1 នៅក្នុងឆ្នាំទីដប់ពីរនៃរាជ្យរបស់ព្រះបាទអហាសជាស្តេចស្រុកយូដា រាជ្យរបស់ព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា ឡើងសោយរាជ្យ។ 2 ស្តេចសោយរាជ្យបានប្រាំបួនឆ្នាំនៅក្រុងសាម៉ារីលើស្រុកអ៊ីស្រាអែល។ ស្តេចបានប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ មិនអាក្រក់ដូចស្តេចអ៊ីស្រាអែលដែលនៅពីមុនព្រះអង្គឡើយ។ 3 ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាសសេុីរ បានលើកទ័ពមកច្បាំងនឹងស្តេច ហើយព្រះបាទហូស៊ាក្លាយជាអ្នកបម្រើរបស់ស្តេចអាសសេុីរ ហើយនាំសួយសាអាករដល់ស្តេចនោះផង។ 4 បន្ទាប់មក ស្តេចស្រុកអាសសេុីរដឹងថាព្រះបាទហូស៊ាមានគំនិតក្បត់ប្រឆាំងនឹងព្រះអង្គ ព្រោះព្រះបាទហូស៊ាបានផ្ញើសារទៅស្តេចស្រុកអេស៊ីបដែរ ស្តេចមិនបានបញ្ជូនសួយសាអាករដល់ស្តេចអាសសេុីរទៀតឡើយ គឺស្តេចធ្វើបែបនេះពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ ស្តេចស្រុកអាសសេុីរបានចាប់ទ្រង់ ហើយបានដាក់ទ្រង់នៅក្នុងគុក។ 5 បន្ទាប់មក ស្តេចស្រុកអាសសេុីរបានវាយប្រហារទឹកដីទាំងមូល និងវាយប្រហារក្រុងសាម៉ារី ហើយឡោមព័ទ្ធក្រុងនោះអស់បីឆ្នាំ។ 6 នៅក្នុងឆ្នាំទីប្រាំបួនក្នុងរាជរបស់ព្រះបាទហូស៊ា ស្តេចស្រុកអាសសេុីរបានកាន់កាប់ក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាសសេុីរ។ ស្តេចបានដាក់ពួកគេនៅក្រុងហាឡា នៅទន្លេហាបោ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌី។ 7 ការកៀរជាឈ្លើយនេះកើតឡើងដោយសារប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីបមក ចេញពីការគ្រប់គ្រងរបស់ព្រះចៅផារ៉ោនស្តេចស្រុកអេស៊ីប។ ប្រជាជនបានថ្វាយបង្គំព្រះដ៏ទៃ 8 ហើយដើរតាមការអនុវត្តរបស់សាសន៍ដ៏ទៃ ដែលព្រះអម្ចាស់បានបណ្តេញពួកគេចេញពីមុខជនជាតិអ៊ីស្រាអែល និងធ្វើតាមការអនុវត្តរបស់ស្តេចអ៊ីស្រាអែលដែលធ្លាប់ធ្វើពីមុន។ 9 ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តដោយសម្ងាត់ប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់ពួកគេ គឺធ្វើរឿងមិនត្រឹមត្រូវ។ ពួកគេបានសង់កន្លែងខ្ពស់ៗនៅក្នុងក្រុងរបស់ពួកគេ ពីក្រុងមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។ 10 ពួកគេក៏បានតំឡើងសសរ និងសសររបស់ព្រះអាសេរ៉ា នៅលើភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើពណ៌បៃតង។ 11 នៅទីនេះ ពួកគេបានដុតគ្រឿងក្រអូបនៅលើទីខ្ពស់ៗ ដូចដែលសាសន៍ដ៏ទៃបានធ្វើ គឺអស់អ្នកដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខពួកគេ។ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអាក្រក់ ដែលនាំឲ្យព្រះអម្ចាស់ព្រះពិរោធ 12 ព្រោះពួកគេបានថ្វាយបង្គំរូបព្រះ ដែលព្រះអម្ចាស់បានមានបន្ទូលមកពួកគេថា៖ «អ្នកមិនត្រូវធ្វើការនេះទេ»។ 13 ព្រះអម្ចាស់បានព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដាតាមរយៈពួកព្យាការី និងអ្នកទាយថា៖ «ចូរបែរចេញពីអំពើអាក្រក់របស់អ្នក ហើយចូររក្សាបញ្ញត្តិរបស់យើង និងច្បាប់របស់យើង និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាក្រឹតវិន័យទាំងមូលដែលយើងបានបង្គាប់បុព្វបុរសរបស់អ្នករាល់គ្នា