1 ព្រះអម្ចាស់មានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរចេញពីប្រទេស ពីសាច់ញាតិ និងពីគ្រួសាររបស់អ្នក ទៅកាន់ទឹកដីដែលយើងបានបង្ហាញដល់អ្នក។ 2 យើងនឹងធ្វើឲ្យអ្នកត្រឡប់ទៅជាប្រទេសមួយដ៏ធំ ហើយយើងនឹងប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ព្រមទាំងឲ្យអ្នកបានត្រឡប់ទៅជាពរដល់អ្នកដទៃ។ 3 យើងនឹងឲ្យពរដល់អស់អ្នកដែលឲ្យពរដល់អ្នក ប៉ុន្តែ អស់អ្នកណាដែលមើលងាយដល់អ្នក យើងនឹងដាក់បណ្តាសាដល់អ្នកនោះវិញ។ គ្រួសារទាំងអស់ដែលនៅផែនដីនឹងបានពរតាមរយៈអ្នក»។ 4 ដូច្នេះ លោកអាប់រ៉ាមបានចេញទៅ តាមដែលព្រះអម្ចាស់បង្គាប់ដល់គាត់ឲ្យធ្វើ ហើយលោកឡុតបានទៅជាមួយគាត់ដែរ។ លោកអាប់រ៉ាមមានអាយុចិតសិបប្រាំ ពេលគាត់ចេញពីហារ៉ាន។ 5 លោកអាប់រ៉ាមបានយកនាងសារ៉ាយជាភរិយាររបស់គាត់ និងលោកឡុត ក្មួយប្រុសរបស់គាត់ និងទ្រព្យសម្បតិ្តទាំងអស់ដែលពួកគេមាន ហើយនិងទាសករដែលពួកគេបានទិញនៅក្នុងទឹកដីហារ៉ាន។ ពួកគេបានចាកចេញ ដើម្បីធ្វើដំណើរទៅទឹកដីកាណាន ហើយបានមកដល់ទឹកដីរបស់កាណាន។ 6 លោកអាប់រ៉ាមបានឆ្លងកាត់ទឹកដីកាណានមកដល់ ស៊ីគែម នៅត្រង់ដើមដើមជ្រៃរបស់លោកម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ទឹកដីដែលគេរស់នៅ។ 7 ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រា៉ាមឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដែលបានយាងមកឲ្យគាត់ឃើញ។ 8 គាត់បានចាកចេញពីទីនោះទៅប្រទេសដែលមានភ្នំគឺភាគខាងកើតនៃបេតអែល គាត់បានសង់ត្រសាលរបស់គាត់នៅទីនោះ បេតអែលនៅខាងលិចគឺនៅចន្លោះ នឹងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈថ្វាយព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះរបស់ព្រះអម្ចាស់នៅទីនោះ។ 9 បន្ទាប់មក លោកអាប់រ៉ាមបានបន្តដំណើរ ឆ្ពោះទៅក្នុងក្រុងណេកិប។ 10 នៅពេលនោះ មានគ្រោះទុរភិក្សកើតឡើងនៅក្នុងទឹកដីរបស់គាត់ ដូច្នេះ លោកអាប់រ៉ាមបានចុះទៅរស់នៅអេស៊ីប ដ្បិត មានគ្រោះទុរភិក្សយ៉ាងខ្លាំងកើតឡើងនៅក្នុងទឹកដីរបស់គាត់។ 11 នៅពេលគាត់ជិតចូលទៅក្នុងទឹកដីរបស់អេស៊ីបហើយ គាត់បាននិយាយទៅកាន់សារ៉ាយភរិយារបស់គាត់ថា៖ «មើល៍ បងដឹងថា អូនជាស្រីម្នាក់ដែលស្អាត។ 12 នៅពេលជនជាតិអេស៊ីបឃើញអូន ពួកគេនឹងនិយាយថា នេះជាភរិយារបស់គាត់ ហើយគេនឹងសម្លាប់បងហើយ តែគេនឹងទុកឲ្យអូនរស់វិញ។ 13 ចូរនិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យពួកគេបានធ្វើល្អជាមួយបងដោយសារអូន ហើយអូនបានការពារជីវិតបងផងដែរ»។ 14 នៅពេលលោកអាប់រ៉ាមបានចូលទៅក្នុងទឹកដីអេស៊ីប ជនជាតិអេស៊ីបបានឃើញថា នាងសារ៉ាយស្អាតខ្លាំងណាស់។ 15 ពួកមន្ត្រីរបស់ស្តេចផារោនបានឃើញនាង ហើយបានសរសើរនាងចំពោះស្តេចផារោន ហើយគេបាននាំនាងទៅក្នុងដំណាក់របស់ស្តេចផារោន។ 16 ស្តេចផារោនបានប្រព្រឹត្តជាមួយលោកអាប់រ៉ាមយ៉ាងល្អដោយព្រោះនាង ហើយបានប្រទានចៀម គោ និងសត្វលាឈ្មោលៗ អ្នកបម្រើទាំងប្រុស និងអ្នកបម្រើស្រី សត្វលាញីៗ និងសត្វអូដ្ឋជាច្រើនផង។ 17 បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារោន និងញាតិ្តវង្សរបស់ស្តេចជួបគ្រោះកាចយ៉ាងខ្លាំង ដោយសារនាងសារ៉ាយ ភរិយារបស់អាប់រ៉ាម។ 18 ស្តេចផារោនបានកោះហៅលោកអាប់រ៉ាម ហើយមានបន្ទូលថា៖ «ហេតុអ្វីបានជាអ្នកធ្វើចំពោះយើងយ៉ាងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក? 19 ហេតុអ្វីបានជាអ្នកនិយាយថានាងជាប្អូនស្រីរបស់អ្នកទៅវិញ ធ្វើឲ្យយើងយកនាងទៅជាមហេសីរបស់យើងដូច្នេះ? ឥឡូវនេះ មើល៍ នេះ ភរិយារបស់អ្នក។ ចូរយកនាង ហើយចេញទៅ?»។ 20 បន្ទាប់មក ស្តេចផារោនបានបង្គាប់ដល់ពួកប្រុសៗរបស់ព្រះអង្គទាំងអស់ទាក់ទងនឹងលោក ហើយពួកគេបានចាត់លោកឲ្យទៅ ជាមួយភរិយារបស់លោក និងជាមួយអ្វីៗទាំងអស់ដែលគាត់មាន។