ជំពូក ៣
1
ឥឡូវនេះ នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ចាប់ផ្តើមសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី បានដប់ពីរឆ្នាំ។
2
ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ មិនដូចមាតា បិតារបស់ស្តេចឡើយ ព្រោះស្តេចបានរំលំសសរថ្មរបស់ព្រះបាល ដែលបិតាទ្រង់បានសង់ឡើង។
3
ប៉ុន្តែ ស្តេចបានដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលមានបាប ព្រះអង្គមិនបានដើរចេញពីអំពើបាបទាំងនោះទេ។
4
ឥឡូវនេះ ព្រះបាទមេសា ជាស្ដេចម៉ូអាប់ មានចៀមជាច្រើន។ ស្ដេចធ្លាប់ឲ្យចៀម ១០០,០០០ក្បាល និងចៀមឈ្មោល១០០,០០០ក្បាល ដល់ស្ដេចស្រុកអ៊ីស្រាអែល។
5
ក្រោយពេល ព្រះបាទអហាប់សោយទិវង្គត ស្ដេចស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។
6
ដូច្នេះ ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី នៅពេលនោះ ដើម្បីគៀងគរប្រជាជនអ៊ីស្រាអែលទាំងអស់ទៅធ្វើសង្គ្រាម។
7
ស្តេចបានផ្ញើសារប្រាប់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាថា៖ «ស្តេចស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងយើងហើយ។ តើព្រះករុណានឹងទៅជាមួយយើងដើម្បីវាយប្រឆាំងនឹងសាសន៍ម៉ូអាប់នៅក្នុងសមរភូមិឬទេ»? ព្រះបាទយ៉ូសាផាតឆ្លើយតបថា៖ «ទូលបង្គំនឹងទៅ។ ទូលបង្គំក៏ដូចជាព្រះករុណា ព្រះជាជនរបស់ទូលបង្គំក៏ដូចជាប្រជាជនរបស់ព្រះករុណា ហើយសេះទូលបង្គំក៏ដូចសេះរបស់ព្រះករុណាដែរ»។
8
បន្ទាប់មកស្តេចទូលថា៖ «តើយើងគួរតែប្រយុទ្ធតាមផ្លូវណា»? ព្រះបាទយ៉ូសាផាតតបថា៖ «ទៅតាមផ្លូវនៅវាលរហោស្ថានអេដុម»។
9
ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែល ស្តេចស្រុកយូដា ស្តេចស្រុកអេដុមបានធ្វើដំណើរតាមផ្លូវវាងរយៈពេលប្រាំពីរថ្ងៃ។ ពួកទាហានរបស់ពួកគេខ្វះទឹក ទោះបីជាសម្រាប់សេះ និងសត្វរបស់ពួកគេក៏ខ្វះទឹកដែរ។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលទូលថា៖ «តើនេះជាអ្វីទៅ?
10
តើព្រះអម្ចាស់បានហៅស្តេចទាំងបីនេះមក ដើម្បីប្រគល់ទៅក្នុងកណ្តាប់ដៃស្តេចស្រុកម៉ូអាប់ឬ?»
11
ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖ «តើនៅទីនេះមិនមានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចសុំយោបល់ពីព្រះអង្គបានទេឬ? អ្នកបម្រើម្នាក់របស់ស្តេចស្រុកអ៊ីស្រាអែលបានទូលថា៖ «លោកអេលីសេជាកូនរបស់លោកសាផាតនៅទីនេះ ដែលជាសិស្សរបល់លោកអេលីយ៉ា»។
12
ព្រះបាទយ៉ូសាផាតទូលថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់គង់នៅជាមួយគាត់»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត និងស្តេចស្រុកអេដុមបានទៅជួបលោក។
13
លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «តើព្រះករុណាមករកទូលបង្គំធ្វើអ្វី? ចូរទៅរកព្យាការីរបស់មាតាបិតារបស់ព្រះអង្គទៅ»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលបាននិយាយទៅលោកថា៖ «ទេ ដោយសារព្រះអម្ចាស់បានហៅស្តេចទាំងបីនេះមក ដើម្បីប្រគល់ដល់ស្តេចស្រុកម៉ូអាប់»។
14
