1 កាលដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី។ 2 ផែនដីគ្មានទម្រង់ និងទទេ។ សេចក្តីងងឹតគ្របនៅលើផ្ទៃនៃជម្រៅទឹក។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់រេរានៅលើផ្ទៃនៃទឹកនោះ។ 3 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរមានពន្លឺ» ហើយពន្លឺក៏មានឡើង។ 4 ព្រះជាម្ចាស់ទតឃើញពន្លឺនោះថាល្អ។ ព្រះអង្គបានញែកពន្លឺចេញពីភាពងងឹត។ 5 ព្រះជាម្ចាស់បានហៅពន្លឺថាជា «ថ្ងៃ» ហើយព្រះអង្គហៅងងឹតថាជា «យប់»។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីមួយ។ 6 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរមានលំហមួយនៅចន្លោះទឹក ហើយឲ្យលំហនោះបានញែកទឹកចេញពីគ្នា»។ 7 ព្រះជាម្ចាស់ធ្វើលំហ ហើយបានញែកទឹកដែលនៅក្រោមលំហនោះពីគ្នា។ វាក៏កើតមានដូច្នោះ។ 8 ព្រះជាម្ចាស់ហៅលំហនោះថាជា «មេឃ»។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីពីរ។ 9 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃបានប្រមូលគ្នាមកនៅតែមួយកន្លែង ហើយចូរឲ្យមានដីស្ងួតលេចឡើង»។ វាក៏កើតមានដូច្នោះ។ 10 ព្រះជាម្ចាស់ហៅដីស្ងួតថាជា «ផែនដី» ហើយហៅទឹកដែលប្រមូលជុំគ្នាថាជា «សមុទ្រ»។ ព្រះអង្គទតឃើញថាល្អ។ 11 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យផែនដីមានរុក្ខជាតិដុះដូចជា៖ រុក្ខជាតិដែលមានគ្រាប់ ហើយដើមឈើដែលមានផ្លែតាមពូជរបស់វា»។ វាក៏កើតមានដូច្នោះ។ 12 ផែនដីបានបង្កើតឲ្យមានរុក្ខជាតិ គឺរុក្ខជាតិដែលមានគ្រាប់តាមពូជរបស់វា ហើយដើមឈើបានបង្កើតផលដែលមានគ្រាប់ពូជនៅក្នុងវា តាមប្រភេទរបស់វា។ ព្រះជាម្ចាស់ទតឃើញថាល្អ។ 13 ក៏មានល្ងាច និងមានព្រឹក ជាថ្ងៃទីបី។ 14 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យមានពន្លឺនៅលើមេឃ ដើម្បីញែកថ្ងៃចេញពីយប់ និងដើម្បីឲ្យវាធ្វើជាសញ្ញាសម្គាល់ សម្រាប់រដូវ សម្រាប់ថ្ងៃ និងឆ្នាំ។ 15 ចូរឲ្យមានពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី»។ ក៏មានដូច្នោះ។ 16 ព្រះជាម្ចាស់បានបង្កើតពន្លឺដ៏ធំពីរ ពន្លឺដែលភ្លឺជាង ដើម្បីបំភ្លឺនៅពេលថ្ងៃ ហើយពន្លឺដែលមិនសូវភ្លឺ ដើម្បីបំភ្លឺនៅពេលយប់។ 17 ព្រះអង្គក៏បង្កើតពួកផ្កាយផងដែរ។ ព្រះជាម្ចាស់បានដាក់ពួកគេនៅលើមេឃដើម្បីផ្តល់ពន្លឺមកលើផែនដី 18 ដើម្បីបំភ្លឺនៅពេលថ្ងៃ និងបំភ្លឺនៅពេលយប់ ហើយដើម្បីញែកពន្លឺចេញពីងងឹត។ ព្រះជាម្ចាស់ទតឃើញថាល្អ។ 19 ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីបួន។ 20 