1 នៅខែទីប្រាំបី នៃឆ្នាំទីពីរក្នុងរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការី សាការី ត្រូវជាកូនលោកបេរេគា និងជាចៅរបស់លោកអ៊ីដោថា 2 «ព្រះអម្ចាស់ក្រោធនឹងដូនតារបស់អ្នកខ្លាំងណាស់! 3 ចូរនិយាយប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងនេះថា៖ ចូរត្រលប់មករកយើងវិញ! ហើយយើងនឹងត្រលប់ទៅរកអ្នកវិញដែរ នេះគឺជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 4 កុំធ្វើដូចដូនតារបស់អ្នកឡើយ ជាពួកព្យាការីដែលបានស្រែកថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូច្នេះថា ចូលបែរចេញពីផ្លូវអាក្រក់ និងការប្រព្រឹត្តអំពើទុច្ចរិត!» ប៉ុន្តែពួកគេមិនស្ដាប់ និងមិនបានយកចិត្តទុកដាក់នឹងពាក្យរបស់យើងឡើយ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 5 តើដូនតារបស់អ្នកនៅទីណា? តើពួកព្យាការីនៅទីណា តើពួកគេអាចនៅទីនេះជារៀងរហូតឬ? 6 ប៉ុន្តែពាក្យ និងបញ្ញត្តិដែលបានបង្គាប់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់យើង តើពួកគេមិនបានវិលត្រលប់មកធ្វើតាមដូនតារបស់អ្នកវិញទេឬ? ដូច្នេះ ពួកគេបានប្រែចិត្តហើយនិយាយថា ព្រះអម្ចាស់នៃពិភពលោកទាំងមូល មានផែនការសម្រាប់ពួកយើង តាមផ្លូវនិងការប្រព្រឹត្តដែលយើងបានធ្វើយ៉ាងនោះដែរ ដូច្នេះព្រះអង្គបានធ្វើជាមួយយើងយ៉ាងនោះដែរ»។ 7 នៅថ្ងៃទីម្ភៃបួន នៃខែទីដប់មួយ ដែលត្រូវជាខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ ព្យាការី សាការីត្រូវជាកូនលោកបេរេគា និងជាចៅរបស់លោកអ៊ីដោថា ដោយព្រះបន្ទូលថា៖ 8 «នៅពេលយប់យើងបានមើលឃើញបុរសម្នាក់ដែលកំពុងជិះសេះពណ៍ក្រហម នៅកណ្ដាលដើមយីថោ ក្នុងជ្រលងភ្នំ ហើយនៅពីក្រោយគាត់មានសេះពណ៍ក្រហម ត្នោត និងស ជាច្រើនទៀត»។ 9 ខ្ញុំក៏បានពោលថា៖ «ព្រះជាម្ចាស់អើយ តើការទាំងនេះគឺជាអ្វីទៅ?» បន្ទាប់មកទេវតា ដែលនិយាយជាមួយខ្ញុំប្រាប់ថា «យើងនឹងបង្ហាញអ្នកថាតើការទាំងអស់នេះគឺជាអ្វី»។ 10 បន្ទាប់មកបុរសដែលឈរនៅកណ្ដាលដើមយីថោ និយាយថា «អ្នកទាំងអស់នេះជាអ្នកដែលព្រះអម្ចាស់បានបញ្ជូនមកឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។ 11 ពួកគេក៏ឆ្លើយប្រាប់ទៅកាន់ទេវតានៃព្រះអម្ចាស់ជាអ្នកដែលឈរនៅកណ្ដាលដើមយីថោថា «យើងបានធ្វើដំណើរឆ្លាងកាត់ផែនដី ក៏ឃើញផែនដីទាំងមូលនៅដោយស្ងប់ស្ងាត់ ហើយដោយសេចក្ដីសុខ»។ 12 បន្ទាប់មកទេវតានៃព្រះអម្ចាស់ក៏និយាយថា «ព្រះអម្ចាស់នៃពិភពទាំងមូលអើយ តើពេលណាទើបព្រះអង្គបង្ហាញការអាណិតមេត្តាដល់ក្រុងយេរូសាឡឹម ហើយនិងទីក្រុងផ្សេងៗទៀតនៃស្រុកយូដាទៅ?» 13 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ទេវតាដែលនិយាយជាមួយខ្ញុំដោយពាក្យល្អៗ ហើយជាពាក្យកម្សាន្តចិត្ត។ 14 ដូច្នេះហើយ ទេវតាដែលនិយាយជាមួយខ្ញុំនោះក៏ប្រាប់ខ្ញុំថា «ចូរប្រកាសថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលទាំងនេះថា យើងបានប្រច័ណ្ឌយ៉ាងខ្លាំង ចំពោះក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូន! 15 យើងពិតជាខឹងយ៉ាងខ្លាំង ចំពោះជនជាតិណាដែលអាងលើកម្លាំងខ្លួនឯង។ តែនៅពេលដែលយើងខឹងនឹងគេតិចតួច គេបែរជាបង្កើតគ្រោះមហន្តរាយកាន់តែខ្លាំងទៅវិញ។ 16 ហេតុនេះហើយ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងនេះថា យើងនឹងវិលមកក្រុងយេរូសាឡឹមវិញដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយនឹងមានខ្សែវាស់លាតសន្ធឹងជុំវិញក្រុងយេរូសាឡឹម! 17 ចូរប្រកាសម្ដងទៀតថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលទាំងនេះថា ទីក្រុងរបស់យើងជាច្រើនផ្សេងទៀតនឹងមានភោគទ្រព្យហូរហៀរឡើងវិញ ហើយព្រះអម្ចាស់នឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹមម្ដងទៀត»។ 18 ខ្ញុំក្រឡេកភ្នែកមើលទៅ ឃើញស្នែងបួន! 19 ខ្ញុំបានសួរទៅទេវតាដែលនិយាយជាមួយខ្ញុំថា «តើទាំងអស់នេះគឺជាអ្វី?» លោកក៏ប្រាប់ខ្ញុំថា «ទាំងអស់នេះគឺជាស្នែងដែលមកកម្ចាត់កម្ចាយពួកយូដា ពួកអុីស្រាអែល និងពួកក្រុងយេរូសាឡិម»។ 20 បន្ទាប់មក ព្រះអម្ចាស់បង្ហាញខ្ញុំឲ្យឃើញជាងដែកបួននាក់។ 21 ខ្ញុំក៏សួរថា «តើមនុស្សទាំងអស់នេះមកធ្វើអ្វី?» ព្រះអង្គមានបន្ទូលថា «ទាំងការនេះគឺជាស្នែងដែលមកកម្ចាត់ពួកយូដា ដូច្នេះហើយគ្មានមនុស្សណាម្នាក់អាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ មនុស្សទាំងនេះមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិណាដែលបានប្រើកម្លាំងវាយទឹកដីយូដា និងកម្ចាត់កម្ចាយគេ»។