ជំពូក ៤៣

1 ប៉ុន្តែ ពេលនេះគឺជាអ្វីដែលព្រះ‌អម្ចាស់​ មានព្រះបន្ទូល ព្រះអង្គដែលបាន​បង្កើត​អ្នកមក យ៉ាកុប ហើយព្រះអង្គដែលបង្កើតអ្នកអុីស្រាអែល «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ហើយ​អ្នក​ធ្វើ​ជា​​របស់​យើង។ 2 ពេល​អ្នក​ឆ្លងកាត់ទឹក​សមុទ្រ យើង​នឹងនៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លងកាត់​ទន្លេ អ្នក​នឹងមិន​លង់ទឹក​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នកនឹង​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ។ 3 ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ជាម្ចាស់របស់​អ្នក យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃអីុស្រា‌អែល ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​​អេស៊ីប​ដើម្បី​លោះ​អ្នក ហើយអេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​សម្រាប់​អ្នក​ដែរ។ 4 ចាប់តាំងពីអ្នកមានតម្លៃ ហើយវិសេសនៅក្នុងភ្នែករបស់យើង នោះយើងបានស្រឡាញ់អ្នក ដូច្នេះហើយយើងនឹងយកមនុស្សជាច្រើនសម្រាប់ប្តូរនឹងអ្នក ហើយមនុស្សជាច្រើននោះគឺប្តូរសម្រាប់ជីវិតរបស់អ្នក។ 5 កុំ​ភ័យ​ខ្លាច​ឡើយ ដ្បិតយើង​នៅ​ជា​មួយ​អ្នក យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ទឹកដី​ខាង​កើត ហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នក ពី​ទឹកដីខាង​លិច​ដែរ។ 6 យើង​នឹង​បញ្ជាទៅ​ដល់​ស្រុក​ខាង​ជើង «ប្រគល់​កូន​ចៅ​របស់​អ្នក​» ហើយបញ្ជា​ដល់​ស្រុក​ខាង​ត្បូង «មិនត្រូវឃាត់ពួកគេក្នុងការត្រឡប់មកវិញឡើយ» នឹងនាំកូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុកឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ 7 គឺ​អស់​អ្នក​ដែលហៅដោយ​ឈ្មោះរបស់​យើង គឺជាអ្នកបង្កើតសម្រាប់សិរី‌រុងរឿង​របស់​យើង ជាអ្នកដែលយើងបានសូនឡើង ពិតណាស់ជាអ្នកដែលយើងបានបង្កើតមក។ 8 សូមនាំប្រជាជនដែលមើល​មិន​ឃើញ ទោះបីគេមានភ្នែកក៏ដោយ ហើយស្តាប់មិនឮ ទោះបីគេមាន​ត្រចៀកក៏ដោយ។ 9 ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នា ហើយប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា។ តើ​មាន​ព្រះ​ណា​បាន​ប្រាប់ ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ? ចូលឲ្យគេនាំ​ព្រះ​ទាំង​នោះនឹងសាក្សី ដើម្បី​បង្ហាញ​ភស្ដុតាង​មក ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ «ត្រឹម​ត្រូវ​មែន»។ 10 អ្នក​រាល់​គ្នា​គឺជា​សាក្សី​របស់​យើង «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា» អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើងដែលបាន​ជ្រើស​រើស​ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ និង​ជឿ​លើ​យើង ព្រម​ទាំង​ទទួលស្គាល់ថាយើង ជា​ព្រះ‌ជាម្ចាស់។ នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។ 11 ​យើង គឺយើងជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ គឺមានតែយើងវិញ។ 12 យើង​បាន​ប្រកាស់​ ពីការ​សង្គ្រោះ​ហើយបានថ្លែងថា គ្មានព្រះ​ដទៃ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង «នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់» យើងគឺជាព្រះជាម្ចាស់។ 13 តាំងពីថ្ងៃនេះទៅ ​យើង​គឺ​ជា​ព្រះ‌អម្ចាស់ ហើយគ្មាន​នរណា​អាច​រំដោះ​អ្នកណាពី​កណ្ដាប់​ដៃ របស់​យើង​ដែរ។ ​យើង​ធ្វើ​រួច​ហើយ តើអ្នកណាអាចធ្វើដូចយើងបាន?» 14 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ ​ព្រះអង្គសង្គ្រោះរបស់អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​នៃជន‌ជាតិ​អីុស្រា‌អែល «ដ្បិតយើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូន ដើម្បី​ផ្តូលអំណាច​របស់​ពួក​គេ ហើយបែរក្តីអំណររបស់អ្នកបាប៊ីឡូន ទៅជាចម្រៀងកាន់ទុក្ខវិញ។ 15 យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​ យើង​ជា​ព្រះ‌មហា‌ក្សត្រ​ដែល​បាន បង្កើត​អីុស្រាអែល»។ 16 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់មានបន្ទូល​​ (តើអ្នកណាបានញែក​សមុទ្រ​ធ្វើ​ផ្លូវ​នៅ​កណ្ដាល​មហា​សមុទ្រ 17 តើអ្នកណាដែលបាននាំ​កង‌ទ័ពមាន​រទេះ​ចម្បាំង កង‌ពល​សេះដ៏ខ្លាំង។ ​ពួក​គេ​បានបរា‌ជ័យទាំងអស់គ្នា ហើយពួកគេមិនអាំចក្រោក​ឡើងវិញឡើយ ហើយពួក​គេ​រលត់​ទៅ ដូច​ជាចង្កៀង​អស់​ប្រេង)។ 18 «កុំ​គិតពីអ្វីដែល​បែបធម្មតាឡើយ ហើយកុំ​នឹក​នាការ​ដែល​កើត​មានតាំងបុរាណ​កាល​នោះ។ 19 មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មានការ​ថ្មី​កើត​ឡើង ពេលនេះកំពុងតែកើតហើយ តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។ 20 សត្វ​ព្រៃ​ទាំង‌ឡាយនៅតាមទីវាលនឹងគោរពយើង ហើយ​ឆ្កែ​ព្រៃ និង​ត្មាត​ផងដែរ ពីព្រោះ​យើងធ្វើ​ឲ្យ​មាន​ទឹក នៅក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើសបានផឹក 21 ប្រជា‌ជន​ទាំងនេះដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​ឲ្យពួកគេលើកតម្កើង​យើង។ 22 ប៉ុន្តែ ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើងអុីស្រា‌អែល​អើយ។ 23 អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញ‌បូជា តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិត‌បង្ខំ អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង យើង​ក៏​មិន​បាន​ឲ្យ​អ្នកនឿយ‌ហត់​ដុត​ធូប​ដែរ។ 24 អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។ 25 គឺយើងដែលបានលុបអំពើរំលងអ្នកចេញ ដោយ​យើង​យល់​ដល់​នាម​របស់​យើង ព្រម​ទាំងលើក‌លែង​ទោស​ឲ្យ​អ្នក នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។ 26 ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល! យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា ចូរ​និយាយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស។ 27 ​បុព្វបុរស​របស់​អ្នកបាន​ធ្វើបាប ហើយ​ពួក​អ្នកដឹកនាំ​របស់​អ្នក ក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ 28 ហេតុ​នេះ​ហើយ ​បាន​ជា​យើង​នឹងមើលងាយ អ្នក​ដឹក​នាំ​បរិសុទ្ធ យើង​ឲ្យ​គេ​បំផ្លាញ​​យ៉ាកុប យើង​ឲ្យ​គេ​ប្រមាថ​ដល់ ប្រជា‌ជន​អុីស្រា‌អែល»។