1 យ៉ូសែបត្រូវបាននាំទៅឯស្រុកអេស៊ីប។ លោកប៉ូទីផារជាមន្ត្រីជនជាតិអេស៊ីបម្នាក់ ដែលជាមេលើកកងអង្គរក្សស្តេចរបស់ផារ៉ោន បានទិញគាត់ពីពួកអ៊ីស្មាអែល ដែលនាំចុះមកស្រុកអេស៊ីបនេះ។ 2 ព្រះអម្ចាស់គង់ជាមួយយ៉ូសែប ហើយគាត់បានក្លាយជាអ្នកមាន។ គាត់រស់នៅក្នុងផ្ទះរបស់លោកប៉ូទីផារចៅហ្វាយរបស់គាត់។ 3 ចៅហ្វាយរបស់គាត់បានឃើញថា ព្រះអម្ចាស់គង់នៅជាមួយគាត់ ហើយឃើញថា ព្រះជាម្ចាស់បានធ្វើឲ្យគាត់ចម្រុងចម្រើនអ្វីៗដែលគាត់បានធ្វើ។ 4 ចៅហ្វាយរបស់លោកលោកយ៉ូសែបពេញចិត្តនឹងគាត់ណាស់។ លោកយ៉ូសែបបានបម្រើលោកប៉ូទីផារ។ លោកប៉ូទីផារបានលើកគាត់ឲ្យគ្រប់គ្រងលើផ្ទះរបស់គាត់ និងអ្វីៗដែលជាទ្រព្យសម្បត្តិ ហើយបានដាក់នៅក្រោមការមើលថែរបស់គាត់ទាំងអស់។ 5 នៅពេលដែលគាត់បានលើកលោកយ៉ូសែបឲ្យគ្រប់គ្រងលើផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ នោះព្រះអម្ចាស់បានប្រទានពរដល់ផ្ទះសម្បែងរបស់ជនជាតិអេស៊ីបនេះ ដោយសារតែលោកយ៉ូសែប។ ព្រះពររបស់ព្រះអម្ចាស់មកលើអ្វីៗដែលលោកប៉ូទីផារមាននៅក្នុងផ្ទះសម្បែង និងនៅឯស្រែចម្ការ។ 6 លោកប៉ូទីផារបានដាក់អ្វីៗដែលគាត់មាននៅក្រោមការមើលថែរបស់លោកយ៉ូសែប។ គាត់មិនចាំបាច់ខ្វល់ខ្វាយអ្វីឡើយ លើកលែងតែអាហារដែលគាត់ហូបប៉ុណ្ណោះ។ ហើយលោកយ៉ូសែបក៏សង្ហា ហើយទាក់ទាញផងដែរ។ 7 បន្ទាប់ពីគាត់បានទទួលកិច្ចការទាំងនេះហើយ នោះភរិយារបស់ចៅហ្វាយក៏ចង់បានលោកយ៉ូសែប។ នាងបាននិយាយថា៖ «មកគេងជាមួយខ្ញុំ»។ 8 ប៉ុន្តែ គាត់បានបដិសេធ ហើយនិយាយទៅកាន់ភរិយារបស់ចៅហ្វាយគាត់ថា៖ មើល៍ ចៅហ្វាយរបស់ខ្ញុំ មិនបានខ្វល់ខ្វាយពីអ្វីៗដែលខ្ញុំធ្វើនៅក្នុងផ្ទះនេះទេ ហើយគាត់បានប្រគល់អ្វីៗដែលជារបស់គាត់ឲ្យនៅក្រោមការមើលថែរបស់ខ្ញុំ។ 9 គ្មាននរណានៅក្នុងផ្ទះនេះធំជាងខ្ញុំទេ។ លោកមិនបានហួងហែងអ្វីពីខ្ញុំទេ លើកលែងតែចៅហ្វាយស្រី ព្រោះចៅហ្វាយស្រីគឺជាភរិយារបស់គាត់។ តើខ្ញុំអាចនឹងធ្វើការអាក្រក់ដ៏ធំនេះ ហើយអាចធ្វើបាបទាស់នឹងព្រះជាម្ចាស់ដែរឬ?» 10 ពីមួយថ្ងៃទៅមួយថ្ងៃ នាងនិយាយទៅលោកយ៉ូសែប ប៉ុន្តែ គាត់បានបដិសេធមិនព្រមគេងជាមួយនាង