1 ព្រះអម្ចាស់យកព្រះទ័យទុកដាក់ជាមួយនាងសារ៉ា ដូចដែលព្រះអង្គបានមានបន្ទូលថាព្រះអង្គនឹងធ្វើ ហើយព្រះអម្ចាស់បានធ្វើសម្រាប់នាងសារ៉ា ដូចដែលព្រះអង្គបានសន្យា។ 2 នាងសារ៉ាមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអប្រាហាំក្នុងការដែលគាត់ចាស់ណាស់ហើយ តាមពេលកំណត់ដែលព្រះអង្គបានមានបន្ទូលជាមួយគាត់។ 3 លោកអប្រាហាំដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាក។ 4 លោកអប្រាហាំបានកាត់ស្បែកអ៊ីសាកកូនប្រុសរបស់គាត់ នៅពេលគាត់មានអាយុបានប្រាំបីថ្ងៃ ដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់។ 5 លោកអប្រាហាំមានអាយុមួយរយឆ្នាំ ពេលគាត់មានអ៊ីសាកកូនប្រុសរបស់គាត់។ 6 នាងសារ៉ានិយាយថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំសើច មនុស្សគ្រប់គ្នាដែលឮនឹងសើចជាមួយខ្ញុំ»។ 7 នាងក៏និយាយផងដែរថា៖ «តើអ្នកណាអាចនិយាយជាមួយលោកអប្រាហាំថា នាងសារ៉ាបំបៅកូន មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបានបង្កើតកូនប្រុសមួយនៅក្នុងកាលដែលគាត់មានវ័យចាស់ណាស់ហើយដែរ»។ 8 កូនបានធំឡើង ហើយបានផ្តាច់ដោះ លោកអប្រាហាំបានធ្វើពិធីជប់លៀងយ៉ាងធំនៅថ្ងៃដែលអ៊ីសាកបានផ្តាច់ដោះនោះ។ 9 នាងសារ៉ាឃើញកូននាងហាកាជនជាតិអេស៊ីប ដែលនាងបានបង្កើតឲ្យលោកអប្រាហាំ កំពុងចំអកដល់កូននាង។ 10 ដូច្នេះ នាងបានប្រាប់លោកអប្រាហាំថា៖ «ចូរបណ្តេញស្រី្តបម្រើ និងកូនប្រុសរបស់នាងចេញទៅ ដើម្បីកូនប្រុសរបស់ស្រីបម្រើនោះ មិនអាចគ្រងមរត៌កជាមួយអ៊ីសាកបានទេ»។ 11 ការនេះ បានធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំងដោយព្រោះកូនប្រុសរបស់គាត់។ 12 ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលជាមួយលោកអប្រាហាំថា៖ «កុំពិបាកចិត្តដោយព្រោះក្មេង និងអ្នកបម្រើស្រីរបស់អ្នកឡើយ។ ចូរស្តាប់តាមសម្ដីទាំងអស់ដែលនាងប្រាប់អ្នកពីបញ្ហាចុះ ពីព្រោះ តាមរយៈអ៊ីសាកដែលពូជពង្សរបស់ដែលនឹងស្នងត្រកូលពីនាក់។ 13 យើងនឹងធ្វើឲ្យកូនស្រីបម្រើបានក្លាយជាប្រជាជាតិមួយ ព្រោះគាត់គឺជាពូជពង្សរបស់អ្នក»។ 14 លោកអប្រាហាំបានក្រោកឡើងតាំងពីព្រលឹម យកនំប៉័ង និងថង់ស្បែកមានទឹក ហើយប្រគល់វាទៅឲ្យនាងហាកា ដាក់លើស្មារបស់នាង។ គាត់បានប្រគល់កូនប្រុសទៅនាង ហើយក៏ចាត់នាងឲ្យចេញទៅ។ នាងបានចាកចេញ ហើយបានវង្វេងនៅទីរហោស្ថានបៀរសេបា។ 15 នៅពេលទឹកនៅក្នុងថងស្បែកអស់ទៅ នាងបានទុកកូនប្រុសចោលនៅក្រោមដើមឈើតូចមួយ។ 16 បន្ទាប់មក នាងក៏ចេញទៅ ហើយបានអង្គុយឆ្ងាយបន្តិចពីគាត់ ប្រហែលជាមួយសន្ទុះព្រួញ នាងនិយាយថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅចំពោះមុខខ្ញុំទេ»។ ក្នុងកាលដែលនាងអង្គុយទល់មុខនឹងកូននោះ នាងបានស្រែក ហើយយំជាខ្លាំង។ 17 ព្រះជាម្ចាស់បានឮសម្លេងក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់បានហៅនាងហាកាពីស្ថានសួគ៌មក