ជំពូក ២
1
ដូច្នេះ នៅពេលដែលព្រះអម្ចាស់នឹងលើកលោកអេលីយ៉ាទៅស្ថានសួគ៌ដោយខ្យល់កួច គឺលោកអេលីយ៉ាបានចេញទៅក្រៅជាមួយលោកអេលីសេពីគីលកាល។
2
លោកអេលីយ៉ាបានប្រសាសន៍ទៅលោកអេលីសេថា៖ «សូមនៅទីនេះសិនចុះ ព្រោះព្រះអម្ចាស់បានឲ្យខ្ញុំទៅបេតអែល»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ ហើយលោកក៏មានជីវិតនៅរស់ដែរ ខ្ញុំសូមប្រាប់លោកថាខ្ញុំនឹងមិនចាកចេញពីលោកឡើយ»។ ដូច្នេះ ពួកគេបានចុះទៅបេតអែលជាមួយគ្នា។
3
កូនរបស់ព្យាការីម្នាក់ដែលនៅបេតអែលបានមកជួបលោកអេលីសេ ហើយនិយាយថា៖ «តើអ្នកដឹងទេថាព្រះអម្ចាស់នឹងដកយកលោកគ្រូរបស់អ្នកនៅថ្ងៃនេះ»? លោកអេលីសេឆ្លើយថា៖ «បាទខ្ញុំដឹងហើយ ប៉ុន្តែ កុំនិយាយរឿងនេះអី»។
4
លោកអេលីយ៉ានិយាយទៅគាត់ថា៖ «អេលីសេអើយ ចូរចាំនៅទីនេះសិន ព្រោះព្រះអម្ចាស់នឹងចាត់ខ្ញុំឲ្យទៅយ៉េរីខូ»។ បន្ទាប់មក លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ ហើយលោកគ្រូក៏មានជីវិតនៅរស់ ខ្ញុំសូមប្រាប់លោកថា ខ្ញុំនឹងមិនចាកចេញពីលោកឡើយ»។ ដូច្នេះ ពួកគេបានចេញទៅក្រុងយ៉េរីខូជាមួយគ្នា។
5
បន្ទាប់មក កូនរបស់ព្យាការីដែលនៅក្រុងយ៉េរីខូបានមកជួបលោកអេលីសេ ហើយនិយាយទៅគាត់ថា៖ «តើអ្នកដឹងទេថាព្រះអម្ចាស់នឹងដកលោកគ្រូរបស់លោកទៅនៅថ្ងៃនេះ»? លោកអេលីសេតបថា៖ «បាទ ខ្ញុំដឹងហើយ ប៉ុន្តែកុំនិយាយពីវាធ្វើអ្វី»។
6
បន្ទាប់មក លោកអេលីយ៉ាមានប្រសាសន៍ទៅលោកថា៖ «សូមនៅទីនេះសិន ព្រោះព្រះអម្ចាស់ចាត់ខ្ញុំទៅឯទន្លេយ័រដាន់»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ ហើយលោកគ្រូក៏មានជីវិតនៅរស់ ខ្ញុំសូមប្រាប់លោកថា ខ្ញុំនឹងមិនចាកចេញពីលោកឡើយ»។ ដូច្នេះ ពួកគេបានចេញទៅដំណើរទៅមុខទៀត។
7
ក្រោយមក មានកូនប្រុសៗហាសិបនាក់របស់ព្យាការីជាច្រើនបានឈរពីចម្ងាយនៅទល់មុខពួកគេ នៅពេលដែលពួកគេបានឈរនៅក្បែរទន្លេយ័រដាន់។
8
លោកអេលីយ៉ាបានយកកន្សែងរបស់លោក លោកមូរកន្សែងនោះ ហើយបានយកកន្លែងនោះវាយទឹក។ ទឹកទន្លេក៏ញែកជាពីរ ដូច្នេះ លោកទាំងពីរបានដើរឆ្លងកាត់តាមដីស្ងួត។
9
នៅពេលដែលពួកគេបានឆ្លងកាត់រួចហើយ លោកអេលីយ៉ាបានមានប្រសាសន៍ទៅលោកអេលីសេថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក មុនពេលដែលខ្ញុំចាកចេញពីអ្នកទៅ»។ លោកអេលីសេឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកមកសណ្ឋិតលើខ្ញុំទ្វេដង»។
10
លោកអេលីយ៉ាឆ្លើយថា៖ «អ្នកបានសុំពីខ្ញុំនូវរឿងដ៏លំបាក។ តែបើអ្នកឃើញខ្ញុំ នៅពេលដែលខ្ញុំត្រូវបានលើកឡើងចេញពីអ្នក នោះការនេះនឹងសម្រេចដូចដែលអ្នកបានសុំ តែបើមិនដូច្នេះទេ វានឹងមិនសម្រេចឡើយ»។
11
នៅពេលដែលពួកគេធ្វើដំណើរបន្ត ហើយនិយាយគ្នាផង មើល៍ ពេលនោះមានរទេះភ្លើង និងសេះភ្លើងមួយបានបង្ហាញខ្លួន ញែកបុរសទាំងពីរចេញពីគ្នា ហើយលោកអេលីយ៉ាបានឡើងទៅលើស្ថានសួគ៌ដោយសារខ្យល់ព្យុះ។
12
លោកអេលីសេបានឃើញការនេះ ក៏ស្រែកឡើងថា៖ «លោកឪពុកអើយ លោកឪពុកអើយ នោះគឺរទេះចម្បាំងនិងអ្នកជិះសេះរបស់អ៊ីស្រាអែល»! លោកមិនអាចឃើញលោកអេលីយ៉ាបានទៀតទេ ហើយលោកបានយកអាវរបស់លោកមកហែកជាពីរចំណែក។
