1 ព្រះជាម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖ «ចូរក្រោកឡើង ឡើងទៅបេតអែលចុះ ហើយស្នាក់នៅទីនោះ។ ចូរសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានយាងមកជួបអ្នក នៅពេលអ្នករត់គេចពីអេសាវ បងប្រុសរបស់អ្នក»។ 2 បន្ទាប់មក លោកយ៉ាកុបនិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ និងអ្នកដែលនៅជាមួយគាត់ថា៖ «ចូរបោះបង់ព្រះដទៃនៅក្នុងចំណោមអ្នករាល់គ្នាចោល ចូរសម្អាតខ្លួនរបស់អ្នករាល់គ្នា ហើយផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចេញ។ 3 បន្ទាប់មក យើងចេញដំណើរ ហើយឡើងទៅបេតអែល។ ខ្ញុំនឹងសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបខ្ញុំនៅថ្ងៃដែលខ្ញុំមានទុក្ខ ហើយបានគង់នៅជាមួយខ្ញុំ គ្រប់កន្លែងដែលខ្ញុំទៅ»។ 4 ដូច្នេះ ពួកគេបានប្រគល់រូបព្រះរបស់សាសន៍ដទៃដែលនៅក្នុងដៃរបស់ពួកគេទាំងអស់ឲ្យដល់លោកយ៉ាកុប ហើយនិងចិញ្ចៀនដែលពួកគេពាក់នៅនឹងត្រចៀក។ 5 លោកយ៉ាកុបបានកប់វានៅក្រោមដើមជ្រៃដែលនៅជិតទឹកដីស៊ីគែម។ នៅពេលពួកគេធ្វើដំណើរ ព្រះជាម្ចាស់បានធ្វើឲ្យទីក្រុងផ្សេងៗដែលនៅជុំវិញពួកគេមានការភ័យខ្លាច ដូច្នេះ គ្មាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបទេ។ 6 ដូច្នេះ លោកយ៉ាកុបបានមកដល់ លូស (គឺជាបេតអែល) ដែលនៅក្នុងទឹកដីកាណាន គាត់ និងមនុស្សគ្រប់គ្នាដែលនៅជាមួយគាត់។ 7 គាត់បានសង់អាសនៈមួយនៅទីនោះ តាមដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ដល់គាត់ នៅពេលគាត់កំពុងតែរត់គេចពីបងប្រុសរបស់គាត់។ 8 នាងស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់នាងស្រីរេបិកា បានស្លាប់ ហើយគេបញ្ចុះសពនាងនៅជើងភ្នំបេតអែលនោះ គឺនៅក្រោមដើមជ្រៃមួយ ដែលគេហៅថា អាឡុន បាគូថ។ 9 នៅពេលលោកយ៉ាកុបមកពីស្រុកប៉ាដាន់ អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកជួបគាត់សារជាថ្មី ហើយបានឲ្យពរដល់គាត់។ 10 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នកឈ្មោះយ៉ាកុប ប៉ុន្តែ ឈ្មោះរបស់អ្នកលែងហៅថាយ៉ាកុបទៀតហើយ។ អ្នកនឹងមានឈ្មោះថា អ៊ីស្រាអែល»។ ដូច្នេះ ព្រះជាម្ចាស់បានហៅឈ្មោះរបស់គាត់ថា អ៊ីស្រាអែល។ 11 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា។ ចូរបង្កើតផល ហើយបានចម្រើនឡើង។ ជាប្រជាជាតិមួយ ដែលមានប្រជាជាតិជាច្រើនកើតចេញពីអ្នក ហើយនិងស្តេចដែលកើតឡើងចេញពីក្នុងចំណោមពូជពង្សរបស់អ្នក។ 12 ទឹកដីដែលយើងបានប្រគល់ឲ្យលោកអប្រាហាំ និងលោកអ៊ីសាក យើងនឹងប្រគល់ដល់អ្នក។ យើងក៏ប្រគល់ទឹកដីឲ្យដល់ពូជពង្សរបស់អ្នកដែលនៅតាមក្រោយអ្នកដែរ»។ 