1 នេះគឺជាពូជពង្សកូនៗរបស់លោកណូអេ មានសិម ហាំ និងយ៉ាផេត។ ក្រោយពីទឹកជំនន់ ពួកគេបានបង្កើតកូនទាំងនេះ។ 2 កូនប្រុសៗរបស់លោកយ៉ាផេត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និងទីរ៉ាស។ 3 កូនប្រុសៗរបស់លោកកូមើរគឺអ័សក្នាស រីផាត និងតូការម៉ា។ 4 កូនប្រុសៗរបស់លោកយ៉ាវ៉ានគឺអេលីសា តើស៊ីស គីទីម និងដូដានីម។ 5 ពីមនុស្សដែលរស់នៅតាមមាត់សមុទ្រនេះហើយដែលបានបែកខ្ញែក ហើយចេញទៅក្នុងទឹកដីរបស់ពួកគេ ពួកគេមានភាសារៀងៗខ្លួន ទៅតាមអំបូរ និងប្រជាជាតិរៀងខ្លួន។ 6 កូនប្រុសៗរបស់លោកហាំគឺគូស មីសរ៉ែម ពូថ និងកាណាន។ 7 កូនប្រុសៗរបស់គូសគឺសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនប្រុសៗរបស់លោករ៉ាម៉ាគឺសេបា និងដេដាន់។ 8 លោកគូសជាឪពុករបស់លោកនីមរ៉ូដ លោកនីមរ៉ូដនេះហើយជាវីរបុរសទីមួយនៅលើផែនដី។ 9 លោកគឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់។ ហេតុនេះហើយបានជាមានពាក្យថា «លោកនីមរ៉ូដ គឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់»។ 10 អាណាចក្រទីមួយរបស់លោកគឺបាបិល អេរេក អាកាឌ និងកាលនេ ជាទីក្រុងដែលនៅទឹកដីស៊ីណើរ។ 11 ក្រៅពីទឹកដីទាំងនោះ លោកបានទៅទឹកដីអាសស៊ើរ ហើយបានសង់ក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស 12 និងក្រុងរេសែនដែលជាក្រុងមួយនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡាស។ វាជាទីក្រុងដ៏ធំមួយ។ 13 លោកមីសរ៉ែមបង្កើតជនជាតិលូឌ ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាប់ធូហ៊ីម។ 14 ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម (ដែលជាដូនតារបស់ជនជាតិភីលីស្ទីន) និងជនជាតិកាប់ថោរីម។ 15 លោកកាណានបង្កើតបានស៊ីដូន ជាកូនច្បងរបស់គាត់ និងហេត 16 ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 17 ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី 18 ជនជាតិអើវ៉ាឌីតសេម៉ារីត ជនជាតិសេម៉ារី ជនជាតិហាម៉ាធីតផងដែរ។ ហើយក្រោយមកអំបូរកាណានបានបែកខ្ញែកគ្នា។ 19 ព្រំប្រទល់ទឹកដីជនជាតិកាណានចាប់ពីក្រុងស៊ីដូន ឆ្ពោះទៅក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម និងរហូតទៅដល់ក្រុងឡាសាថែមទៀតផង។ 20 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកហាំ និងអំបូររបស់ពួកគេ តាមភាសារបស់ពួកគេ នៅក្នុងទឹកដីរបស់ពួកគេ និងនៅក្នុងប្រទេសរបស់ពួកគេដែរ។ 21 លោកសិមជាបងប្រុសច្បងរបស់លោកយ៉ផេតក៏មានកូនប្រុសៗផងដែរ។ លោកសិមជាបុព្វបុរសរបស់មនុស្សទាំងអស់របស់ជនជាតិហេប៊ើរ។ 22 កូនប្រុសៗរបស់លោកសិមគឺអេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និងអើរ៉ាម។ 23 កូនប្រុសៗរបស់លោកអើរ៉ាមគឺ អ៊ូស ហ៊ូល កេធើរ និងម៉ាស។ 24 លោកអើប៉ាកសាឌជាឪពុករបស់សេឡា ហើយសេឡាជាឪពុករបស់ហេប៊ើរ។ 25 លោកហេប៊ើរមានកូនប្រុសពីរនាក់។ កូនប្រុសមួយឈ្មោះផាឡេក ដ្បិត នៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា។ ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។ 26 លោកយ៉ុកថានជាឪពុករបស់អាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា 27 ហាដូរ៉ាម អ៊ូសាល ឌីកឡា 28 អូបាល អប៊ីម៉ែល សេបា 29 អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកយ៉ុកថានទាំងអស់។ 30 ទឹកដីរបស់ពួកគេចាប់តាំងពីក្រុងមេសា រហូតទៅដល់ក្រុងសេផារ នៅតំបន់ភ្នំខាងកើត។ 31 ពួកគេគឺជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមទឹកដី និងតាមជនជាតិរបស់គេ។ 32 អ្នកទាំងនេះគឺជាអំបូរកូនប្រុសៗរបស់លោកណូអេ តាមពង្សាវតារបស់ពួកគេ តាមប្រជាជាតិរបស់ពួកគេ។ ពីប្រជាជាតិទាំងនេះហើយដែលបែកខ្ញែកទៅពាសពេញផែនដី បន្ទាប់ពីទឹកជំនន់។