1 បន្ទាប់មក លោកយ៉ូសែបបានចូលទៅក្នុងគាល់ស្តេចផារោនថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំ ហ្វូងចៀម និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងអ្វីៗដែលជារបស់ពួកគេ ដែលមកពីទឹកដីកាណានបានមកដល់ហើយ។ 2 មើល៍ ពួកគេនៅក្នុងទឹកដីកូសែន»។ គាត់បានយកបងប្រុសៗប្រាំនាក់ ហើយបានណែនាំពួកគេដល់ស្តេចផារោន។ 3 ស្តេចផារោនមានរាជឱង្ការទៅបងៗរបស់គាត់ថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី»។ ពួកគេទូលឆ្លើយថា៖ «យើងខ្ញុំគឺជាអ្នកគង្វាលចៀម ដូចដូនតាយើងខ្ញុំដែរ»។ 4 បន្ទាប់មក ពួកគេទូលទៅស្តេចផារោនថា៖ «យើងខ្ញុំមកទឹកដីនេះ ជ្រកកោនបណ្តោះអាសន្នទេ។ គ្មានវាលស្មៅសម្រាប់ហ្វូងសត្វយើងខ្ញុំ ដោយសារគ្រោះទុរ្ភិក្សខ្លាំងពេកនៅក្នុងទឹកដីកាណាន។ ដូច្នេះហើយ សូមព្រះអង្គមេត្តាឲ្យយើងខ្ញុំរស់នៅក្នុងទឹកដីកូសែននេះផង»។ 5 បន្ទាប់មក ស្តេចផារោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់អ្នកបានមករកអ្នកហើយ។ 6 ទឹកដីអេស៊ីបនៅចំពោះអ្នកស្រាប់។ ចូរតាំងទីលំនៅឲ្យឪពុក និងបងប្អូនរបស់អ្នកនៅក្នុងតំបន់ដ៏ល្អបំផុត នៅក្នុងទឹកដីកូសែនចុះ។ ប្រសិនបើ អ្នកណាក្នុងចំណោមពួកគេមានសមត្ថភាព ដាក់ឲ្យពួកគេមើលថែហ្វូងសត្វរបស់យើងចុះ»។ 7 បន្ទាប់មក លោកយ៉ូសែបបាននាំលោកយា៉កុប ឪពុករបស់គាត់ ហើយនាំគាត់ចូលគាល់ស្តេចផារោន។ លោកយ៉ាកុបឲ្យពរដល់ស្តេចផារោន។ 8 ស្តេចផារោនមានរាជឱង្ការទៅលោកយ៉ាកុបថា៖ «តើលោកមានអាយុប៉ុន្មានឆ្នាំហើយ?» 9 លោកយ៉ាកុបទូលទៅស្តេចផារោនថា៖ «ទូលបង្គំមានអាយុមួយរយសាមសិបឆ្នាំហើយ។ ទូលបង្គំមានអាយុតិចណាស់ ហើយជីវិតរបស់ទូលបង្គំមានទុកលំបាកជាច្រើន។ អាយុរបស់ទូលបង្គំមិនបានវែងដូចជាដូនតារបស់ទូលបង្គំទេ»។ 10 បន្ទាប់មក លោកយ៉ាកុបឲ្យពរដល់ស្តេចផារោនម្ដងទៀត ហើយចាកចេញពីស្តេចទៅ។ 11 បន្ទាប់មក លោកយ៉ូសែបបានប្រគល់ដីដែលល្អជាងគេបំផុតនៅក្នុងទឹកដីអេស៊ីប ដល់ឪពុក និងបងប្អូនរបស់គាត់តាំងទីលំនៅគឺនៅក្នុងតំបន់រ៉ាមសេស ដូចដែលស្តេចផារោនបានបង្គាប់។ 12 លោកយ៉ូសែបបានផ្តល់ស្បៀងដល់ឪពុក និងបងប្អូនរបស់គាត់ ព្រមទាំងក្រុមគ្រួសារទាំងអស់របស់គាត់ ទៅតាមចំនួននៃកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។ 13 ឥឡូវនេះ ដល់ពេលដែលលែងមានស្បៀងនៅសល់ក្នុងទឹកដីអេស៊ីបទៀតហើយ ដ្បិតគ្រោះទុរ្ភិក្សខ្លាំងពេក។ ទឹកដីអេស៊ីប និងទឹកដីកាណានត្រូវហិនហោចទាំងអស់ ដោយសារគ្រោះទុរ្ភឹក្ស។ 14 លោកយ៉ូសែបបានប្រមូលប្រាក់ដែលមាននៅក្នុងទឹកដីអេស៊ីប និងទឹកដីកាណាន ដោយការលក់ស្រូវឲ្យប្រជាជន។ បន្ទាប់មក លោកយ៉ូសែបបានយកប្រាក់នោះទៅដាក់នៅក្នុងវាំងរបស់ស្តេចផារ៉ោន។ 15 ពេលទឹកដីអេស៊ីប និងទឹកដីកាណានលែងមានប្រាក់ទៀត ជនជាតិអេស៊ីបទាំងអស់បានចូលមកឯលោកយ៉ូសែប ពោលថា៖ «សូមឲ្យស្បៀងយើងផង! ហេតុអ្វីបានជាយើងត្រូវស្លាប់ចំពោះមុខលោក ដោយព្រោះលែងមានប្រាក់ដូច្នេះ?» 16 លោកយ៉ូសែបឆ្លើយថា៖ «ប្រសិនបើ អ្នករាល់គ្នាលែងមានប្រាក់ទៀត ចូរយកហ្វូងសត្វរបស់អ្នករាល់គ្នាមកឲ្យខ្ញុំ ហើយខ្ញុំនឹងប្តូរជាស្បៀងឲ្យអ្នករាល់គ្នាវិញជាមួយនឹងហ្វូងសត្វនោះ»។ 17 ដូច្នេះ ពួកគេក៏នាំយកហ្វូងសត្វរបស់ពួកគេមកជូនលោកយ៉ូសែប។ លោកយ៉ូសែបក៏ប្តូរស្បៀងជាមួយនឹងសត្វសេះ ហ្វូងគោ ហ្វូងចៀម និងលាផង។ លោកបានចម្អែតពួកគេជាមួយនឹងនំប៉័ង ដូចជាហ្វូងសត្វរបស់ពួកគេនៅក្នុងឆ្នាំនោះ។ 18 នៅពេលផុតឆ្នាំនោះ ពួកគេបានមករកលោកនូវឆ្នាំបន្ទាប់ទៀត ហើយនិយាយលោកថា៖ «យើងមិនលាក់បាំងអ្វីជាមួយនឹងលោកម្ចាស់ទេ ប្រាក់របស់យើងអស់មែន ហើយហ្វូងសត្វទាំងអស់ជារបស់លោកម្ចាស់ហើយ។ គ្មានសល់អ្វីនៅចំពោះមុខលោកម្ចាស់ទេ លើកលែងតែខ្លួនប្រាណ និងដីរបស់យើងខ្ញុំទេ។ 19 ហេតុអ្វីបានជាលោកម្ចាស់ទុកឲ្យយើងខ្ញុំស្លាប់ ទាំងខ្លួនប្រាណ និងដីរបស់យើងខ្ញុំនៅចំពោះមុខលោកម្ចាស់ឬ? សូមទិញដីរបស់យើងខ្ញុំ ប្តូរជាមួយស្បៀង ហើយយើងខ្ញុំ និងដីរបស់យើងខ្ញុំ នឹងក្លាយជាអ្នកបម្រើរបស់ស្តេចផារ៉ោន។ ចូរផ្តល់គ្រាប់ពូជ ដើម្បីឲ្យយើងខ្ញុំអាចរស់ កុំឲ្យស្លាប់ និងដើម្បីកុំឲ្យដីរបស់យើងខ្ញុំត្រូវបោះបង់ចោលឡើយ»។ 20 ដូច្នេះ លោកយ៉ូសែបបានទិញដីទាំងអស់នៅក្នុងទឹកដីអេស៊ីបថ្វាយស្តេចផារ៉ោន។ ជនជាតិអេស៊ីបទាំងអស់លក់ដីរបស់ពួកគេ ដោយសារកើតគ្រោះទុរ្ភឹក្សយ៉ាងខ្លាំង។ ដូច្នេះ ទឹកដីទាំងអស់បានក្លាយជារបស់ស្តេចផារ៉ោន។ 21 ចំណែកប្រជាជន គាត់បានធ្វើឲ្យពួកគេទៅជាបាវបម្រើ តាំងពីចុងម្ខាង ទៅចុងម្ខាងរបស់អេស៊ីប។ 22 មានតែដីពួកបូជាចារ្យទេ ដែលលោកយ៉ូសែបមិនបានទិញ ដោយសារពួកបូជាចារ្យបានដីនោះជាអំណោយមកពីស្តេចផារ៉ោន។ ពួកគេបានទទួលចំណែកដែលអំណោយមកពីស្តេចផារ៉ោនប្រគល់ដល់ពួកគេ។ ដូច្នេះហើយ បានជាមិនលក់ដីនោះ។ 23 បន្ទាប់មក លោកយ៉ូសែបមានប្រសាសន៍ទៅប្រជាជនថា៖ «មើល៍ យើងបានទិញអ្នករាល់គ្នា និងដីរបស់អ្នករាល់គ្នាថ្វាយស្តេចផារ៉ោន។ នេះគឺជាគ្រាប់ពូជសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងដាំនៅក្នុងដីបាន។ 24 នៅរដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយក្នុងប្រាំថ្វាយស្តេចផារ៉ោន ហើយបួនចំណែកទៀតជារបស់អ្នករាល់គ្នា ដើម្បីគ្រាប់ពូជនៅក្នុងស្រែ និងបានជាស្បៀងសម្រាប់គ្រួសារ និងកូនចៅរបស់អ្នករាល់គ្នា»។ 25 ពួកគេនិយាយថា៖ លោកបានសង្គ្រោះជីវិតយើងខ្ញុំ។ យើងខ្ញុំបានទទួលមេត្តាពីលោកម្ចាស់។ យើងខ្ញុំព្រមធ្វើជាបាវបម្រើរបស់ស្តេចផារ៉ោន»។ 26 ដូច្នេះ លោកយ៉ូសែបបានចេញរាជ្យក្រឹត្យមួយដល់ទឹកដីអេស៊ីបទាំងមូល ថា មួយភាគប្រាំត្រូវថ្វាយដល់ស្តេចផារ៉ោន។ មានតែដីរបស់ពួកបូជាចារ្យទេ ដែលមិនបានក្លាយជារបស់ស្តេចផារ៉ោន។ 27 ដូច្នេះ លោកអ៊ីស្រាអែលបានរស់នៅក្នុងទឹកដីអេស៊ីប នៅក្នុងតំបន់កូសែន។ កូនចៅរបស់គាត់មានកេរអាករនៅទីនោះ។ 28 ពួកគេមានគ្នាកាន់តែច្រើន ហើយចម្រើនយ៉ាងខ្លាំង។ លោកយ៉ាកុបរស់នៅក្នុងទឹកដីអេស៊ីបដប់ប្រាំពីរឆ្នាំ ដូច្នេះ លោកយ៉ាកុបរស់បានមួយរយសែសិបប្រាំពីរឆ្នាំ។ 29 ដល់ពេលដែលលោកអ៊ីស្រាអែលស្លាប់ហើយ គាត់បានហៅលោកយ៉ូសែប កូនប្រុសរបស់គាត់ ហើយប្រាប់គាត់ថា៖ «ប្រសិនបើ កូនអាណិតឪពុក ចូរដាក់ដៃកូននៅលើភ្លៅរបស់ឪពុក ហើយសម្តែងចិត្តសប្បុរស និងភាពស្មោះត្រង់ដល់ឪពុកផង។ 30 សូមកុំបញ្ចុះឪពុកនៅក្នុងទឹកដីអេស៊ីបឡើយ។ នៅពេលឪពុកសម្រាកជាមួយជីតារបស់ឯង កូនត្រូវនាំឪពុកចេញពីអេស៊ីបនេះ ហើយបញ្ចុះសពឪពុកនៅកន្លែងដូនតារបស់ឪពុកណា»។ លោកយ៉ូសែបបានឆ្លើយថា៖ «កូននឹងធ្វើ ដូចលោកឪពុកបានប្រាប់»។ 31 លោកអ៊ីស្រាអែលប្រាប់ថា៖ «ចូរស្បថនឹងឪពុកចុះ» ហើយលោកយ៉ូសែបក៏ស្បថជាមួយនឹងគាត់។ បន្ទាប់មក លោកអ៊ីស្រាអែលលុតជង្គង់ចុះ នៅក្បាលគ្រែរបស់គាត់។