1 នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមស្តេចស្រុកអ៊ីស្រាអែលព្រះបាទអសារា ជាបុត្ររបស់ព្រះបាទអម៉ាស៊ីយ៉ា ចាប់ផ្តើមឡើងសោយរាជ្យលើស្រុកយូដា។ 2 ព្រះបាទអសារាអាយុប្រាំមួយវស្សានៅពេលទ្រង់ឡើងសោយរាជ្យ ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡិម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។ 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលព្រះបាទអម៉ាស៊ីយ៉ាជាបិតាបានធ្វើដែរ។ 4 ទោះជាយ៉ាងណាក៏ដោយ នៅទីទួលខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែបន្តថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅទីនោះដដែរ។ 5 ព្រះអម្ចាស់ធ្វើឲ្យស្តេចកើតឃ្លង់រហូតដល់ថ្ងៃស្តេចសុគត ហើយរស់នៅក្នុងដំណាក់មួយដាច់ពីគេ។ សម្ដេចយ៉ូថាម ជាបុត្ររបស់ទ្រង់ មើលខុសត្រូវកិច្ចការក្នុងវាំង និងគ្រប់គ្រងប្រជាជននៅក្នុងស្រុកទាំងមូល។ 6 រឿងរ៉ាវទាក់ទងនឹងព្រះបាទអសារ៉ា និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ? 7 ដូច្នេះ ព្រះបាទអសារ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ គេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះអង្គ ឡើងស្នងរាជ្យបន្ត។ 8 នៅក្នុងឆ្នាំទីសាបសិបប្រាំបីនៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទសាការីជាបុត្ររបស់ព្រះបាទយេរ៉ូបោមឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅក្រុងសាម៉ារីអស់ប្រាំមួយខែ។ 9 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចបិតាទ្រង់ដែរ។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 10 លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ប្រឆាំងនឹងស្ដេច ហើយវាយប្រហារស្តេចនៅអ៊ីបលែម ហើយធ្វើគុតស្ដេច។ បន្ទាប់មក លោកឡើងសោយរាជ្យជំនួសទ្រង់ទៅ។ 11 រឿងរ៉ាវទាក់ទងនឹងព្រះបាទសាការី តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ។ 12 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលមកព្រះបាទយេហ៊ូវថា៖ «ពូជពង្សរបស់អ្នកនឹងសោយរាជ្យលើអ៊ីស្រាអែលបានបួនដំណរ»។ នេះជាអ្វីដែលបានកើតឡើង។ 13 ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ចាប់ផ្តើមឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្យរបស់ព្រះបាទអូស្យ៉ាស ជាស្ដេចស្រុកយូដា ទ្រង់សោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។ 14 លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី។ នៅទីនោះ លោកបានវាយប្រហារព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេសនៅក្រុងសាម៉ារី។ លោកក៏សម្លាប់ស្តេច ហើយឡើងសោយរាជ្យជំនួស។ 15 រឿងរ៉ាវទាក់ទងនឹងព្រះបាទសាលូម និងអំពើក្បត់ដែលទ្រង់បានបង្កើតឡើង មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែល។ 16 បន្ទាប់មកព្រះបាទមណាហិមបានវាយយកក្រុងធីបសា និងវាយប្រហារអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារ ដោយសារគេមិនបើកទ្វារក្រុងទទួលឲ្យទ្រង់។ ដូច្នេះ ស្តេចបានវាយប្រហារក្រុងទាំងនោះ ហើយបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌នៅក្នុងភូមិទាំងនោះផង។ 17 នៅក្នុងឆ្នាំទីសាមសិបប្រាំបួននៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានដប់ឆ្នាំ នៅក្រុងសាម៉ារី។ 18 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ នៅក្នុងមួយជីវិតរបស់ស្តេច ទ្រង់មិនបានងាកចេញពីមាគា៌របស់ព្រះបាទយេរ៉ូបោមកូនរបស់នេបាតឡើង ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 19 ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានមកវាយលុកចូលស្រុក ហើយព្រះបាទមណាហិម ថ្វាយប្រាក់មួយពាន់ហាបទៅព្រះចៅពូល ដូច្នេះ ការគាំទ្ររបស់ព្រះបាទពូលអាចជួយពង្រឹងអាណាចក្រអ៊ីស្រាអែលនៅក្នុងដៃរបស់ព្រះបាទមណាហិម។ 20 ព្រះបាទមណាហិមបានប្រមូលប្រាក់ទាំងនេះពីប្រជាជនអ៊ីស្រាអែល ដែលតម្រូវឲ្យពួកអ្នកមានបង់ប្រាក់ហាសិបណែនដល់ទ្រង់ដើម្បីថ្វាយស្តេចស្រុកអាសសេុីរ។ ដូច្នេះ ស្តេចស្រុកអាសសេុីរក៏ត្រឡប់ទៅវិញ ហើយមិននៅក្នុងទឹកដីនោះទៀតឡើយ។ 21 រឿងរ៉ាវទាក់ទងនឹងព្រះបាទមណាហិម និងអ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ? 