1 នាងឌីណា ជាកូនស្រីរបស់នាងលេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប នាងបានទៅជួបស្រ្តីវ័យក្មេងនៅក្នុងទឹកដី។ 2 ពេលនោះ លោកស៊ីគែមជាកូនរបស់លោកហាម៉ោរ ជនជាតិហេវី ដែលជាមេនៅស្រុកនោះ បានឃើញនាង ហើយចាប់នាងរំលោភផង។ 3 គាត់ជាប់ចិត្តនឹងនាងឌីណា កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ គាត់បានស្រឡាញ់ ហើយថ្នាក់ថ្នមនាងជាខ្លាំង។ 4 លោកស៊ីគែមបាននិយាយជាមួយលោកហាម៉ោរ ជាឪពុករបស់គាត់ ដោយប្រាប់ថា៖ «សូមយកនាងឲ្យធ្វើជាភរិយារបស់ខ្ញុំមក»។ 5 លោកយ៉ាកុបបានឮថា គាត់បានបង្ខូចកិត្តិយសនាងឌីណាកូនស្រីរបស់គាត់។ កូនប្រុសៗ និងហ្វូងសត្វរបស់គាត់នៅឯវាល ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀមរហូតដល់ពួកគេមក។ 6 លោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែមបានចេញទៅជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។ 7 កាលកូនប្រុសៗរបស់លោកយ៉ាកុបបានមកដល់ពីវាលវិញ ពួកគេបានឮរឿងនេះ។ ពួកគេរវាតចិត្ត។ ពួកគេខឹងជាខ្លាំង ពីព្រោះគាត់បានប្រមាថលោកអ៊ីស្រាអែល ដោយបង្ខំខ្លួនគាត់ជាមួយកូនស្រីរបស់លោកយ៉ាកុប គឺជារឿងដែលមិនគួរឲ្យធ្វើឡើយ។ 8 លោកហាម៉ោរបាននិយាយជាមួយពួកគេ ដោយពោលថា៖ «ស៊ីគែម កូនប្រុសរបស់ខ្ញុំ ស្រឡាញ់កូនស្រីរបស់លោក។ សូមប្រគល់នាងឲ្យកូនប្រុសខ្ញុំ ធ្វើជាភរិយាចុះ។ 9 សូមភ្ជាប់សាច់ឈាមជាមួយយើង ដោយប្រគល់កូនស្រីរបស់លោកមកយើង ហើយយកពួកកូនស្រីរបស់យើងទៅធ្វើជាភរិយារបស់អ្នករាល់គ្នាចុះ។ 10 អ្នករាល់នឹងរស់នៅជាមួយយើង ហើយទឹកដីនេះ នឹងបើកចំហសម្រាប់អ្នករាល់គ្នារស់នៅ និងធ្វើជំនួញ ព្រមទាំងអាចទិញដីនៅក្នុងស្រុកនេះបាន។ 11 លោកស៊ីគែមនិយាយទៅកាន់ឪពុក និងបងប្អូនរបស់នាងថា៖ «សូមមេត្តាដល់ខ្ញុំផង ហើយអ្វីៗដែលលោកប្រាប់ដល់ខ្ញុំនឹងប្រគល់ឲ្យ។ 12 សូមទាមទារពីខ្ញុំនៅតម្លៃបណ្ណាការ និងអំណោយតាមដែលលោកទាមទារ ខ្ញុំនឹងប្រគល់អ្វីៗតាមដែលលោកបង្គាប់ដល់ខ្ញុំ ប៉ុន្តែ សូមប្រគល់កូនស្រីរបស់លោកឲ្យខ្ញុំធ្វើជាភរិយាចុះ»។ 13 កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅលោកស៊ីគែម និងលោកហាម៉ោរ ឪពុករបស់គាត់ដោយល្បិចកល ព្រោះលោកស៊ីគែមបានបង្ខូចកិត្តិយសនាងឌីណា ប្អូនស្រីរបស់ពួកគេ។ 14 កូនៗរបស់លោកយ៉ាកុបនិយាយទៅពួកគេថា៖ «យើងមិនអាចធ្វើការនេះបានទេ ក្នុងការប្រគល់ប្អូនស្រីរបស់យើងដល់នរណាម្នាក់ដែលមិនបានកាត់ស្បែកឡើយ បើធ្វើបែបនេះនឹងបង្ខូចកិតិ្តយសរបស់យើង។ 15 មានតែលក្ខខណ្ឌមួយនេះទេ ទើបយើងយល់ព្រមជាមួយលោក ប្រសិនបើ ពួកប្រុសៗទាំងអស់ក្នុងចំណោមអស់លោកកាត់ស្បែកដូចយើង ។ 16 ដូច្នេះ យើងនឹងប្រគល់កូនស្រីរបស់យើងដល់លោក ហើយយើងនឹងយកកូនស្រីរបស់អស់លោកមកឯយើងដែរ ហើយយើងនឹងរស់នៅជាមួយលោក និងក្លាយទៅជាមនុស្សតែមួយ។ 17 ប៉ុន្តែ ប្រសិនបើ លោកមិនព្រមស្តាប់តាមយើងទេ ហើយមិនព្រមកាត់ស្បែក ដូច្នេះ យើងនឹងយកប្អូនស្រីរបស់យើងទៅវិញ ហើយយើងនឹងចាកចេញពីទីនេះ។ 