1 គ្រោះទុរ្ភិក្សបានកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើង។ 2 នៅពេលពួកគេបានហូបស្រូវដែលបានទិញពីអេស៊ីបមកអស់ហើយ ឪពុករបស់ពួកគេបាននិយាយទៅពួកគេថា៖ «ចូរទៅម្តងទៀតចុះ ទៅទិញអាហារខ្លះសម្រាប់យើង»។ 3 លោកយូដាប្រាប់គាត់ថា៖ «បុរសនោះបានប្រាប់ពួកយើងយ៉ាងច្បាស់ថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។ 4 ប្រសិនបើ លោកឪពុកឲ្យប្អូនប្រុសទៅជាមួយយើង យើងនឹងចុះទៅម្តងទៀត ហើយទិញអាហារជូនលោកឪពុក»។ 5 ប៉ុន្តែ ប្រសិនបើ លោកឪពុកមិនឲ្យប្អូនប្រុសទៅជាមួយយើងទេ យើងនឹងមិនទៅទេ។ ដ្បិត បុរសនោះបានប្រាប់យើងរួចហើយថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។ 6 លោកអ៊ីស្រាអែលប្រាប់ថា៖ «ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តនឹងយើងអាក្រក់យ៉ាងដូច្នេះ ដោយប្រាប់បុរសនោះថា ឯងមានប្អូនម្នាក់ទៀត?» 7 ពួកគេ និយាយថា៖ «បុរសនោះសួរយ៉ាងលម្អិតពីយើង និងគ្រួសាររបស់យើង។ គាត់សួរថា៖ «តើឪពុករបស់អ្នករាល់គ្នានៅរស់ទេ? តើអ្នករាល់គ្នាមានបងប្អូនផ្សេងទៀតទេ? ពួកយើងឆ្លើយទៅគាត់តាមសំនួររបស់គាត់។ ធ្វើដូចម្តេចយើងខ្ញុំអាចដឹងបានថាគាត់សួរបែបនឹងថា៖ «ចូរនាំប្អូនប្រុសរបស់អ្នករាល់គ្នាមកផង?» 8 លោកយូដាឆ្លើយទៅលោកអ៊ីស្រាអែល ឪពុករបស់គាត់ថា៖ «ឲ្យប្អូនប្រុសទៅជាមួយខ្ញុំទៅ។ យើងនឹងក្រោក ហើយចេញទៅ ដើម្បីឲ្យយើងបានរស់ មិនស្លាប់ឡើយ ទាំងយើងខ្ញុំ ទាំងលោកឪពុក និងទាំងកូនៗរបស់យើងដែរ។ 9 ខ្ញុំធានាមើលថែវា។ ខ្ញុំនឹងទទួលខុសត្រូវចំពោះលោកឪពុក។ ប្រសិនបើ ខ្ញុំមិននាំវាត្រឡប់មករកលោកឪពុក ហើយយកវាមកដាក់នៅចំពោះលោកឪពុកវិញទេ ខ្ញុំនឹងទទួលកំហុសរហូត។ 10 ដ្បិត ប្រសិនបើ លោកឪពុកមិនពន្យាពេលទេនោះ មេ្ល៉ះយើងបានត្រឡប់មកវិញជាលើទីពីរបានទៅហើយ»។ 11 លោកអ៊ីស្រាអែល ឪពុករបស់ពួកគេប្រាប់ពួកគេថា៖ «បើដូច្នោះមែន ចូរធ្វើដូច្នោះទៅ។ ចូរយកផលិតផលពីទឹកដីនេះ ដាក់នៅក្នុងបាវរបស់កូនៗទៅ។ យកវាទៅទុកជាអំណោយដល់បុរសនោះ មានត្នោត និងទឹកឃ្មុំ គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់ខ្លះផង។ 12 ចូរយកប្រាក់មួយទ្វេជាពីរនៅក្នុងដៃរបស់ឯងរាល់គ្នា។ ប្រាក់ដែលបានដាក់ត្រឡប់មកនៅក្នុងបាវរបស់កូនៗនោះ ចូរយកវាទៅជាមួយកូនៗម្តងទៀត។ ប្រហែលជាច្រឡំហើយមើលទៅ។ 13 ចូរយកប្អូនប្រុសរបស់កូនៗទៅជាមួយផង។ ចូរក្រោកឡើង ហើយចេញទៅរកបុរសនោះចុះ។ 14 សូមព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាប្រទានព្រះគុណដល់កូនៗនៅចំពោះបុរសនោះ ដើម្បីឲ្យគាត់បានដោះលែងប្អូនប្រុសរបស់កូនៗមកកូនវិញ ព្រមទាំងបេនយ៉ាមីនផង។ ប្រសិនបើ ឪពុកបាត់បង់កូន សូមឲ្យវាបាត់ទៅចុះ»។ 15 ពួកគេបានយកអំណោយនេះ ហើយនៅក្នុងដៃរបស់ពួកគេ ពួកគេបានយកប្រាក់ទ្វេដង ហើយបេនយ៉ាមីនក៏ទៅជាមួយដែរ។ 16 នៅពេលលោកយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកគេ គាត់ប្រាប់ទៅអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ថា៖ «ចូរនាំបុរសទាំងនោះមកក្នុងផ្ទះខ្ញុំមក ហើយសម្លាប់សត្វ ហើយចម្អិនវា សម្រាប់ពួកគេហូបពេលថ្ងៃត្រង់នេះ»។ 17 អ្នកបម្រើបានធ្វើតាមលោកយ៉ូសែបង្គាប់។ គាត់បាននាំពួកគេទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ 18 បុរសទាំងនោះមានការភ័យខ្លាចជាខ្លាំង ដោយសារពួកគេបាននាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ ពួកគេនិយាយថា៖ «ដោយសារប្រាក់ដែលនៅក្នុងបាវលើកទីមួយដែលយើងបាននាំទៅទេដឹង ហើយប្រហែលជាគាត់រកឱកាសដើម្បីប្រឆាំងជាមួយយើងហើយ។ គាត់ប្រហែលជាចាប់ពួកយើង ហើយយកពួកយើងធ្វើជាឈ្លើយ ហើយយកទាំងលារបស់យើងទៀត»។ 19 ពួកគេបាននិយាយទៅអ្នកបម្រើនៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយពួកគេបាននិយាយទៅគាត់នៅមាត់ទ្វារផ្ទះ 20 ដោយពោលថា៖ «លោកម្ចាស់ យើងចុះមកនេះ លើកទីមួយដើម្បីទិញស្បៀង។ 21 នៅពេលទៅដល់កន្លែងសម្រាក នោះពួកគេហើយបានបើកបាវរបស់ពួកយើង ហើយមើល៍ មានប្រាក់នៅក្នុងបាវរបស់យើងគ្រប់គ្នា ប្រាក់របស់យើងនៅគ្រប់គីឡូ។ យើងបាននាំវាត្រឡប់មកជាមួយយើងដែរ។ 22 ហើយប្រាក់ផ្សេងទៀត យើងក៏បានយកមកនៅក្នុងដៃរបស់យើងដែរ ដើម្បីទិញស្បៀង។ យើងមិនដឹងថានរណាបានដាក់ប្រាក់របស់យើងទៅក្នុងបាវរបស់យើងវិញនោះទេ»។ 23 អ្នកបម្រើនោះនិយាយថា៖ «សូមសេចក្តីសុខសាន្តនៅជាមួយអ្នកចុះ កុំខ្លាចអ្វីឡើយ។ ព្រះជាម្ចាស់របស់អ្នករាល់គ្នា និងជាព្រះជាម្ចាស់នៃឪពុករបស់អ្នករាល់គ្នាទេ ដែលបានដាក់ប្រាក់ក្នុងបាវរបស់អ្នករាល់គ្នាវិញនោះ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ»។ បន្ទាប់មក អ្នកបម្រើនោះបាននាំលោកស៊ីម្មានចេញមករកពួកគេដែរ។ 24 អ្នកបម្រើបាននាំបុរសទាំងអស់នោះចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ គាត់ឲ្យទឹកពួកគេពិសា ហើយលាងជើងរបស់ពួកគេ។ គាត់ឲ្យស្មៅទៅសត្វលារបស់ពួកគេ។ 25 ពួកគេបានរៀបចំអំណោយជូនលោកយ៉ូសែបមកដល់ពេលថ្ងៃត្រង់ ដ្បិត ពួកគេបានឮថា ពួកគេនឹងហូបអាហារនៅទីនោះ។ 26 នៅពេលលោកយ៉ូសែបមកដល់ផ្ទះវិញ ពួកគេបាននាំយកអំណោយដែលនៅក្នុងដៃរបស់ពួកគេចូលមកក្នុងផ្ទះ ហើយលុតជង្គង់ចុះនៅចំពោះមុខគាត់ ឱនមុខទៅដី។ 27 គាត់បានសួរពួកគេពីសុខទុក្ខរបស់ពួកគេ ដោយនិយាយថា៖ «តើឪពុករបស់អ្នករាល់គ្នាសុខសប្បាយជាទេ គាត់សួរទៅបងច្បង? តើគាត់នៅរស់ទេ?» 28 ពួកគេឆ្លើយថា៖ «បាទលោកម្ចាស់ ឪពុកយើងខ្ញុំសុខសប្បាយជាទេ គាត់ក៏នៅរស់ដែរ»។ ពួកគេឱន ហើយលុតជង្គងចុះ។ 29 នៅពេលគាត់ក្រឡេកភ្នែករបស់គាត់ឡើងគាត់បានឃើញបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ កូនរបស់ម្តាយគាត់ ហើយគាត់និយាយថា៖ «តើគាត់នោះគឺជាប្អូនប្រុសពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំ?» បន្ទាប់មកគាត់និយាយថា៖ «សូមព្រះជាម្ចាស់ផ្តល់ព្រះគុណដល់អ្នក កូនប្រុស»។ 30 លោកយ៉ូសែបប្រញាប់ចេញទៅក្រៅបន្ទប់ ដ្បិតគាត់មានចិត្តក្តុកក្តួលជាមួយប្អូនប្រុសរបស់គាត់។ គាត់បានស្វែងរកន្លែងដើម្បីយំ។ គាត់បានទៅបន្ទប់របស់គាត់ ហើយយំនៅទីនោះ។ 31 គាត់បានលាងមុខរបស់គាត់ ហើយចេញមកក្រៅវិញ។ គាត់បានគ្រប់គ្រងខ្លួនឯង ដោយនិយាយថា៖ «លើកម្ហូបអាហារមក»។ 32 អ្នកបម្រើរបស់លោកយ៉ូសែបបានលើកម្ហូបជូនលោកយ៉ូសែបដោយផ្ទាល់ ហើយឲ្យបងៗដួសម្ហូបខ្លួនឯង។ ជនជាតិអេស៊ីបនៅទីនោះហូបអាហារជាមួយគាត់ដោយឡែកដោយខ្លួនរបស់ពួកគេ ព្រោះជនជាតិអេស៊ីបមិនហូបនំប៉័ងជាមួយជនជាតិហេព្រើរទេ ដ្បិតជនជាតិអេស៊ីបខ្ពើមនឹងការនោះ។ 33 បងៗអង្គុយទល់មុខគាត់ ពួកគេអង្គុយតាមលេខរៀងពីបងច្បងទៅប្អូនពៅ តាមអាយុរបស់ពួកគេ។ ពួកគេមានការឆ្ងល់ទាំងអស់គ្នា។ 34 លោកយ៉ូសែបបានដាក់ចំណែកអាហារដល់ពួកគេនៅចំពោះពួកគេ។ ប៉ុន្តែ ចំណែករបស់បេនយ៉ាមីន ប្អូនប្រុសរបស់គាត់វិញ ប្រាំដងលើសបងៗរបស់គាត់។ ពួកគេផឹកស្រាយ៉ាងសប្បាយរីករាយជាមួយគាត់។