1 នៅក្នុងឆ្នាំទីម្ភៃបីនៃព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ាស្តេចស្រុកយូដា ព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ។ 2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌នៃអំពើបាបរបស់ព្រះបាទយ៉េរូបោម កូននេបាត ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប ហើយព្រះបាទយ៉ូអាហាសមិនបានចាកចេញពីអំពើបាបទាំងអស់នេះឡើយ។ 3 កំហឹងរបស់ព្រះអម្ចាស់បានបញ្ឆេះប្រឆាំងនឹងអ៊ីស្រាអែល ហើយព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទហាសែលស្តេចស្រុកស៊ីរី និងទីក្នុងកណ្តាប់ដៃរបស់ព្រះបាទបេនហាដាដជាបុត្ររបស់ព្រះបាទហាសែលជាបន្តបន្ទាប់។ 4 ដូច្នេះ ព្រះបាទយ៉ូអាហាសក៏ទូលអង្វរទៅព្រះអម្ចាស់ ហើយព្រះអម្ចាស់បានស្តាប់ការទូលអង្្វររបស់ស្តេច ដោយសារព្រះអង្គឃើញស្តេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនពួកគេ។ 5 ដូច្នេះ ព្រះអម្ចាស់បានប្រទានអ្នកសង្គ្រោះដល់អ៊ីស្រាអែល ហើយពួកគេក៏បានរួចខ្លួនពីពួកអារ៉ាម ហើយប្រជាជនអ៊ីស្រាអែលចាប់ផ្តើមរស់នៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ដូចដែលពួកគេធ្លាប់រស់នៅពីមុន។ 6 ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនបានបោះបង់ចោលអំពើបាបរបស់ព្រះបាទយេរ៉ូបោម ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាបដែរ ហើយពួកគេនៅតែប្រព្រឹត្តអំពើបាបនោះ ហើយសសររបស់ព្រះអាសេរានៅតែបន្តមាននៅស្រុកសាម៉ារី។ 7 ពួកអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូអាសសល់តែទ័ពសេះហាសិបនាក់ រទេះចម្បាំងដប់ និងទាហានមួយម៉ឺននាក់ប៉ុណ្ណោះ ព្រោះស្តេចអារ៉ាមបានបំផ្លាញពួកគេ ហើយធ្វើឲ្យពួកគេទៅដូចជាធូលីដី។ 8 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូអាហាស អ្វីដែលស្តេចបានធ្វើ និងអំណាចរបស់ស្តេច តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី? 9 ដូច្នេះ ព្រះបាទយ៉ូអាហាសផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅស្រុកសាម៉ារី។ ព្រះបាទយ៉ូអាស ជាបុត្រ ឡើងស្នងរាជ្យបន្ត។ 10 នៅក្នុងឆ្នាំទីសាបសិបប្រាំពីរនៃរាជ្យរបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ។ 11 ស្ដេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប ប៉ុន្តែ ស្តេចបានដើរតាមមាគា៌នោះ។ 12 រឿងវ៉ាវផ្សេងទៀតទាក់ទឹងនឹងព្រះបាទយ៉ូអាស និងអី្វៗដែលស្តេចបានធ្វើ និងភាពល្បីល្បាញរបស់ទ្រង់ ដែលទ្រង់បានធ្វើប្រឆាំងនឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី? 