ជំពូក ៦០

1 ចូរក្រោកឡើង ចូរ​ភ្លឺឡើង ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ ហើយសិរី‌ល្អ​នៃ​ព្រះ‌អម្ចាស់ ​បាន​ភ្លឺដល់​អ្នក​ដែរ។ 2 ទោះសេចក្ដីងងឹតនឹងគ្របលើផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ប្រជាជាតិ ព្រះអម្ចាស់នឹងយាងមកសណ្ឋិត លើអ្នកដែលព្រះអង្គនឹងសំដែង សិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។ 3 គ្រប់ប្រជាជាតិ នឹងចូលមកក្នុងពន្លឺរបស់អ្នក ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែលចាំង​ចេញ​ពី​អ្នក​ដែរ។ 4 ចូរ​​អ្នក​មើល​ជុំ‌វិញឲ្យឃើញ។ ពួកគេ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ ពួក​កូន​ប្រុសៗ​របស់​អ្នក​ទាំង​អស់​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​របស់​អ្នក​មក​ដែរ។ 5 ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ នឹងត្រេកអរសប្បាយ ពី​ព្រោះ​សេចក្ដី​បរិបូរ​ណ៏នៃ​សមុទ្រ បានបង្ហូរមកឯអ្នកហើយទ្រព្យសម្បត្តិរបស់ប្រជាជាតិនានានឹងមកដល់អ្នក។ 6 សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។ 7 ហ្វូង​សត្វ​នៅ​ស្រុក​កេដារនឹង​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​អ្នក។ អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបា‌យ៉ូត សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​នៅ​លើ អាសនៈ​របស់​យើងជា​តង្វាយ​ដែល​គាប់​ចិត្ត​យើង។ យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​ដ៏​រុងរឿង​របស់​យើង បាន​ថ្កុំ‌ថ្កើង​ឡើង។ 8 តើ​អ្នក​ទាំង​នោះ​ជា​នរណា តើនរណាដែលរសាត់​​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ? ។ 9 មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើង នាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗ របស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អីុស្រា‌អែល ដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង។ 10 កូនរបស់ជន‌ជាតិ​ដ៏ទៃ​នឹង​នាំ​គ្នា​សង់ កំពែង​របស់​អ្នក​ឡើង​វិញ ស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នក ដ្បិត​កាល​ពី​មុន យើង​បាន​ខឹង ហើយ​វាយ​អ្នក តែ​ឥឡូវ​នេះ យើង​សម្តែង​ចិត្ត​អាណិត​មេត្តាចំពោះ​អ្នក​វិញ។ 11 ទ្វារ​របស់​អ្នក នៅ​បើក​ចំហ​ ឥត​បិទ​សោះ​ឡើយ ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ដើម្បី​ឲ្យ​ភោគ​ទ្រព្យ​របស់​ប្រជា‌ជាតិទាំង‌ឡាយ​ហូរ​ចូល​មក និង​ឲ្យ​ស្ដេច​របស់​ពួក​គេ មក​ជា​ហូរ‌ហែ​ដែរ។ 12 ជាការពិតណាស់ ប្រជា‌ជាតិ​ និង​នគរ​នានា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។ 13 សេចក្តីលម្អនៃ​ស្រុក​លីបង់និងមានដល់អ្នក គឺជាឈើកកោះ ឈើស្រស់ និងឈើស្រឡៅផង ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម លំអ​ទីសក្ការៈ​របស់​យើង។ យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើង ស្ថិត​នៅ​នេះ បាន​ប្រកប​ដោយ​សិរី‌រុងរឿង។ 14 ពួកគេ​នាំ​គ្នា​មក​ឱន​កាយ​នៅ​ចំពោះ​មុខ​អ្នក គឺកូនចៅអ្នកដែល​បាន​ប្រមាថ​អ្នក ពួកគេនឹង​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថាជាក្រុង​របស់​ព្រះ‌អម្ចាស់ ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អុីស្រា‌អែល។ 15 ផ្ទុយទៅវិញ គេ​បាន​បោះ​បង់​ចោល​អ្នក គេ​ស្អប់​អ្នក ហើយ​គ្មាន​នរណា​ដើរ​កាត់ តែ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​ក្រុង​មួយ​ដ៏​ថ្លៃ‌ថ្នូរ ជា​ក្រុង​ដ៏​សប្បាយ​រហូត​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។ 16 ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់ ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។ 17 យើង​នឹង​ឲ្យ​គេ​យក​មាស​មក​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ដែក​ជំនួស​ថ្ម។ យើង​ឲ្យ​សន្តិ‌ភាព និង​យុត្តិធម៌ គ្រប់‌គ្រង ហើយ​កាន់​អំណាច​លើ​អ្នក។ 18 ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពី អំពើ​ហិង្សា​ទៀត​ហើយ ក្នុង​ទឹក​ដី​របស់​អ្នក​ក៏​លែង​មាន ការ​វិនាស​ហិន‌ហោច​ទៀត​ដែរ។ គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា សង្គ្រោះ ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ សរសើរ​តម្កើង។ 19 ​​ព្រះ‌អាទិត្យ​នឹងគ្មានពន្លឺដល់អ្នកនៅពេលថ្ងៃ ហើយ​ក៏មិនមាន​ពន្លឺ​ព្រះ‌ច័ន្ទចាំងមកលើអ្នក​ដែរ ប៉ុន្តែ​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នករហូត​ទៅ ហើយជាព្រះអម្ចាស់​នឹងជាសិរីល្អរបស់អ្នកដែរ។ 20 ពន្លឺ​ថ្ងៃ​របស់​អ្នក​នឹង​មិន​លិចបាត់ទេ ពន្លឺ​ព្រះ‌ច័ន្ទ​របស់​អ្នក​ក៏​មិន​លិច​បាត់​ទៅ​វិញ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នករហូតទៅ​ ហើយថ្ងៃ​ដែល​អ្នក​កាន់​ទុក្ខ នឹងត្រូវបញ្ចាប់ដែរ។ 21 ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។ 22 អំបូរ​ដែល​តូច​ជាង​គេ​នឹង​កើន​ចំនួន​រាប់​ពាន់អ្នក ​ដែល​ខ្សោយ​ជាង​គេ នឹង​ប្រែ​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ធ្វើ​ឲ្យ​ការ​ទាំង​នេះ​សម្រេច​ជា​រូប​រាង យ៉ាង​ឆាប់ៗ តាម​ពេល​កំណត់។