ជំពូក ២

1 សេចក្តីវេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរគម្រោងការទុច្ចរិត អ្នកណាដេក​សញ្ជឹងគិតនៅលើដំណេករបស់​ខ្លួនដើម្បីបង្កើតអំពើទុច្ចរិត។ លុះ​ព្រឹក​ភ្លឺ​ឡើង គេ​ធ្វើ​ការ​នោះ ដោយព្រោះ​គេ​មាន​កម្លាំង​​នឹង​ធ្វើ​បាន។​ 2 ពួកគេ​ចង់​បាន​ស្រែ​ចម្ការណា ហើយក៏​ដណ្តើម​យកស្រែនោះ​​ ពួកគេចង់បានផ្ទះណា គេក៏ដណ្ដើមយកផ្ទះនោះ។ ពួកគេសង្កត់សង្កិតម្ចាស់ផ្ទះ ហើយប្លន់យកផ្ទះ និង​​រឹប​អូសយក​មរតក​របស់​គេ​ដែរ។ 3 ដូច្នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​​ថា៖ «មើល៍! យើង​កំពុងតែរៀបចំដាក់ទោសទាស់​នឹង​មនុស្សប្រភេទ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ងាក​កចេញបាន​​ឡើយ។ អ្នក​រាល់​គ្នា​ក៏​មិន​ដើរ​ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់។ 4 នៅ​គ្រា​នោះ ខ្មាំងសត្រូវរបស់អ្នក គេ​នឹង​ចាប់​ផ្ដើមច្រៀងលេងសើចអំពី​អ្នក ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល។ ដោយប្រើ​ពាក្យ​ថា «យើងជនជាតិអ៊ីស្រាអែល​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​អម្ចាស់បាន​ផ្លាស់​មរតក​របស់​ជនជាតិខ្ញុំហើយ។ ព្រះ‌អង្គ​ដក​ចេញ​មរតកពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎! ព្រះ‌អង្គ​បាន​ចែក​ស្រែ​ចម្ការ​របស់​យើង ទៅ​ឲ្យ​បច្ចាមិត្តរបស់​យើង​ហើយ»។ 5 ដូច្នេះ អ្នក​នឹង​មិន​មាន​កូនចៅជំនាន់ក្រោយ សម្រាប់បែងចែកទឹកដី នៅ​ក្នុង​ក្រុម​ជំនុំរបស់​ព្រះ‌អម្ចាស់ឡើយ។ 6 ពួកគេ​ថា «កុំ​ថ្លែងទំនាយ​ឲ្យ​សោះ»។ «ពួកគេ​នឹង​លែង​ថ្លែងទំនាយ​ដល់​រឿងទាំង​នេះ​ ហើយភាព​អាម៉ាស់​នឹង​មិន​មកដល់ឡើយ»។ 7 ឱ​ពូជពង្សលោក​យ៉ាកុប​អើយ តើ​គួរតែ​និយាយ​យ៉ាង​នេះ​ថា ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ខ្ញាល់ឬ? តើ​ព្រះ‌អង្គ​​ធ្វើ​ការ​ទាំង​នោះឬ?» តើ​យើង​មិននិយាយ​ពាក្យ​​​ល្អ ទៅ​ចំពោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ឬ? 8 ពី​មុន​មក រាស្ត្រ​របស់​យើង​បាន​លើក​គ្នាដូច​ជា​ខ្មាំង​សត្រូវ។ ​អ្នករាល់គ្នាដោះរ៉ូបសំពត់​ សំលៀកបំពាក់ចេញ ពីអ្នក​ដែល​ដើរ​តាម​ផ្លូវ​ ដូចជាទាហ៊ាន​ត្រឡប់​មក​ពី​សមរ‌ភូមិ​យ៉ាង​សុខ​សប្បាយ។ 9 អ្នក​រាល់​គ្នា​បានដេញ​ពួកស្រីៗ​របស់​ប្រជា‌រាស្ត្រ​យើង ចេញ​ពី​​ផ្ទះ​​ដែល​ពួកគេ​ស្រឡាញ់ ហើយ​ដក​សិរី‌ល្អ​របស់​យើង ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​ជា‌និច្ច​ដែរ។ 10 ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​កន្លែងសម្រាប់​ឯង​រាល់​គ្នា​សម្រាក​ទេ ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​បាន​បង្ក​ឲ្យកើត​មហន្ត‌រាយ​យ៉ាង​ខ្លោច‌ផ្សា។​ 11 ប្រសិនបើ​មាន​មនុស្ស​ណា​មកកាន់អ្នក​ដោយ​ភូតភរ ហើយ​កុហក​ថា «ខ្ញុំនឹង​ថ្លែងទំនាយ​ប្រាប់​អ្នក បើ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ និង​​គ្រឿង​ស្រវឹង» គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន​ជាតិ​នេះ។ 12 ឱ​យ៉ាកុប​អើយ យើង​នឹង​កៀរ​ប្រមូល​អ្នក​រាល់​គ្នា​មក​វិញ។ ជន‌ជាតិ​អុីស្រា‌អែល​ដែល​នៅ​សេស‌សល់​ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មក​នៅ​ជុំ​គ្នា​វិញ។​ យើង​នឹង​យកជនជាតិ​អុីស្រា‌អែល​ដែលនៅសេសសល់មកឲ្យ​នៅ​ជា‌មួយ​គ្នា ដូច​ជា​ចៀម​នៅក្នុងក្រោល នឹង​ហ្វូងសត្វ​នៅ​កណ្ដាល​វាល​ស្មៅ។ ពួកគេ​នឹង​បព្ចោញ​សូរ​អ៊ូអរ​យ៉ាង​ខ្លាំង ​ដោយសារ​មាន​គ្នា​ច្រើន។​​ 13 មានអ្នក​ដែលបើក​ផ្លូវ ​និង​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា។ ពួកគេ​ទម្លុះ​រទ្វាក្រុង ហើយ​ចេញ​តាម​នោះ។ ស្ដេច​របស់​អ្នកពួកគេ ​យាង​នៅ​មុខពួកគេ។​ ហើយព្រះ‌អម្ចាស់ក៏​យាង​នៅ​មុខ​គេ​បង្អស់។