1 នៅគ្រានោះ មានទុរ្ភិក្សកើតឡើងនៅក្នុងទឹកដី ជាគ្រោះអត់ឃ្លានមួយទៀតដែលធ្លាប់បានកើតឡើងនៅក្នុងសម័យលោកអប្រាហាំ។ លោកអ៊ីសាកបានទៅរកព្រះបាទព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៃជនជាតិភីលីស្ទីននៅឯក្រុងកេរ៉ា។ 2 ព្រះអម្ចាស់បានយាងមកជួបគាត់ ហើយមានបន្ទូលថា៖ «កុំទៅអេស៊ីបឡើយ ចូររស់នៅក្នុងទឹកដីដែលយើងបានប្រាប់អ្នកឲ្យរស់នៅចុះ។ 3 ចូរស្នាក់នៅក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក និងឲ្យពរដល់អ្នក ដើម្បីយើងបានប្រគល់ទឹកដីទាំងអស់នេះដល់អ្នក និងពូជពង្សរបស់អ្នកហើយយើងនឹងធ្វើឲ្យសម្បថដែលយើងបានស្បថជាមួយអប្រាហាំឪពុករបស់អ្នកបានសម្រេច។ 4 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានចំនួនច្រើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យទឹកដីទាំងអស់នេះដល់ពូជពង្សរបស់អ្នក។ តាមរយៈពូជពង្សរបស់អ្នក ប្រជាជាតិទាំងអស់នៅផែនដីទាំងមូលនឹងបានពរ។ 5 យើងនឹងធ្វើការនេះ ដោយសារអប្រាហាំបានស្តាប់បង្គាប់តាមពាក្យ និងបានប្រព្រឹត្តសេចក្តីបង្គាប់ តាមបញ្ញត្ដិ តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។ 6 ដូច្នេះ លោកអ៊ីសាកក៏តាំងលំនៅនៅក្នុងក្រុងកេរ៉ា។ 7 នៅពេលបុរសនៅក្នុងក្រុងនោះសួរគាត់ពីភរិយារបស់គាត់ គាត់ប្រាប់ថា៖ «នាងគឺជាប្អូនស្រីរបស់ខ្ញុំ»។ គាត់ខ្លាចក្នុងការនិយាយថា៖ «នាងជាភរិយារបស់ខ្ញុំ» ព្រោះគាត់គិតថា៖ «ពួកប្រុសៗនៅទីនេះ នឹងសម្លាប់ខ្ញុំ ដើម្បីយកនាងរេបិកា ដោយសារនាងស្រស់ស្អាតណាស់»។ 8 បន្ទាប់ពី លោកអ៊ីសាកនៅទីបានយូរបន្តិចមក ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន បានមើលតាមបង្អួច។ ស្តេចឃើញ មើល៍ លោកអ៊ីសាកកំពុងប្រឡែងនាងរេបិកា ភរិយារបស់គាត់។ 9 ព្រះបាទអប៊ីម៉ាឡិចបានកោះហៅលោកអ៊ីសាកទៅគាល់ស្តេច ហើយមានរាជឱង្ការថា៖ «មើល៍ នាងគឺជាភរិយារបស់លោកមែន។ ហេតុអ្វីបានជាលោកនិយាយថា៖ «នាងគឺជាប្អូនស្រីរបស់ខ្ញុំដូច្នេះ?» លោកអ៊ីសាកទូលទៅស្តេចថា៖ «ដោយសារទូលបង្គំគិតថា នឹងមាននរណាម្នាក់សម្លាប់ទូលបង្គំ ដើម្បីយកនាង»។ 10 ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើ រាស្រ្តរបស់យើងងាយនឹងគេងជាមួយភរិយារបស់លោក ហើយលោកនឹងនាំទុក្ខទោសដល់យើង»។ 