1 នៅក្នុងថ្ងៃទីដប់ ខែទីដប់ ឆ្នាំទីប្រាំបួននៃរាជ្យរបស់ស្តេចសេដេគា នេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនបានឡើងមកជាមួយទាហានទាំងអស់របស់ទ្រង់ដើម្បីប្រឆាំងនឹងក្រុងយេរូសាឡិម។ ស្តេចបានបោះត្រសាលនៅទល់មុខក្រុង និងលើកទួលជុំវិញក្រុង។ 2 ដូច្នេះ ក្រុងត្រូវបានឡោមព័ទ្ធរហូតដល់ឆ្នាំទីដប់មួយនៃរាជ្យរបស់់ព្រះបាទសេដេគា។ 3 នៅក្នុងថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងឆ្នាំនោះទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងទឹកដីទាំងមូលលែងមានអាហារបរិភោគទៀត។ 4 បន្ទាប់មក កំពែងក្រុងក៏ត្រូវទម្លាយហើយពួកអ្នកប្រយុទ្ធបានគេចខ្លួននៅពេលយប់តាទ្វារវាងជញ្ជាំងទាំងពីរ ក្បែរសួនច្បារបស់ស្តេច ទោះបីជាពួកខាល់ដេនៅជុំវិញក្រុងក៏ដោយ។ ស្តេចបានរត់ឆ្ពោះទៅវាលរហោស្ថានអារ៉ាបា។ 5 ប៉ុន្តែ ទាហានរបស់ពួកខាល់ដេបានដេញតាមស្តេចសេដេគា ហើយតាមទាន់ស្តេចនៅវាលទំនាបទន្លេយ័រដាន់ជិតក្រុងយេរីខូ។ ទាហានទាំងអស់របស់ទ្រង់បានបែកខ្ញែកចេញឆ្ងាយពីទ្រង់ទាំងអស់។ 6 ពួកគេចាប់បានស្តេច ហើយនាំទ្រង់ទៅជួបស្តេចស្រុកបាប៊ីឡូននៅក្រុងរីបឡា ជាកន្លែងដែលពួកគេកាត់ទោសទ្រង់។ 7 ពួកគេបានសំលាប់បុត្រទាំងអស់របស់ទ្រង់នៅចំពោះព្រះភក្រ្តទ្រង់ផ្ទាល់។ បន្ទាប់មកពួកគេក៏ខ្វេះភ្នែករបស់ទ្រង់ ចងទ្រង់ជាមួយច្រវ៉ាក់លង្ហិន ហើយនាំទ្រង់ទៅបាប៊ីឡូន។ 8 នៅក្នុងខែទីប្រាំ ក្នុងថ្ងៃទីប្រាំពីរនៅក្នុងខែនោះ ដែលស្ថិតក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្យរបស់ស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដានជាអ្នកបម្រើស្ដេចស្រុកបាប៊ីឡូន និងមេពួកអង្គរក្សរបស់លោក បានមកដល់ក្រុងយេរូសាឡឹម។ 9 លោកបានដុតកម្ទេចដំណាក់របស់ព្រះអម្ចាស់ វាំងរបស់ស្តេច និងផ្ទះទាំងអស់នៅក្រុងយេរូសាឡឹម ហើយលោកក៏បានដុតកម្ទេចអគារសំខាន់ៗទាំងអស់នៅក្នុងក្រុងដែរ។ 10 ចំណែកឯ ជញ្ជាំងជុំវិញក្រុងយេរូសាឡឹមវិញ ពួកទាហានបាប៊ីឡូនដែលស្ថិតនៅក្រោមបញ្ជារបស់មេអង្គរក្សជាអ្នកបំផ្លាញចោល។ 11 ចំណែក មនុស្សដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹម គឺអស់អ្នកដែលបានចុះចូលជាមួយស្តចស្រុកបាប៊ីឡូន និងអ្នកដែលផ្សេងទៀត លោកនេប៊ូសារាដានបានកៀរយកទៅជាឈ្លើយសឹក។ 12 ប៉ុន្តែ លោកមេលើអង្គរក្សបានទុកអ្នកដែលក្រីក្របំផុតឲ្យនៅធ្វើការក្នុងចម្ការទំពាំងបាយជូរ និងនៅតាមវាលស្រែ។ 13 ចំណែកឯ សសរលង្ហិនដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងជើងបញ្ឈរ ផើងលង្ហិនធំដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ពួកខាល់ដេបានកម្ទេចជាបំណែក ហើយនាំយកលង្ហិនទៅស្រុកបាប៊ីឡូន។ 14 ឆ្នាំង ឆ្នូក ដង្កៀប ស្លាបព្រា និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារ ក៏ពួកខាល់ដេយកទៅអស់ដែរ។ 15 ភាជន៍សម្រាប់ចូកផះ និងចានគោមដែលធ្វើពីមាស ពីប្រាក់ ក៏លោកមេលើពួកអ្នកយាមយកទៅជាមួយដែរ។ 16 សសរទាំងពីរ អាងធំ និងជើងបញ្ឈរដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ដំណាក់របស់ព្រះអម្ចាស់ដែលមានលង្ហិនដ៏ច្រើនដែលមិនបានថ្លឹងបាន។ 17 កម្ពស់នៃសសរទីមួយគឺ១៨ហត្ថ ហើយមានក្បាលសសរលង្ហិននៅពីលើសសរនោះ។ ក្បាលសសរនោះមានកម្ពស់បីហត្ថ ជាមួយនឹងក្បាច់ក្រឡាអួន