1 ឥឡូវនេះ ព្រះបាទអហាប់មានកូនចៅចិតសិបនាក់នៅស្រុកសាម៉ារី។ លោកយេហ៊ូវបានសរសេរសំបុត្រ ហើយបានផ្ញើទៅស្រុកសាម៉ារី ទៅកាន់អ្នកដឹកនាំនៅយេសរាល រួមទាំងពួកចាស់ទុំ និងទៅកាន់អ្នកថែរក្សាកូនចៅរបស់ព្រះបាទអហាប់ថា៖ 2 «កូនចៅរបស់ចៅហ្វាយអ្នកនៅជាមួយអ្នក ហើយអ្នកក៏មានរទេះចំបាំង មានសេះ នឹងក្រុងដែលមានកំពែងរឹងមាំ និងមានគ្រឿងសស្ត្រាវុធផង។ ដូច្នេះនៅពេលដែលសំបុត្រនេះទៅដល់អ្នកភ្លាម 3 សូមជ្រើសរើសបុត្រមួយដែលប្រសើរ និងសាកសមជាងគេពីកូនចៅរបស់ចៅហ្វាយអ្នក ហើយឲ្យគាត់ឡើងសោយរាជ្យជំនួសបិតារបស់ពួកគេ ហើយសូមតយុទ្ធដើម្បីខ្សែរាជ្យរង្សរបស់ចៅហ្វាយអ្នកចុះ»។ 4 ប៉ុន្តែ ពួកគេភ័យខ្លាច ហើយបាននិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ ស្តេចពីរអង្គមិនអាចទប់ទល់នឹងលោកយេហ៊ូវបានឡើយ។ ដូច្នេះ តើយើងអាចទប់ទល់ដូចម្តេចបាន»? 5 បន្ទាប់មក អ្នកគ្រប់គ្រងនៅក្នុងវាំងទាំងអស់នោះ និងអ្នកដឹកនាំក្រុង ហើយក៏មានពួកចាស់ទុំផង ហើយនឹងពួកអ្នកដែលចិញ្ចឹមក្មេង បានផ្ញើពាក្យត្រឡប់ទៅលោកយេហ៊ូវវិញថា៖ «យើងជាអ្នកបម្រើរបស់លោក។ យើងនឹងធ្វើតាមអ្វីដែលលោកបានបង្គាប់ដល់យើង។ យើងនឹងមិនលើកអ្នកណាធ្វើជាស្តេចឡើយ។ សូមលោកធ្វើតាមការយល់ឃើញថាល្អចុះ»។ 6 បន្ទប់មក លោកយេហ៊ូវបានសរសេរសំបុត្រទីពីរទៅកាន់ពួកគេថា៖ «បើអ្នកនៅខាងខ្ញុំ ហើយបើអ្នកនឹងស្តាប់តាមពាក្យខ្ញុំមែន អ្នកត្រូវតែកាត់ក្បាលប្រុសៗជាកូនចៅរបស់ចៅហ្វាយអ្នក រួចហើយមកជួបខ្ញុំនៅក្រុងយេសរាលនៅថ្ងៃស្អែកថ្មើរនេះ»។ នៅពេលនោះ កូនចៅរបស់ស្តេចមានចិតសិបអ្នក សុទ្ធតែជាមនុស្សសំខាន់ៗនៅក្នុងក្រុង ដែលជាអ្នកនាំអ្នកទាំងនោះមក។ 7 ដូច្នេះ នៅពេលដែលសំបុត្រនោះបានមកដល់ពួកគេ ពួកគេបាននាំបុត្ររបស់ស្តេចមក ហើយបានសម្លាប់ពួកគេអស់ចិតសិបនាក់ ដាក់ក្បាលរបស់ពួកគេនៅក្នុងកន្ត្រក ហើយបានផ្ញើឲ្យលោកយេហ៊ូវនៅក្រុងយេសរាល។ 8 មានអ្នកនាំពាក្យម្នាក់បានមកជួបលោកយេហ៊ូវដោយនិយាយថា៖ «ពួកគេបាននាំយកក្បាលបុត្ររបស់ស្តេចមកហើយ»។ ដូច្នេះ លោកបាននិយាយថា៖ «សូមដាក់ក្បាលទាំងនោះជាគំនរនៅច្រកចូលក្រុងរហូតដល់ពេលព្រឹកទៅ»។ 9 នៅពេលព្រឹកលោកយេហ៊ូវបានចេញក្រៅ ហើយបានឈរ និងនិយាយទៅមនុស្សទាំងអស់ថា៖ «អ្នកគ្មានទោសឡើយ។ ខ្ញុំបានបះបោរប្រឆាំងនឹងចៅហ្វាយរបស់ខ្ញុំ ហើយបានសម្លាប់ស្តេច ប៉ុន្តែ តើអ្នកណាសម្លាប់អ្នកទាំងនេះ? 