1 លោកអ៊ីសាកបានហៅលោកយ៉ាកុប ឲ្យពរដល់គាត់ ហើយបង្គាប់គាត់ថា៖ «កូនមិនត្រូវយកភរិយាពីស្រី្តជនជាតិកាណានឡើយ។ 2 ចូរក្រោកឡើង ទៅប៉ាដាន់អើរ៉ាមគឺទៅផ្ទះរបស់លោកបេធូអែល ជាឪពុករបស់ម្តាយរបស់កូន ហើយយកភរិយាពីទីនោះ ពីកូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់លោកឡាន បងប្រុសម្តាយរបស់កូន។ 3 សូមព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់កូន ធ្វើឲ្យកូនបង្កើតផលផ្លែជាបរិបូរ ហើយចម្រើនច្រើនឡើង ដើម្បីឲ្យកូនមានគ្នាជាច្រើន។ 4 សូមព្រះអង្គប្រទានពររបស់លោកអប្រាហាំដល់កូន និងដល់ពូជពង្សបន្ទាប់ពីកូន នោះកូននឹងទទួលទឹកដីជាមរត៌ក នៅកន្លែងដែលកូនរស់នៅ ដែលព្រះជាម្ចាស់បានប្រទានដល់លោកអប្រាហាំ»។ 5 ដូច្នេះ លោកអ៊ីសាកបានឲ្យលោកយ៉ាកុបចេញទៅ។ លោកយ៉ាកុបបានទៅទឹកដីប៉ាដាន់អើរ៉ាម ទៅរកលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់នាងរេបិកា ជាម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។ 6 លោកអេសាវបានឃើញលោកអ៊ីសាកឲ្យពរដល់លោកយ៉ាកុប ហើយចាត់ឲ្យគាត់ទៅទឹកដីប៉ាដាន់អើរ៉ាម ដើម្បីយកភរិយានៅទីនោះ។ គាត់ក៏បានឃើញថា លោកអ៊ីសាកឲ្យពរដល់គាត់ ហើយបានបង្គាប់ដល់គាត់ ដោយនិយាយថា៖ «កូនមិនត្រូវយកភរិយាពីពួកកូនស្រីរបស់ជនជាតិកាណានឡើយ»។ 7 លោកអេសាវក៏បានឃើញថា លោកយ៉ាកុបបានស្តាប់បង្គាប់ឪពុក និងម្ដាយរបស់គាត់ ហើយបានចេញទៅទឹកដីប៉ាដាន់អើរ៉ាម។ 8 លោកអេសាវបានឃើញថា លោកអ៊ីសាកមិនពេញចិត្តនឹងស្រ្តីជនជាតិកាណានឡើយ។ 9 ដូច្នេះ គាត់បានទៅរកលោកអ៊ីស្មាអែល ហើយយកភរិយា ក្រៅពីភរិយាដែលគាត់មាន គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ជាកូនស្រីរបស់លោកអ៊ីស្មាអែលដែលកូនរបស់លោកអប្រាហាំ មកធ្វើជាភរិយារបស់គាត់។ 10 លោកយ៉ាកុបបានចាកចេញពីបៀរសេបា ហើយឆ្ពោះដំណើរទៅទឹកដីខារ៉ាន។ គាត់បានទៅដល់កន្លែងមួយ ហើយបានសម្រាកនៅទីនោះពេញមួយយប់ ដោយសារថ្ងៃបានលិចបាត់ហើយ។ 11 គាត់បានយកថ្មមួយនៅកន្លែងនោះ មកកើយនៅក្រោមក្បាលរបស់គាត់ ហើយបានដេកលក់នៅកន្លែងនោះទៅ។ 12 គាត់បានយល់សុបិន ហើយឃើញមានជណ្តើរមួយបញ្ឈរលើផែនដី។ ចុងវាខ្ពស់រហូតដល់មេឃ ហើយពួកទេវតារបស់ព្រះជាម្ចាស់បានហោះចុះ ហោះឡើងនៅពីលើវា។ 13 មើល៍ ព្រះអម្ចាស់បានឈរនៅពីលើវា ហើយមានបន្ទូលថា៖ «យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំឪពុករបស់អ្នក ហើយជាព្រះជាម្ចាស់របស់លោកអ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងតែគេងនេះឲ្យទៅអ្នក និងពូជពង្សរបស់អ្នក។ 14 ពូជពង្សរបស់អ្នកនឹងដូចជាធូលីដីនៅលើផែនដី ហើយទឹកដីរបស់អ្នកនឹងលាតសន្ធឹងពីលិច ទៅកើត ហើយពីជើងទៅត្បូង។ តាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក គ្រប់ទាំងគ្រួសារទាំងអស់នៅលើផែនដីនឹងបានពរ។ 15 មើល៍ យើងនៅជាមួយអ្នក ហើយយើងនឹងការពារអ្នក នូវគ្រប់កន្លែងដែលអ្នកទៅ។ យើងនឹងនាំអ្នកមកទឹកដីនេះម្តងទៀត ដើម្បីយើងមិនបោះបង់អ្នកចោលឡើយ។ យើងនឹងធ្វើការទាំងអស់ ដែលយើងបានសន្យាដល់អ្នក»។ 16 លោកយ៉ាកុបបានក្រោកពីគេងឡើង ហើយគាត់និយាយថា៖ «ប្រាកដណាស់ ព្រះអម្ចាស់គង់នៅកន្លែងនេះ ហើយខ្ញុំមិនបានដឹងសោះ»។ 17 គាត់មានការភ័យខ្លាច ហើយនិយាយថា៖ «ទីកន្លែងនេះគួរឲ្យភ័យខ្លាចណាស់! ទីនេះគ្មានអ្វីផ្សេងទៀតទេ គឺក្រៅពីដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាទ្វាររបស់ស្ថានសួគ៌ពិតប្រាកដមែន»។ 18 លោកយ៉ាកុបបានក្រោកឡើងនៅពេលព្រឹក ហើយគាត់បានយកថ្មដែលគាត់បានដាក់កើយនៅក្រោមក្បាលគាត់នោះ។ 19 ហើយបានបញ្ឍរដូចជាសសរ ហើយបានចាត់ប្រេងនៅពីលើថ្មនោះ។ គាត់បានហៅកន្លែងនោះ បេតអែល ប៉ុន្តែពីដើមឈ្មោះរបស់ទីក្រុងនេះគឺ លូស។ 20 លោកយ៉ាកុបបានស្បថសម្បថដោយនិយាយថា៖ «ប្រសិនបើ ព្រះជាម្ចាស់គង់ជាមួយទូលបង្គំ ហើយការពារទូលបង្គំនៅតាមផ្លូវដែលខ្ញុំកំពុងដើរនេះ ហើយប្រទាននំប៉័ងឲ្យខ្ញុំហូប និងសម្លៀកបំពាក់ឲ្យខ្ញុំពាក់ បើខ្ញុំត្រឡប់ទៅផ្ទះរបស់ឪពុកខ្ញុំវិញដោយសុខសាន្ត 21 ដូច្នេះ ព្រះអម្ចាស់នឹងត្រូវជាព្រះរបស់ទូលបង្គំ។ 22 បន្ទាប់មកថ្មដែលគាត់បានបញ្ឍរដូចជាសសរនោះបានត្រឡប់ទៅជាថ្មសក្ការៈ។ ទូលបង្គំប្រាកដជាថ្វាយមួយភាគដប់ ពីអ្វីៗដែលព្រះអង្គប្រទានដល់ទូលបង្គំទៅព្រះអង្គវិញ។