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យទឹកបានពេញទៅដោយសត្វដែលមានជីវិតជាច្រើន ហើយចូរមានសត្វស្លាបហើរនៅលើផែនដីនៅក្នុងចន្លោះអាកាស»។ 21 ព្រះជាម្ចាស់បានបង្កើតសត្តនិករយ៉ាងសម្បើមនៅក្នុងសមុទ្រ និងសត្តនិករដែលមានជីវិតទាំងឡាយតាមប្រភេទរបស់វា ដែលមានជីវិតនៅក្នុងទឹកគ្រប់ទីកន្លែង និងសត្វស្លាបហើរតាមប្រភេទរបស់វា។ ព្រះជាម្ចាស់ទតឃើញថាល្អ។ 22 ព្រះជាម្ចាស់បានឲ្យពរដល់ពួកវា ដោយមានបន្ទូលថា៖ «ចូរបង្កើតផល និងបានចម្រើនឡើង ហើយបានពេញទឹកនៅក្នុងសមុទ្រ។ ចូរឲ្យសត្វស្លាបបានចម្រើនឡើងពេញផែនដីផងដែរ»។ 23 ក៏មានល្ងាច និងព្រឹកជាថ្ងៃទីប្រាំ។ 24 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យផែនដីបង្កើតឲ្យមានសត្តនិករនីមួយៗទៅតាមប្រភេទរបស់វា សត្វជើងបួន សត្វលូនវា និងសត្វព្រៃនៅផែនដី ទៅតាមប្រភេទនីមួយៗរបស់វា»។ ក៏កើតមានដូច្នោះ។ 25 ព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែនដី ទៅតាមប្រភេទរបស់វា សត្វជើងបួនទៅតាមប្រភេទរបស់វា និងសត្វលូនវានៅលើដីគ្រប់យ៉ាងទៅតាមប្រភេទរបស់វា។ ព្រះអង្គទតឃើញថាល្អ។ 26 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរយើងបង្កើតមនុស្សនៅក្នុងរូបភាពរបស់យើង មានលក្ខណដូចជាយើង។ ឲ្យពួកគេមានអំណាចនៅលើត្រីនៅក្នុងសមុទ្រ នៅលើសត្វនៅលើអាកាស នៅលើសត្វជើងបួន និងមានអំណាចនៅលើផែនដីទាំងមូល ព្រមទាំងនៅលើសត្វលូនវាដែលលូនវានៅលើផែនដី»។ 27 ព្រះជាម្ចាស់បានបង្កើតមនុស្សនៅក្នុងរូបភាពរបស់ព្រះអង្គផ្ទាល់។ គឺព្រះអង្គបានបង្កើតគេនៅក្នុងរូបភាពរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបង្កើតពួកគេជាបុរស និងស្រ្តី។ 28 ព្រះជាម្ចាស់បានឲ្យពរដល់ពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «ចូរបង្កើតផលឲ្យបានច្រើន ហើយចម្រើនឡើង។ បំពេញផែនដី ហើយបង្រ្កាបវាផង។ ចូរមានអំណាចនៅលើត្រីនៅក្នុងសមុទ្រ នៅលើសត្វស្លាបនៅលើមេឃ ហើយនិងអ្វីៗដែលមានជីវិតនៅលើផែនដីផង»។ 29 ព្រះជាម្ចាស់មានបន្ទូលថា៖ «មើល៍! យើងបានប្រគល់រុក្ខជាតិដែលមានគ្រាប់ ដែលមាននៅលើផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់តាមពូជផង។ វានឹងបានជាអាហារដល់អ្នក។ 30 ចំពោះសត្វព្រៃនៅលើផែនដី គ្រប់ទាំងសត្វស្លាបនៅលើមេឃ និងអ្វីៗដែលលូនវានៅលើផែនដី ព្រមទាំងសត្តនិករទាំងអស់ដែលមានខ្យល់ដង្ហើមនៃជីវិត យើងប្រគល់ស្មៅខៀវខ្ចីជាអាហារ»។ 31 ព្រះជាម្ចាស់បានទតឃើញអ្វីៗដែលព្រះអង្គបានបង្កើត។ មើលចុះ វាល្អប្រពៃណាស់។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីប្រាំមួយ។