1 កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា បុត្ររបស់នាងស្លាប់ហើយ នាងក៏ក្រោកឡើង ហើយសម្លាប់ក្មេងៗរាជ្យរង្សទាំងអស់។ 2 ប៉ុន្តែព្រះនាងយ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនស្រីរបស់ព្រះបាទអហាស៊ីយ៉ា បានយកយ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់នោះទៅជាមួយអ្នកមើលថែរបស់បុត្រនោះ នាងបានទុកពួកគេនៅក្នុងបន្ទប់របស់នាង។ ពួកគេបានលាក់បុត្រនោះពីព្រះនាងអថាលា ដូច្នេះ បុត្រនោះមិនត្រូវបានគេសម្លាប់ឡើយ។ 3 បុត្រនោះនៅជាមួយព្រះនាងយ៉ូសេបា គេបានលាក់បុត្រនោះនៅក្នុងដំណាក់របស់ព្រះអម្ចាស់អស់ប្រាំមួយឆ្នាំ នៅពេលដែលព្រះនាងអថាលាសោយរាជ្យលើទឹកដីនោះ។ 4 នៅក្នុងឆ្នាំទីប្រាំពីរលោកយេហូយ៉ាដាបានផ្ញើពាក្យ ដើម្បីនាំមេកងរយជនជាតិការី និងអ្នកយាមល្បាត ហើយបាននាំពួកគេមកជួបគាត់ នៅក្នុងដំណាក់របស់ព្រះអម្ចាស់។ លោកបានចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយលោកឲ្យពួកគេស្បថនៅក្នុងដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់មកលោកក៏បានបង្ហាញបុត្រារបស់ស្តេចដល់ពួកគេ។ 5 លោកបានបញ្ជាពួកគេថា៖ «នេះជាអ្វីដែលអ្នកត្រូវធ្វើ។ មួយភាគបីក្នុងចំណោមអ្នករាល់គ្នាដែលមកនៅថ្ងៃសប្ប័ទនឹងយាមដំណាក់ស្តេច 6 ហើយមួយភាគបីទៀតត្រូវនៅឯត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀតត្រូវយាមនៅទ្វារខាងក្រោយកន្លែងយាម»។ 7 ក្រុមពីរផ្សេងទៀតដែលមិនបម្រើនៅថ្ងៃសប្ប័ទ អ្នកត្រូវតែយាមដំណាក់របស់ព្រះអម្ចាស់ដើម្បីការពារស្តេច។ 8 អ្នកត្រូវតែនៅជុំវិញស្តេច គ្រប់គ្នាត្រូវមានអាវុធក្នុងដៃ។ អ្នកណាដែលចូលមកក្នុងជួររបស់អ្នកត្រូវសម្លាប់ចោល។ អ្នកត្រូវនៅជាមួយស្តេចនៅពេលដែលស្តេចយាងចេញក្រៅ ហើយនៅពេលដែលទ្រង់យាងចូលក្នុងផង។ 9 ដូច្នេះ មេកងរយនាក់បានស្តាប់តាមអ្វីៗដែលលោកបូជាចារ្យយ៉េហូយាដាបានបង្គាប់។ គ្រប់គ្នាបាននាំមនុស្សរបស់ខ្លួន គឺអស់អ្នកដែលត្រូវមកបម្រើនៅថ្ងៃសប្ប័ទ ហើយនឹងអ្នកដែលត្រូវឈប់បម្រើនៅថ្ងៃសប្ប័ទ ហើយពួកគេបានមកជួបលោកបូជាចារ្យយ៉េហូយាដា។ 10 បន្ទាប់មកលោកបូជាចារ្យយ៉េហូយាដាបានឲ្យលំពែង ព្រមទាំងខែលដែលជារបស់ព្រះបាទដាវីឌ ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ដល់មេកងរយនាក់នោះ។ 11 ដូច្នេះ អ្នកយាមបានឈរ គឺគ្រប់គ្នាមានអាវុធនៅក្នុងដៃ ចាប់ពីខាងឆ្វេងព្រះវិហារដល់ខាងស្តាំ នៅជិតអាសនា និងព្រះវិហារនៅជុំវិញស្តេច។ 12 បន្ទាប់មកលោកយ៉េហូយាដាបាននាំយូអាសជាបុត្រារបស់ស្តេចចេញមក បានដាក់ម្កុដលើក្បាលគាត់ ហើយថ្វាយឯកសារនៃសម្ពន្ធមេត្រីផង។ បន្ទាប់មក ពួកគេបានប្រកាសថាទ្រង់គឺជាស្តេច ហើយបានចាក់ប្រេងតាំងលើទ្រង់។ ពួកគេបានទះដៃរបស់ពួកគេ ហើយនិយាយថា៖ «សូមស្តេចមានអាយុយឺនយូរ»! 13 នៅពេលដែលព្រះនាងអថាលាបានឮសម្លេងរបស់អ្នកយាម និងសម្លេងរបស់ប្រជាជន នាងបានមកជួបប្រជាជននៅក្នុងដំណាក់របស់ព្រះអម្ចាស់។ នាងបានមើល 14 ហើយបានឃើញស្តេចគង់នៅក្បែរសសរ តាមទំនៀមទំលាប់ ហើយពួកមេកង និងអ្នកផ្លុំត្រែនៅក្បែរស្តេច។ ប្រជាជនទាំងអស់មានអំណរយ៉ាងខ្លាំង ហើយបានផ្លុំត្រែ។ បន្ទាប់មក ព្រះនាងអថាលា បានហែកសំលៀកបំពាក់ ហើយស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!» 15 បន្ទាប់មក លោកបូជាចារ្យយ៉េហូយាដាបានបញ្ជាឲ្យលោកមេកងរយនាក់ ដែលជាមេទាហានថា៖ «ចូរនាំនាងចេញក្រៅទៅ។ អ្នកណាទៅតាមនាង សូមសម្លាប់ដោយដាវទៅ»។ លោកបូជាចារ្យនិយាយថា៖ «កុំឲ្យសម្លាប់នាងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ឡើយ»។ 16 ដូច្នេះ ពួកគេក៏អូសនាងរហូតដល់ច្រកដែលសេះចូលមកក្នុងវាំង ហើយពួកគេបានសម្លាប់នាងនៅទីនោះទៅ។ 17 បន្ទាប់មក លោកយ៉េហូយាដាបានចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ស្តេច និងប្រជាជន ដែលពួកគេនឹងធ្វើជាប្រជាជនរបស់ព្រះអម្ចាស់ ហើយក៏រវាងស្តេច និងប្រជាជនដែរ។ 18 ដូច្នេះ ប្រជាជនបានទៅដំណាក់របស់ព្រះបាល ហើយបានកម្ទេចចោល។ ពួកគេកម្ទេចអាសនារបស់ព្រះបាល និងរូបព្រះទៅជាបំណែក ហើយពួកគេបានសម្លាប់លោកម៉ាត់ថានជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនា។ បន្ទាប់មក លោកបូជាចារ្យយ៉េហូយាដាបានចាត់អ្នកយាមឲ្យមើលថែព្រះវិហាររបស់ព្រះអម្ចាស់។ 19 លោកយេហូយ៉ាដាបាននាំលោកមេបញ្ជាការកងរយនាក់ជាជនជាតិការី ពួកអ្នកយាម និងប្រជាជនទាំងអស់ ហើយពួកគេបាននាំស្តេចពីដំណាក់របស់ព្រះអម្ចាស់ ហើយបានចេញដំណើរទៅក្នុងដំណាក់របស់ស្តេច ចូលតាមទ្វារអ្នកយាម។ ព្រះបាទយ៉ូអាសឡើងគង់លើរាជ្យបល្ល័ង្គ។ 20 ដូច្នេះ ប្រជាជនទាំងអស់ពេញដោយអំណរ ហើយក្រុងទាំងមូលស្ងប់ស្ងាត់ក្រោយពីព្រះនាងអថាលាត្រូវបានគេសម្លាប់ដោយដាវនៅក្នុងដំណាក់ស្តេចរួចមក។ 21 ព្រះបាទយ៉ូអាសអាយុប្រាំពីរឆ្នាំនៅពេលទ្រង់ឡើងគ្រងរាជ្យ។