1 ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនបានវាយប្រហារស្រុកយូដា ព្រះបាទយេហូយ៉ាគីមបានក្លាយជាអ្នកបម្រើរបស់ស្តេចនោះអស់រយៈពេលបីឆ្នាំ។ ព្រះបាទយេហូយ៉ាគីមបានត្រឡប់មកបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសា។ 2 ព្រះអម្ចាស់បានចាត់ពួកជាជនជាតិខាល់ដេ ជនជាតិអារ៉ាម ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម ព្រះអង្គបានបញ្ជូនពួកគេមកប្រឆាំងនឹងយូដា ដើម្បីបំផ្លាញស្រុកនេះ។ ការនោះកើតឡើងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានថ្លែងដោយពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គ។ 3 ការនេះកើតឡើងចំពោះយូដាស្រមតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គនឹងបណ្តេញពួកគេចេញពីព្រះភក្រ្តរបស់ព្រះអង្គ ដោយសារតែអំពើបាបរបស់ស្តេចម៉ាណាសេ និងអ្វីដែលស្តេចបានប្រព្រឹត្ត 4 និងដោយសារតែការដែលស្តេចបង្ហូរឈាមជនស្លូតត្រង់ ព្រោះស្តេចបានធ្វើឲ្យឈាមរបស់អ្នកទាំងនោះបានហូរពេញយេរូសាឡឹម។ ព្រះអម្ចាស់នឹងមិនអត់ទោសចំពោះការនេះឡើយ។ 5 រឿងរ៉ាវទាក់ទងនឹងព្រះបាទយេហូយ៉ាគីម និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? 6 ព្រះបាទយេហូយ៉ាគីមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទយ៉ូយ៉ាគីនជាបុត្របានឡើងស្នងរាជ្យបន្ត។ 7 ស្តេចស្រុកអេស៊ីបមិនបានវាយប្រហារចេញពីទឹកដីរបស់ខ្លួនទៀតទេ ព្រោះស្តេចស្រុកបាប៊ីឡូនបានកាន់កាប់ទឹកដីទាំងអស់ដែលស្តេចស្រុកអេស៊ីបធ្លាប់គ្រប់គ្រង ចាប់ពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។ 8 កាលព្រះបាទយ៉ូយ៉ាគីនមានអាយុដប់ប្រាំបីឆ្នាំកាលពីស្តេចឡើងគ្រងរាជ្យ ស្តេចសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។ 9 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចបានប្រព្រឹត្តអ្វីគ្រប់យ៉ាងដូចបុព្វបុរសរបស់ទ្រង់ដែរ។ 10 នៅពេលនោះកងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។ 11 ព្រះចៅនេប៊ូក្នេសាស្តេចស្រុកបាប៊ីឡូនបានឡើងមកក្រុងនោះ នៅពេលដែលពួកទាហានរបស់ស្តេចបានឡោមព័ទ្ធក្រុងនោះ 12 ហើយព្រះបាទព្រះបាទយ៉ូយ៉ាគីនជាស្តេចស្រុកយូដាបានចេញមកជួបស្តេចស្រុកបាប៊ីឡូន ទាំងស្តេច ទាំងមាតា ទាំងពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក។ ស្តេចស្រុកបាប៊ីឡូនបានចាប់ស្តេចនៅក្នុងឆ្នាំទីប្រាំបីក្នុងរាជ្យរបស់ទ្រង់ផ្ទាល់។ 13 ព្រះចៅនេប៊ូក្នេសាបានរឹបអូសរបស់មានតម្លៃពីទីនោះ គឺពីដំណាក់របស់ព្រះអម្ចាស់ និងពីដំណាក់របស់ស្តេច។ ស្តេចបានកាត់របស់ធ្វើពីមាសដែលព្រះបាទសាឡូម៉ូនធ្វើនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដូចអ្វីដែលព្រះអម្ចាស់មានបន្ទូលថានឹងកើតឡើង។ 14 ព្រះចៅនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម ទាំងអ្នកដឹកនាំ និងពួកអ្នកប្រយុទ្ធ បានកៀរមនុស្សមួយម៉ឺននាក់ ព្រមទាំងពួកសិប្បករ និងជាងដែកផង លើកលែងតែអ្នកក្រីក្របំផុតនៅក្នុងទឺកដីនោះប៉ុណ្ណោះ។ 15 ព្រះចៅនេប៊ូក្នេសាក៏បានកៀរព្រះបាទយ៉ូយ៉ាគីនទៅស្រុកបាប៊ីឡូន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមនៅក្នុងទឹកដីនោះ។ ស្តេចបានកៀរពួកគេទៅជាឈ្លើយពីក្រុងយេរូសាឡឹមទៅបាប៊ីឡូន។ 16 អ្នកប្រយុទ្ធទាំងអស់មានចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែក អ្នកទាំងអស់នោះសុទ្ធតែពេញកម្លាំងប្រយុទ្ធ ដូច្នេះស្តេចបាប៊ីឡូនបានកៀរពួកគេទៅជាឈ្លើយនៅឯស្រុកបាប៊ីឡូន។ 17 ស្តេចស្រុកបាប៊ីឡូនតែងតាំងម៉ាថានា ជាប្តូរប្រុសរបស់បិតាព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។ 18 ស្តេចសេដេគាមានព្រះជន្មម្ភៃមួយឆ្នាំនៅពេលទ្រង់ឡើងសោយរាជ្យ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។ 19 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចបានប្រព្រឹត្តដូចដែលព្រះបាទយេហូយ៉ាគីមបានប្រព្រឹត្តដែរ។ 20 តាមរយៈព្រះពិរោធរបស់ព្រះជាម្ចាស់ គ្រប់ទាំងហេតុការទាំងនេះកើតឡើងនៅក្រុងយេរូសាឡឹម និងយូដា រហូតដល់ទ្រង់ដេញពួកគេចេញពីវត្តមានរបស់ព្រះអង្គអស់។ បន្ទាប់មក ស្តេចសេដេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។