13 ព្រះបាទយ៉ូអាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទយេរ៉ូបោមសោយរាជ្យបន្តពីទ្រង់។ ព្រះបាទយ៉ូអាសត្រូវបានបញ្ចុះនៅក្នុងស្រុកសាម៉ារីជាមួយស្តេចស្រុកអ៊ីស្រាអែល។ 14 ពេលនោះ លោកអេលីសេមានជំងឺជាទម្ងន់ហៀបនឹងស្លាប់ ដូច្នេះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមករកលោក ហើយបានយំស្រណោះលោក។ ស្តេចមានរាជឱង្ការថា៖ «លោកឪពុកអើយ លោកឪពុកអើយ រទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែលបានកំពុងយកលោកទៅឆ្ងាយហើយ!» 15 លោកអេលីសេទូលវិញថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក» ដូច្នេះព្រះបាទយ៉ូអាសបានយកធ្នូ និងព្រួញមក។ 16 លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមដាក់ដៃរបស់ព្រះករុណានៅលើធ្នូទៅ» ដូច្នេះ ស្តេចក៏ដាក់ដៃរបស់ទ្រង់នៅលើធ្នូ។ បន្ទាប់មក លោកអេលីសេបានដាក់ដៃរបស់លោកនៅលើដៃរបស់ស្តេច។ 17 លោកអេលីសេទូលថា៖ «សូមបើកបង្អួចនៅទិសខាងលិច» ដូច្នេះ ស្តេចក៏បើកបង្អួចនោះ។ បន្ទាប់មក លោកអេលីសេទូលថា៖ «សូមព្រះករុណាបាញ់ព្រួញទៅ»! បន្ទាប់មក ស្តេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះរបស់ព្រះអម្ចាស់ ជាព្រួញជ័យជម្នះលើជនជាតិអារ៉ាម ព្រោះព្រះអង្គនឹងវាយជនជាតិអារ៉ាមនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។ 18 បន្ទាប់មកលោកអេលីសេទូលថា៖ «សូមព្រះករុណាយកគ្រាប់ព្រួញមក» ដូច្នេះ ព្រះបាទយ៉ូអាសក៏បានយកព្រួយមក។ លោកបានទូលស្តេចថា៖ «ចូរយកព្រួញនោះវាយដីទៅ» ហើយស្តេចក៏វាដីបីដងរួចក៏ឈប់។ 19 ប៉ុន្តែ អ្នកបម្រើរបស់ព្រះអម្ចាស់ខឹងនឹងស្តេចយ៉ាងខ្លាំងហើយនិយាយថា៖ «ព្រះករុណាគួរវាយប្រាំ ឬប្រាំមួយដង។ នោះព្រះករុណាពិតជាច្បាំងឈ្នះជនជាតិអារ៉ាម រហូតដល់បំផ្លាញពួកគេឲ្យវិនាសសូន្យ។ ប៉ុន្តែ ឥឡូវនេះ ព្រះករុណាវាយពួកគេត្រឹមតែបីដងប៉ុណ្ណោះ»។ 20 បន្ទាប់មក លោកអេលីសេក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពលោក។ ពេលនោះជនជាតិម៉ូអាប់មួយក្រុមបានចាប់ផ្តេីមទន្ទ្រានទឹកដីនៅដើមឆ្នាំ។ 21 នៅពេលដែលគេបញ្ចុះសពបុរសម្នាក់ ហើយពួកគេបានឃើញពួកម៉ូអាប់មួយក្រុម ដូច្នេះ ពួកគេក៏បោះសពនោះទៅក្នុងផ្នូររបស់លោកអេលីសេ។ នៅពេលដែលសពរបស់បុរសនោះបានប៉ះជាមួយឆ្នឺងរបស់លោកអេលីសេ លោកក៏រស់ឡើងវិញ ហើយក្រោកឈរឡើង។ 22 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមតែងតែជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលនៅថ្ងៃអាយុរបស់ព្រះបាទយ៉ូអាហាស។ 23 ប៉ុន្តែ ព្រះអម្ចាស់បានផ្តល់ព្រះគុណដល់អ៊ីស្រាអែល ហើយផ្តល់ព្រះទ័យមេត្តាដល់ពួកគេ ហើយព្រួយបារម្មណ៍ពីពួកគេ ដោយសារតែសម្ពន្ធមេត្រីជាមួយលោកអាប្រាហាំ ជាមួយលោកអ៊ីសាក់ ហើយជាមួយលោកយ៉ាកុប។ ដូច្នេះ ព្រះអម្ចាស់មិនបានបំផ្លាញពួកគេ ហើយព្រះអង្គនៅតែមិនបណ្តេញពួកគេចេញពីព្រះវត្តមានរបស់ព្រះអង្គឡើយ។ 24 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមសុគត ហើយព្រះបាទបេនហាដាដជាបុត្ររបស់ព្រះអង្គក្លាយជាស្តេចជំនួសទ្រង់។ 25 ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាសបានយកក្រុងពីព្រះបាទបេនហាដាដមកវិញ គឺក្រុងដែលគេបានយកពីព្រះបាទយ៉ូអាហាសជាបិតារបស់ទ្រង់ដោយសង្រ្គាម។ ព្រះបាទយ៉ូអាសបានវាយប្រហារបីដង ហើយស្តេចគ្រប់គ្រងក្រុងទាំងអស់របស់អ៊ីស្រាអែល។