10 ឥឡូវនេះ អ្នកគួរតែដឹងឲ្យបានច្បាស់ថាគ្មានផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺព្រះបន្ទូលទាក់ទងនឹងគ្រួសាររបស់ព្រះបាទអហាប់នឹងសម្រេចជារូបរាង ព្រោះព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គតាមរយៈលោកអេលីយ៉ាជាអ្នកបម្រើរបស់ទ្រង់»។ 11 ដូច្នេះ លោកយេហ៊ូវបានសម្លាប់គ្រួសាររបស់ព្រះបាទអហាប់ដែលនៅសេសសល់នៅស្រុកយេសរាល និងមនុស្សសំខាន់ៗរបស់ស្តេច មិត្តជិតស្និតរបស់ស្តេច និងព្យាការីរបស់ស្តេច រហូតដល់គ្មាននរណាម្នាក់នៅសល់ឡើយ។ 12 បន្ទាប់មក លោកយេហ៊ូវបានក្រោកឡើង ហើយចេញទៅ លោកចេញទៅក្រុងសាម៉ារី។ 13 នៅពេលដែលលោកបានមកដល់ ប៉េត អេកេដ ជាកន្លែងនៃអ្នកគង្វាលចៀម លោកបានជួបបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកយូដា។ លោកយេហ៊ូវបានមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នកជាអ្នកណា»? ពួកគេឆ្លើយថា៖ «យើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា យើងចុះទៅសួរសុខទុក្ខបុត្ររបស់ស្តេច ជាមួយបុត្រីរបស់ម្ចាស់ក្សត្រីយេសិបិល»។ 14 លោកយេហ៊ូវបានមានប្រសាសន៍ជាមួយមនុស្សរបស់លោកថា៖ «ចូរចាប់ពួកគេទាំងរស់»។ ដូច្នេះ ពួកគេក៏ចាប់អ្នកទាំងនោះទាំងរស់ ហើយបានសម្លាប់ពួកគេនៅប៉េត អេកេដ សរុបទាំងអស់សែសិបពីរនាក់។ លោកមិនទុកឲ្យនរណាម្នាក់នៅរស់ឡើយ។ 15 នៅពេលដែលលោកយេហ៊ូវបានចេញពីទីនោះ លោកបានជួបលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាបដែលបានមកជួបលោក។ លោកយេហ៊ូវបានទទួលលោក ហើយនិយាយថា៖ «តើចិត្តរបស់លោកនៅជាមួយខ្ញុំឬទេ ព្រោះចិត្តរបស់ខ្ញុំនៅជាមួយលោក»? លោកយ៉ូណាដាប់ឆ្លើយថា៖ «បាទលោក»។ 16 លោកយេហ៊ូវនិយាយថា៖ «បើដូច្នេះមែន ចូរហុចដៃមក»។ ដូច្នេះ លោកយ៉ូណាដាប់បានហុចដៃរបស់លោកឲ្យលោកយេហ៊ូវ ហើយលោកយេហ៊ូវបានទាញលោកយ៉ូណាដាប់ដាក់លើរទេះជាមួយលោក។ 17 នៅពេលលោកបានមកដល់សាម៉ារី លោកយេហ៊ូវបានសម្លាប់់ពូជពង្សរបស់ព្រះបាទអហាប់ដែលនៅសេសសល់ក្នុងស្រុកសាម៉ារី រហូតដល់លោកបានបំផ្លាញខ្សែរាជរង្សរបស់ព្រះបាទអហាប់ទាំងស្រុង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលតាមរយៈលោកអេលីយ៉ា។ 18 បន្ទាប់មក