប់មួយលុតជង្គង់ចំពោះខ្ញុំ»។ 10 គាត់បានប្រាប់ការនេះទៅកាន់ឪពុករបស់គាត់ ដូចបានប្រាប់ដល់បងៗដែរ ហើយឪពុករបស់គាត់បានបន្ទោសដល់គាត់។ លោកអ៊ីស្រាអែលប្រាប់ទៅគាត់ថា៖ «តើកូនសុបិនអ្វីចម្លែកម្លេ៉ះ? តើម្តាយរបស់ឯង និងឪពុក ព្រមទាំងបងៗរបស់ឯងលុតជង្គង់ថ្វាយបង្គំឯងមែនទេ? 11 បងៗច្រណែននឹងគាត់ប៉ុន្តែឪពុករបស់គាត់រក្សារឿងនេះនៅក្នុងគំនិតរបស់គាត់។ 12 បងៗរបស់គាត់បានទៅកន្លែងមើលថែហ្វូងសត្វរបស់ឪពុកគាត់នៅក្នុងក្រុងស៊ីគែម។ 13 លោកអ៊ីស្រាអែលប្រាប់យ៉ូសែបថា៖ «តើកូនឯងមិនទៅកន្លែងមើលហ្វូងសត្វជាមួយបងៗកូនឯងនៅស៊ីគែមទេឬ? មក ហើយឪពុកនឹងឲ្យកូនឯងទៅជាមួយពួកគេ»។ យ៉ូសែបប្រាប់គាត់វិញថា៖ «ខ្ញុំរួចរាល់ហើយ»។ 14 លោកអ៊ីស្រាអែលប្រាប់គាត់ថា៖ «ទៅឥឡូវនេះទៅ មើល៍ ឲ្យដឹងថាតើបងៗរបស់កូនឯង និងហ្វូងសត្វយ៉ាងណា ហើយនាំយកដំណឹងមកប្រាប់ឪពុកវិញ»។ ដូច្នេះ លោកយ៉ាកុបបានឲ្យគាត់ចេញទៅជ្រលងភ្នំហេប្រុន ហើយយ៉ូសែបបានទៅក្រុងស៊ីគែម។ 15 មានបុរសម្នាក់បានជួបយ៉ូសែប។ មើល៍ យ៉ូសែបបានវង្វេងនៅឯវាល។ បុរសនោះបានសួរគាត់ថា៖ «តើឯងរកអ្វី?» 16 យ៉ូសែបឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមជួយប្រាប់ខ្ញុំផង តើពួកគាត់មើលថែហ្វូងសត្វនៅឯណា»។ 17 បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីទីនេះហើយ ដ្បិត យើងបានឮពួកគេនិយាយថា៖ «តោ៎ះ! យើងទៅដូថាន។ យ៉ូសែបបានទៅតាមរកបងៗរបស់គាត់ ហើយជួបពួកគេនៅដូថាន។ 18 ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនពេលគាត់ជិតទៅដល់ពួកគេ ពួកគេបានឃុបឃិតគ្នាសម្លាប់គាត់។ 19 បងៗបាននិយាយទៅកាន់គ្នាគាត់ថា៖ «មើល អាមេសុបិនមកហើយ។ 20 ដូច្នេះ មក! ចូរយើងសម្លាប់វា ហើយកប់វាទៅក្នុងរណ្តៅមួយនោះទៅ។ យើងនឹងប្រាប់គេថា៖ «សត្វព្រៃបានសម្លាប់វា» យើងនឹងមើលថាតើសុបិនរបស់វានឹងទៅជាយ៉ាងណា?»។ 21 លោករូបេនបានឮ ហើយសង្គ្រាះគាត់ពីដៃរបស់ពួកគេ។ គាត់បានប្រាប់ថា៖ «សូមយើងកុំសម្លាប់វាអី»។ 22 លោករូបេនប្រាប់ទៅពួកគេថា៖ «កុំបង្ហូរឈាមឡើយ។ ចូរបោះវាទៅក្នុងរណ្តៅដែលនៅក្នុងទីរហោស្ថាននេះទៅ ប៉ុន្តែ សូមកុំសម្លាប់វាអី»។ ដើម្បីឲ្យគាត់អាចសង្គ្រោះគាត់ចេញពីកណ្ដាប់ដៃរបស់ពួកគេ ហើយនាំគាត់ត្រឡប់ទៅឪពុករបស់គាត់វិញ។ 23 នៅពេលយ៉ូសែបបានទៅដល់បងៗរបស់គាត់ ពួកគេបានដោះអាវស្អាតរបស់គាត់។ 24 