លោកអេលីសេឆ្លើយថា៖ «នៅក្នុងព្រះនាមព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលទូលបង្គំបម្រើ ទូលបង្គំសូមប្រាប់ថា បើទូលបង្គំមិនយល់ដល់វត្តមានរបស់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាទេនោះ ទូលបង្គំនឹងមិនអើពើជាមួយព្រះករុណា ឬមើលព្រះភក្ដ្រព្រះករុណាឡើយ។
15
ប៉ុន្តែ ឥឡូវនេះសូមនាំអ្នកតន្រី្តមកជួបទូលបង្គំ»។ នៅពេលដែលអ្នកលេងពិណបានចាប់ផ្តើមលេង នោះព្រះហស្តរបស់ព្រះអម្ចាស់បានមកលើលោកអេលីសេ។
16
លោកទូលថា៖ «ព្រះអម្ចាស់បានបន្ទូលថា៖ «សូមជីកប្រឡាយនៅក្នុងជ្រោះទាំងនេះឲ្យបានច្រើន»។
17
ព្រោះព្រះអម្ចាស់មានបន្ទូលថា៖ «អ្នកនឹងមិនបានឃើញខ្យល់ទេ ហើយអ្នកក៏មិនឃើញឃើញទឹកភ្លៀងដែរ ប៉ុន្តែ ប្រឡាយទាំងឡាយនៅក្នុងជ្រោះនេះនឹងមានទឹកពេញ ហើយអ្នកអាចផឹកបាន គឺអ្នក និងហ្វួងសត្វរបស់អ្នក និងសត្វគ្រប់យ៉ាងផង»។
18
ការនេះជាការងាយណាស់ក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ព្រះអង្គនឹងឲ្យព្រះករុណាមានជ័យជម្នះលើជនជាតិម៉ូអាប់។
19
ព្រះករុណានឹងវាយរាល់ក្រុងដែលមានកំពែង និងក្រុងល្អៗ ព្រមទាំងកាប់រលំដើមឈើល្អៗ បញ្ឈប់ប្រភពទឹក និងបំផ្លាញដីល្អៗដោយថ្ម»។
20
ដូច្នេះ នៅពេលព្រឹកគឺប្រហែលជាម៉ោងដែលត្រូវថ្វាយតង្វាយ មានទឹកមកពីស្រុកអេដុម រួចតំបន់នោះក៏មានទឹកពេញ។
21
នៅពេលដែលស្តេចម៉ូអាប់ឮថាស្តេចទាំងនេះបានមកវាយប្រឆាំងនឹងស្តេច ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ហើយពួកគេបានឈរនៅតាមព្រំដែន។
22
ពួកគេបានភ្ញាក់តាំងពីព្រលឹម ហើយព្រះអាទិត្យក៏បានចាំងលើផ្ទៃទឹក។ នៅពេលដែលជនជាតិម៉ូអាប់បានឃើញទឹកនៅទល់មុខពួកគេ ទឹកនោះមានពណ៌ក្រហមដូចជាឈាម។
23
ពួកគេស្រែកឡើងថា៖ «នេះគឺឈាម! ស្តេចទាំងអស់នេះបានវិនាសអស់ហើយ ហើយពួកគេបានសម្លាប់គ្នាទៅវិញទៅមក! ដូច្នេះឥឡូវនេះ បងប្អូនម៉ូអាប់អើយ ចូរយើងទៅរឹបអូសជ័យភណ្ឌពីពួកគេ!»
24
នៅពេលដែលពួកគេមកដល់ជំរំអ៊ីស្រាអែល ប្រជារាស្រ្តអ៊ីស្រាអែលបានធ្វើឲ្យពួកគេភ្ញាក់ផ្អើល ហើយបានវាយប្រហារពួកម៉ូអាប់ ដែលបានរត់នៅមុខពួកគេ។ ពួកទាហានអ៊ីស្រាអែលបានដេញពួកម៉ូអាប់ឆ្លងកាត់ស្រុកនោះ ហើយបានសម្លាប់ពួកគេ។
25
ពួកគេបានកម្ទេចក្រុងទាំងឡាយ ហើយពួកប្រុសៗបានបោះដុំថ្មនៅលើដីដែលល្អរហូតទាល់តែពេញ។ ពួកគេបានបិតប្រភពទឹកទាំងអស់ ហើយបានកាប់បំផ្លាញដើមឈើល្អៗរបស់ពួកគេ។ មានតែក្រុងគារ-ហារ៉ាសែតនៅស្ថិតស្ថេរដែលថ្មនៅនឹងកន្លែងរបស់េវា។ ប៉ុន្តែ ពួកទាហានដែលមានដង្ហក់បានព័ទ្ធ ហើយវាយប្រហារក្រុងនោះ។
26
នៅពេលដែលព្រះបាទមេសាជាស្តេចស្រុកម៉ូអាប់់បានឃើញថាចាញ់សង្គ្រាមហើយ ស្តេចបាននាំទ័ពដែលកាន់ដាវចំនួនប្រាំពីររយនាក់ សម្រុកទៅលើស្ដេចអេដុម ប៉ុន្តែ ពួកគេបរាជ័យ។
27
បន្ទាប់មក ស្តេចបានយកបុត្រច្បងរបស់ទ្រង់ដែលត្រូវសោយរាជ្យបន្តពីព្រះអង្គ ហើយបានដុតបុត្រនោះជាដង្វាយដុកនៅលើជញ្ជាំងក្រុង។ ដូច្នេះ មានកំហឹងខ្លាំងក្លាណាស់ប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់មកប្រជាជនអ៊ីស្រាអែលបានចាកចេញពីស្តេចមេសា ហើយត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។