1 លោកយ៉ាកុបក៏បន្តដំណើរទៅមុខទៀត ហើយទេវតារបស់ព្រះជាម្ចាស់បានមកជួបគាត់។ 2 នៅពេលលោកយ៉ាកុបឃើញពួកគេ គាត់និយាយថា៖ «នេះគឺជាជំរំរបស់ព្រះជាម្ចាស់» ដូច្នេះ គាត់បានដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។ 3 លោកយ៉ាកុបបានចាត់អ្នកនាំសារទៅមុនគាត់ដើម្បីជួបលោកអេសាវ បងប្រុសរបស់គាត់ នៅក្នុងទឹកដីសៀរ នៅក្នុងតំបត់អេដុម។ 4 គាត់បានបង្គាប់ដល់ពួកគេ ដោយនិយាយថា៖ «នេះគឺជាអ្វីដែលអ្នកត្រូវនិយាយទៅកាន់លោកអេសាវ បងប្រុសរបស់ខ្ញុំគឺ លោកយ៉ាកុប ជាអ្នកបម្រើរបស់លោក បាននិយាយថា៖ «ខ្ញុំបានស្នាក់នៅក្នុងផ្ទះរបស់លោកឡាបាន់ ហើយបានពន្យាពេលនៃការត្រឡប់មកវិញរហូតមកដល់សព្វថ្ងៃនេះ។ 5 ខ្ញុំមានគោឈ្មោល សត្វលា និងហ្វូងសត្វ អ្នកបម្រើប្រុសៗ និងអ្នកបម្រើស្រីៗ។ ខ្ញុំសូមផ្ញើសារនេះទៅលោកម្ចាស់មុន ដើម្បីឲ្យខ្ញុំបានជាទីគាត់ចិត្តនៅចំពោះលោកម្ចាស់»។ 6 អ្នកនាំសារបានត្រឡប់មកឯលោកយ៉ាកុបវិញ ហើយនិយាយថា៖ «យើងបានទៅជួបលោកអេសាវបងប្រុសរបស់លោកហើយ។ គាត់កំពុងតែមកជួបលោក ហើយមានមនុស្សបួនរយនាក់មកជាមួយគាត់»។ 7 បន្ទាប់មកលោកយ៉ាកុបមានការភ័យខ្លាច ហើយព្រួយចិត្តជាខ្លាំង។ ដូច្នេះ គាត់បានបំបែកមនុស្សដែលនៅក្នុងជំរំជាមួយគាត់ជាពីរ ហើយនិងហ្វូងសត្វ ហ្វូងចៀម និងសត្វអូដ្ឋ។ 8 គាត់និយាយថា៖ «ប្រសិនបើ បងអេសាវមកដល់ជំរំមួយ ហើយវាយប្រហារវា នោះជំរំដែលនៅសល់នឹងរួចជីវិត»។ 9 លោកយ៉ាកុបទូលថា៖ «ព្រះជាម្ចាស់របស់លោកឪពុកអប្រាហាំ និងជាព្រះជាម្ចាស់របស់លោកអ៊ីសាកជាឪពុករបស់ទូលបង្គំអើយ គឺព្រះអម្ចាស់ដែលបានមានបន្ទូលមកទូលបង្គំថា៖ «ចូរត្រឡប់ទៅស្រុកកំណើត និងទៅញាតិសណ្ដាន យើងនឹងធ្វើឲ្យអ្នកចម្រុងចម្រើន»។ 10 ទូលបង្គំមិនស័ក្ដសមនឹងទទួលការចងសម្ពន្ធមេត្រីដ៏ស្មោះត្រង់ ហើយអាចទុកចិត្តបាន ដែលព្រះអង្គបានធ្វើសម្រាប់អ្នកបម្រើព្រះអង្គទេ។ ដ្បិត កាលទូលបង្គំឆ្លងកាត់ទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយ ហើយឥឡូវនេះ ទូលបង្គំមានជំរំពីរ។ 11 សូមសង្គ្រោះទូលបង្គំពីដៃបងប្រុសរបស់ទូលបង្គំ គឺពីដៃរបស់បងអេសាវ ដើម្បីទូលបង្គំខ្លាចគាត់ ក្រែងគាត់មក ហើយវាយប្រហារទូលបង្គំ និងភរិយារបស់ទូលបង្គំ។ 12 ប៉ុន្ដែ ព្រះអង្គមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យអ្នកចម្រុងចម្រើនជាប្រាកដ។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកដូចជាខ្សាច់សមុទ្រ ដែលមានចំនួនច្រើនឥតគណនា»។ 13 លោកយ៉ាកុបស្នាក់នៅទីនោះមួយយប់។ គាត់បានយកពីអ្វីដែលគាត់មានខ្លះទៅជាមួយគាត់ទុកជាអំណោយដល់លោកអេសាវ បងប្រុសរបស់គាត់។ 14 មានពពែញីពីររយ និងពពែឈ្មោលម្ភៃ ចៀមញីពីររយ និងចៀមឈ្មោលម្ភៃ 15 អូដ្ឋញីដែលបំបៅដោះសាមសិប ព្រមទាំងកូនវា គោញីសែសិប និងគោបាដប់ លាញីម្ភៃ និងលាឈ្មោលដប់។ 16 គាត់បានប្រគល់សត្វទាំងនោះទៅដៃអ្នកបម្រើរបស់គាត់ តាមហ្វូងរបស់វារៀងៗខ្លួន។ គាត់ប្រាប់ទៅអ្នកបម្រើរបស់គាត់ថា៖ «ចូរទៅមុនខ្ញុំ ហើយដាក់ហ្វូងសត្វឲ្យនៅដាច់ពីគ្នា»។ 17 គាត់បានបង្គាប់ដល់អ្នកបម្រើទីមួយរបស់គាត់ ដោយប្រាប់ថា៖ «នៅពេលលោកអេសាវ បងប្រុសរបស់ខ្ញុំជួបអ្នក ហើយសួរអ្នក ដោយនិយាយថា៖ «តើអ្នកជាអ្នកបម្រើនរណា? តើអ្នកទៅណា? តើសត្វទាំងអស់ដែលនៅចំពោះមុខអ្នកនេះ ជារបស់នរណា? 