ជំពូក ៦៥

1 «យើងបានរួចរាល់ដើម្បីដោះស្រាយ ជាមួយអស់អ្នកដែលមិនបានទូលសូម ហើយយើងក៏នឹងបានរកឃើញ ដោយអ្នកដែលមិនបានស្វែងរកយើងដែរ។ យើងបាននិយាយថា «យើងនៅទីនេះ! យើងនៅទីនេះ!» សម្រាប់ប្រជាជាតិដែលមិនបានស្រែករកព្រះនាមយើង។ 2 យើងបានលូកដៃរបស់យើងទៅរកមនុស្សរឹង ចចេស ជាអ្នកដែលដើរតាមផ្លូវមិនល្អ ក៏ជាអ្នកដែលដើរតាមគំនិតហើយនិងផ្លូវខ្លួនឯងផង! 3 ពួកគេជាមនុស្ស​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជានិច្ច ដោយការ​អាក្រក់​នៅ​មុខ​យើង ពួក​គេ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្នុង​សួន​ឧទ្យាន ហើយ​ អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។ 4 ពួក​គេ​អង្គុយនៅកណ្តាល​ផ្នូរ​ខ្មោច ទាំងបើកភ្នែកពេញមួយ​យប់ គេ​បរិភោគ​សាច់​ជ្រូក និង​សំឡគួរខ្ពើមនៅ​ក្នុង​ចាន​របស់​គេ។ 5 ពួកគេនិយាយថា «ចូរចៀសចេញ កុំ​ចូលមកជិតខ្ញុំអី ព្រោះ​ខ្ញុំ​បរិសុទ្ធជាងអ្នក»។ ការទាំងនេះគឺជាផ្សែងហុយដល់ច្រមុះយើង ក៏ជាភ្លើងដែលឆេះពេញមូយថ្ងៃផង។ 6 ចូរមើល៍! មានសេចក្តីចែងទុកមកនៅចំពោះយើងថា៖ យើងនឹងមិននៅស្ងៀមឡើយ ហើយយើងនឹងសងសឹកនឹងគេវិញ យើងនឹងឲ្យគេសងទាំងអស់នៅពេលគេចាស់ផង 7 គឺសរុបទាំងអំពើបាបរបស់គេនឹងបាបរបស់ឪពុកគេផង» នេះជាពាក្យរបស់ព្រះអម្ចាស់ «យើងនឹងសងសឹកគេពីកាដុតកំញានដែលនៅលើភ្នំ ហើយធ្វើឲ្យមានផ្សែងនៅតាមជ្រលោងភ្នំដែរ។ យើងនឹងធ្វើដូច្នេះក្នុងការវាស់ពីផ្លូវប្រព្រឹត្តរបស់គេ ក្នុងពេលគេចាស់ផង»។ 8 នេះគឺជាអ្វីព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ «នៅពេលទំពាំង‌បាយជូរ​មាន​ផ្លែ​ចង្គោម នោះមានម្នាក់និយាយ​ថា កុំ​បំផ្លាញ​វាអី ព្រោះ​ផ្លែល្អនៅក្នុងនោះដែរ ការនេះដែលយើងនឹងធ្វើដាក់ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ពួកគេទាំងអស់ឡើយ។ 9 យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។ 10 ​សារ៉ូននឹងក្លាយជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម ហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ គឺសម្រាប់ប្រជារាស្រ្តយើងដែលស្វែងរកយើង។ 11 ប៉ុន្តែ ​អ្នក​រាល់​គ្នា​ដែលបាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ហើយ​បែរ​ជា​រៀបចំ​តុ​សែន​ព្រះ​មានលាភ​ ហើយក៏ច្រួចស្រាសែនព្រះជោគវាសនាផង។ 12 យើង​នឹង​ប្រហារ​អ្នក​​ឲ្យស្លាប់​ដោយ​មុខ​ដាវ ហើយអ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ដើម្បីឲ្យគេសម្លាប់ ព្រោះយើង​បាន​ហៅ តែ​អ្នក​​មិន​ឆ្លើយ​ទេ ពេលយើង​បាន​និយាយ អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់នៅមុខយើង ហើយជាអំពើ​ដែល​យើង​មិន​ពេញ​ចិត្ត»។ 13 ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា «មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក​ មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។ 14 មើល អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។ 15 អ្នកនឹង​ជាប់ឈ្មោះ​ ​សម្រាប់​ឲ្យមនុស្សដែលយើងបានជ្រើសរើសយកមកដាក់​បណ្ដាសា យើងគឺ​ព្រះ‌អម្ចាស់​លើទាំងព្រះនឹង​សម្លាប់អ្នក ហើយយើងនឹងហៅអ្នកបម្រើយើងតាមឈ្មោះផ្សេង។ 16 អ្នកណាដែលឲ្យពរដល់ផែនដី នឹងបានពរពីយើងដែលជាព្រះនៃសេចក្តីពិត។ អ្នកណាដែលបានស្បថនៅលើផែនដី នឹងត្រូវស្បថចំពោះយើងជាព្រះនៃសេចក្តីពិតដែរ ដោយសារតែបញ្ហាពីមុនត្រូវបានបំភ្លេច ហើយការទាំងនោះក៏បានលាក់បាំងពីភ្នែកយើងដែរ។ 17 មើលនោះ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន គេ​លែង​នឹក​នា​ទៀត​ហើយ គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។ 18 ប៉ុន្តែចូរ​អ្នកអរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡិម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។ 19 ក្រុង​យេរូ‌សាឡិម​នឹង​ធ្វើ​ឲ្យ​យើង សប្បាយ​រីក‌រាយ ប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ។ 20 នឹងមិនដែលមានទារក ដែលអាចរស់បានតែប៉ុន្មានថ្ងៃទៀតឡើយ ហើយសម្រាប់មនុស្សចាស់ ក៏នឹងមិនស្លាប់មុនអាយុដែរ។ អ្នកដែលស្លាប់ក្នុងវ័យមួយរយឆ្នាំត្រូវរាប់ថានៅវ័យក្មេង។ អ្នកណាដែលរស់មិនបានអយុមួយរយឆ្នាំទេ អ្នកនោះត្រួវរាប់ថាទទួលបណ្តាសារហើយ។ 21 ពួកគេនឹងសង់ផ្ទះហើយអាស្រ័យនៅក្នុងផ្ទះនោះ ហើយគេដាំដើមទំពាំងបាយជូរ នោះគេនឹងទទូលផលរបស់វាដែរ។ 22 គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត ។ 23 ពួកគេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។ 24 មុនពេល​ដែលគេសូម យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ ហើយកំឡុងពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។ 25 ពេល​នោះ ចចកនិង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ ពួកវានឹង​លែង​សុីបំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។