ជំពូក ១

1 នេះជាសៀវភៅ​រាយ​នាមអំពី​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ។ 2 លោក​អប្រាហាំ​បង្កើតលោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុបបង្កើត​លោក​យូដា និង​បង​ប្អូន​របស់​គាត់។ 3 លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេរ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម 4 លោក​អើរ៉ាម​បង្កើត​លោក​អមីណាដាប់ លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន។ 5 លោកសាលម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ ហើយលោក​អូបេដ​បង្កើត​លោក​អ៊ីសាយ។ 6 លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ ហើយស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​ បង្កើត​ស្ដេច​សាឡូម៉ូន។ 7 ​សាឡូម៉ូន​បង្កើត​​រេហូបោម ​រេហូបោម​បង្កើត​​អប៊ីយ៉ា ​អប៊ីយ៉ា​បង្កើត​​អេសា។ 8 ​អេសា​បង្កើត​​យ៉ូសាផាត ​យ៉ូសាផាត​បង្កើត​​យ៉ូរ៉ាម ​យ៉ូរ៉ាម​បង្កើត​​អូសៀស។ 9 អូសៀស​បង្កើត​​យ៉ូថាម ​យ៉ូថាម​បង្កើត​​អេហាស ​អេហាស​បង្កើត​​អេសេគាស។ 10 ​អេសេគាស​បង្កើត​ម៉ាណាសេ ​ម៉ាណាសេ​បង្កើត​​អាំម៉ូន ​អាំម៉ូន​បង្កើត​​យ៉ូសៀស។ 11 ​យ៉ូសៀស​បង្កើត​​យេកូនាស និង​ប្អូនប្រុសរបស់គាត់ ក្នុង​គ្រា​ដែល​គេ​និរទេស​​ ​ទៅ​​ស្រុក​បាប៊ីឡូន។ 12 ក្រោយ​ពីនិរទេស​ទៅ​​ស្រុក​បាប៊ីឡូន ​លោកយេកូនាស​បង្កើត​លោក​សាលធាល លោក​សាលធាល​បង្កើត​លោក​សូរ៉ូបាបិល។ 13 លោក​សូរ៉ូបាបិល​បង្កើត​លោក​អប៊ីយូដ លោក​អប៊ីយូដ​បង្កើត​លោក​អេលាគីម លោក​អេលាគីម​បង្កើត​លោក​អេសូរ។ 14 លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលីយូដ។ 15 លោក​អេលីយូដ​បង្កើត​លោក​អេឡាសារ លោក​អេឡាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប។ 16 លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះយេស៊ូ ដែលហៅ​ថាព្រះគ្រិស្ដ។ 17 ​ពីជំនាន់​លោក​អប្រាហាំ​មក​ដល់​ស្ដេច​ដាវីឌ មាន​ដប់បួន​តំណ ពី​ស្ដេច​ដាវីឌ​មក​ដល់​នឹង​គ្រា ដែល​គេនិរទេសទៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​តំណ ហើយ​ចាប់​ពី​គ្រាដែល​គេនិរទេសទៅ​ស្រុក​បាប៊ីឡូន​មក​ទល់​ព្រះគ្រិស្ដ ក៏​មាន​ដប់បួន​តំណ​ដែរ។ 18 នេះ​ជា​ដំណើរ​រឿងស្តីអំ​ពី​កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ។ នាង​ម៉ារីជាមាតា​របស់​ព្រះអង្គ​ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេលពូកគេ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។ 19 លោក​យ៉ូសែបដែលជាស្វាមី​របស់​នាង ​ជា​មនុស្ស​សុចរិត ហើយលោក​មិន​ចង់​បំបាក់​មុខ​នាង​ជាសាធារណៈឡើយ។ ដូច្នេះ លោក​បានសម្រេច​ចិត្ត​ផ្ដាច់​ពាក្យជាមួយនាង​ដោយ​ស្ងាត់ៗ​វិញ។ 20 ពេល​ដែលគាត់​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះអម្ចាស់ លេចមក​ប្រាប់​គាត់​ក្នុង​សុបិន​​ថា៖ «​យ៉ូសែប! ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ! សូម​កុំ​ខ្លាច​នឹង​ទទួល​យកនាង​ម៉ារី​​មកធ្វើ​ជា​ភរិយា​ឡើយ ពីព្រោះបុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធទេ។ 21 នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​​ត្រូវ​ថ្វាយ​ព្រះនាម​ថា យេស៊ូ ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​ព្រះអង្គ ឲ្យ​រួច​ពី​បាប​របស់​គេ»។ 22 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី​ថា៖ 23 «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ ហើយនាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ ​គេ​នឹង​ថ្វាយ​ព្រះនាម​ថា «អេម៉ាញូអែល» មានន័យថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង»។ 24 លុះ​លោក​យ៉ូសែប​ភ្ញាក់ពីដំណេក លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា គឺ​លោក​ទទួល​នាង​ម៉ារី​​មកធ្វើ​ជា​ភរិយា។ 25 ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ។ រួចលោកថ្វាយ​ព្រះនាម​ថា «យេស៊ូ»។