ជំពូក ៤៤

1 ឥឡូវ​នេះ ចូរ​ស្ដាប់​ ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ហើយនិង​អីុស្រា‌អែល ដែល​យើង​បាន​ជ្រើស​រើស​អើយ 2 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់​បានមានបន្ទូល ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​នឹង​ជួយ​អ្នក៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ហើយយេស៊ូ‌រូន ​ដែល​យើង​បានជ្រើសរើស។ 3 យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពូជ‌ពង្ស​អ្នក ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។ 4 ពួកគេ​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀងនិង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។ 5 ម្នាក់​ពោល​ថា «ខ្ញុំ​ជា​របស់​ព្រះ‌អម្ចាស់» ម្នាក់​ទៀត​នឹងហៅឈ្មោះថា ​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​មោទន‌ភាព ព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អីុស្រា‌អែល»។ 6 នេះគឺជាព្រះបន្ទូលនៃព្រះ‌អម្ចាស់ ​ជា​ព្រះ‌មហា‌ក្សត្រ​របស់ ជន‌ជាតិ​អីុស្រា‌អែល ហើយជាព្រះសង្គ្រោះ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល៖ «យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុតក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។ 7 តើ​មាន​ព្រះ​ណា​ដូច​យើង? ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មកកាន់យើងមក គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជន ព្រម​ទាំង​រៀប​រាប់​អំពីការ ដែល​នឹង​កើត​មាន​នៅ​ពេលខាង​មុខ​ដែរ។ 8 កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើយើង​មិនបាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ចតាំងពីយូរមកទេរឺ? អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ តើ​មាន​ព្រះ​ណា​ទៀត​ទេក្រៅពីយើង? គ្មាន​ថ្ម‌ដា​ណាផ្សេង​ទៀត​ទេ ដែលយើង​មិន​​​ស្គាល់​​សោះឡើយ»។ 9 អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ ចំណែកស្នា‌ដៃដែលគេចូលចិត្ត​ ក៏​គ្មាន​បានការអ្វីដែរ រូប​ព្រះ​ទាំង​នោះ​ជា​សាក្សីនៃការ​​មើលមិនឃើញ ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ គឺ​​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់វិញ។ 10 តើអ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមា ដែល​មិនបានប្រយោជន៍​ទាំងនោះ? 11 មើល៍! ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះ នឹង​ត្រូវ​អាម៉ាស់ ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នា ឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅ ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។ 12 ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុត ហើយឆ្នៃវា ជាមួយនិងធ្យូងថ្ម។ គាត់ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប ហើយ​ខំ​ប្រឹង​ធ្វើ​ការ​ដោយប្រើកម្លាំងដៃ។ ហើយគាត់ក៏ឃ្លាន ក៏ធ្វើឲ្យគាត់​អស់​កម្លាំង ព្រោះគាត់​មិន​បានផឹក​ទឹក ហើយក៏ខ្សោយ។ 13 ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ ជាមួយខ្សែរបន្ទាត់ និង​គូរ​រូប​ពី​លើដោយស្លាបប៉ាកកា។ គាត់​យក​ពន្លាក​មក​ដាប់​ឈើ​នោះ តាម​រូប​រាងផង។ គាត់នឹងធ្វើរូបនោះទៅ​ដូច​ជាមនុស្ស ហើយទាក់ទាញចិត្តមនុស្សលោក ដូច្នេះវានឹងតម្កល់​នៅ​ក្នុង​ផ្ទះផង។ 14 គាត់​កាប់​ដើម​ឈើ​ដ៏​ធំៗ រួច​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ ពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។ គាត់​ដាំ​ដើម​ស្រល់ ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។ 15 មនុស្ស‌ម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុស