ជំពូក ៣

1 ពស់ជាសត្វដែលឆ្លាតជាងសត្វព្រៃនៅតាមវាល ដែលព្រះជាអម្ចាស់ដ៏ជាព្រះបានបង្កើត។ វាបាននិយាយទៅកាន់ស្រ្តីថា៖ «តើព្រះជាម្ចាស់ពិតជាបានមានបន្ទូលថា៖ «អ្នកមិនត្រូវហូបពីផ្លែណាមួយពីដើមឈើដែលនៅក្នុងសួននេះមែនទេ?» 2 ស្ត្រីនិយាយទៅកាន់សត្វពស់ថា៖​ «យើងអាចហូបផ្លែឈើពីដើមឈើនៅក្នុងសួនបាន 3 ប៉ុន្តែ ចំពោះផ្លែឈើដែលនៅចំកណ្តាលសួន ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកមិនត្រូវហូបវា ឬប៉ះវាឡើយ បើមិនដូច្នោះទេ អ្នកនឹងស្លាប់»។ 4 សត្វពស់បាននិយាយទៅកាន់ស្រ្តីថា៖ «អ្នកប្រាកដជាមិនស្លាប់ទេ។ 5 ដ្បិត ព្រះជាម្ចាស់ជ្រាបថា នៅថ្ងៃដែលអ្នកហូបវា ភ្នែករបស់អ្នកនឹងភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះជាម្ចាស់ ដឹងល្អ និងដឹងអាក្រក់»។ 6 នៅពេលស្រ្តីឃើញផ្លែឈើ ល្អសម្រាប់ជាអាហារ ហើយជាទីគាប់ចិត្តដល់ភ្នែក ហើយដើមឈើនោះជាទីប្រាថ្នា ដើម្បីឲ្យបានប្រាជ្ញាផង នាងក៏បេះផ្លែឈើនោះខ្លះ ហើយក៏ហូបវា។ បន្ទាប់មក នាងបានប្រគល់ខ្លះឲ្យទៅស្វាមីដែលនៅជាមួយនាង ហើយគាត់ក៏ហូបដែរ។ 7 ភ្នែករបស់ពួកគេទាំងពីរក៏ភ្លឺឡើង ហើយពួកគេបានដឹងថា ពួកគេនៅខ្លួនទទេ។ ពួកគេបានដេរស្លឹកឧទុម្ពរជាមួយគ្នា ហើយធ្វើជាសម្លៀកបំពាក់សម្រាប់បាំងខ្លួនរបស់ពួកគេ។ 8 ពួកគេបានឮសម្លេងព្រះអម្ចាស់ដ៏ជាព្រះយាងនៅក្នុងសួនដែលមានខ្យល់បក់រំភើយ ពេលនោះ បុរស និងភរិយារបស់គាត់បានលាក់ខ្លួនពីព្រះវត្តមានរបស់ព្រះអម្ចាស់ដ៏ជាព្រះនៅក្រោមដើមឈើនៅក្នុងសួន។ 9 ព្រះអម្ចាស់ដ៏ជាព្រះបានហៅបុរសហើយមានបន្ទូលទៅគាត់ថា៖ «តើអ្នកនៅឯណា?» 10 បុរសបានទូលឆ្លើយថា៖ «ទូលបង្គំបានឮព្រះអង្គនៅក្នុងសួន ហើយទូលបង្គំក៏ខ្លាច ដោយសារទូលបង្គំនៅខ្លួនទទេ។ ដូច្នេះ ទូលបង្គំក៏លាក់ខ្លួនទូលបង្គំទៅ»។ 11 ព្រះជាម្ចាស់មានបន្ទូលថា៖ «តើអ្នកណាប្រាប់អ្នកថា អ្នកនៅខ្លួនទទេ? តើអ្នកបានហូបផ្លែឈើដែលយើងបានបង្គាប់អ្នកមិនឲ្យហូបមែនទេ?» 