1 នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទយ៉ូអាសបុត្រព្រះបាទយ៉ូអាហាស ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។ 2 ស្តេចមានព្រះជន្មម្ភៃប្រាំឆ្នាំនៅពេលទ្រង់ចាប់ផ្តើមសោយរាជ្យ ស្តេចសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតាមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។ 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែមិនដូចព្រះបាទដាវីឌ ជាបិតារបស់ទ្រង់ឡើយ។ ស្តេចបានប្រព្រឹត្តអ្វីគ្រប់យ៉ាងដែលព្រះបាទយ៉ូអាស ជាបិតាបានធ្វើ។ 4 ប៉ុន្តែ នៅតាមទីខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែថ្វាយតង្វាយ និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗទាំងនោះ។ 5 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ទ្រង់ប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតព្រះបាទយ៉ូអាសជាបិតារបស់ទ្រង់។ 6 ប៉ុន្តែ ស្តេចមិនបានសម្លាប់កូនប្រុសៗរបស់ឃាតករឡើយ ផ្ទុយទៅវិញ ស្តេចបានប្រព្រឹត្តស្របតាមអ្វីដែលមានសរសេរនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចដែលព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ដោយសារកំហុសរបស់កូនពួកគេឡើយ ហើយកូនក៏មិនត្រូវស្លាប់ដោយសារកំហុសរបស់ឪពុកម្តាយរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ គ្រប់គ្នាត្រូវស្លាប់ដោយសារអំពើបាបរស់ខ្លួនផ្ទាល់»។ 7 ស្តេចបានសម្លាប់ទាហានអេដុមមួយម៉ឺននាក់នៅក្នុងជ្រោះអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលដាក់ឈ្មោះថាក្រុងយុគធាលវិញ ហើយត្រូវបានហៅឈ្មោះនេះរហូតដល់សព្វថ្ងៃ។ 8 បន្ទាប់មក ព្រះបាទអម៉ាស៊ីយ៉ាបានផ្ញើសារទៅព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នានៅក្នុងសមរភូមិ»។ 9 ប៉ុន្តែ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែលបាផ្ញើសារត្រឡប់មកព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយ៉ូដាវិញថា៖ «គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា៖ «ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លានោះទៅ។ 10 អ្នកបានវាយប្រហារអេដុម ហើយចិត្តរបស់អ្នកលើកអ្្នកឡើង។ សូមឲ្យមានមោទនភាពចំពោះជ័យជម្នះរបស់អ្នក ប៉ុន្តែ ចូរស្នាក់នៅផ្ទះរបស់អ្នក តើហេតុអ្វីបានជាអ្នកធ្វើឲ្យខ្លួនឯងមានបញ្ហា ហើយបរាជ័យដូច្នេះ ទាំងអ្នក និងយូដានៅជាមួយអ្នក?» 11 ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាមិនព្រមស្តាប់ឡើយ។ ដូច្នេះ ព្រះបាទយ៉ូអាសជាស្តេចស្រុកអ៊ីស្រាអែលបានមកវាយប្រហារ ហើយស្តេច និងព្រះបាទអម៉ាស៊ីយ៉ាស្តេចស្រុកយូដាតទល់គ្នានៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។ 12 អ៊ីស្រាអែលបានវាយយូដា ហើយគ្រប់គ្នារត់គេចទៅផ្ទះរាងខ្លួន។ 13 ព្រះបាទយ៉ូអាសស្តេចអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេតសេមែស។ ស្តេចបានមកក្រុងយេរូសាឡឹម ហើយបានទំលាយជញ្ជាំងក្រុងយេរូសាឡឹមចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅកាច់ជ្រុង ដែលមានប្រវែងបួនរយហត្ថ។ 14 ស្តេចបានយកមាស និងប្រាក់ និងរបស់របរទាំងអស់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងរបស់មានតម្លៃក្នុងវាំងស្តេច ជាមួយនឹងឈ្លើយសឹកផងដែរ ហើយត្រឡប់ទៅក្រុងសាម៉ារីវិញ។ 15 រឿងរ៉ាវផ្សេងៗទៀតទាក់ទងនឹងព្រះបាទយ៉ូអាស អ្វីៗដែលស្តេចបានធ្វើ អំណាចរបស់ទ្រង់ និងពីការប្រយុទ្ធរបស់ទ្រង់ជាមួយព្រះបាទអម៉ាស៊ីយ៉ាជាស្តេចស្រុកយូដា តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ? 