1 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលមកដល់លោកហូសេ ជាកូនបេរី ក្នុងរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងក្នុងគ្រាដែលព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអុីស្រាអែល។ 2 កាលព្រះអម្ចាស់ចាប់ផ្តើមមានព្រះបន្ទូលតាមរយៈហូសេ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរទៅយកស្ត្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធ ហើយបង្កើតកូនពីស្ត្រីពេស្យានោះ។ ដ្បិតទឹកដីនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះអម្ចាស់»។ 3 ដូច្នេះ លោកហូសេក៏ទៅរៀបការជាមួយនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយឲ្យហូសេ។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ហូសេថា៖ «ចូរហៅឈ្មោះកូននេះថា យេសរាល។ ដ្បិតនៅតែបន្តិចទៀត យើងនឹងដាក់ទោសពូជពង្សយេហ៊ូវ ព្រោះតែឈាមយេសរាល ហើយយើងនឹងធ្វើឲ្យរាជ្យនៃពូជពង្សអុីស្រាអែលត្រូវចប់។ 5 វានឹងកើតឡើងនៅថ្ងៃនោះ ដែលយើងនឹងបំបាក់ធ្នូរបស់អុីស្រាអែល នៅជ្រលងភ្នំយេសរាល»។ 6 នាងកូមើរមានទម្ងន់ម្តងទៀត ហើយបង្កើតបានកូនស្រី។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ហូសេថា៖ «ចូរហៅឈ្មោះកូននេះថា ឡូរូហាម៉ា ដ្បិតយើងនឹងលែងមេត្តាដល់ពូជពង្សអុីស្រាអែល ដែលយើងមិនអត់ទោសឲ្យគេដែរ។ 7 ប៉ុន្ដែយើងនឹងមេត្តាដល់ពូជពង្សយូដា ហើយយើងនឹងសង្គ្រោះគេដោយខ្លួនយើង ព្រះអម្ចាស់ជាព្រះរបស់គេ។ យើងនឹងមិនសង្គ្រោះគេដោយធ្នូ ដាវ សង្គ្រាមសេះ ឬពលសេះឡើយ»។ 8 កាលនាងបានផ្តាច់ដោះឡូរូហាម៉ារួចហើយ នាងក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយទៀត។ 9 រួចហើយព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរហៅឈ្មោះកូននេះថា ឡូអាំមី ដ្បិតអ្នកមិនមែនជាប្រជារាស្ត្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នក។ 10 ប៉ុន្តែកូនចៅអុីស្រាអែល នឹងដូចខ្សាច់នៅសមុទ្រ ដែលមិនអាចរាប់ ដឹងពីចំនួនបានឡើយ។ គឺនឹងមានពាក្យនិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ» នឹងត្រូវនិយាយពួកគេថា៖ «អ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏មានព្រះជន្មរស់»។ 11 ប្រជាជននៃយូដា និងប្រជាជនអុីស្រាអែលនឹងមកជួបជុំគ្នា។ ពួកគេនឹងតាំងឲ្យមានមេដឹកនាំតែមួយគ្រប់គ្រងលើគេ ហើយគេនឹងឡើងចេញពីទឹកដីនោះ ដ្បិតថ្ងៃរបស់យេសរាល នឹងបានជាថ្ងៃមួយដ៏ធំ។