សម្រាប់​កម្ដៅ​ផ្ទះ និង​ចម្អិន​ម្ហូប​អាហារ។ គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះសម្រាប់​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​ជា​រូប​បដិមា​សម្រាប់​គោរព​បូជា។ 16 គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស អាំង​សាច់​បរិភោគ​ចម្អែត​ក្រពះ ហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប​រាង​កាយ ទាំង​ពោល​ថា «មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់»។ 17 ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជា រូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយ‌បង្គំ គេ​គោរព​បម្រើ​រូប​នោះ និង​ទូល‌អង្វរ​ថា«សូម​រំដោះ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ»។ 18 ពួកគេ​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។ 19 គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិត និង​ពិចារណា រួច​ពោល​ថា «ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ គួរឲ្យខ្ញុំយក​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម ដើម្បីថ្វាយបង្គំឬអី? តើ​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះឬអី?» 20 គឺវាដូច្នេះ ប្រសិនបើវាកំពុងតែសុីផេះ ដូងចិត្តបោកបញ្ឆោតរបស់វាបាននាំឲ្យគេ​វង្វេង​។ វាមិនអាចជួយខ្លួនវាបានទេ ហើយវាក៏មិនអាចនិយាយបានដែរ «ការទាំង​នេះដែលនៅខាងស្តាំដៃយើង គឺជា​ព្រះ​ក្លែង‌ក្លាយ​»។ 21 ចូរគិតពីការនេះ អីុស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ដ្បិតអ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ហើយអ្នកជាអ្នកបម្រើយើង អុីស្រាអែលយើងនឹងមិនបំភ្លេចអ្នកឡើយ​។ 22 យើង​បានលុប​បំបាត់​ទោសកំហុស​របស់​អ្នក ដូច​ពពក​រសាត់ដ៏ក្រាស់​​ អំពើបាបរបស់អ្នកនឹងធ្លាក់មកលើយើងវិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។ 23 ចូរ​ស្រែក​ច្រៀង​ឡើង​ផ្ទៃ​មេឃ​អើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការនេះហើយ ចូលស្រែកឡើង ទី​ជម្រៅ​នៃ​ផែនដី​អើយ។ ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង ព្រៃ​ព្រឹក្សានិង​រុក្ខ‌ជាតិ​ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់លោក​យ៉ាកុប​ ហើយព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​ដល់​ជន‌ជាតិ​អីុស្រា‌អែល។ 24 នេះជាអ្វីដែលព្រះ‌អម្ចាស់មានបន្ទូល ព្រះ​ដែល​បាន​លោះ​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង ផ្ទៃ​ម្ដាយ​មក «យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត អ្វីៗ​ទាំង​អស់ យើង​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី ដោយ​ខ្លួន​យើង​ផ្ទាល់។ 25 យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​គ្រូ‌ហោរ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។ 26 យើង គឺជាព្រះអម្ចាស់ ដែលបំពេញ​តាម​ពាក្យ​សម្ដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះបាន​សម្រេច យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា «ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​» ​និងក្រុងយូដា​ «ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែកមាន​រូប​រាង​ឡើង​វិញ» 27 តើនរណាដែល​បង្គាប់​អោយមហា‌សាគរដ៏ជ្រៅ «ចូល​ឲ្យ​រីង​ស្ងួត ហើយ​យើងនឹងធ្វើ​ឲ្យ​ទន្លេ​រីងដែរ»។ 28 ព្រះអម្ចាស់ដែលបាន​មានបន្ទូលអំពី​ស្តេចស៊ីរូស​ថា «ទ្រង់គឺជា​អ្នក​ដឹក​នាំ​ ស្តេចនឹង​បំពេញ​អ្វីៗ​តាម​ចិត្តរបស់យើង ទ្រង់នឹង​ចេញរាជសារ​ឲ្យ​​សង់​ក្រុង​យេរូ‌សាឡឹម «ក្រុងនឹងសង់ឡើង» ហើយអំពីព្រះ‌វិហារ​«សូមឲ្យគ្រិៈរបស់វាបានសង់ឡើង»។