16 បន្ទាប់មក ព្រះបាទយ៉ូអាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសព្វទ្រង់នៅក្រុងសាម៉ារីជាមួយស្តេចអ៊ីស្រាអែល ហើយព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះអង្គឡើងស្នងរាជ្យបន្ត។ 17 ព្រះបាទអម៉ាស៊ីយ៉ាជាបុត្រារបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា រស់បានដប់ប្រាំឆ្នាំទៀតក្រោយព្រះបាទយ៉ូអាសបុត្ររបស់ព្រះបាទយ៉ូអាហាសស្តេចស្រុកអ៊ីស្រាអែលសុគត។ 18 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអម៉ាស៊ីយ៉ា តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយ៉ូដាទេឬ? 19 មានគេឃុបឃិតគ្នាប្រឆាំងនឹងព្រះបាទអម៉ាស៊ីយ៉ានៅក្រុងយេរូសាឡឹម ហើយទ្រង់ក៏គេចខ្លួនទៅក្រុងឡាគីស។ ស្តេចគេចខ្លួនទៅក្រុងឡាគីស ប៉ុន្តែគេក៏បញ្ជូនមនុស្សតាមទ្រង់ទៅក្រុងឡាគីស ហើយសម្លាប់ទ្រង់នៅទីនោះ។ 20 ពួកគេបាននាំទ្រង់ត្រឡប់មកវិញដោយដាក់លើសេះ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ 21 ប្រជាជននៅស្រុកយូដាទាំងអស់លើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយឆ្នាំ ឲ្យឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ាជាបិតាទ្រង់។ 22 ព្រះបាទអសារានេះឯងដែលបានសង់ក្រុងអេឡាតឡើងវិញ ហើយស្តារក្រុងយូដា ក្រោយពីព្រះបាទអម៉ាស៊ីយ៉ាបានសុគតជាមួយបុព្វបុរសរបស់ទ្រង់។ 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាសស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។ 24 ស្តេចប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ 25 ស្តេចបានកំណត់ព្រំប្រទល់របស់អ៊ីស្រាអែលឡើងវិញចាប់ពីលេបូហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមការបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដែលទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីយ៉ូណាសជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរជាអ្នកបម្រើរបស់ព្រះអង្គ។ 26 ដោយសារព្រះអម្ចាស់បានឃើញពីទុក្ខវេទនារបស់អ៊ីស្រាអែល ដែលល្វីងជូរចត់សម្រាប់គ្រប់គ្នា ទាំងអ្នកងារ និងអ្នកជា ហើយគ្មានអ្នកណាជួយសង្គ្រោះអ៊ីស្រាអែលសោះ។ 27 ដូច្នេះព្រះអម្ចាស់បានមានបន្ទូលថាព្រះអង្គពុំសព្វព្រះហឫទ័យលុបឈ្មោះអ៊ីស្រាអែលឲ្យបាត់ពីស្ថានសួគ៌ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងសង្គ្រោះពួកគេដោយដៃរបស់ព្រះបាទយេរ៉ូបោមបុត្ររបស់ព្រះបាទយ៉ូអាស។ 28 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយេរ៉ូបោម អ្វីដែលស្តេចបានធ្វើ អំណាចរបស់ទ្រង់ របៀបដែលព្រះអង្គធ្វើសង្គ្រាមដណ្តើមបានក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្ដាប់ដៃរបស់ជនជាតិយូដាសម្រាប់អ៊ីស្រាអែល តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៌របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ? 29 ព្រះបាទយេរ៉ូបោមផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ជាមួយស្តេចស្រុកអ៊ីស្រាអែល ហើយព្រះបាទសាការី ជាបុត្រ ឡើងស្នងរាជ្យបន្ត។