ជំពូក ២២
1
សេចក្ដីប្រកាសអំពីជ្រលងភ្នំ នៃនិមិត្ត តើមានមូលហេតុអ្វីដែលអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះ?
2
ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ពួកអ្នកដែលត្រូវគេសម្លាប់មិនបានស្លាប់ដោយដាវទេ ហើយពួកគេក៏មិនបានស្លាប់នៅក្នុងចម្បាំង។
3
ពួកអ្នកដែលដឹកនាំលើអ្នក បានរត់ទៅជាមួយគ្នា
តែពួកពលធ្នូចាប់ចងគេបានហើយ ពួកអ្នកដែលគេរកឃើញ ជាពួកអ្នកដែលបានរត់ទៅឆ្ងាយហើយ។
4
ដូច្នេះហើយ ខ្ញុំនិយាយថា៖ «កុំមើលមកខ្ញុំអី ខ្ញុំនឹងទុក្ខសោកខ្លាំងណាស់ មិនបាច់លោងចិត្តខ្ញុំទេ ដោយព្រោះជនជាតិដែលជាទីស្រឡាញ់របស់ខ្ញុំ ត្រូវបានបំផ្លាញហើយ»។
5
ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល ធ្វើឲ្យមានចលាចលជាថ្ងៃជាន់ឈ្លី ហើយវល់គំនិត នៅជ្រលងភ្នំនៃនិមិត្ត គឺការបាក់បែកនៃកំពែង ហើយប្រជាជននាំគ្នាស្រែកនៅតាមភ្នំ។
6
កងទ័ពអេឡាមស្ពាយបំពង់ព្រួញមកហើយក៏មានរទេះចម្បាំង និងកងពលសេះមកជាមួយដែរ កងទ័ពគៀរនាំគ្នារៀបចំខែល។
7
វានឹងមកតាមច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក បានពេញដោយរទេះចម្បាំង ហើយទ័ពសេះនឹងឈរជើងនៅមាត់ទ្វារ។
8
ព្រះអង្គដកការការពារពីស្រុកយូដា ហើយនៅថ្ងៃនោះអ្នកបានទីពឹងដល់គ្រឿងសស្ត្រាវុធ ដែលនៅក្នុងឃ្លាំងដំណាក់ព្រៃ។
9
អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក។
10
អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះដើម្បីពង្រឹងកំពែងក្រុង។ អ្នកបានធ្វើអាងស្តុកទឹកនៅចន្លោះកំផែងទាំងពីរ សម្រាប់ទឹកនៃអាងចាស់។
11
អ្នកមិនបានពឹងពាក់ដល់ព្រះដែលព្រះអង្គធ្វើការទាំងនេះ ឬផ្អែកដល់ព្រះអង្គដែលបានសម្រេចការនេះជាយូរមកហើយ។
12
នៅគ្រានោះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលបានយំសោកកាន់ទុក្ខដោយកោរសក់និងស្លៀកបាវ។
13
ប៉ុន្តែមើលទៅអ្នករាល់គ្នាបែជាធ្វើការអបអរនិងរីករាយដោយសម្លាប់គោ ស៊ីសាច់ចៀមនិងផឹកស្រា។ ដោយពោលថាយើងនាំគ្នាស៊ីផឹកទៅ ព្រោះស្អែកយើងមុខជាស្លាប់មិនខាន។
14
ព្រះអម្ចាស់នៃពិភពទាំងមូលបានសំដែងអោយខ្ញុំ «ដឹងថាអំពើទុច្ចរិតនេះនឹងមិនត្រូវអត់ទោសអោយអ្នកឡើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
15
ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូរទៅជួបលោកសេបណា ជាមន្ត្រីមើលខុសត្រូវក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ៖
16
«តើអ្នកធ្វើអ្វីនៅទីនេះ តើអ្នកបានការអនុញ្ញាតមកពីណា បានជាអ្នកធ្វើម៉ុងសម្រាប់ខ្លួន អ្នកបានធ្វើម៉ុងសម្រាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសម្រាប់ខ្លួននៅក្នុងថ្ម?»
17
មើល៍! ព្រះអម្ចាស់នឹងបោះអ្នកចោលទៅ មនុស្សដែលពេញដោយកម្លាំងអើយ នឹងបោះអ្នកទៅក្រោម ហើយព្រះអង្គនឹងរុំអ្នកយ៉ាងជិតបំផុត។
18
ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនបាលនៅលើដីដ៏ធំទូលាយដែរ។ អ្នកនឹងស្លាប់លើដីនោះ ជាមួយរទេះចម្បាំងដ៏រុងរឿងរបស់អ្នក អ្នកបានបន្ថោកដំណាក់នៃម្ចាស់អ្នក!
19
«យើងនឹងបណ្តេញអ្នកពីដំណែងចេញ។ ហើយអ្នកនឹងត្រូវទម្លាក់ចុះពីតួនាទី។
20
នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង ឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា។
21
យើងនឹងយកអាវសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងដកអំណាចរបស់អ្នកប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
22
យើងនឹងប្រគល់កូនសោរាជ្យវាំងរបស់ស្ដេចដាវីឌឲ្យដាក់លើស្មាគាត់ បើគាត់បើកគ្មានអ្នកណាបិទបានឡើយ ហើយបើគាត់បិទក៏គ្មាននរណាបើកបានដែរ។
23
យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម ហើយគាត់នឹងធ្វើជាបល្ល័ង្កដ៏រុងរឿងដល់វង្សានៃបិតាគាត់។
24
ពួកគេពឹងផ្អែកលើគាត់ទាំងអស់នូវសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺប្រៀបដូចជាចាន ឆ្នាំងនិងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន។
25
នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់នៃពិភពទាំងមូល ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះ នឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ ដ្បិតព្រះជាអម្ចាស់បានមានព្រះបន្ទូល។