1 នៅពេលលោកអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ក៏ស្រអាប់ រហូតដល់គាត់មិនអាចមើលឃើញ គាត់បានហៅលោកអេសាវ កូនច្បងរបស់គាត់ ហើយនិយាយទៅកាន់គាត់ថា៖ «កូនអើយ»។ 2 លោកអេសាវឆ្លើយថា៖ «បាទ លោកឪពុក»។ គាត់ប្រាប់ថា៖ «មើល៍ ពុកចាស់ណាស់ហើយ។ ឪពុកមិនដឹងថា ឳពុកស្លាប់ពេលណាទេ។ 3 ដូច្នេះ ចូរយកប្រដាប់បរបាញ់របស់កូន ព្រួញ និងធ្នូរបស់កូន ហើយចេញទៅឯវាល ហើយបរបាញ់សត្វមកឲ្យឪពុក។ 4 ចូរធ្វើម្ហូបឲ្យឆ្ងាញ់ឲ្យឪពុក ជាម្ហូបដែលឪពុកចូលចិត្ត ហើយនាំវាមកឲ្យឪពុក ដើម្បីឲ្យឪពុកបានហូប ហើយឲ្យពរដល់កូនមុនពេលឪពុកស្លាប់»។ 5 នាងរេបិកាបានឮ ពេលលោកអ៊ីសាកប្រាប់លោកអេសាវ កូនប្រុសរបស់គាត់។ លោកអេសាវបានចេញទៅវាល ដើម្បីបរបាញ់សត្វ ហើយយកមកឲ្យឪពុក។ 6 នាងរេបិកាបានប្រាប់ទៅយ៉ាកុប កូនប្រុសរបស់នាង ហើយនិយាយថា៖ «មើល៍ ម្តាយបានឮឪពុករបស់កូនប្រាប់ទៅអេសាវបងប្រុសរបស់កូន។ គាត់ប្រាប់ថា៖ 7 «ចូរទៅបរបាញ់សត្វនៅវាលយកមក ហើយធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យឪពុកហូប ហើយឪពុកនឹងឲ្យពរកូននៅមុខព្រះអម្ចាស់ មុនពេលឪពុកស្លាប់»។ 8 ដូច្នេះ កូនអើយ ចូរស្តាប់ពាក្យម្តាយ ដែលបានបង្គាប់ដល់កូន។ 9 ចូរទៅឯហ្វូងសត្វ ហើយយកពពែស្ទាវល្អៗពីរមក ហើយម្តាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់ពីសត្វនោះ ឲ្យឪពុករបស់កូន តាមដែលគាត់ចូលចិត្ត។ 10 កូននឹងយកម្ហូបនោះទៅជូនឪពុករបស់កូន ដើម្បីឲ្យគាត់បានហូប ហើយគាត់នឹងឲ្យពរដល់កូនមុនពេលគាត់ស្លាប់»។ 11 លោកយ៉ាកុបនិយាយទៅកាន់នាងរេបិកា ម្តាយរបស់គាត់ថា៖ «មើល៍ អេសាវបងប្រុសរបស់ខ្ញុំមានរោមពេញខ្លួន ហើយខ្ញុំអត់មានរោមសោះ។ 12 ប្រហែលជាឪពុកប៉ះកូន ហើយគាត់នឹងដឹងថា កូនជាអ្នកបោកប្រាសគាត់។ កូននឹងនាំបណ្តាសាមកដាក់ខ្លួនកូន ជំនួសឲ្យព្រះពរ»។ 13 ម្តាយរបស់គាត់ និយាយទៅគាត់ថា៖ «កូនអើយ សូមឲ្យបណ្តាសាធ្លាក់លើម្តាយចុះ។ គ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកវាមកឲ្យម្តាយ»។ 14 ដូច្នេះ លោកយ៉ាកុបានទៅ ហើយយកពពែស្ទាវ ហើយយកវាឲ្យម្តាយរបស់គាត់ ហើយម្តាយរបស់គាត់បានធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។ 15 នាងរេបិកាបានយកសម្លៀកបំពាក់ដែលល្អបំផុតរបស់លោកអេសាវ កូនប្រុសច្បងរបស់នាង ដែលនៅក្នុងផ្ទះជាមួយនាង ហើយបានពាក់អាវនោះឲ្យយ៉ាងកុប កូនប្រុសពៅរបស់នាង។ 16 នាងពាក់រោមពពែស្ទាវនៅនឹងដៃរបស់គាត់ ហើយរំុករបស់យ៉ាកុបនៅកន្លែងដែលគ្មានរោម។ 17 នាងបានដាក់ម្ហូបដ៏ឆ្ងាញ់ ហើយនិងនំប៉័ងដែលនាងបានរៀបចំទៅឲ្យយ៉ាកុបកូនប្រុសរបស់នាង។ 18 លោកយ៉ាកុបបានចូលទៅឪពុករបស់គាត់ ហើយនិយាយថា៖ «លោកឪពុក»។ គាត់ឆ្លើយថា៖ «ឪពុកនៅទីនេះ តើកូនមួយណាហ្នឹង កូនអើយ?» 19 លោកយ៉ាកុបឆ្លើយទៅឪពុករបស់គាត់ថា៖ «កូនគឺអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើតាម លោកឪពុកប្រាប់ដល់កូនហើយ។ សូមលោកឪពុកក្រោកឡើង ហើយពិសាសាច់ដែលកូនបានបាញ់ពីវាល រួចសូមឲ្យពរកូន»។ 20 លោកអ៊ីសាកនិយាយទៅកូនគាត់ថា៖ «កូនអើយ កូនឯងរកសត្វអីបានលឿនម៉េ្លះ?» គាត់ឆ្លើយថា៖ «ពីព្រោះ ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកឪពុកបានយកវាមកឲ្យកូន»។ 21 លោកអ៊ីសាកនិយាយទៅលោកយ៉ាកុបថា៖ «កូនអើយ មកជិតឪពុកបន្តិចមក ដើម្បីឲ្យឪពុកបានពាល់កូនឯង ហើយបានដឹងថា កូនឯងពិតជាអេសាវកូនឪពុក ឬយ៉ាងណា»។ 22 លោកយ៉ាកុបបានចូលទៅជិតលោកអ៊ីសាកជាឪពុករបស់គាត់ ហើយលោកអ៊ីសាកបានពាល់គាត់ ហើយនិយាយថា៖ «សម្លេងគឺជាសម្លេងរបស់យ៉ាកុប ប៉ុន្តែ ដៃជាដៃរបស់អេសាវ»។ 23 លោកអ៊ីសាកមិនបានស្គាល់គាត់ទេ ព្រោះដៃរបស់គាត់ពាក់រោម ដូចដៃអេសាវកូនប្រុសច្បងរបស់គាត់ ដូច្នេះ លោកអ៊ីសាកបានឲ្យពរដល់គាត់ទៅ។ 24 គាត់និយាយថា៖ «តើកូនឯងពិតជាអេសាវកូនរបស់ឪពុកពិតមែន?» គាត់ឆ្លើយថា៖ «បាទ លោកឪពុក»។ 25 លោកអ៊ីសាកបាននិយាយថា៖ «យកម្ហូបមកឲ្យឪពុក ហើយឪពុកនឹងហូបម្ហូបនោះ ហើយឪពុកនឹងឲ្យពរដល់កូន»។ លោកយ៉ាកុបបានយកម្ហូបជូនគាត់។ លោកអ៊ីសាកបានហូប ហើយលោកយ៉ាកុបបានយកស្រាជូនគាត់ ហើយគាត់ក៏ពិសាដែរ។ 26 បន្ទាប់មក លោកអ៊ីសាកជាឪពុករបស់គាត់និយាយទៅគាត់ថា៖ «ចូលមកជិត ហើយថើបឪពុក កូនអើយ»។ 