ជំពូក ១
1
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានថ្លែងមកលោកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរជ្ជកាលនៃព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។
2
ជាតិសាសន៍ទាំងអស់អើយ ចូរយកចិត្តទុកដាក់ស្ដាប់! ផែនដី និងគ្រប់របស់សព្វសារពើទាំងអស់គឺនៅក្នុងខ្លួនអ្នក។ ហើយបើកឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រះអង្គមកពីព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
3
មើល៍! ព្រះអម្ចាស់កំពុងយាងចេញពីព្រះដំណាក់របស់ព្រះអង្គ ចុះមកយាងនៅតាមទីខ្ពស់នៃផែនដី។
4
ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទាហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះពីទីខ្ពស់ដែរ។
5
នេះគឺដោយសារតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប និងអំពើបាបរបស់ពួកពូជពង្សអុីស្រាអែល។ អំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុបនោះជាអ្វី? តើមិនមែនជាក្រុងសាម៉ារីទេឬ? ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី? តើមិនមែនជាក្រុងយេរូសាឡិមទេឬ?
6
«យើងនឹងធ្វើឲ្យក្រុងសាម៉ារី ដូចជាគំនរនៅទីវាលជាកន្លែងសម្រាប់ធ្វើចម្ការទំពាំងបាយជូរ។ យើងនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងជ្រលងភ្នំ ហើយនឹងបើកឲ្យឃើញគ្រឺះជញ្ជាំង។
7
អស់ទាំងរូបឆ្លាក់របស់វា នឹងត្រូវវាយបំបែកខ្ទេចខ្ទី ឯអស់ទាំងគ្រឿងសក្ការៈបូជារបស់វានឹងត្រូវដុតក្នុងភ្លើង។ រាល់ព្រះក្លែងក្លាយរបស់គេ យើងនឹងបំផ្លាញចោល។ រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ ដូច្នេះគេនឹងយករូបទាំងនោះទៅបង់ថ្លៃស្រីពេស្យា»។
8
ដោយហេតុនេះបានជាខ្ញុំនឹងសោកស្តាយ ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយអាក្រាតកាយ ខ្ញុំនឹងស្រែកដូចជាឆ្កែចចក ហើយនឹងយំរងំដូចជាសត្វមៀម។
9
ដ្បិតរបួសនៃក្រុងសាម៉ារី មើលមិនជាឡើយ ព្រោះបានរាលរហូតដល់ស្រុកយូដាផង។ បានទៅដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិម។
10
កុំថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំយំឲ្យសោះ។ ចូរអ្នកននៀលខ្លួននៅក្នុងធូលីដី ត្រង់បេតលេ អាប្រាចុះ។
11
សូមដើរបង្ហួសទៅ ឱពួកអ្នកក្រុងសាភាអើយ ដោយខ្លួនអាក្រាត ហើយមានសេចក្ដីអាម៉ាសចុះ។ ពួកអ្នកនៅក្រុងស្អាណាន មិនត្រូវចេញមកឲ្យសោះ។ ចំណែកពួកអ្នកក្រុងបេត អេតសែល ចូរកាន់ទុក នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ។
12
ចំណែកឯពួកអ្នកក្រុងម៉ារូតទន្ទឹងរងចាំដំណឹងល្អយ៉ាងខ្លាំង ព្រោះសេចក្ដីអាក្រក់បានចុះពីព្រះអម្ចាស់ មកដល់ទ្វារក្រុងយេរូសាឡិមហើយ។
13
ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះទៅនឹងសេះចុះ។ ឯង ជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែល បានឃើញមាននៅក្នុងខ្លួនឯង។
14
ដូច្នេះ ឯងនឹងចែកចំណែកនៃក្រុងម៉ូរ៉ាស៊ីត កាថ ជាទីប្រជុំជននៃពួកអាក់ស៊ីបទាំងប៉ុន្មាននោះ ដែលនឹងធ្វើដល់ពួកស្តេចអ៊ីស្រាអែលខកចិត្ត។
15
ឱពួកអ្នកក្រុងម៉ារីសាអើយ យើងនឹងនាំអ្នកចម្បាំងទៅនឹងឯងម្តងទៀត ដែលនឹងធ្វើជាម្ចាស់លើឯង ដែលមានសិរីល្អនៃអ៊ីស្រាអែល ដែលនឹងមកដល់អាឌូឡាម។
16
ចូរកោរក្បាល ហើយកាត់សក់របស់ឯង សម្រាប់កូនចៅជាទីគាប់ចិត្តរបស់ឯងចុះ។ ចូរកោរសក់ឲ្យអស់ ដូចជាឥន្ទ្រី ពីព្រោះកូនចៅរបស់ឯងរាល់គ្នា នឹងបានភៀសខ្លួនចេញពីអ្នកទៅ។