និងអ្វីដែលយើងបានផ្ញើមកអ្នករាល់គ្នាតាមរយៈព្យាការីជាអ្នកបម្រើរបស់យើង»។ 14 ប៉ុន្តែ ពួកគេមិនស្តាប់តាមឡើយ ផ្ទុយទៅវិញពួកគេរឹងរូសដូចជាបុព្វបុរសរបស់ពួកគេ ដែលមិនទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់ពួកគេឡើយ។ 15 ពួកគេបដិសេធច្បាប់របស់ព្រះអង្គ និងសម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយបុព្វបុរសរបស់ពួកគេ ព្រមទាំងសម្ពន្ធមេត្រីដែលព្រះអង្គផ្តល់ដល់ពួកគេ។ ពួកគេធ្វើតាមការអនុវត្តឥតបានការ ហើយពួកគេក្លាយជាមនុស្សឥតប្រយេោជន៍។ ពួកគេបានធ្វើតាមប្រជាជាតិនៅជុំវិញពួកគេ គឺអស់អ្នកដែលព្រះអម្ចាស់បានបង្គាប់ពួកគេមិនឲ្យទាក់ទងជាមួយ។ 16 ពួកគេមើលរំលងគ្រប់ទាំងបទបញ្ញត្តិរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ។ ពួកគេបានសិតធ្វើរូបគោពីរចេញពីលោហៈដើម្បីថ្វាយបង្គំ។ ពួកគេបានធ្វើបង្គោលព្រះអាសេរ៉ា ហើយពួកគេថ្វាយបង្គំផ្កាយនៅលើមេឃ និងថ្វាយបង្គំព្រះបាល។ 17 ពួកគេបានដុតកូនប្រុសកូនស្រីរបស់ពួកគេ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។ 18 ដូច្នេះ ព្រះអម្ចាស់ព្រះពិរោធយ៉ាងខ្លាំងជាមួយអ៊ីស្រាអែល ហើយបានដកពួកគេចេញពីព្រះនេត្ររបស់ព្រះអង្គ។ គ្មាននរណាផ្សេងសេសសល់ក្រៅពីកុលសម្ព័ន្ធយូដាឡើយ។ 19 ទោះបីជាជនជាតិយូដាមិនបានរក្សាបញ្ញត្តិរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ប៉ុន្តែ ផ្ទុយទៅវិញពួកគេបានធ្វើតាមការអនុវត្តរបស់សាសន៍ដ៏ទៃ គឺអ៊ីស្រាអែលបានធ្វើតាមពួកគេ។ 20 ដូច្នេះ ព្រះអម្ចាស់បានបោះបង់ចោលកូនចៅអ៊ីស្រាអែលទាំងអស់ ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស ហើយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ រហូតដល់ព្រះអង្គដេញពួកគេចេញពីព្រះភក្រ្តរបស់ព្រះអង្គ។ 21 ព្រះអង្គហែកអ៊ីស្រាអែលចេញពីខ្សែរាជ្យរង្សរបស់ព្រះបាទដាវីឌ ហើយពួកគេបានលើកលោកយេរ៉ូបោមកូនរបស់នេបាតធ្វើជាស្តេច។ ព្រះបាទយេរ៉ូបោមបាននាំជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីការដើរតាមព្រះអម្ចាស់ ហើយធ្វើឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ង។ 22 ប្រជាជនអ៊ីស្រាអែលបានដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោម ហើយមិនងាកឆ្ងាយពីអំពើបាបទាំងនោះទេ។ 23 ដូច្នេះព្រះអម្ចាស់បានបណ្ដេញជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គមានបន្ទូលតាមរយៈព្យាការីជាអ្នកបម្រើរបស់ព្រះអង្គថាព្រះអង្គនឹងធ្វើបែបនេះ។ ដូច្នេះ អ៊ីស្រាអែលបានបណ្តេញចេញឆ្ងាយពីទឹកដីរបស់ពួកគេទៅកាន់ទឹកដីអាសសីេុររហូតដល់សព្វថ្ងៃ។ 24 ស្ដេចស្រុកអាសសេុីរបាននាំប្រជាជនមកពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ហើយដាក់ពួកគេតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារី ហើយរស់នៅតាមក្រុងទាំងនោះ។ 25 នៅពេលដែលពួកគេចាប់ផ្តើមមករស់នៅទីនោះ ពួកគេមិនគោរពព្រះអម្ចាស់ឡើយ។ ដូច្នេះ ព្រះអម្ចាស់បានឲ្យសត្វតោមករកពួកគេ ហើយសម្លាប់ពួកគេខ្លះ។ 26 ដូច្នេះ ពួកគេទូលទៅកាន់ស្តេចស្រុកអាសសេុីរថា៖ «ជាតិសាសន៍ដែលព្រះករុណាបាននាំមកពីឆ្ងាយ ហើយបានដាក់នៅតាមក្រុងនានា នៅស្រុកសាម៉ារីមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ។ ដូច្នេះ ព្រះអង្គបានឲ្យសត្វតោមករកពួកគេ ហើយសត្វតោទាំងនោះបានសម្លាប់ប្រជាជននៅទីនោះ ព្រោះពួកគេមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ»។ 27 បន្ទាប់មក ស្តេចស្រុកអាសសេុីរបានបង្គាប់ថា៖ «សូមរកព្យាការីម្នាក់ដែលអ្នកបាននាំពីទីនោះមក ហើយឲ្យគាត់ទៅនៅទីនោះ ហើយឲ្យគាត់បង្រៀនពីរបៀបថ្វាយបង្គំព្រះរបស់ទឹកដីនោះ»។ 28 ដូច្នេះ មានព្យាការីម្នាក់ដែលគេនាំកៀរពីសាម៉ារីមកបានមករស់នៅបេតអែល គាត់បានបង្រៀនពួកគេពីរបៀបគោរពថ្វាយបង្គំព្រះអម្ចាស់។ 29 ជាតិសាសន៍នីមួយៗបានធ្វើរូបព្រះរបស់ពួកគេរៀងៗខ្លួន ហើយបានដាក់រូបព្រះទាំងនោះនៅតាមទីខ្ពស់ៗនៅស្រុកសាម៉ារី គឺជាតិសាសន៍ដែលរស់នៅក្នុងក្រុងទាំងនោះ។ 30 ប្រជាជនមកពីបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា 31 អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។ 32 ពួកគេក៏គោរពថ្វាយបង្គំព្រះអម្ចាស់ដែរ ហើយបានតែងតាំងបូជាចារ្យនៅតាមទីខ្ពស់ៗពីក្នុងចំណោមពួកគេ ជាអ្នកថ្វាយតង្វាយសម្រាប់ពួកគេនៅក្នុងព្រះវិហារនៅតាមទីខ្ពស់ៗ។ 33 ពួកគេគោរពថ្វាយបង្គំព្រះអម្ចាស់ ហើយក៏ថ្វាយបង្គំព្រះរបស់ពួកគេ គឺតាមប្រពៃណីនៃជាតិសាសន៍ដែលពួកគេបានបណ្តេញចេញ។ 34 រហូតមកដល់សព្វថ្ងៃនេះ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ចាស់របស់ពួកគេដដែល។ ពួកគេមិនគោរពព្រះអម្ចាស់ ហើយក៏មិនធ្វើតាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានដល់ប្រជាជនរបស់លោកយ៉ាកុប ដែលព្រះអង្គដាក់ឈ្មោះថាអ៊ីស្រាអែលឡើយ 35 គឺជាអ្នកដែលព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយថា៖ «អ្នកនឹងមិនត្រូវភ័យខ្លាចព្រះណាផ្សេង ឬក៏ឱនក្បាលចំពោះព្រះទាំងនោះ ឬថ្វាយបង្គំពួកគេ ហើយក៏មិនត្រូវថ្វាយយញ្ញបូជាទៅព្រះទាំងនោះដែរ។ 36 ប៉ុន្តែ ព្រះអម្ចាស់ ដែលបាននាំអ្នកពីទឹកដីអេស៊ីបមកដោយអំណាចយ៉ាងអស្ចារ្យ និងដោយព្រះហស្តរបស់ព្រះអង្គ គឺព្រះអង្គដែលអ្នកត្រូវគោរព គឺព្រះអង្គហើយដែលអ្នកត្រូវក្រាបថ្វាយបង្គំ ហើយគឺព្រះអង្គហើយដែលអ្នកត្រូវថ្វាយយញ្ញបូជា។ 37 ច្បាប់ និងបញ្ញត្តិ វិន័យ និងក្រឹតវិន័យដែលព្រះអង្គបានសសេរសម្រាប់អ្នករាល់គ្នា អ្នកត្រូវតែរក្សាជារៀងរហូត។ ដូច្នេះ អ្នកមិនត្រូវភ័យខ្លាចព្រះណាផ្សេងទៀតឡើយ 38 ហើយកុំភ្លេចសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា ក៏កុំថ្វាយបង្គំព្រះណាផ្សេងទៀតឡើយ។ 39 ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់អ្នកជាព្រះដែលអ្នកត្រូវគោរព។ ព្រះអង្គនឹងសង្គ្រោះអ្នកពីអំណាចសត្រូវរបស់អ្នក»។ 40 ពួកគេមិនបានស្តាប់ឡើយ ព្រោះពួកគេនៅតែធ្វើអ្វីដែលពួកគេធ្លាប់ធ្វើពីមុន។ 41 ដូច្នេះ ប្រជាជាតិទាំងនេះកោតខ្លាចព្រះអម្ចាស់ ហើយពួកគេក៏ថ្វាយបង្គំរូបព្រះរបស់គេដែរ ហើយកូនរបស់ពួកគេក៏ធ្វើដូចគ្នា ហើយចៅរបស់ពួកគេក៏ធ្វើដូចគ្នា។ ពួកគេបានបន្តធ្វើអ្វីដែលបុព្វបុរសរបស់ពួកគេបានធ្វើរហូតដល់សព្វថ្ងៃ។