13 ព្រះជាម្ចាស់បានយាងចេញពីគាត់គឺចេញពីកន្លែងដែលព្រះអង្គមានបន្ទូលជាមួយគាត់។ 14 លោកយ៉ាកុបបានរៀបចំបង្គោលមួយ នៅកន្លែងដែលព្រះជាម្ចាស់បានមានបន្ទូលជាមួយគាត់ គឺជាសសរថ្ម។គាត់បានច្រូចតង្វាយពីលើវា ហើយក៏បានចាក់ប្រេងពីលើវាដែរ។ 15 លោកយ៉ាកុបដាក់ឈ្មោះកន្លែងដែលព្រះជាម្ចាស់មានបន្ទូលមកគាត់ថា បេតអែល។ 16 ពួកគេបានចេញដំណើរពីបេតអែល។ កាលពួកគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលបានឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងលំបាក 17 កាលដែលនាងកំពុងដែលសម្រាលកូនយ៉ាងលំបាកបំផុតនោះ ឆ្មបបាននិយាយទៅនាងថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតឥឡូវនាងបង្កើតបានកូនប្រុសមួយទៀតហើយ»។ 18 ពេលនាងរៀបនឹងស្លាប់ នៅដង្ហើមចុងក្រោយ នាងបានដាក់ឈ្មោះកូនប្រុសនោះថា បេន អូនី ប៉ុន្តែ ឪពុករបស់គាត់ដាក់ឈ្មោះថា បេនយ៉ាមីនវិញ។ 19 នាងរ៉ាជែលបានស្លាប់ ហើយបានបញ្ចុះនៅតាមផ្លូវទៅអេប្រាតា (គឺជាបេថ្លេហិម)។ 20 លោកយ៉ាកុបបានដំឡើងបង្គោលមួយឲ្យនាងនៅលើផ្នូររបស់នាង។ គឺជាសញ្ញាសង្គាល់ផ្នូររបស់នាងរហូតមកដល់សព្វថ្ងៃនេះ។ 21 លោកអ៊ីស្រាអែលបានបន្តដំណើរទៅមុខទៀត ហើយបានសង់ត្រសាលរបស់គាត់ខ្ពស់ជាងប៉មរបស់ហ្វូងសត្វទៅទៀត។ 22 ក្នុងកាលដែលោកអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ លោករូបេនរួមបានដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកគាត់ ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ ហើយលោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់។ 23 កូនប្រុសៗរបស់គាត់តាមរយៈនាងស្រីលេអាគឺ រូបេន ជាកូនច្បងរបស់លោកយ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។ 24 កូនប្រុសៗរបស់គាត់តាមរយៈនាងរ៉ាជែល មាន យ៉ូសែប និងបេនយ៉ាមីន។ 25 កូនប្រុសៗរបស់គាត់តាមរយៈនាងប៊ីលហា ជាអ្នកបម្រើស្រីរបស់នាងរ៉ាជែល មានដាន់ និងណែបថាលី។ 26 កូនប្រុសៗរបស់គាត់តាមរយៈនាងស៊ីលផា ជាអ្នកបម្រើស្រីរបស់នាងលេអា មានកាដ និងអេស៊ើរ។ កូនទាំងអស់នេះជាកូនប្រុសៗរបស់លោកយ៉ាកុប ដែលកើតនៅក្នុងទឹកដីប៉ាដាន់អើរ៉ាម។ 27 លោកយ៉ាកុបបានមករកលោកអ៊ីសាកជាឪពុកវិញ នៅត្រង់ដើមជ្រៃម៉ាមរ៉េ នៅគារយ៉ាត អើបា (គឺនៅហេប្រូន) ជាទឹកដីដែលលោកអប្រាហាំ និងលោកអ៊ីសាកបានធ្លាប់បានរស់នៅ។ 28 លោកអ៊ីសាកមានអាយុមួយរយប៉ែតសិបឆ្នាំ។ 29 លោកអ៊ីសាកបានផុតដង្ហើម ហើយបានស្លាប់ ព្រមទាំងបានទៅជួបជុំជាមួយបុព្វបុរសរបស់គាត់ ហើយគាត់បានស្កប់ស្កល់នៅក្នុងជីវិតរបស់គាត់។ លោកអេសាវ និងលោកយ៉ាកុប កូនប្រុសរបស់គាត់ បានបញ្ចុះសពគាត់។