18 លោកហាម៉ោរ និងលោកស៊ីគែមបំពេញចិត្តនឹងពាក្យសំដីរបស់ពួកគេ។ 19 បុរសវ័យក្មេងនោះមិនបង្អង់ក្នុងការធ្វើតាមអ្វីដែលពួកគេបាននិយាយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបណាស់ ហើយនៅក្នុងផ្ទះរបស់ឪពុកគាត់ គេគោរពលោកស៊ីគែមជាងគេបំផុត។ 20 លោកហាម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់បានទៅទ្វារក្រុងរបស់ពួកគេ ហើយនិយាយទៅកាន់ពួកប្រុសៗទាំងអស់គ្នា ដោយពោលថា៖ 21 «បុរសទាំងនេះចង់បានសុខជាមួយយើង ដូច្នេះ ចូរឲ្យពួកគេរស់នៅក្នុងទឹកដី ហើយធ្វើជំនួញនៅក្នុងស្រុកជាមួយយើង ទឹកដីរបស់យើងធំល្មមសម្រាប់ពួកគេ។ ចូរឲ្យយើងយកកូនស្រីរបស់ពួកគេមកធ្វើជាប្រពន្ធ ហើយឲ្យពួកគេយកកូនស្រីរបស់យើងធ្វើជាប្រពន្ធវិញ។ 22 មានលក្ខខណ្ឌតែមួយគត់ដើម្បីឲ្យពួកគេរស់នៅជាមួយយើង ហើយក្លាយជាជនជាតិតែមួយរបស់យើងគឺ ប្រសិនបើ បុរសទាំងអស់ដែលនៅក្នុងចំណោមយើងកាត់ស្បែក ដូចពួកគេបានកាត់ស្បែកដែរ។ 23 តើហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេ ហ្វូងសត្វទាំងអស់របស់ពួកគេមិនមែនជារបស់យើងទេឬអី? ដូច្នេះ ចូរយើងព្រមជាមួយពួកគេ ហើយពួកគេនឹងរស់នៅក្នុងចំណោមយើង»។ 24 ពួកប្រុសៗទាំងអស់ដែលនៅក្នុងក្រុងនោះបានស្តាប់តាមលោកហាម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់។ 25 ពួកប្រុសៗត្រូវបានកាត់ស្បែកទាំងអស់គ្នា។ នៅថ្ងៃទីបី នៅពេលពួកគេកំពុងតែឈឺ កូនប្រុសរបស់លោកយ៉ាកុបពីរនាក់ (លោកស៊ីម្មាន និងលោកលេវី ត្រូវជាបងរបស់នាងឌីណា) ម្នាក់ៗយកដាវរបស់គាត់រៀងខ្លួន ហើយពួកគេបានប្រហារទីក្រុងដែលមានសុវត្ថិភាព ហើយពួកគេបានសម្លាប់ប្រុសៗទាំងអស់។ 26 ពួកគេបានសម្លាប់លោកហាម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់ ដោយមុខដាវ។ ពួកគេបានយកនាងឌីណា ពីផ្ទះរបស់លោកស៊ីគែម ហើយបានចេញទៅ។ 27 កូនប្រុសម្នាក់ទៀតរបស់លោកយ៉ាកុបបានចូលទៅឯសាកសព ហើយរឹមអូសទ្រព្យសម្បត្តិនៅក្នុងទីក្រុងនោះ ដោយព្រោះអ្នកក្រុងនោះបានបង្ខូចកិត្តិយសប្អូនស្រីរបស់ពួកគេ។ 28 ពួកគេបានយកហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ និងអ្វីៗទាំងអស់ដែលនៅទីក្រុងនោះ ព្រមទាំងអ្វីៗដែលនៅទីវាលផង 29 គឺទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់។ ពួកគេបានចាប់ទាំងកូនក្មេង និងប្រពន្ធរបស់ពួកគេ។ ពួកគេបានយក សូម្បីតែអ្វីៗដែលនៅក្នុងផ្ទះផង។ 30 លោកយ៉ាកុបនិយាយទៅកាន់លោកស៊ីម្មាន និងលោកលេវីថា៖ «កូនប្រុសទាំងពីរ នាំបញ្ហាដល់ឪពុកហើយ កូនបានបង្ខូចឈ្មោះរបស់ឪពុកនៅក្នុងចំណោមជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ឪពុកក៏មានគ្នាតិច។ ប្រសិនបើ ពួកគេប្រមូលគ្នាទាស់នឹងឪពុក ហើយប្រហារឪពុក ដូច្នេះ ឪពុកនឹងត្រូវវិនាសហើយ ហើយឪពុក និងអ្នកផ្ទះរបស់ឪពុកមិនខាន»។ 31 ប៉ុន្តែ លោកស៊ីម្មាន និងលោកលេវីនិយាយថា៖ «តើគួរឲ្យលោកស៊ីគែមធ្វើជាមួយប្អូនស្រីរបស់យើងដូចជាស្រីពេស្យា?»។