ជំពូក ២

1 បន្ទាប់ពីបង្កើតស្ថានសួគ៌ និងផែនដី និងអ្វីៗដែលមានជីវិតទាំងអស់រួចហើយ។ 2 នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បានសម្រាកពីព្រះរាជកិច្ចដែលព្រះអង្គបានធ្វើ ដូច្នេះហើយបានជាព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គ។ 3 ព្រះជាម្ចាស់បានឲ្យពរដល់ថ្ងៃទីប្រាំពីរ ហើយរាប់ជាវិសុទ្ធ ព្រោះព្រះអង្គសម្រាកនៅថ្ងៃនោះពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គដែលព្រះអង្គបានធ្វើគឺនៅក្នុងការបង្កបង្កើតរបស់ព្រះអង្គ។ 4 ព្រឹត្តិការណ៍ទាំងនេះទាក់ទងនឹងស្ថានសួគ៌ និងផែនដី នៅពេលដែលបានបង្កើតឡើង នៅថ្ងៃនោះព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតផែនដី និងស្ថានសួគ៌។ 5 គ្មានកំពូតព្រៃនៅតាមវាលនៅលើផែនដីនៅឡើយ ហើយក៏គ្មានរុក្ខជាតិដុះនៅតាមទីវាលនៅឡើយដែរ ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមិនបានធ្វើឲ្យមានភ្លៀងកើតឡើងនៅលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួរស្រែចម្ការដែរ។ 6 ប៉ុន្តែ មានអ័ព្ទចេញពីផែនដីមក ហើយបានស្រោចស្រពផ្ទៃដីទាំងមូលផង។ 7 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតមនុស្សពីធូលីដីពីដីមក ហើយបានផ្លុំខ្យល់នៃជីវិតចូលទៅក្នុងច្រមុះរបស់គាត់ ហើយបុរសនោះក៏មានជីវិតរបស់ឡើង។ 8 ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសួនមួយនៅភាគខាងកើត នៅក្នុងស្រុកអេដែន ហើយព្រះអង្គបានដាក់មនុស្សដែលព្រះអង្គបានបង្កើតនៅទីនោះ។ 9 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតដើមឈើគ្រប់យ៉ាងដុះចេញពីដីមក ដែលគួរជាទីពេញចិត្ត ហើយល្អសម្រាប់ជាអាហារផង។ បូករួមទាំងដើមឈើនៃជីវិតដែលនៅចំកណ្តាលនៃសួនច្បារ និងដើមដឹងល្អ និងដឹងអាក្រក់។ 10 មានទន្លេមួយហូរចេញពីអេដែនមកស្រោចស្រពសួនច្បារនោះ។ នៅទីនោះ មានទន្លេបួនបែកចេញពីគ្នា។ 11 ទន្លេទីមួយឈ្មោះពីសុន។ ជាទន្លេដែលហូរកាត់ស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស។ 12 មាសនៅក្នុងស្រុកនោះគឺជាមាសល្អ។ ក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ 13 ទន្លេទីពីរមានឈ្មោះថា គីហូន ជាទន្លេដែលកាត់ស្រុកគូសទាំងមូល។ 14 ហើយទន្លេទីបីឈ្មោះថា ហ៊ីដេកែល ​ដែលហូរកាត់ភាគខាងកើតនៃស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះថា​អឺប្រាត។ 15 ព្រះអម្ចាស់ដ៏ជាព្រះបានយកមនុស្ស ហើយដាក់គាត់នៅក្នុងសួនរបស់អេដែន ដើម្បីធ្វើការ និងរក្សាការពារនៅទីនោះ។ 16 ព្រះអម្ចាស់ដ៏ជាព្រះបានបង្គាប់ដល់មនុស្ស ដោយមានបន្ទូលថា៖ «អ្នកអាចហូបពីផ្លែឈើនៅក្នុងសួននេះបានដោយសេរី។ 17 ប៉ុន្តែ អ្នកមិនត្រូវហូបផ្លែឈើដឹងល្អ ដឹងអាក្រក់ឡើយ ដ្បិត នៅថ្ងៃណាដែលអ្នកហូបពីផ្លែរបស់វា អ្នកប្រាកដជាស្លាប់មិនខាន»។ 18 បន្ទាប់មក ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «បុរសនៅម្នាក់ឯងមិនល្អទេ។ យើងនឹងបង្កើតអ្នកជំនួយម្នាក់ ដើម្បីជួយគាត់»។ 19 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតសត្វពាហនៈនៅតាមវាលគ្រប់ប្រភេទ និងសត្វស្លាបហើរនៅលើអាកាសគ្រប់ប្រភេទដែរ។ បន្ទាប់មក ព្រះអង្គបាននាំពួកគេចូលមកឯមនុស្ស ដើម្បីឲ្យពួកគេបានដាក់ឈ្មោះឲ្យ។ នៅពេលមនុស្សហៅសត្តនិករណាមួយថាជាអ្វី នោះគឺជាឈ្មោះរបស់សត្វនោះហើយ។ 20 បុរសបានដាក់ឈ្មោះសត្វស្រុកទាំងអស់ ហើយបានដាក់ឈ្មោះសត្វស្លាបដែលហើយលើមេឃ ព្រមទាំងសត្វព្រៃដែលនៅតាមវាលដែរ។ ប៉ុន្តែ បុរសមិនទាន់មាននរណាអាចធ្វើជាជំនួយជួយដល់គាត់នៅឡើយទេ។ 21 ព្រះអម្ចាស់ដ៏ជាព្រះធ្វើឲ្យបុរសដេកលង់លក់ បុរសក៏ដេកលក់។ ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹកជំនីរបស់គាត់ ហើយភ្ជិតសាច់គាត់ដែលព្រះអង្គបានយកឆ្អឹងជំនីចេញមកនោះវិញ។ 22 ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹងជំនីដែលបានយកពីបុរសមក ព្រះអង្គបានបង្កើតស្រ្តីម្នាក់ ហើយបាននាំនាងទៅឯបុរសនោះ។ 23 បុរសនោះនិយាយថា៖ «នេះគឺជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ ហើយជាសាច់ដែលចេញពីសាច់របស់ខ្ញុំដែរ។ នាងនឹងត្រូវបានហៅថា «ស្រ្តី» ដោយសារនាងបានយកចេញពីបុរសមក»។ 24 ហេតុដូច្នេះហើយ បានជាបុរសនឹងត្រូវចេញពីឪពុក និងម្តាយរបស់គាត់ គាត់នឹងបានរួមមកតែមួយជាមួយភរិយារបស់គាត់ ហើយពួកគេនឹងបានត្រឡប់ទៅជាសាច់តែមួយ។ 25 ពួកគេទាំងពីរនាក់អាក្រាត ទាំងបុរស និងភរិយារបស់គាត់ ប៉ុន្តែ មិនមានការអៀនខ្មាសទេ។