ឬនៅជាមួយនាងឡើយ។ 11 នៅថ្ងៃមួយ នៅពេលគាត់បានចូលទៅក្នុងផ្ទះ ដើម្បីធ្វើការងាររបស់គាត់។ គ្មានបុរសណាម្នាក់នៅក្នុងផ្ទះនោះទេ។ 12 នាងបានចាប់គាត់ ហើយទាញអាវរបស់គាត់ ហើយនិយាយថា៖ «មកគេងជាមួយខ្ញុំ»។ គាត់បានបន្សល់ទុកនូវសម្លៀកបំពាក់នៅក្នុងដៃរបស់នាង ដោយរត់ ហើយចេញទៅក្រៅវិញ។ 13 នៅពេលនាងបានឃើញថា គាត់បានចាកចេញហើយសន្សល់សម្លៀកបំពាក់របស់គាត់នៅក្នុងដៃរបស់នាង ហើយបានរត់ចេញទៅក្រៅ 14 នោះនាងបានហៅពួកប្រុសៗដែលនៅក្នុងផ្ទះរបស់នាង ហើយបានប្រាប់ដល់ពួកគេថា៖ «មើល លោកប៉ូទីផារបាននាំជនជាតិហេព្រើរមកមើលងាយខ្ញុំ។ គាត់បានមករកខ្ញុំ ដើម្បីគេងជាមួយខ្ញុំ ហើយខ្ញុំក៏ស្រែកឡើង។ 15 ហើយនៅពេលគាត់បានឮខ្ញុំស្រែក នោះគាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ រត់ ហើយចេញទៅក្រៅ»។ 16 នាងបានដាក់សម្លៀកបំពាក់របស់គាត់នៅជិតនាង រហូតទាល់តែចៅហ្វាយរបស់គាត់ត្រឡប់មកផ្ទះវិញ។ 17 នាងបានពន្យល់ប្រាប់គាត់ថា៖ «អ្នកបម្រើជនជាតិហេព្រើរ ដែលនៅលោកបាននាំមកឯយើង បានមកមើលងាយខ្ញុំ។ 18 នៅពេលដែលខ្ញុំស្រែក គាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ ហើយរត់ចេញទៅក្រៅ»។ 19 នៅពេលចៅហ្វាយរបស់គាត់បានស្តាប់ភរិយារបស់គាត់ពន្យល់ ហើយប្រាប់គាត់ «នេះគឺជាអ្វីដែលអ្នកបម្រើរបស់លោកបានធ្វើចំពោះខ្ញុំ» គាត់ខឹងយ៉ាងខ្លាំង។ 20 ចៅហ្វាយរបស់លោកយ៉ូសែបបានចាប់គាត់ ហើយយកគាត់ទៅដាក់គុក នៅកន្លែងអ្នកទោសរបស់ស្តេច។ គាត់បាននៅក្នុងគុកនោះ។ 21 ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ហើយសម្ដែងភាពស្មោះត្រង់ចំពោះសម្ពន្ធមេត្រីចំពោះគាត់។ ព្រះអង្គបានផ្តល់មេត្តាដល់គាត់ គឺបានធ្វើឲ្យមេគុកអាណិតមេត្តាដល់គាត់។ 22 លោកមេគុកបានប្រគល់អ្នកទោសដែលនៅក្នុងគុកទាំងអស់ទៅក្នុងដៃរបស់លោកយ៉ូសែប។ អ្វីៗដែលពួកគេធ្វើនៅទីនោះ លោកយ៉ូសែបជាអ្នកទទួលខុសត្រូវទាំងអស់។ 23 មេគុកមិនបានខ្វល់ខ្វាយអំពីអ្វីៗទាំងអស់ ដែលនៅក្នុងដៃរបស់គាត់ឡើយ ព្រោះព្រះអម្ចាស់គង់នៅជាមួយគាត់។ អ្វីដែលគាត់ធ្វើ ព្រះអម្ចាស់បានធ្វើឲ្យចម្រើនឡើងទាំងអស់។