13
លោកបានរើសកន្សែងរបស់លោកអេលីយ៉ា ដែលបានធ្លាក់នៅក្បែរគាត់ឡើង ហើយបានត្រឡប់ទៅឈរនៅក្បែរមាត់ទន្លេយ័រដាន់។
14
លោកបានយកកន្សែងរបស់លោកអេលីយ៉ាមកវាយទឹកទាំងមានប្រសាសន៍ថា «តើព្រះអម្ចាស់ដែលជាព្រះជាម្ចាស់របស់លោកអេលីយ៉ាគង់នៅទីកន្លែងណា?» ពេលលោកបានវាយទឹក ទឹកក៏ញែកជាពីរ ហើយលោកអេលីសេក៏ដើរឆ្លងកាត់។
15
នៅពេលដែលកូនប្រុសៗរបស់ពួកព្យាការីដែលមកពីក្រុងយេរីខូបានឃើញគាត់ពីចម្ងាយពួកគេនិយាយថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានមកសណ្ឋិតនៅលើលោកអេលីសេហើយ!» ដូច្នេះ ពួកគេបានមកជួបលោក ហើយបានក្រាបនៅមុខលោកដល់ដី។
16
ពួកគេបាននិយាយទៅលោកថា៖ «ឃើញទេឥឡូវនេះ នៅក្នុងចំណោមអ្នកបម្រើរបស់លោកមានមនុស្សខ្លាំងពូកែរហាសិបនាក់។ យើងសូមឲ្យពួកគេចេញទៅ ហើយរកលោកគ្រូរបស់លោក ក្នុងករណីដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានលើកគាត់ឡើង ហើយបោះលោកទៅលើភ្នំណាមួយ ឬទៅក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «ទេ កុំឲ្យពួកគេទៅធ្វើអ្វី»។
17
ប៉ុន្តែ នៅពេលដែលអ្នកទាំងនោះទទូចលោកអេលីសេរហូតដល់លោកមានការអៀនខ្មាស លោកបាននិយាយថា៖ «ចូរឲ្យពួកគេទៅចុះ»។ ដូច្នេះ ពួកគេបានបញ្ជូនបុរសទាំងហាសិបអ្នកនោះទៅ ហើយពួកគេបានទៅរកអស់បីថ្ងៃ ប៉ុន្តែ រកមិនឃើញលោកទេ។
18
ពួកគេបានត្រឡប់មកជួបលោកអេលីសេវិញ នៅពេលដែលលោកស្នាក់នៅក្រុងយេរីខូ ហើយបាននិយាយជាមួយលោកថា៖ «តើខ្ញុំមិនបាននិយាទៅអ្នករាល់គ្នាទេថា៖ «កុំឲ្យទៅ?»
19
ពួកប្រុសៗក្នុងក្រុងបាននិយាយទៅលោកអលីសេថា៖ «ឃើញទេ យើងបានសុំលោក ស្ថានភាពនៅក្នុងក្រុងនេះល្អណាស់ ដូចដែលលោកអាចឃើញស្រាប់ ប៉ុន្តែ ទឹកមិនល្អទេ ហើយដីក៏មិនបង្កើតផលដែរ»។
20
លោកអេលីសេឆ្លើយថា៖ «សូមយកចានគោមថ្មីមួយមកឲ្យខ្ញុំ ហើយសុំដាក់អំបិលនៅក្នុងនោះផង» ដូច្នេះ ពួកគេបានយកមកជូនលោក។
21
លោកអេលីសេបានចេញទៅប្រភពទឹកហើយបាចអំបិលក្នុងទឹកនោះ បន្ទាប់មក លោកនិយាយថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «យើងបានប្រោសទឹកនេះ។ ចាប់ពីពេលនេះតទៅ នឹងគ្មានអ្វីស្លាប់ និងមិនមានដីដែលមិនបង្កើតផងទៀតទេ»។
22
ដូច្នេះ ទឹកនោះបានល្អឡើងវិញរហូតដល់ថ្ងៃនេះ ដោយសារតែពាក្យដែលលោកអេលីសេបាននិយាយ។
23
បន្ទាប់មក លោកអេលីសេបានឡើងពីទីនោះទៅបេតអែល។ នៅពេលដែលលោកឡើងទៅតាមផ្លូវ មានក្មេងប្រុសៗចេញពីក្រុងមក ហើយបានចំអកដាក់លោក ហើយបាននិយាយទៅលោកថា៖ «ឡើងទៅ លោកក្បាលទំពែក ឡើងទៅ លោកក្បាលទំពែក»។
24
លោកអេលីសេបានក្រឡេកមើលក្រោយ ហើយបានឃើញពួកគេ លោកបានប្រកាសហៅព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គដាក់បណ្តាសារពួកគេ។ មានមេខ្លាឃ្មុំពីរចេញពីព្រៃមក ហើយធ្វើឲ្យក្មេងសែសិបពីរនាក់មានរបួស។
25
បន្ទាប់មក លោកអេលីសេបានចេញពីទីនោះទៅភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។