ជំពូក ២៥
1
ព្រះអម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គ ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺអ្វីដែលព្រះអង្គគិតធ្វើតាំងពីមុនមក ដែលល្អគ្រប់លក្ខណ៍ហើយស្មោះត្រង់។
2
ត្បិតព្រះអង្គបានធ្វើឱ្យទីក្រុងរលាយ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គបានធ្វើឱ្យទីក្រុងដែលមានបន្ទាយរឹងមាំក្លាយទៅជាគំនរបាក់បែក ហើយបន្ទាយរបស់សត្រូវក៏លែងមានទៀតដែរ។
3
ដូច្នេះហើយ មនុស្សខ្លាំងពូកែនឹងថ្វាយសិរីល្អដល់ព្រះអង្គ សូម្បីតែទីក្រុងរបស់មនុស្សកាចសាហារក៏ត្រូវខ្លាចព្រះអង្គដែរ។
4
ត្បិតព្រះអង្គជាទីមាំមួនដល់មនុស្សទីទ័លក្រនៅពេលមានអាសន្ន ជាទីជម្រកនៅពេលមានព្យុះ ហើយជាម្លប់បាំងកម្តៅ នៅពេលដែលកំហឹងរបស់កាចសាហាវ ដែលប្រៀបបាននឹងព្យុះបោកបក់យ៉ាងកំណាចប៉ះនឹងជញ្ជាំង
5
ព្រះអង្គបង្ក្រាបសម្លេងរបស់ពួកសាសន៍ដទៃ ដូចជាបន្ថយកម្តៅនៅដីដែលស្ងួតហួតហែង។ ព្រះអង្គនឹងធ្វើឱ្យចម្រៀងជោគជ័យរបស់ពួកកាចសាហាវប្រែជាស្ងាត់ឈឹង ដូចជាកម្តៅថ្ងៃដែលថយដោយពពកដែរ។
6
នៅលើភ្នំនេះព្រះអម្ចាស់នៃពិភពទាំងមូល នឹងជប់លៀងដល់មនុស្សទាំងឡាយ ជាមួយនឹងស្រាទំពាំងបាយជូរដែលសម្រាំង សាច់នឹងម្ហូបអាហារដែលមានឱជារស់យ៉ាងពិសេស។
7
ព្រះអង្គនឹងបំផ្លាញស្បៃដែលបាំងមុខមនុស្សគ្រប់សាសន៍នៅលើភ្នំនេះ ព្រមទាំងគម្របដែលគ្របលើជាតិសាសន៍ផ្សេងៗ។
8
ព្រះអង្គនឹងកំចាត់សេចក្តីស្លាប់ជាដរាប ព្រះអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងឡាយ ព្រះអង្គនឹងដកយកភាពអាម៉ាស់ចេញពីប្រជាជនព្រះអង្គ ចេញពីផែនដីទាំងមូល ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។
9
នៅថ្ងៃនោះគេនឹងនិយាយថា៖ «ចូរមើល៍! នេះគឺជាព្រះជាម្ចាស់របស់យើងរាល់គ្នា។ នេះគឺជាព្រះអម្ចាស់ដែលយើងបានរង់ចាំ ហើយយើងបានរីករាយដែលទ្រង់បានជួយសង្គ្រោះយើង»។
10
ត្បិតនៅលើភ្នំនេះព្រះហស្ថនៃព្រះអម្ចាស់នឹងសម្រាកហើយជនជាតិម៉ូអាប់នឹងត្រូវគេជាន់ឈ្លី នៅក្នុងស្រុករបស់គេ ប្រៀបបានដូចចំបើងដែលគេជាន់ជាមួយនឹងលាមកសត្វ។
11
ពួកគេខំបោះដៃរបស់គេនៅកណ្តាលកន្លែងនោះ ដូចអ្នកហែលទឹកដែលបានបោះដៃដើម្បីហែលទឹក។ ប៉ុន្តែព្រះអម្ចាស់នឹងបំបាក់ចិត្តអំនួតរបស់គេចេញ ព្រមទាំងល្បិចកលនៃដៃរបស់ពួកគេ។
12
បន្ទាយកំពែងដ៏ខ្ពស់នៅម៉ូអាប់របស់គេ នោះព្រះអង្គនឹងផ្តួលវាឱ្យរាបដល់ដី ហើយកប់ក្នុងធូលី។