ជំពូក ៥៧

1 មនុស្សសុចរិតត្រូវវិនាសអន្ដរាយ តែអត់​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ គ្មានអ្នក​ណា​ពិចារ‌ណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ។ 2 អ្នក​នោះ​ចូល​ទៅ​ក្នុង​សេចក្ដី​សុខ‌សាន្ត គឺ​គ្រប់​ទាំង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។ 3 ប៉ុន្តែមកទីនេះ អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ ហើយ​ជាកូនរបស់ស្រីផឹតក្បត់ និង​ស្រី​ដែលបានធ្វើឲ្យខ្លួនទៅជាពេស្យា​។ 4 តើអ្នកកំពុងសើចចំអកឲ្យនរណា? តើអ្នក​ហា​មាត់​ចំអក ហើយ​លៀន​អណ្ដាត​ឲ្យ​អ្នក​ណា? តើអ្នករាល់គ្នាមិនមែនជាពូជពង្សបះបោរដែលជាកូនចៅនៃការបោកបញ្ឆោតទេឬ? 5 អ្នក​បានដុតខ្លួនរបស់អ្នករាល់គ្នា ដោយបានដេកនៅ​ក្រោម​អូស នៅក្រោម​ដើម​ឈើ​ខៀវ​ខ្ចី ហើយអ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​នៅបាតទន្លេនោះដែរ ​និង​នៅខាងក្រោមក្រហែង​ថ្ម។ 6 នៅក្នុងចំណោម​របស់ដែល​រលើប​ នៅ​ក្នុងទន្លេបាត​ជ្រោះជាវត្ថុដែលបានផ្ដល់ឲ្យដល់អ្នក។ ពួកគេបានចាត់ទុកវត្ថុជាទីសក្ការៈរបស់គេ។ អ្នក​រាល់​គ្នា​ច្រួច‌ស្រា ហើយបាន​សែន​ដល់របស់ទាំងនោះ ហើយដ៏បានថ្វាយដង្វាយស្រូវផងដែរ។ តើការបែបនេះគួរ​ឲ្យ​យើងរីករាយបានទេ? 7 អ្នកបានរៀបចំគ្រែរបស់អ្នកនៅលើភ្នំខ្ពស់។ អ្នកក៏បានឡើងទៅទីនោះដើម្បីថ្វាយយញ្ញបូជា។ 8 អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នកបានធ្វើឲ្យគ្រែរបស់អ្នកធំទូលាយ។ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ អ្នកបានឃើញផ្លូវឯកជនរបស់គេ។ 9 អ្នករត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ម៉ូឡុកជាមួយ​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើន ហើយ​គ្រឿង​ក្រអូប របស់​អ្នកបាន​ចម្រើន​ឡើង អ្នកបាន​ឲ្យពួក​នាំ​សារ​ទៅ​ឆ្ងាយៗ គឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ ។ 10 អ្នកបាននឿយហត់នឹង ដំណើរដ៏វែងឆ្ងាយរបស់អ្នកប៉ុន្តែអ្នកមិនដែលនិយាយថា «វាអស់សង្ឃឹមទេ»។ គឺ​អ្នក​បាន​ទទួលជីវិតដោយដៃអ្នកខ្លួនឯង ​អ្នក​មិន​បាន​អស់កម្លាំងទេ។ 11 «តើអ្នកព្រួយបារម្ភអំពីនរណា? តើ​អ្នក​បាន​ភ័យ​ខ្លាចអ្នកណា​ បាន​ជា​អ្នក​កុហក ហើយ​មិន​បាន​នឹក​ដល់​យើង ឬ​យក​ចិត្ត​ទុក​ដាក់យើង​នោះ? ​ដោយព្រោះតែ​យើង​នៅ​ស្ងៀម​យូរ​ពេក​ ហើយបានជាអ្នករាល់គ្នាមិន កោត​ខ្លាច​ដល់​យើង​សោះ។ 12 យើង​នឹង​ប្រកាស់អំពីសេចក្តីសុចរិតដែលអ្នកបានធ្វើ ហើយប្រាប់គ្រប់ដែល​អ្នកបាន​ប្រព្រឹត្ត តែ​ការទាំងនោះមិនអាចជួយ​ដល់​អ្នក​បានទេ។ 13 ពេល​អ្នក​ស្រែក​អង្វរ​ករ សូមឲ្យរូបចម្លាក់ព្រះដែលអ្នកបានជ្រើសរើសជួយសង្គ្រោះអ្នកផង។ ផ្ទុយទៅវិញ ខ្យល់​នឹង​ផាត់រូប​ព្រះទៅ​ទាំង​អស់។ ចំណែក​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹងទទួលទឹកដីជាមត៌ក ហើយនឹងកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើងទៀតផង។ 14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា« ចូរ​ត្រួស‌ត្រាយ​រៀបចំ​ផ្លូវ ហើយដកថ្មដែលធ្វើឲ្យជំពប់ដួល ចេញពីផ្លូវរបស់ប្រជាជនយើង!» 15 ដ្បិតនេះជាអ្វីដែលព្រះដ៏ខ្ពស់ ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា «យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេគាបសង្កត់ខាងវិញ្ញាណ ដើម្បី​ធ្វើ​ឲ្យវិញ្ញាណមនុស្សដែលត្រូវបានគេគាបសង្កត់មាន​សង្ឃឹម​ ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សោគសង្រេង​បាន​សង្ឃឹម​ផងដែរ។ 16 ដ្បិត​យើង​នឹងមិនចោទប្រកាន់ជារហូតទេ មិនបានខឹង​ជា‌និច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​នៅ​មុខ​យើង ជីវិតដែល​យើង​បាន​បង្កើត​។ 17 ដោយសារតែអំពើបាប អំពើឃោឃៅរបស់គេចម្រើនឡើង យើងបានខឹងហើយជំនុំជម្រះគេ យើងបានបាំងមុខយើងដោយខឹង ប៉ុន្តែគេបានត្រឡប់មកនៅចំពោះដូងចិត្តយើងទៀត។ 18 យើង​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយ យើង​នឹង​នាំ​មុខ​គេ ព្រម​ទាំង​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជា‌ជន ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។ 19 ​យើង​ដែល​បង្កើត​បបូរ​មាត់ចេញជាផលផ្លែ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់អ្នក​ដែល​នៅ​ឆ្ងាយៗ ​និង​អ្នក​ដែល​នៅ​ជិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើង​នឹង​ប្រោស​ពួក​គេ​ឲ្យបាន​ជា​សះ‌ស្បើយ។ 20 ប៉ុន្តែមនុស្សអាក្រក់វិញប្រៀបបាននឹងសមុទ្រដែលបក់បោក មិនដែលសម្រាក ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង។ 21 មនុស្ស​អាក្រក់​នឹងមិន​បាន​សេចក្ដី​សុខ‌សាន្ត​ទេ នេះជា​ព្រះ‌បន្ទូល​របស់ទ្រង់»។