18 ដូច្នេះ អ្នកត្រូវប្រាប់ថា៖ «សត្វទាំងអស់នេះ ជារបស់លោកយ៉ាកុប។ ពួកវាជាអំណោយយកមកជូនលោកអេសាវ ជាចៅហ្វាយរបស់ខ្ញុំ។ មើល៍ គាត់ក៏មកជាមួយយើងដែរ»។ 19 លោកយ៉ាកុបក៏បានណែនាំដល់ក្រុមទីពីរ និងទីបី ព្រមទាំងពួកអ្នកបម្រើទាំងអស់ដែលដើរតាមហ្វូងសត្វដែរ។ គាត់ប្រាប់ថា៖ «អ្នករាល់គ្នាត្រូវនិយាយដូចគ្នាទៅកាន់លោកអេសាវ នៅពេលអ្នកជួបកាត់។ 20 អ្នករាល់គ្នាត្រូវតែនិយាយថា៖ «លោកយ៉ាកុបជាអ្នកបម្រើលោកកំពុងតែមកតាមក្រោយយើងខ្ញុំដែរ»។ ដ្បិត គាត់គិតថា៖ «ពេលខ្ញុំមកជួបគាត់ ជាមួយនឹងអំណោយបានខ្ញុំបានចាត់ទៅមុនខ្ញុំនេះ។ នោះ ពេលគាត់បានឃើញ ប្រហែលជាគាត់នឹងទទួលខ្ញុំមិនខាន»។ 21 ដូច្នេះ គាត់បានបញ្ជូនអំណោយទៅមុនគាត់។ គាត់ខ្លួនឯងស្នាក់នៅជំរំមួយយប់ទៀត។ 22 លោកយ៉ាកុបក្រោកឡើងនៅពេលយប់ ហើយយកភរិយាទាំងពីរ និងអ្នកបម្រើស្រីទាំងពីររបស់គាត់ ព្រមទាំងកូនទាំងដប់មួយនាក់របស់គាត់។ 23 គាត់បានបញ្ជូនពួកគេឲ្យឆ្លងទឹកជាមួយនឹងទ្រព្យសម្បត្តិទាំងអស់របស់គាត់។ 24 លោកយ៉ាកុបបាននៅតែម្នាក់ឯង ហើយបានបោកចំបាប់ជាមួយអ្នកនោះមួយយប់។ 25 នៅពេលបុរសនោះឃើញថា គាត់មិនអាចយកឈ្នះលោកយ៉ាកុបបាន គាត់បានក៏វាយចំត្រគាករបស់លោកយ៉ាកុប។ ពេលលោកយ៉ាកុបបោកចំបាប់គ្នានោះ គាត់បានថ្លោះត្រគាក។ 26 បុរសនោះនិយាយថា៖ «សូមឲ្យខ្ញុំទៅចុះ ដ្បិតជិតភ្លឺហើយ»។ លោកយ៉ាកុបនិយាយថា៖ «ខ្ញុំមិនឲ្យលោកទៅទេ លុះត្រាតែលោកឲ្យពរខ្ញុំសិន»។ 27 បុរសនោះនិយាយទៅគាត់ថា៖ «តើអ្នកឈ្មោះអ្វី?» លោកយ៉ាកុបឆ្លើយថា៖ «យ៉ាកុប»។ 28 បុរសនោះនិយាយថា៖ «ឈ្មោះរបស់អ្នកលែងជាយ៉ាកុបទៀតហើយ ប៉ុន្តែត្រូវប្តូរទៅឈ្មោះអ៊ីស្រាអែលវិញ។ ដ្បិត អ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ ហើយនឹងមនុស្ស ហើយអ្នកបានឈ្នះ»។ 29 លោកយ៉ាកុបសួរគាត់ថា៖ «សូមប្រាប់ឈ្មោះរបស់អ្នកឲ្យខ្ញុំផង»។ គាត់ប្រាប់ថា៖ «ហេតុអ្វីបានជាអ្នកសួរឈ្មោះខ្ញុំ?» បន្ទាប់មក គាត់ក៏ឲ្យពរដល់លោកយ៉ាកុបនៅទីនោះ។ 30 លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា ព្នីអែល ដ្បិត គាត់និយាយថា៖ «ខ្ញុំបានឃើញព្រះភក្រព្រះជាម្ចាស់មុខទល់នឹងមុខ ហើយព្រះអង្គបានរំដោះជីវិតខ្ញុំ»។ 31 ថ្ងៃបានរះឡើងចំលោកយ៉ាកុប នៅពេលគាត់ដើរកាត់ព្នីអែល។ គាត់ដើរខ្ញើចៗ ព្រោះថ្លោះត្រគាករបស់គាត់។ 32 ហេតុដូច្នេះហើយ បានជាជនជាតិអ៊ីស្រាអែលមិនហូបសាច់នៅត្រង់ត្រគាកជាកន្លែងដែលព្រះជាម្ចាស់បានធ្វើឲ្យគាត់ថ្លោះនៅត្រង់ត្រគាកនោះ។