និងក្បាច់ផ្លែទទឹមនៅជុំវិញក្បាលសសរនោះ អ្វីៗទាំងអស់ធ្វើពីលង្ហិន។ សសរមួយទៀត និងក្បាច់របស់វាគឺដូចសសរទីមួយដែរ។ 18 លោកមេបញ្ជាការលើពួកអង្គរក្សចាប់លោកមហាបូជាចារ្យសេរ៉ាយ៉ា និងលោកសេផានាជាបូជាចារ្យទីពីរ ព្រមទាំងចាប់អ្នកយាមទ្វារព្រះវិហារបីរូបយកទៅជាមួយផង។ 19 នៅក្នុងក្រុងលោកក៏ចាប់មេបញ្ជាការដាក់គុក លោកជាអ្នកមើលខុសត្រូវលើពួកទាហាន និងបុរសប្រាំនាក់ដែលជាទីព្រឹក្សារបស់ស្តេច ដែលស្ថិតនៅក្នុងក្រុងនោះ។ លោកក៏ដាក់គុកមេទ័ពរបស់ស្តេចដែលទទួលខុសត្រូវលើកការកែនប្រុសៗធ្វើទាហាន ជាមួយមនុស្សសំខាន់ហុកសិបនាក់ទៀតពីទឹកដីនោះ គឺអស់អ្នកដែលរស់នៅក្នុងក្រុង។ 20 បន្ទាប់មក លោកនេប៊ូសារ៉ាដានជាមេបញ្ជាការលើសពួកអង្គរក្ស បានចាប់ពួកគេ ហើយនាំពួកគេទៅដល់ស្តេចបាប៊ីឡូននៅក្រុងរីបឡា។ 21 ស្តេចស្រុកបាប៊ីឡូនបានសម្លាប់ពួកគេនៅក្រុងរីបឡានោះនៅក្នុងទឹកដីហាម៉ាត់។ អ្នកស្រុកយូដាត្រូវកៀរយកទៅជាឈ្លើយ ដោយរបៀបនេះឯង។ 22 អ្នកដែលនៅសេសសល់នៅក្នុងស្រុកយូដា គឺអស់អ្នកដែលលោកនេប៊ីសារ៉ាដានបានទុកឲ្យនៅទីនោះ លោកបានទុកលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន បានមើលខុសត្រូវលើពួកគេ។ 23 ពេលនោះនៅពេលដែលមេបញ្ជាការកងទ័ពទាំងអស់ ទាំងអ្នកទាំងនោះ និងអ្នកនៅក្រោមបង្គាប់បានឮថាស្តេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដាលាឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលា នៅមីសប៉ា។ អ្នកទាំងនោះ មានលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានា ជាកូនរបស់ពួកម៉ាកាធី ទាំងពួកគេ និងពលទាហានរបស់ពួកគេផង។ 24 លោកកាដាលាបានប្រកាសដល់មេទាហាន និងពលទាហានទាំងនោះថា៖ «កុំឲ្យខ្លាចពួកខាល់ដេឡើយ។ ចូរបន្តរស់នៅលើទឹកដីនេះ ហើយបម្រើស្តេចស្រុកបាប៊ីឡូនទៅ ហើយអ្នកនឹងរស់នៅយ៉ាងសុខសប្បាយ»។ 25 នៅក្នុងខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាសាច់សារលោហិតរបស់ស្ដេច បានមកជាមួយទាហានដប់នាក់ ហើយបានវាយប្រហារលោកកេដាលា។ លោកកេដាលាបានស្លាប់ ជាមួយជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។ 26 បន្ទាប់មក ប្រជាជនទាំងអស់ ពីអ្នកក្របំផុតដល់អ្នកធំ និងពួកមេទ័ពបានចេញដំណើរទៅអេស៊ីប ព្រោះពួកគេខ្លាចពួកបាប៊ីឡូន។ 27 នៅក្នុងឆ្នាំទីសាមសិបប្រាំពីរនៃការកៀរព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក នៅក្នុងខែទីដប់ពីរ គឺនៅក្នុងថ្ងៃទីម្ភៃប្រាំពី ព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូនបានដោះលែងព្រះបាទយ៉ូយ៉ាគីនចេញពីគុក។ ការនេះកើតឡើងនៅក្នុងឆ្នាំដែលព្រះចៅអេវីល-មេរ៉ូដាកចាប់ផ្តើមឡើងសោយរាជ្យ។ 28 ស្តេចបានមាករាជឱង្ការដោយសុភាពទៅកាន់ទ្រង់ ហើយប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលនៅជាមួយទ្រង់នៅក្នុងស្រុកបាប៊ីឡូន។ 29 ព្រះចៅអេវីល-មេរ៉ូដាកបានដោះសម្លៀកបំពាក់ឈ្លើយសឹករបស់ព្រះបាទយ៉ូយ៉ាគីនចេញ ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោររួមតុជាមួយស្ដេចគ្រប់ពេល រហូតដល់ទ្រង់សុគត។ 30 ស្ដេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងដល់ព្រះបាទយ៉ូយ៉ាគីននូវអាហារដ៏សមរម្យជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់ទ្រង់។