22 ដូច្នេះ ព្រះបាទមណាហិមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះអង្គបានឡើងស្នងរាជ្យបន្ត។ 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះបាទមណាហិមចាប់ផ្តើមសោយរាជ្យលើអ៊ីស្រាអែលនៅក្រុងសាម៉ារី ស្តេចសោយរាជ្យបានពីរឆ្នាំ។ 24 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 25 ព្រះបាទពេកាហ៊ាមានមេបញ្ជាការម្នាក់ឈ្មោះលោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្ដេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេធ្វើគុតស្ដេច ក្នុងដំណាក់នៃរាជវាំងនៅក្រុងសាម៉ារី។ ពេលនោះ លោកមានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដ ចូលរួមជាមួយដែរ។ លោកបានធ្វើគុតព្រះបាទពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។ 26 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទពេកាហ៊ា អ្វីៗដែលស្តេចបានធ្វើ មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចស្រុកអ៊ីស្រាអែល។ 27 នៅក្នុងឆ្នាំទីហាសិបពីរនៃរាជ្យរបស់ព្រះបាទអសារ៉ាជាស្តេចស្រុកយូដា ព្រះបាទពេកាជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានម្ភៃឆ្នាំ។ 28 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានលះបង់ចោលអំពើបាបរបស់ព្រះបាទយេរ៉ូបោមកូនរបស់នេបាត ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។ 29 នៅក្នុងរាជ្យរបស់ព្រះបាទពេកាស្តេចស្រុកអ៊ីស្រាអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងអស់។ ស្តេចកៀរអ្នកស្រុកនោះយកទៅស្រុកអាសសេុីរ។ 30 ដូច្នេះ លោកហូស៊ា ជាកូនរបស់លោកអេឡា បានក្បត់ប្រឆាំងនឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា។ លោកវាយប្រហារ និងសម្លាប់ស្ដេច។ បន្ទាប់មក លោកសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា។ 31 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទពេកា អ្វីដែលទ្រង់បានធ្វើ មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែល។ 32 នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទពេកាជាកូនរបស់លោកជាកូនរបស់លោករេម៉ាលា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ឡើងសោយរាជ្យលើស្រុកយូដា។ 33 កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំឆ្នាំ ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។ 34 ព្រះបាទយ៉ូថាមបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចបានដើរតាមគំរូរបស់បិតាទ្រង់គឺព្រះបាទអសារ៉ា។ 35 ទោះជាយ៉ាងណាក៏ដោយទ្រង់មិនបានបំផ្លាញទីខ្ពស់ៗចោលឡើយ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗដដែរ។ ព្រះបាទយ៉ូថាបានសង់ទ្វារខាងលើនៃព្រះវិហាររបស់ព្រះអម្ចាស់។ 36 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូថាម និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? 37 នៅក្នុងពេលនោះព្រះអម្ចាស់ចាប់ផ្តើមបញ្ជូនព្រះបាទរ៉ាស៊ីនជាស្តេចស្រុកអារ៉ាម និងព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ដើម្បីប្រឆាំងនឹងស្រុកយូដា។ 38 ព្រះបាទយ៉ូថាមផ្ទុំលក់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ជាមួយបុព្វបុរសទាំងនោះនៅក្រុងព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់។ បន្ទាប់មក ព្រះបាទអហាស ជាបុត្រ ឡើងស្នងរាជ្យបន្ត។