1 លោកអប្រាហាំបានយកភរិយាមួយទៀត នាងឈ្មោះថា កិទូរ៉ា។ 2 នាងបង្កើតបានសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ លោកយ៉ុកសានបង្កើតបានសេបា និងដេដាន់។ 3 ពូជពង្សរបស់ដេដាន់ គឺជនជាតិអាសស៊ើរ ជនជាតិលេទូស និងជនជាតិលេវមី។ ហើយពូជពង្សរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា។ 4 អ្នកទាំងអស់នេះ គឺជាពូជពង្សរបស់នាងកិទូរ៉ា។ 5 លោកអប្រាហាំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅលោកអ៊ីសាក។ 6 ប៉ុន្តែ នៅក្នុងពេលដែលគាត់រស់នៅ គាត់បានឲ្យអំណោយផ្សេងៗទៅកូនប្រុសៗរបស់គាត់ជាមួយភរិយាទីពីររបស់គាត់ ហើយចាត់ទៅពួកគេទៅទឹកដីភាគខាងកើត ឆ្ងាយពីលោកអ៊ីសាក កូនប្រុសរបស់គាត់។ 7 ទាំងនេះគឺជាចំនួនថ្ងៃនៃអាយុរបស់លោកអប្រាហាំដែលគាត់រស់នៅបាន ១៧៥ ឆ្នាំ។ 8 លោកអប្រាហាំបានផុតដង្ហើមហើយស្លាប់នៅក្នុងអាយុដ៏វែង ហើយប្រកបដោយសុភមង្គល មានអាយុយឺនយូរមក លោកបានទៅជួបជុំនឹងបុព្វបុរសរបស់លោកវិញ។ 9 លោកអ៊ីសាក និងលោកអ៊ីស្មាអែល បានបញ្ចុុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅជិតម៉ាមរេ។ 10 ចម្ការនេះហើយដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ សពរបស់លោកអប្រាហាំត្រូវបានបញ្ចុះនៅទីនោះជាមួយនិងនាងស្រីសារ៉ាជាភរិយារបស់គាត់។ 11 បន្ទាប់ពីលោកអប្រាហាំបានស្លាប់ទៅ ព្រះជាម្ចាស់បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់គាត់ ដែលរស់នៅក្បែរបៀរឡាហាយរយ។ 12 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកអ៊ីស្មាអែល កូនប្រុសរបស់លោកអប្រាហាំ ដែលជាកូនរបស់នាងហាការ អ្នកបម្រើរបស់នាងសារ៉ា បង្កើតឲ្យលោកអប្រាហាំ។ 13 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអ៊ីស្មាអែល ទៅតាមកំណើតរបស់ពួកគេ នេបាយ៉ូត គឺជាកូនច្បងរបស់លោកអ៊ីស្មាអែល កេដារ អ័ឌបែល មីបសាម 14 មីសម៉ា ឌូម៉ា ម៉ាសា 15 ហាដាឌ ថេម៉ា យេធើរ ណាភីស និងកេដម៉ា។ 16 អ្នកទាំងនេះហើយគឺជាកូនប្រុសៗរបស់លោកអ៊ីស្មាអែល អ្នកទាំងនេះហើយដែលមានឈ្មោះតាមភូមិ និងតាមជំរំរបស់ពួកគេរៀងៗខ្លួន គឺជាមេដប់ពីរនាក់ តាមកុលសម្ព័ន្ធរបស់ពួកគេ។ 17 ទាំងនេះគឺជាចំនួនអាយុនៃជីវិតរបស់លោកអ៊ីស្មាអែល ១៣៧ឆ្នាំ គាត់បានផុតដង្ហើម ហើយស្លាប់ទៅ រួចបានទៅជួបជុំជាមួយបុព្ធបុរសរបស់គាត់វិញ។ 18 ពួកគេរស់នៅជិតអេស៊ីប រហូតដល់ស្រុកស៊ើរ។ ពួកគេរស់នៅមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។ 19 ទាំងនេះគឺជារឿងរ៉ាវទាក់ទងនឹងលោកអ៊ីសាក កូនប្រុសរបស់លោកអប្រាហាំ លោកអប្រាហាំជាឪពុករបស់អ៊ីសាក។ 20 លោកអ៊ីសាកមានអាយុសែសិបឆ្នាំ នៅពេលគាត់យកនាងរេបិកាជាភរិយា កូនស្រីរបស់លោកបេធូអែលជាជនជាតិអើរ៉ាម នៅក្នុងទឹកដីប៉ាដាន់អើរ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។ 21 លោកអ៊ីសាកបានអធិស្ឋានទៅព្រះជាម្ចាស់សម្រាប់ភរិយារបស់គាត់ ព្រោះនាងគ្មានកូនសោះ ហើយព្រះអម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋានរបស់គាត់ ហើយនាងរេបិកាភរិយារបស់គាត់ក៏មានផ្ទៃពោះ។ 22 កូនដែលនៅក្នុងផ្ទៃចេះតែធាក់នៅក្នុងពោះនាងខ្លាំងពេក ហើយនិយាយថា៖ «ហេតុអ្វីបានជាការនេះកើតឡើងចំពោះខ្ញុំ?» នាងបានទៅទូលសួរព្រះអម្ចាស់ពីរឿងនេះ។ 23 ព្រះអម្ចាស់មានបន្ទូលមកនាងថា៖ «ប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយមនុស្សពីរអ្នកនឹងបែកបាក់គ្នានៅក្នុងអ្នក។ មនុស្សម្នាក់ខ្លាំងជាងម្នាក់ទៀត ហើយកូនច្បងនិងបម្រើកូនប្អូន»។ 24 ដល់ពេលដែលនាងសម្រាលកូន មើល៍ មានកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។ 25 កូនទីមួយបានកើតមកមានពណ៌ក្រហម ហើយមានរោមដូចជារោមសត្វ។ 26 បន្ទាប់មកទៀត ប្អូនប្រុសរបស់គាត់បានកើតមកដែរ។ ដៃរបស់គាត់បានកាន់កែងជើងរបស់អេសាវ។ គេហៅគាត់ថា យ៉ាកុប។ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំ នៅពេលភរិយាររបស់គាត់បង្កើតពួកគេ។ 27 កូនប្រុសបានធំឡើង ហើយ អេសាវបានក្លាយទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាអ្នកចម្ការ ប៉ុន្តែ លោកយ៉ាកុបវិញជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តចំណាយពេលនៅក្នុងត្រសាល។ 28 លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះគាត់បានហូបសត្វដែលគាត់រកបាន ប៉ុន្តែ នាងរេបិកាវិញស្រឡាញ់យ៉ាកុប។ 29 លោកយ៉ាកុបបានស្លសម្ល។ លោកអេសាវបានមកដល់ពីវាលវិញ ហើយគាត់ខ្សោយដោយព្រោះឃ្លានខ្លាំង។ 30 លោកអេសាវនិយាយទៅយ៉ាកុបថា៖ «សូមឲ្យបងហូបសម្លក្រហមផង។ បងអស់កម្លាំងណាស់»។ ហេតុដូច្នេះហើយ បានជាគេហៅគាត់ថា អេដុម។ 31 លោកយ៉ាកុបនិយាយថា៖ «សូមលក់សិទ្ធិកូនច្បងរបស់អ្នកឲ្យខ្ញុំសិនមក»។ 32 លោកអេសាវឆ្លើយថា៖ «បងជិតស្លាប់ហើយ។ តើសិទ្ធិកូនច្បងមានអ្វីល្អសម្រាប់បង?» 33 លោកយ៉ាកុបឆ្លើយថា៖ «សូមស្បថឲ្យខ្ញុំសិនមក» លោកអេសាវក៏ស្បថ សម្បថ ក្នុងរបៀបដែលគាត់លក់សិទ្ធិកូនច្បងឲ្យទៅលោកយ៉ាកុប។ 34 លោកយ៉ាកុបបានឲ្យនំប៉័ងទៅលោកអេសាវ និងសម្លសណ្តែកក្រហម។ គាត់បានហូបរួចរាល់ហើយក៏ចេញទៅ។ លោកអេសាវបានមើលងាយសិទ្ធិកូនច្បងរបស់គាត់បែបនេះឯង។