ហើយនិយាយទៅនាងថា៖ «ហាកាអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិត ព្រះជាម្ចាស់បានឮសម្លេងរបស់ក្មេងពីកន្លែងរបស់វាហើយ។ 18 ចូរក្រោកឡើង លើកក្មេងនោះ ហើយលើកទឹកចិត្តគាត់ ដ្បិត យើងនឹងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិមួយដ៏ធំ»។ 19 បន្ទាប់មក ព្រះជាម្ចាស់បានបើកភ្នែករបស់នាង ហើយនាងបានឃើញអណ្តូងទឹកមួយ។ នាងបានទៅ ហើយដងទឹកដាក់ក្នុងថង់ស្បែកដាក់ទឹក ហើយបានឲ្យទៅក្មេងនោះផឹក។ 20 ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ ហើយគាត់បានធំឡើង។ គាត់រស់នៅក្នុងទីវាលរហោស្ថាន ហើយបានក្លាយជាអ្នកពូកែបាញ់ធ្នូ។ 21 គាត់រស់នៅក្នុងទីរហោស្ថាននៅក្នុងទឹកដីប៉ារ៉ាន ហើយម្តាយរបស់គាត់បានការប្រពន្ធឲ្យគាត់ជាមួយនឹងជនជាតិអេស៊ីប។ 22 នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិច និងលោកភីកុល ជាមេទ័ពរបស់ព្រះអង្គពោលទៅលោកអប្រាហាំថា៖ «ព្រះជាម្ចាស់គង់ជាមួយលោកនៅក្នុងគ្រប់ការទាំងលោកធ្វើ។ 23 ឥឡូវនេះ ចូរស្បថជាមួយយើងនៅទីនេះក្នុងនាមព្រះជាម្ចាស់ថា អ្នកនឹងមិនប្រព្រឹត្តមិនត្រឹមត្រូវជាមួយយើង ឬជាមួយកូនចៅរបស់យើង ឬជាមួយពូជពង្សរបស់យើងឡើយ។ ចូរប្រព្រឹត្តជាមួយយើង និងជាមួយទឹកដីដែលលោកស្នាក់នៅដោយសម្ពន្ធមេត្រីដ៏ស្មោះត្រង់ដែលយើងបានប្រព្រឹត្តជាមួយនឹងលោកដែរ។ 24 លោកអប្រាហាំពោលថា៖ «ខ្ញុំស្បថ»។ 25 លោកអប្រាហាំបានប្តឹងព្រះបាទអប៊ីម៉ាឡិចទាក់ទងនឹងអណ្តូងទឹកដែលអ្នកបម្រើរបស់ព្រះបាទអប៊ីម៉ាឡិចបានយកពីគាត់។ 26 ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលថា៖ «យើងមិនដឹងថា អ្នកណាជាអ្នកធ្វើការនេះទេ។ ព្រោះលោកមិនបានប្រាប់ឲ្យយើងដឹងផង យើងមិនបានដឹងរហូតដល់សព្វថ្ងៃនេះ»។ 27 ដូច្នេះ លោកអប្រាហាំបានយកចៀម និងគោ ហើយថ្វាយដល់ព្រះបាទអប៊ីម៉ាឡិច ហើយអ្នកទាំងពីរបានធ្វើសម្ពន្ធមេត្រីនឹងគ្នា។ 28 បន្ទាប់មក លោកអប្រាហាំបានរៀបចំចៀមញីពីហ្វូងសត្វទុកដោយឡែក។ 29 ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលទៅលោកអប្រាហាំថា៖ «តើសត្វចៀមញីទាំងប្រាំពីរនេះ មានន័យយ៉ាងដូចម្តេច ដែលលោកបានញែកដោយឡែកបែបនេះ?» 30 គាត់ឆ្លើយថា៖ «ព្រះអង្គនឹងទទួលចៀមញីទាំងប្រាំពីរនេះ ពីដៃរបស់ទូលបង្គំ ដើម្បីធ្វើជាសាក្សីសម្រាប់ទូលបង្គំ ថាទូលបង្គំជាអ្នកជីកអណ្តូងនេះ»។ 31 ដូច្នេះ គាត់បានហៅកន្លែងនោះថា បៀរសេបា ព្រោះអ្នកទាំងពីរបានស្បថសច្ចានៅទីនោះ។ 32 ពួកគេបានចងសម្ពន្ធមេត្រីនៅបៀរសេបា ហើយបន្ទាប់មកព្រះបាទអប៊ីម៉ាឡិច និងលោកភីកុល ជាមេទ័ពរបស់ព្រះអង្គ បានត្រឡប់ទៅទឹកដីភីលីស្ទីនវិញ។ 33 លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា។ គាត់ថ្វាយបង្គំព្រះជាអម្ចាស់ ជាព្រះដ៏នូវអស់កល្បនៅទីនោះ។ 34 លោកអប្រាហាំនៅជាជនបរទេសនៅក្នុងទឹកដីភីលីស្ទីនជាច្រើនឆ្នាំ។