11 ដូច្នេះ ព្រះបាទអប៊ីម៉ាឡិចបានហាមបុរសទាំងអស់ ដោយមានរាជឱង្ការថា៖ «អស់អ្នកណាដែលប៉ះពាល់បុរសនេះ ឬភរិយារបស់គាត់ នឹងត្រូវសម្លាប់»។ 12 លោកអ៊ីសាកបានសាបព្រោះស្រូវនៅស្រុកនោះ ហើយបានច្រូតកាត់នៅក្នុងឆ្នាំនោះដដែល មួយជាមួយរយ ពីព្រោះព្រះអម្ចាស់បានប្រទានពរដល់គាត់។ 13 គាត់បានក្លាយជាអ្នកមាន ហើយកាន់តែច្រើនឡើង ហើយចម្រើនឡើង រហូតក្លាយជាអ្នកមានស្តុកស្តម្ភ។ 14 គាត់មានចៀម និងហ្វូងសត្វ ព្រមទាំងអ្នកបម្រើជាច្រើន។ ជនជាតិភីលីស្ទីនបានច្រណែននឹងគាត់។ 15 ឥឡូវនេះ អណ្តូងទាំងអស់ដែលអ្នកបម្រើឪពុករបស់គាត់បានជីកនៅសម័យលោកអប្រាហាំ ឪពុករបស់គាត់ ជនជាតិភីលីស្ទីនបានបញ្ឍប់ពួកគេលែងឲ្យប្រើ ដោយចាក់ដីបំពេញ។ 16 ព្រះបាទអប៊ីម៉ាឡេកមានរាជឱង្ការទៅកាន់លោកអ៊ីសាកថា៖ «ចូរចេញពីយើងទៅ ដ្បិត លោកមានអំណាចជាងយើងទៅទៀត»។ 17 ដូច្នេះ លោកអ៊ីសាកក៏ចាកចេញពីទឹកដីនោះ ហើយទៅតាំងទីលំនៅតាមជ្រលងភ្នំកេរ៉ា ហើយរស់នៅទីនោះវិញ។ 18 លោកអ៊ីសាកបានស្តារអណ្តូង ដែលពួកគេបានជីកនៅសម័យលោកអប្រាហាំ ឪពុករបស់គាត់។ ជនជាតិភីលីស្ទីនបានបញ្ឍប់លែងឲ្យពួកគេប្រើ បន្ទាប់ពីលោកអប្រាហាំបានស្លាប់។ លោកអ៊ីសាកបានហៅអណ្តូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ដែរ។ 19 នៅពេលអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្តូងនៅតាមជ្រលងភ្នំ ពួកគេបានរកឃើញប្រភពទឹកនៅទីនោះ។ 20 ពួកអ្នកគង្វាលសត្វនៅក្រុងកេរ៉ាឈ្លោះប្រកែកគ្នាជាមួយពួកអ្នកគង្វាលរបស់លោកអ៊ីសាក ហើយនិយាយថា៖ «ទឹកនេះជារបស់យើង»។ ដូច្នេះ លោកអ៊ីសាកបានហៅអណ្តូងនោះថា អេសេក ព្រោះគេបានឈ្លោះប្រកែកជាមួយនឹងគាត់។ 21 បន្ទាប់មក ពួកគេបានជីកអណ្ដូងផ្សេងទៀត ហើយពួកគេក៏មានការឈ្លោះប្រកែកនៅទីនោះដែរ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថា ស៊ីតណា។ 22 គាត់បានចាកចេញពីទីនោះ ហើយបានទៅជីកនៅកន្លែងមួយទៀត ប៉ុន្តែ ពួកគេមិនបានរករឿងនៅទីនោះទេ។ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថា រេហូបូត ដ្បិត គាត់និយាយថា៖ «ឥឡូវនេះ ព្រះអម្ចាស់បើកផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងទឹកដីនេះ»។ 23 បន្ទាប់មក លោកអ៊ីសាកបានចេញពីទីនោះ ឡើងទៅបៀរសេបា។ 24 