12 បុរសទូលថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែពីដើមឈើមកទូលបង្គំ ហើយទូលបង្គំក៏ហូបទៅ»។ 13 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលទៅស្រ្តីថា៖ «ហេតុអ្វីបានជានាងធ្វើបែបនេះ?» ស្ត្រីទូលថា៖ «សត្វពស់កុហកខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ហូបទៅ»។ 14 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលទៅសត្វពស់ថា៖ «ដោយសារឯងបានធ្វើបែបនេះ បណ្តាសានឹងធ្លាក់មកលើឯង នៅក្នុងចំណោមសត្វស្រុក និងសត្វព្រៃដែលនៅតាមវាលទាំងអស់។ ឯងនឹងវាដោយពោះ ហើយឯងនឹងស៊ីដីអស់មួយជីវិតរបស់ឯង។ 15 យើងនឹងធ្វើឲ្យឯងក្លាយជាសត្រូវនឹងស្ត្រី និងពូជឯងជាមួយនឹងពូជនាងក៏ជាសត្រូវនឹងគ្នាដែរ។ គាត់នឹងជាន់ក្បាលឯង ហើយឯងនឹងខាំកែងជើងរបស់គាត់»។ 16 ព្រះអង្គមានបន្ទូលទៅស្រ្តីថា៖ «យើងនឹងធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងនៅពេលមានកូន។ នាងនឹងប្រាថ្នាចង់បានស្វាមី ប៉ុន្តែ ស្វាមីនឹងគ្រប់គ្រងលើនាង»។ 17 ព្រះអង្គមានបន្ទូលទៅលោក​អដាំថា៖ ​«ដោយសារអ្នកស្តាប់តាមសម្លេងភរិយារបស់អ្នក ហើយបានហូបផ្លែឈើពីដើមឈើ ដែលយើងបានបង្គាប់ដល់អ្នកថា៖ «អ្នកមិនត្រូវហូបពីវាឡើយ»។ ដីត្រូវបណ្តាសាដោយសារអ្នក អ្នកនឹងត្រូវធ្វើការដោយនឿយហត់ អ្នកនឹងហូបពីវាអស់មួយជីវិតរបស់អ្នក។ 18 ដីនឹងដុះបន្លា ហើយនិងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងហូបពីតិណ‌ជាតិ​ដែលដុះនៅតាមវាល។ 19 អ្នកនឹងត្រូវធ្វើការដោយបែកញើស ដើម្បីឲ្យបានហូប រហូតទាល់តែអ្នកបានត្រឡប់ទៅជាដីវិញ ដ្បិត អ្នកបានកើតពីដីមក។ ដ្បិត អ្នកកើតពីដី ហើយអ្នកនឹងត្រឡប់ទៅជាដីវិញ»។ 20 បុរសបានហៅភរិយារបស់គាត់ថា៖ «អេវ៉ា» ព្រោះនាងជាមាតានៃអ្វីៗដែលមានជីវិតទាំងអស់។ 21 ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសម្លៀកបំពាក់ឲ្យលោកអាដាំ និងភរិយារបស់គាត់ពីស្បែកសត្វ ហើយពាក់ដល់ពួកគេ។ 22 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «មើល មនុស្សមានលក្ខណដូចជាម្នាក់នៅក្នុងចំណោមយើង ស្គាល់ល្អ និងអាក្រក់។ ដូច្នេះ នៅពេលនេះមនុស្សមិនត្រូវបានអនុញ្ញាតឲ្យប៉ះដោយដៃ បេះផ្លែពីដើមឈើនៃជីវិត មកហូប ហើយនឹងរស់នៅអស់កល្បនោះឡើយ»។ 23 ដូច្នេះ ព្រះអម្ចាស់ដ៏ជាព្រះបានបណ្តេញមនុស្សចេញពីសួនអេដែន ឲ្យកាប់គាស់ដី ដើម្បីឲ្យបានផលពីវា។ 24 ដូច្នេះ ព្រះជាម្ចាស់បានបណ្តេញមនុស្សចេញពីសួន ហើយព្រះអង្គបានដាក់ចេរូ‌ប៊ីមនៅភាគខាងកើតនៃសួនអេដែន ហើយកាន់ដាវជាអណ្តាតភ្លើងដែលបែរទៅរកគ្រប់ទិស ដើម្បីការពារដើមឈើនៃជីវិត។