27 លោកយ៉ាកុបចូលទៅជិត ហើយបានថីេបឪពុករបស់គាត់ ហើយគាត់បានធំក្លិនសម្លៀកបំពាក់របស់គាត់ ហើយបានឲ្យពរដល់គាត់។ គាត់និយាយថា៖ «មើល៍ ក្លិនកូនប្រុសខ្ញុំ ដូចក្លិនរបស់វាលស្រែដែលព្រះអម្ចាស់បានប្រទានពរ។ 28 សូមព្រះជាម្ចាស់ប្រទានឲ្យមានទឹកសន្សើមពីលើមេឃ ហើយប្រទានដីមានជីជាតិដល់ផែនដី ហើយប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូរ។ 29 សូមឲ្យមនុស្សបម្រើកូន និងប្រជាជាតិជាច្រើនលុតជង្គង់ចំពោះកូន។ ចូរធ្វើជាចៅហ្វាយលើបងប្អូនរបស់កូន ហើយសូមឲ្យម្តាយរបស់កូនបានលុតជង្គង់ចំពោះកូនដែរ។ សូមឲ្យមនុស្សគ្រប់គ្នា ដែលដាក់បណ្តាសាកូន ត្រូវបណ្ដាសា សូមឲ្យមនុស្សគ្រប់គ្នាដែលឲ្យពរដល់កូន បានពរដែរ»។ 30 បន្ទាប់ពីលោកអ៊ីសាកឲ្យពរដល់លោកយ៉ាកុបមិនទាន់រួចពីមាត់ផង លោកយ៉ាកុបមានការភ័យខ្លាច ហើយបានចេញពីវត្តមានលោកអ៊ីសាកជាឪពុករបស់ខ្លួន ហើយលោកអេសាវក៏ត្រឡប់ពីការបរបាញ់វិញផងដែរ។ 31 គាត់ក៏បានធ្វើម្ហូបយ៉ាងឆ្ងាញ់ ហើយយកមកជូនឪពុករបស់គាត់ដែរ។ គាត់និយាយទៅឪពុករបស់គាត់ថា៖ «លោកឪពុក សូមក្រោកឡើង ហើយពិសាម្ហូបដែលកូនធ្វើ ហើយសូមលោកឪពុកឲ្យពរដល់កូន»។ 32 លោកអ៊ីសាក ឪពុករបស់គាត់និយាយទៅគាត់ថា៖ «តើឯងជានរណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនប្រុសច្បងរបស់លោកឪពុក»។ 33 លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយនិយាយថា៖ «តើនរណាបានបរបាញ់សត្វ ហើយយកសាច់មកឲ្យឪពុក? ឪពុកបានហូបវាអស់ហើយ មុនពេលកូនឯងមកដល់ ហើយឪពុកបានឲ្យពរដល់គាត់ផង។ ហើយគាត់នឹងបានពរជាប្រាកដ»។ 34 ពេលលោកអេសាវឮពាក្យរបស់ឪពុកគាត់បែបនេះ គាត់បានស្រែកយំ ហើយឈឺផ្សាជាខ្លាំង ព្រមទាំងនិយាយទៅកាន់ឪពុករបស់គាត់ថា៖ «លោកឪពុកអើយ សូមឲ្យពរខ្ញុំផង»។ 35 លោកអ៊ីសាកនិយាយថា៖ «ប្អូនប្រុសរបស់កូនបានមកទីនេះបោកប្រាស់ ហើយបានយកពររបស់កូនអស់ហើយ»។ 36 លោកអេសាវនិយាយថា៖ «តើមិនត្រឹមត្រូវទេឬអី ដែលគេដាក់ឈ្មោះថា យ៉ាកុប? ដ្បិត វាបានបោកប្រាស់ខ្ញុំ ពីរលើកហើយ។ វាបានដណ្ដើមយកសិទ្ធិកូនច្បង ហើយមើល៍ ឥឡូវនេះ វាបានយកពរព្រះខ្ញុំទៀត»។ បន្ទាប់មក គាត់និយាយថា៖ «តើលោកឪពុកមិនបានត្រៀមពរអ្វីផ្សេងទៀតឲ្យកូនទេឬអី?» 37 លោកអ៊ីសាកឆ្លើយ ហើយនិយាយទៅលោកអេសាវថា៖ «មើល៍ ឪពុកបានធ្វើឲ្យវាក្លាយជាចៅហ្វាយរបស់ឯង ហើយឪពុកបានឲ្យបងប្អូនទាំងអស់របស់វា ក្លាយជាអ្នកបម្រើរបស់វា ហើយឪពុកបានឲ្យវាមានស្រូវ និងស្រាទំពាំងបាយជូរថ្មី។ កូនអើយ តើឪពុកមានអ្វីច្រើនជាងនេះឲ្យកូន?» 38 លោកអេសាវនិយាយទៅឪពុករបស់គាត់ថា៖ «លោកឪពុកអើយ តើលោកឪពុក អត់មានសល់ពរណាមួយឲ្យកូនទេឬ? សូមឲ្យពរដល់កូនផង លោកឪពុកអើយ»។ លោកអេសាវយំជាខ្លាំង។ 39 លោកអ៊ីសាក ឪពុករបស់គាត់ឆ្លើយ ហើយនិយាយថា៖ «មើល៍ ទីកន្លែងដែលកូនរស់នៅនឹងគ្មានជីជាតិនៅលើផែនដី នឹងមិនមានសន្សើមធ្លាក់ពីលើមេឃ។ 40 កូននឹងរស់នៅដោយដាវរបស់កូន ហើយកូននឹងបម្រើប្អូនប្រុសរបស់កូន។ ប៉ុន្តែ នៅពេលកូនប្រឆាំងបះបោរ កូននឹងអង្រួននឹមរបស់វាពីករបស់កូន»។ 41 លោកអេសាវស្អប់លោកយ៉ាកុប ដោយសារតែពរដែលឪពុករបស់គាត់បានឲ្យដល់គាត់។ លោកអេសាវនិយាយនៅក្នុងចិត្តរបស់គាត់ថា៖ «ថ្ងៃកាន់ទុក្ខរបស់ឪពុកខ្ញុំជិតមកដល់ហើយ បន្ទាប់ពីនោះ ខ្ញុំនឹងសម្លាប់យ៉ាកុប ប្អូនប្រុសរបស់ខ្ញុំ»។ 42 ពាក្យរបស់លោកអេសាវ កូនច្បងរបស់នាងរេបិកា ត្រូវបានគេយកទៅប្រាប់ដល់នាង។ ដូច្នេះ នាងបានចាត់គេ ហើយទៅហៅលោកយ៉ាកុប កូនប្រុសពៅរបស់នាង ហើយប្រាប់គាត់ថា៖ «មើល៍ អេសាវ បងប្រុសរបស់កូន មានផែនការចង់សម្លាប់កូន ដើម្បីរំសាយកំហឹង»។ 43 ដូច្នេះហើយ កូនអើយ ស្តាប់ម្តាយ ចូររត់ទៅឡាបាន ជាបងប្រុសរបស់ម្តាយ នៅទឹកដីខារ៉ានទៅ។ 44 ចូររស់នៅជាមួយគាត់មួយរយៈ 45 រហូតទាល់តែបងប្រុសរបស់កូនរសាយកំហឹង ហើយភ្លេចអ្វីដែលកូនបានធ្វើជាមួយវាហើយ។ នោះម្តាយនឹងចាត់គេឲ្យទៅនាំកូនពីទីនោះមកវិញ។ តើត្រូវឲ្យម្តាយបាត់បង់កូនទាំងពីរនៅថ្ងៃតែមួយឬអី? 46 នាងរេបិកានិយាយទៅកាន់លោកអ៊ីសាកថា៖ «ខ្ញុំធុញនឹងជីវិតនេះណាស់ ដោយសារកូនស្រីរបស់ជនជាតិហេតនេះ។ ប្រសិនបើ យ៉ាកុបយកកូនស្រីរបស់ជនជាតិហេតមកធ្វើជាភរិយានៅក្នុងទឹកដីនេះ នោះជីវិតខ្ញុំនឹងលែងមានន័យអ្វីទៀតហើយ»។