ពួកគេបានចាប់គាត់ ហើយបោះគាត់ចូលទៅក្នុងរណ្ដៅ។ រណ្តៅនោះទទេស្អាតគ្មានទឹកនៅក្នុងនឹងទេ។ 25 ពួកគេបានអង្គុយចុះ ហើយហូបនំប៉័ង។ ពួកគេបានងើបភ្នែកគេឡើង ហើយសម្លឹងមើល ហើយឃើញជនជាតិអ៊ីស្មាអែលមកពីកាឡាដ ជាមួយនឹងសត្វអូដ្ឋរបស់ពួកគេ ដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស។ ពួកគេកំពុងធ្វើដំណើរ យករបស់ទាំងនោះទៅទឹកដីអេស៊ីប។ 26 លោកយូដានិយាយទៅបងៗរបស់គាត់ថា៖ «តើមានប្រយោជន៍អ្វី ប្រសិនបើ យើងសម្លាប់ប្អូនរបស់យើង ហើយលាក់ឈាមរបស់វា? 27 មក ចូរយើងលក់វាឲ្យទៅជនជាតិអ៊ីស្មាអែល ហើយកុំសម្លាប់វាឡើយ។ ដ្បិត វាក៏ជាកូនរបស់ឪពុកយើង និងជាសាច់ឈាមរបស់យើងដែរ»។ បងៗរបស់គាត់ក៏ស្តាប់តាមគាត់។ 28 មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីរណ្ដៅ។ ពួកគេបានលក់យ៉ូសែបទៅឲ្យជនជាតិអ៊ីស្មាអែល ក្នុងតម្លៃជាប្រាក់ម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅទឹកដីអេស៊ីប។ 29 លោករូបេនបានត្រឡប់មកឯរណ្ដៅវិញ ហើយមើល៍ យ៉ូសែបមិនបាននៅក្នុងរណ្តៅនោះទៀតទេ។ គាត់បានហែកសម្លៀកបំពាក់របស់គាត់។ 30 គាត់បានត្រឡប់ទៅប្អូនៗរបស់គាត់ហើយប្រាប់ថា៖ «ក្មេងប្រុសនោះមិននៅទីនោះទេ! ហើយខ្ញុំ តើខ្ញុំអាចទៅណា?» 31 ពួកគេបានសម្លាប់សត្វពពែមួយ បន្ទាប់មកបានយកសម្លៀកបំពាក់យ៉ូសែប ហើយជ្រលក់វាទៅក្នុងឈាមនោះ។ 32 បន្ទាប់មក ពួកគេបានយកវាទៅឯឪពុករបស់ពួកគេហើយនិយាយថា៖ «យើងបានរកឃើញអាវនេះ។ សូមមើល ថាតើវាជាសម្លៀកបំពាក់របស់កូនលោកឪពុកមែនរឺមិនមែន»។ 33 លោកយ៉ាកុបបានស្គាល់វា ហើយនិយាយថា៖ «វាគឺជាសម្លៀកបំពាក់កូនប្រុសរបស់ឪពុក។ សត្វព្រៃបានសម្លាប់កូនខ្ញុំ។ វាបានញែកស៊ីយ៉ូសែបជាចំណែកៗ»។ 34 លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់គាត់ ហើយស្លៀកសំពត់ធ្មៃរបស់គាត់ ហើយបានកាន់ទុក្ខកូនប្រុសរបស់គាត់ជាច្រើនថ្ងៃ។ 35 កូនប្រុស កូនស្រីរបស់គាត់បានក្រោកឡើងហើយកម្សាន្តចិត្តគាត់ ប៉ុន្តែ គាត់បដិសេធមិនទទួលការកម្សាន្តចិត្តរបស់គាត់ឡើយ។ គាត់និយាយថា៖ «ខ្ញុំពិតជាចង់ទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ដើម្បីកាន់ទុក្ខដល់កូនប្រុសខ្ញុំ»។ ឪពុករបស់គាត់បានកាន់ទុក្ខនឹងកូនប្រុសរបស់គាត់។ 36 ជនជាតិម៉ាឌានបានលក់គាត់ឲ្យលោកប៉ូទីផារជាមន្ត្រីរបស់ព្រះចៅផារ៉ោន ជាមេបញ្ជាការលើកងអង្គរក្សរបស់ស្ដេច។