ព្រះអម្ចាស់បានយាងមកជួបគាត់នៅយប់នោះ ហើយមានបន្ទូលថា៖ «យើងជាព្រះជាម្ចាស់របស់លោកអប្រាហាំ ឪពុករបស់អ្នក។ កុំភ័យខ្លាចឡើយ ដ្បិត យើងនឹងនៅជាមួយអ្នក ហើយនិងឲ្យពរដល់អ្នក ព្រមទាំងធ្វើឲ្យពូជពង្សរបស់អ្នកបានចម្រើនឡើង ដោយយល់ដល់លោកអប្រាហាំជាអ្នកបម្រើរបស់យើង។ 25 លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ ហើយបានអំនាវរកព្រះនាមរបស់ព្រះអម្ចាស់។ គាត់បានសង់ត្រសាល ហើយអ្នកបម្រើរបស់គាត់បានជីកអណ្តូងមួយនៅទីនោះ។ 26 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ាទៅរកគាត់ ជាមួយលោកអហ៊ូសាត ជាមិត្តសម្លាញ់របស់ស្ដេច និងលោកភីកុល ជាមេទ័ពរបស់ស្ដេចទៅជាមួយផង។ 27 លោកអ៊ីសាកនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអស់លោកមករកខ្ញុំ ក្រែងអស់លោកស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំពីអស់លោកមែនទេ?» 28 បន្ទាប់មក ពួកគេនិយាយថា៖ «យើងបានឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់គង់ជាមួយអ្នក។ ដូច្នេះ យើងសម្រេចចិត្តថា គួរតែមានសម្បថរវាងយើងទាំងពីរនាក់ ពិតមែនហើយ គឺរវាងយើង និងអ្នក។ 29 ដូច្នេះ ចូរយើងចងសម្ពន្ធមេត្រីជាមួយអ្នក ថាអ្នកនឹងធ្វើទុក្ខដល់យើងទេ ដូចដែលយើងមិនបានធ្វើទុក្ខដល់អ្នក ហើយដូចយើងបានប្រព្រឹត្តល្អជាមួយអ្នក ព្រមទាំងបានឲ្យអ្នកចេញទៅដោយសន្តិភាពផងដែរ។ 30 ដូច្នេះ លោកអ៊ីសាកបានជប់លៀងឲ្យពួកគេ ហើយពួកគេបានទទួលទានអាហារ។ 31 ពួកគេបានក្រោកឡើងតាំងពីព្រលឹម ហើយស្បថសច្ចាជាមួយគ្នា។ បន្ទាប់មក លោកអ៊ីសាកបានជូនដំណើរពួកគេ ហើយពួកគេបានចេញពីគាត់ទៅដោយសុខសាន្ត។ 32 នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់លោកអ៊ីសាកបានមក ហើយប្រាប់គាត់ពីអណ្ដូងដែលពួកគេបានជីក។ ពួកគេប្រាប់ថា៖ «យើងបានរកឃើញទឹកហើយ»។ 33 គាត់បានដាក់ឈ្មោះអណ្ដូងនោះថា សេបា ហេតុនេះហើយ បានជាគេហៅឈ្មោះរបស់ទីនោះថា បៀរសេបា រហូតមកដល់សព្វថ្ងៃនេះ។ 34 បន្ទាប់ពី លោកអេសាវមានអាយុសែសិបឆ្នាំ គាត់បានរៀបការជាមួយនាងយូឌីត កូនស្រីរបស់លោកបេរី ជនជាតិហេត ព្រមទាំងបានរៀបការជាមួយនឹងនាងបាសម៉ាត់ កូនស្រីរបស់លោកអេឡូន ជនជាតិហេត។ 35 ពួកគេបានធ្វើឲ្យលោកអ៊ីសាក និងនាងរេបិកាពិបាកចិត្តជាខ្លាំង។