លោកយេហ៊ូវបានប្រមូលមនុស្សទាំងអស់ ហើយបាននិយាយទៅពួកគេថា៖ «អហាប់បានបម្រើព្រះបាលតិចទេ តែយេហ៊ូវវិញនឹងបម្រើព្រះបាលច្រើនជាងនេះទៅទៀត។ 19 ដូច្នេះឥឡូវ នេះចូរហៅព្យាការីរបស់ព្រះបាល អ្នកថ្វាយបង្គំទ្រង់ទាំងអស់ និងបូជាចារ្យរបស់ព្រះបាលទាំងអស់មក។ ចូរកុំឲ្យនរណាម្នាក់នៅសល់ឡើយ ព្រោះខ្ញុំមានយញ្ញបូជាដ៏ច្រើនដើម្បីថ្វាយព្រះបាល។ អ្នកណាដែលមិនមកនឹងត្រូវស្លាប់»។ ប៉ុន្តែ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ គឺប៉ុនប៉ងសម្លាប់អ្នកថ្វាយបង្គំព្រះបាល។ 20 លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមកំណត់ពេលដើម្បីប្រជុំគ្នាសម្រាប់ព្រះបាល»។ ដូច្នេះ ពួកគេក៏ប្រកាសរឿងនេះ។ 21 បន្ទាប់មក លោកយេហ៊ូវបានបញ្ជូនពាក្យទៅស្រុកអ៊ីស្រាអែលទាំងមូល ហើយអ្នកដែលថ្វាយបង្គំព្រះបាលទាំងប៉ុន្មានក៏មកជួបជុំគ្នា ដូច្នេះ គ្មាននរណាម្នាក់អវត្តមានឡើយ។ ពួកគេបានចូលមកក្នុងព្រះវិហារបស់ព្រះបាល ហើយព្រះវិហារនោះក៏ពេញពីជ្រុងម្ខាងដល់ជ្រុងម្ខាងទៀត។ 22 លោកយេហ៊ូវក៏បានមានប្រសាសន៍ទៅបុរសម្នាក់ដែលរក្សាសំលៀកបំពាក់របស់បូជាចារ្យថា៖ «សូមយកសំលៀកបំពាក់សម្រាប់អ្នកថ្វាយបង្គំព្រះបាលទាំងអស់»។ ដូច្នេះ បុរសនោះក៏បានយកសំលៀកបំពាក់សម្រាប់ពួកគេ។ 23 លោកយេហ៊ូវអញ្ជើញមកដល់វិហាររបស់ព្រះបាលជាមួយនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ហើយលោកបាននិយាយជាមួយអ្នកថ្វាយបង្គំព្រះបាលទាំងអស់ថា៖ «សូមរកមើលឲ្យប្រាកដថានៅទីនេះក្នុងចំណោមអ្នករាល់គ្នាគ្មានអ្នកបម្រើរបស់ព្រះអម្ចាស់មែន គឺតែអ្នកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ»។ 24 បន្ទាប់មក ពួកគេចូលទៅក្នុងដើម្បីថ្វាយតង្វាយម្សៅ និងតង្វាយដុត។ ពេលនោះ លោកយេហ៊ូវបានជ្រើសរើសមនុស្សប្រាំបីនាក់ដែលឈរនៅខាងក្រៅ ហើយលោកបានប្រាប់ពួកគេថា៖ «បើមាននរណាម្នាក់ដែលខ្ញុំបាននាំមកក្នុងកណ្តាប់ដៃរបស់អ្នករត់រួច បើមាននរណាម្នាក់ឲ្យអ្នកទាំងនោះរត់រួច អ្នកនោះត្រូវសងជីវិតជំនួសអ្នករត់រួចនោះមិនខាន»។ 25 ក្រោយមក ពេលដែលលោកយេហ៊ូវបានបញ្ចប់ការថ្វាយយញ្ញបូជា លោកបាននិយាយទៅអ្នកយាមទ្វារ និងមេបញ្ជាការថា៖ «ចូរចូលទៅក្នុង ហើយសម្លាប់ពួកគេទៅ។ សូមកុំឲ្យនរណាម្នាក់ចេញមកក្រៅឡើយ»។ ដូច្នេះ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ហើយពួកអ្នកយាម និងមេបញ្ជាការបានគ្រវែងអ្នកទាំងនោះចេញក្រៅ ហើយបានចូលទៅក្នុងបន្ទប់ក្នុងបំផុតនៃវិហារបស់ព្រះបាល។ 26 ពួកគេបានអូសសសរថ្ម ដែលធ្លាប់មាននៅក្នុងវិហារបស់ព្រះបាលចេញក្រៅ ហើយបានដុតសសរទាំងនោះ។ 27 បន្ទាប់មក ពួកគេបានបំផ្លាញសសររបស់ព្រះបាល ហើយបានបំផ្លាញវិហាររបស់ព្រះបាល ហើយធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។ 28 នេះជារបៀបដែលលោកយេហ៊ូវបំផ្លាញអ្នកថ្វាយបង្គំព្រះបាលចេញពីទឹកដីអ៊ីស្រាអែល។ 29 ប៉ុន្តែ លោកយេហ៊ូវមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប គឺការថ្វាយបង្គំរូបគោមាសនៅបេតអែល និងដាន់។ 30 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលមកលោកយេហ៊ូវថា៖ «ដោយសារអ្នកបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់យើង ហើយបានប្រព្រឹត្តចំពោះគ្រួសាររបស់អហាប់តាមអ្វីដែលមាននៅក្នុងចិត្តយើង នោះកូនចៅរបស់អ្នកនឹងអង្គុយលើបល្ល័ងស្រុកអ៊ីស្រាអែលរហូតដល់បួនតំណរ»។ 31 ប៉ុន្តែ ព្រះបាទយេហ៊ូវមិនខ្វល់ខ្វាយជាមួយនឹងបញ្ញត្តិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលអស់ពីចិត្តឡើយ។ ស្តេចមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមឡើយ ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប។ 32 នៅថ្ងៃនោះព្រះអម្ចាស់ចាប់ផ្តើមកាត់តំបន់មួយចំនួនចេញពីអ៊ីស្រាអែល ហើយព្រះបាទហាសែល វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល 33 គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ទឹកដីស្រុកកាឡាដ ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរជ្រោះអើណូន ព្រមទាំងស្រុកកាឡាដ រហូតដល់បាសាន។ 34 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយេហ៊ូវ និងអ្វីដែលស្តេចបានធ្វើ និងអំណាចរបស់ទ្រង់ តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍បស់ស្តេចទេឬ? 35 ព្រះបាទយេហ៊ូវបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅស្រុកសាម៉ារី ហើយព្រះបាទយ៉ូអាហាស ជាបុត្រ ឡើងស្នងរាជ្យបន្ត។ 36 ព្រះបាទយេហ៊ូវសោយរាជ្យនៅក្រុងសាម៉ារីបានម្ភៃប្រាំបីឆ្នាំ។