ជំពូក ៨
1
ព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំថា «ចូរយកក្តារឈ្នួនមួយធំ ហើយសរសេរថា «រឹបអូសជាប្រញាប់ ប្រមូលជយភណ្ឌឲ្យលឿន»។
2
យើងនឹងយកស្មរបន្ទាល់ស្មោះត្រង់សម្រាប់យើង គឺអ៊ូរីជាបូជាចារ្យ និងសាការី ជាកូនបេរេគា»។
3
ខ្ញុំបានរួមរស់ជាមួយព្យាការីស្រី ដែលជាប្រពន្ធខ្ញុំ ហើយនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ។ គ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យគាត់ថា ម៉ាហ៊េ សាឡាល ហាសបាស។
4
ដ្បិតមុនពេលដែលកូននេះចេះហៅ «ពុកហើយម៉ែ» ទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងសាម៉ារី នឹងត្រូវប្រមូលនាំយកទៅដោយស្ដេចអាស្ស៊ីរី»។
5
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំម្តងទៀតថា៖
6
«ដោយព្រោះមនុស្សទាំងនេះ បានបដិសេធទឹកស៊ីឡោម ដែលហូរចុះមក ហើយរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ។
7
ដូច្នេះហើយ ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំងចុះមក លើស្តេចអាស្ស៊ីរីហើយនិងសិរីរុងរឿងរបស់ស្តេចផងដែរ។ ទឹកទន្លេនោះនឹងជន់លិចច្រាំងហើយបំផ្លាញពួកគេ។
8
ទន្លេនេះនឹងហូរសាយចូលទៅក្នុងទឹកដីយូដាផងដែរ ហើយទឹកជន់ឡើង រហូតដល់លិចដល់ករបស់អ្នក។ ទឹកនេះនឹងហូរលិចទឹកដីព្រះអង្គទាំងមូលហើយ ឱព្រះអង្គអេម៉ាញូអែល»។
9
ប្រជាជនទាំងឡាយអើយ អ្នកនឹងត្រូវខ្ជះខ្ជាយទៅ។ ចូរផ្ទៀងត្រចៀកស្ដាប់ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល ចូរអ្នករាល់គ្នារៀបចំខ្លួនដើម្បីធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យដែរ ហើយ ដៃរបស់អ្នកនិងត្រូវបាក់ជាចំណែកផងដែរ។
10
ពេលអ្នករៀបផែនការ តែផែនការទាំងនោះមិនបានសម្រេចទេ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះក៏មិនអាចសម្រេចដែរ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង។
11
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំ ព្រះជាម្ចាស់ដាក់ព្រះហស្តនៃព្រះអង្គលើរូបខ្ញុំ ហើយហាមខ្ញុំមិនឲ្យដើរតាមផ្លូវរបស់មនុស្សទាំងនេះ។
12
កុំឲ្យមានគិតអ្វីដើម្បីក្បត់និងរួមជាមួយពួកមនុស្សក្បត់ទាំងនោះឡើយ ក៏មិនត្រូវខ្លាចអ្វីដែលពួកគេខ្លាចនោះដែរ ហើយមិនត្រូវខ្លាចញញើតឡើយ។
13
គឺព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាព្រះដ៏វិសុទ្ធ ព្រះអង្គដែលអ្នកត្រូវស្ញែងខ្លាច ហើយព្រះអង្គដែលអ្នកគួរភ័យខ្លាច។
14
ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ តែព្រះអង្គជាថ្មដែលនាំឲ្យ ជនជាតិអុីស្រាអែលទាំងពីរនគរប៉ះទង្គិច ជាសិលាដែលនាំឲ្យគេជំពប់ដួល ហើយក៏ជាជង់ និងជាអន្ទាក់ ដល់ក្រុងយេរូសាឡិមដែរ។
15
មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ ហើយដួលបាក់បែកហើយពួកគេនឹងជាប់អន្ទាក់ ហើយត្រូវព្រានចាប់យកទៅ។
16
ចូរចងក្រងសេចក្ដីទាំងនេះទុក ព្រមទាំងបិទត្រាបញ្ញត្តិច្បាប់ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំចុុះ
17
ខ្ញុំនឹងទន្ទឹងចាំព្រះអម្ចាស់ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប ខ្ញុំនឹងរងចាំទ្រង់
18
មើល! ខ្ញុំនឹងកូនចៅដែលព្រះជាម្ចាស់បានប្រទានមកនៅស្រុកអុីស្រាអែលនិងរួមគ្នាធ្វើជា ទីសម្គាល់ ដល់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
19
ពួកគេនឹងនិយាយទៅកាន់អ្នកថា «សូមពិគ្រោះជាមួយគ្រូខាបនិងគ្រូមន្តអាគម» អ្នកដែលស្រែកច្រៀងនិងមួលបង្កាច់។ តើមិនគួរឲ្យបណ្ដាជនស្វែងរកព្រះជាម្ចាស់ទេឬ? តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី?
20
ចូលទៅមើលបទបញ្ញត្តិ និងទីបន្ទាល់ចុះ! ប្រសិនបើគេមិនពោលពាក្យដែលមិនស្របតាមព្រះបន្ទូលនោះទេ នោះពួកគេនិងមិនមានពន្លឺរះនៅក្នុងខ្លួនពួកគេនោះទេ។
21
ពួកគេនឹងឆ្លងកាត់ទឹកដីនេះទាំងកាន់ទុក្ខនិងស្រេកឃ្លានយ៉ាងខ្លាំង នៅពេលដែលពួកគេឃ្លានពួកគេនឹងខឹងហើយដាក់បណ្តាសាស្តេចនិងព្រះរបស់ពួកគេនៅពេលពួកគេងើយមុខទៅលើ។
22
ពួកគេក្រឡេកមើលផែនដីដែលពោពេញដោយទុក្ខព្រួយភាពងងឹតនិងភាពអាប់អួរ ពួកគេនឹងត្រូវបណ្ដេញទៅក្នុងទឹកដីនៃសេចក្ដីងងឹត។