ជំពូក ៥៦
1
នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរសង្កេតមើលអ្វីដែលត្រឹមត្រូវ ចូរធ្វើអ្វីត្រឹមត្រូវ ដ្បិតសេចក្ដីសង្គ្រោះរបស់យើងជិតមកដល់ហើយ សេចក្តីសុចរិតរបស់យើងក៏ជិតមកដល់ដែរ។
2
មានពរហើយអ្នកណាដែលប្រព្រឹត្តបែបនេះ ហើយកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺគោរពថ្ងៃសប្ប័ទបានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនអោយដៃរបស់គេប្រព្រឹត្តអំពើអាក្រក់ណាមួយ »។
3
កុំអោយជនបរទេសណាដែលដើរតាមព្រះអម្ចាស់ហើយពោលថា «ព្រះអម្ចាស់ប្រាកដជានឹងដកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា «មើលចុះខ្ញុំជាដើមឈើស្ងួត»។
4
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ ហើយជ្រើសរើសយកអ្វីដែលគាប់ចិត្តយើងហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
5
ដូច្នេះយើងនឹងអោយគេសង់ផ្ទះនិងក្នុងកំពែងរបស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត។ យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។
6
រីឯជនបរទេសដែលជាប់ចិត្តនឹងចូលរួមជាមួយព្រះអម្ចាស់គោរពបម្រើព្រះអង្គនិងស្រឡាញ់នាមព្រះអង្គ អស់អ្នកដែលគោរពថ្ងៃសប្ប័ទ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
7
យើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង ហើយអោយគេមានអំណរសប្បាយនៅក្នុងដំណាក់ដែលយើងអធិស្ឋាន។យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជាកន្លែង អធិស្ឋានសំរាប់ប្រជាជាតិទាំងមូល។
8
នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ ដែលប្រមូលអស់អ្នកត្រូវបានគេបោះបង់ ក្នុងជនជាតិអុីស្រាអែល យើងនឹងប្រមែប្រមូលអ្នកផ្សេងឲ្យមកជួបជុំគ្នាបន្ថែមទៀតផង»។
9
អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរនាំគ្នាមកស៊ីចំណី!
10
អ្នកយាមរបស់ពួកគេទាំងអស់សុទ្ធ តែខ្វាក់ពួកគេមិនយល់។ ពួកគេទាំងអស់សុទ្ធតែជាឆ្កែដែលមិនចេះព្រុស។ ពួកគេតែងតែស្រមើស្រមៃ។ ពួកគេសម្រាកចុះ ហើយចូលចិត្តដេកណាស់។
11
គេជាពួកឆ្កែសាហាវ ដែលគិតតែពីត្របាក់ស៊ី ហើយមិនចេះស្កប់ស្កល់ទេ។ ជាពួកគង្វាលដែលមិនចេះយល់សោះ ពួកគេបាន ងាកទៅរកមាគ៌ារៀងៗខ្លួន ម្នាក់ៗលោភលន់ចង់បានផលប្រយោជន៍អយុត្តិធម៌។
12
«អញ្ជើញមក» ពួកគេនិយាយថា «តោះយើងផឹកស្រាទំពាំងបាយជូរ។ ហើយថ្ងៃស្អែកនឹងដូចជាថ្ងៃនេះដែរ ព្រោះថ្ងៃណាក៏មានស្រាច្រើនដែរ»។