ជំពូក ៤២

1 មើល៍! អ្នកបម្រើរបស់យើង ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​គាត់ ហើយ​នឹង​នាំសេចក្តីយុតិធម៌​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ 2 លោក​មិន​ស្រែក ឬ​គំហក​កំហែង ដាក់​នរណា​ឡើយ ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។ 3 លោក​នឹង​មិន​កាត់ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ លោក​នឹង​នាំ​យកក្តីយុតិធម៌ពិត។ 4 លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់‌អាច​ជានិច្ច រហូត​ទាល់តែមានយុតិធម៌​លើ​ផែនដី ហើយ​​តាម​កោះ​នានា​ បាន​ទទួល​ច្បាប់ពី​លោក។ 5 នេះ​គឺជា​អ្វីដែលព្រះជាម្ចាស់ជាព្រះ‌អម្ចាស់មានព្រះបន្ទូល ជា​ព្រះ​ដែល​បាន​បង្កើត ​ផ្ទៃ​មេឃ និងព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​​អ្វីៗទាំង​អស់​កកើត​ឡើង ព្រះអង្គប្រទាន​ដង្ហើម​ដល់មនុស្ស ហើយសត្វទាំង‌ឡាយ​ផង។ 6 «យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែលបាន​ហៅ​អ្នក​មកដោយ​សុចរិត​របស់​យើង ហើយយើង​កាន់​ដៃ​អ្នក។ យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍ដទៃផង។ 7 ដើម្បីប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ ដោះលែង​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។ 8 យើងគឺ​ជា ព្រះ‌អម្ចាស់គឺជានាមរបស់យើង​ ហើយសិរី‌រុងរឿង​របស់​យើងនឹងមិនចែកការសរសើរ ជាមួយព្រះផ្សេងណាឡើយ។ 9 មើល៍!​ ការដែលកើតពីមុនគឺបាន​សម្រេច​ យើង​ក៏នឹងប្រកាសពី​ហេតុ‌ការណ៍​ថ្មីទៀតដែរ។ មុនការនោះកើតឡើង គឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពីពួកវា»។ 10 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ពីផែនដី នឹងអស់អ្នកដែលនៅតាមសមុទ្រ ហើយនៅតាមកោះ និងមនុស្សទាំងអស់ផង។ 11 សូមអ្នក​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​ទីក្រុងស្រែកឡើង អ្នកតាម​ភូមិ​ដែលមានមនុស្សកេដាររស់នៅ ចូរ​​បន្លឺ​ដោយអំណរ! សូម​អ្នក​ក្រុង​សេឡា​ ​ស្រែក​ច្រៀង! សូម​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​ ​ស្រែក​អបអរ‌សាទរ។ 12 ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​សរសើរ​តម្កើង​ព្រះអង្គ នៅ​តាម​កោះ​ទាំង‌ឡាយ។ 13 ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជា‌ជន របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​យាង​ចេញ​ទៅ​ដូច​វីរ‌ជន ដូច​អ្នក​ចម្បាំង​ដ៏​ចំណាន ព្រះអង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។ 14 យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​នៅ​សំងំ យើង​ខំ​ទប់​ចិត្ត ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សម្រាល​កូន។ 15 យើងនឹង​កម្ទេច​ទាំង​ភ្នំ​ធំទាំង​ភ្នំ​តូចទាំងជ្រលោងទាំងឡាយដែរ យើង​នឹង​ធ្វើ​ឲ្យ​រុក្ខ‌ជាតិ​ក្រៀម​ស្វិត យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោក ហើយ​ឲ្យ​បឹង‌បួ​រីង​ហួត‌ហែង។ 16 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ។ យើង​នឹង​ប្ដូរ​ភាព​ងងឹត ឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប ប្រែ​ទៅ​ជា​ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន ហើយយើង​នឹង​មិនធ្វើឲ្យពួកគេខកខានឡើយ។ 17 ពួកគេនឹងត្រឡប់មកវិញ ពួកគេពិតជាត្រូវរង់អាម៉ាស់ ដែល​បានទុកចិត្ត​លើ​ព្រះ​ក្លែង‌ក្លាយ ហើយ​និយាយទៅរូបព្រះទាំងនោះថា «អ្នកគឺជាព្រះរបស់យើង»។ 18 ចូរ​ស្ដាប់​ មនុស្ស​ថ្លង់​អើយ​ ហើយមើល មនុស្ស​ខ្វាក់​អើយ ចូរ​​មើល​ឃើញ​ចុះ។ 19 តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើង? តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ ដែល​យើង​ចាត់​ឲ្យ​មក? តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង ស្រោច​ស្រង់​ឡើង​វិញ គឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់? 20 អ្នក​​ឃើញ​ការជា​ច្រើន តែ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ស្ដាប់ តែ​មិន​ឮ​អ្វី​សោះ​។ 21 ដោយ​ព្រះ‌អម្ចាស់យុតិ្តធម៌ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​សេចក្តីយុត្តិធម៌​របស់ព្រះអង្គ ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។ 22 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ «ឲ្យ​ពួក​គេ​វិញ​ដែរ!» 23 ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណានិងស្តាប់ការនេះ?​ តើនរណានិងស្ដាប់​​ ហើយឮនៅពេលអនាគត? 24 តើ​នរណា​បាន​ប្រគល់​លោក​យ៉ាកុបទៅចោរប្លន់ និង​អុីស្រា‌អែលទៅចោរលូចដូច្នេះ? តើមិនមែនព្រះ‌អម្ចាស់​ដែល​ទាស់និង​យើង​ដែលបាន​ធ្វើបាប តើអ្នកណា​មិន​ព្រម​ដើរ​តាម​ផ្លូវព្រះអង្គ ហើយ​តើអ្នកណាមិន​ស្ដាប់​ក្រឹត្យ‌វិន័យនោះ? 25 ដូច្នេះហើយ ​បាន​ជា​ព្រះអង្គ​ដាក់​ព្រះ‌ពិរោធ មក​លើពួកគេ ដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង។ វាបានឆេះជុំវិញពួកគេ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​វាបានឆេះបំផ្លាញពួកគេក្តី ប៉ុន្តែពួកមិនបានយកចិត្តទុកដាក់ដែរ។