1 ព្រះជាម្ចាស់បាននឹកចាំពីលោកណូអេ និងសត្វព្រៃទាំងអស់ ព្រមទាំងសត្វស្រុកដែលនៅក្នុងទូកជាមួយគាត់។ ព្រះជាម្ចាស់បានធ្វើឲ្យមានខ្យល់បក់នៅលើផែនដី ហើយឲ្យទឹកចាប់ផ្តើមស្រក់ចុះ។ 2 ប្រភពទឹកដែលផុតចេញពីជម្រៅ ហើយទ្វារនៃស្ថានសួគ៌បានបិទ ហើយភ្លៀងក៏រាំង។ 3 ទឹកជំនន់បានស្រក់ចុះពីផែនដីយ៉ាងយឺតៗ ហើយបន្ទាប់ពីផុតមួយរយហាសិបថ្ងៃមកទឹកបានស្រក់ចុះអស់។ 4 ទូកបានជាប់កឿងនៅក្នុងខែទីប្រាំពីរ នៅថ្ងៃទីដប់ប្រាំពីរនៃខែនោះ នៅលើភ្នំអារ៉ារ៉ាត។ 5 ទឹកបានបន្តស្រក់ចុះរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែនោះ កំពូលភ្នំផ្សេងៗបានលេចឡើង។ 6 សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើនោះ។ 7 លោកបានប្រលែងសត្វក្អែកមួយ វាក៏ហើរទៅហើយមក រហូតទាល់តែទឹកស្ងួតពីផែនដី។ 8 បន្ទាប់មក លោកបានប្រលែងសត្វព្រាបមួយទៀត ដើម្បីឲ្យដឹងថា តើទឹកបានស្ងួតពីផ្ទៃនៃផែនដីហើយឬនៅ 9 ប៉ុន្តែ សត្វព្រាបរកកន្លែងទំមិនបាន វាបានត្រឡប់មករកលោកដែលនៅក្នុងទូកវិញ ដ្បិត ទឹកនៅគ្របដណ្តប់ផែនដីទាំងមូលនៅឡើយ។ គាត់បានឈោងដៃចាប់វា ហើយយកវាត្រឡប់ចូលមកនៅក្នុងទូកជាមួយគាត់វិញ។ 10 គាត់បានរង់ចាំប្រាំពីរថ្ងៃក្រោយទៀត ហើយគាត់បានប្រលែងព្រាបនោះពីទូកម្តងទៀត។ 11 សត្វព្រាបបានត្រឡប់មកឯគាត់វិញនៅពេលល្ងាច។ មើល៍! នៅមាត់របស់វាមានត្រួយអូលីវមកជាមួយផង។ ដូច្នេះ លោកណូអេបានដឹងថា ទឹកបានស្ងួតពីផែនដីអស់ហើយ។ 12 គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយគាត់បានប្រលែងសត្វព្រាបម្តងទៀត។ វាមិនបានត្រឡប់មករកគាត់វិញទេ។ 13 នៅថ្ងៃទីមួយ ខែទីមួយ និងឆ្នាំទីមួយ នៅពេលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងស្ងួតពីផែនដីទាំងអស់។ លោកណូអេបានរើដំបូលទូកចេញ សម្លឹងមើលទៅក្រៅ ហើយលោកបានឃើញថា ផ្ទៃនៃផែនដីបានស្ងួត។ 14 នៅខែទីពីរ ថ្ងៃទីម្ភៃប្រាំពីរនៃខែនោះ ផែនដីបានស្ងួតអស់។ 15 ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេថា៖ 16 «ចូរចេញពីទូក អ្នក ភរិយារបស់អ្នក និងកូនប្រុសៗរបស់អ្នក ព្រមទាំងភរិយារបស់កូនប្រុសៗអ្នកផង។ 17 ចូរយកសត្វមានជីវិតទាំងអស់ដែលនៅជាមួយអ្នកចេញពីទូក គឺសត្វបក្សាបក្សី ហ្វូងសត្វ ហើយសត្វលូនវាទាំងអស់ដែលលូនវានៅលើផែនដី ដើម្បីឲ្យពួកគេបានបង្កើតពូជនៅពាសពេញផែនដីវិញ ចូរបង្កើតផល និងបានចម្រើនឡើងនៅពេញផែនដីចុះ»។ 18 ដូច្នេះ លោកណូអេ កូនប្រុសៗ និងភរិយារបស់គាត់ ព្រមទាំងភរិយាកូនប្រុសរបស់គាត់បានចេញពីទូកជាមួយគាត់។ 19 សត្វដែលមានជីវិត សត្វលូនវា និងសត្វបក្សាបក្សីទាំងអស់ ដែលមានចលនានៅលើផែនដី តាមពូជ តាមគ្រួសាររៀងៗខ្លួន បានចាកចេញពីទូក។ 20 លោកណូអេបានសង់អាសនៈថ្វាយព្រះអម្ចាស់។ គាត់បានយកសត្វខ្លះពីសត្វស្អាត និងសត្វបក្សាបក្សីខ្លះពីសត្វបក្សាបក្សីដែលស្អាត ហើយបានថ្វាយជាតង្វាយដុតនៅលើអាសនៈ។ 21 ព្រះអម្ចាស់បានធំក្លិនឆ្ងុយគាប់ព្រះទ័យដល់ព្រះអង្គ ហើយព្រះអង្គមានបន្ទូលក្នុងព្រះទ័យរបស់ព្រះអង្គថា ទោះបីជានៅក្នុងដួងចិត្តរបស់ពួកគេអាក្រក់តាំងពីតូចមកក្តី។ យើងនឹងមិនបំផ្លាញអ្វីៗដែលមានជីវិតទៀត ដូចយើងបានធ្វើនេះទេ។ 22 ដរាបណាផែនដីនៅមាន នឹងមានពេលសាបព្រោះ និងច្រូតកាត់ នឹងមានក្តៅ និងត្រជាក់ នឹងមានរដូវក្តៅ និងរដូវរងា និងមានថ្ងៃ មានយប់ មិនអាក់ខានឡើយ។