ជំពូក ២
1
បន្ទាប់ពីបង្កើតស្ថានសួគ៌ និងផែនដី និងអ្វីៗដែលមានជីវិតទាំងអស់រួចហើយ។
2
នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បានសម្រាកពីព្រះរាជកិច្ចដែលព្រះអង្គបានធ្វើ ដូច្នេះហើយបានជាព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គ។
3
ព្រះជាម្ចាស់បានឲ្យពរដល់ថ្ងៃទីប្រាំពីរ ហើយរាប់ជាវិសុទ្ធ ព្រោះព្រះអង្គសម្រាកនៅថ្ងៃនោះពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គដែលព្រះអង្គបានធ្វើគឺនៅក្នុងការបង្កបង្កើតរបស់ព្រះអង្គ។
4
ព្រឹត្តិការណ៍ទាំងនេះទាក់ទងនឹងស្ថានសួគ៌ និងផែនដី នៅពេលដែលបានបង្កើតឡើង នៅថ្ងៃនោះព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតផែនដី និងស្ថានសួគ៌។
5
គ្មានកំពូតព្រៃនៅតាមវាលនៅលើផែនដីនៅឡើយ ហើយក៏គ្មានរុក្ខជាតិដុះនៅតាមទីវាលនៅឡើយដែរ ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមិនបានធ្វើឲ្យមានភ្លៀងកើតឡើងនៅលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួរស្រែចម្ការដែរ។
6
ប៉ុន្តែ មានអ័ព្ទចេញពីផែនដីមក ហើយបានស្រោចស្រពផ្ទៃដីទាំងមូលផង។
7
ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតមនុស្សពីធូលីដីពីដីមក ហើយបានផ្លុំខ្យល់នៃជីវិតចូលទៅក្នុងច្រមុះរបស់គាត់ ហើយបុរសនោះក៏មានជីវិតរបស់ឡើង។
8
ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសួនមួយនៅភាគខាងកើត នៅក្នុងស្រុកអេដែន ហើយព្រះអង្គបានដាក់មនុស្សដែលព្រះអង្គបានបង្កើតនៅទីនោះ។
9
ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតដើមឈើគ្រប់យ៉ាងដុះចេញពីដីមក ដែលគួរជាទីពេញចិត្ត ហើយល្អសម្រាប់ជាអាហារផង។ បូករួមទាំងដើមឈើនៃជីវិតដែលនៅចំកណ្តាលនៃសួនច្បារ និងដើមដឹងល្អ និងដឹងអាក្រក់។
10
មានទន្លេមួយហូរចេញពីអេដែនមកស្រោចស្រពសួនច្បារនោះ។ នៅទីនោះ មានទន្លេបួនបែកចេញពីគ្នា។
11
ទន្លេទីមួយឈ្មោះពីសុន។ ជាទន្លេដែលហូរកាត់ស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស។
12
មាសនៅក្នុងស្រុកនោះគឺជាមាសល្អ។ ក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។
13
ទន្លេទីពីរមានឈ្មោះថា គីហូន ជាទន្លេដែលកាត់ស្រុកគូសទាំងមូល។
14
ហើយទន្លេទីបីឈ្មោះថា ហ៊ីដេកែល ដែលហូរកាត់ភាគខាងកើតនៃស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះថាអឺប្រាត។
15
ព្រះអម្ចាស់ដ៏ជាព្រះបានយកមនុស្ស ហើយដាក់គាត់នៅក្នុងសួនរបស់អេដែន ដើម្បីធ្វើការ និងរក្សាការពារនៅទីនោះ។
16
ព្រះអម្ចាស់ដ៏ជាព្រះបានបង្គាប់ដល់មនុស្ស ដោយមានបន្ទូលថា៖ «អ្នកអាចហូបពីផ្លែឈើនៅក្នុងសួននេះបានដោយសេរី។
17
ប៉ុន្តែ អ្នកមិនត្រូវហូបផ្លែឈើដឹងល្អ ដឹងអាក្រក់ឡើយ ដ្បិត នៅថ្ងៃណាដែលអ្នកហូបពីផ្លែរបស់វា អ្នកប្រាកដជាស្លាប់មិនខាន»។
18
បន្ទាប់មក ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «បុរសនៅម្នាក់ឯងមិនល្អទេ។ យើងនឹងបង្កើតអ្នកជំនួយម្នាក់ ដើម្បីជួយគាត់»។
19
ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតសត្វពាហនៈនៅតាមវាលគ្រប់ប្រភេទ និងសត្វស្លាបហើរនៅលើអាកាសគ្រប់ប្រភេទដែរ។ បន្ទាប់មក ព្រះអង្គបាននាំពួកគេចូលមកឯមនុស្ស ដើម្បីឲ្យពួកគេបានដាក់ឈ្មោះឲ្យ។ នៅពេលមនុស្សហៅសត្តនិករណាមួយថាជាអ្វី នោះគឺជាឈ្មោះរបស់សត្វនោះហើយ។
20
បុរសបានដាក់ឈ្មោះសត្វស្រុកទាំងអស់ ហើយបានដាក់ឈ្មោះសត្វស្លាបដែលហើយលើមេឃ ព្រមទាំងសត្វព្រៃដែលនៅតាមវាលដែរ។ ប៉ុន្តែ បុរសមិនទាន់មាននរណាអាចធ្វើជាជំនួយជួយដល់គាត់នៅឡើយទេ។
21
ព្រះអម្ចាស់ដ៏ជាព្រះធ្វើឲ្យបុរសដេកលង់លក់ បុរសក៏ដេកលក់។ ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹកជំនីរបស់គាត់ ហើយភ្ជិតសាច់គាត់ដែលព្រះអង្គបានយកឆ្អឹងជំនីចេញមកនោះវិញ។
22
ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹងជំនីដែលបានយកពីបុរសមក ព្រះអង្គបានបង្កើតស្រ្តីម្នាក់ ហើយបាននាំនាងទៅឯបុរសនោះ។
23
បុរសនោះនិយាយថា៖ «នេះគឺជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ ហើយជាសាច់ដែលចេញពីសាច់របស់ខ្ញុំដែរ។ នាងនឹងត្រូវបានហៅថា «ស្រ្តី» ដោយសារនាងបានយកចេញពីបុរសមក»។
24
ហេតុដូច្នេះហើយ បានជាបុរសនឹងត្រូវចេញពីឪពុក និងម្តាយរបស់គាត់ គាត់នឹងបានរួមមកតែមួយជាមួយភរិយារបស់គាត់ ហើយពួកគេនឹងបានត្រឡប់ទៅជាសាច់តែមួយ។
25
ពួកគេទាំងពីរនាក់អាក្រាត ទាំងបុរស និងភរិយារបស់គាត់ ប៉ុន្តែ មិនមានការអៀនខ្មាសទេ។