ជំពូក ១

1 កាលពីដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងតាមរយៈពួកព្យាការី ច្រើនលើកច្រើនសារ និងប្រើរបៀបផ្សេងៗជាច្រើន។ 2 ប៉ុន្តែ នៅសម័យចុងក្រោយបង្អស់ ព្រះអង្គមានព្រះបន្ទូលមកកាន់យើងរាល់គ្នា តាមរយៈព្រះបុត្រាវិញ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមរតក។ ព្រះជាម្ចាស់បានបង្កើតពិភពទាំងមូល ដោយសារព្រះបុត្រា។ 3 ព្រះបុត្រាជាពន្លឺនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយសារ​ព្រះបន្ទូល​ពេញ​ឫទ្ធានុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យបានវិសុទ្ធរួចផុត​ពី​បាប​រួច​ហើយ ទ្រង់ក៏គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត។ 4 ព្រះបុត្រា​បានទទួល​ព្រះនាម​ប្រសើរ​លើស​ពួក​ទេវតាយ៉ាង​ណា ​ទ្រង់​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។ 5 តើព្រះជាម្ចាស់​ធ្លាប់​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង នៅថ្ងៃនេះ ​យើង​​បាន​ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​» ឬ​មាន​ព្រះបន្ទូល​ថា៖ «តើយើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើងដែរឬទេ?» 6 មួយវិញទៀត ពេលព្រះជាម្ចាស់ចាត់បញ្ជូនបុត្រច្បងមកផែនដីនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេវតាទាំងអស់របស់ព្រះជាម្ចាស់ត្រូវថ្វាយបង្គំព្រះបុត្រា»។ 7 ចំពោះពលទេវតាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ព្រះអង្គជាព្រះជាម្ចាស់ ដែលបានបង្កើតទេវតាជាវិញ្ញាណ ហើយអ្នកបម្រើព្រះអង្គជាអណ្តាតភ្លើង»។ 8 ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រ ព្រះជាម្ចាស់ បល្ល័ង្កព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ហើយព្រះរាជ្យរបស់ព្រះអង្គជារាជ្យប្រកបដោយយុត្តិធម៌។ 9 ព្រះអង្គសព្វព្រះហប្ញទ័យសេចក្តីសុចរិត និងមិនសព្វព្រះហប្ញទ័យនឹងអំពើទុច្ចរិត។ ហេតុដូចនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គបានចាក់ប្រេងអភិសេកព្រះអង្គ ដោយប្រេងនៃអំណរលើសលប់ ជាងមិត្តភក្តិរបស់ព្រះអង្គទៅទៀត»។ 10 កាលដើមដំបូងបង្អស់ ព្រះអម្ចាស់​បាន​បង្កើតគ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ដែរ។ 11 ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅអស់ តែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅៗ ដូច​សម្លៀកបំពាក់។ 12 ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី និងទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ។ ផែនដី និង​ផ្ទៃ​មេឃ​នឹង​ត្រូវរេចរឹល​ទៅដូច​សម្លៀកបំពាក់។ ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​មិនចេះ​ប្រែព្រះទ័យ​ឡើយ ហើយ​ព្រះជន្មាយុ​របស់​ព្រះអង្គក៏​មិន​ចេះ​អស់​ដែរ​។ 13 ចុះតើទេវតាមួយណា ដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គ្រប់ពេលថា៖​ «ចូរអង្គុយនៅខាងស្តាំយើង រហូតយើងបង្រ្កាបខ្មាំងសត្រូវព្រះអង្គដាក់ក្រោមព្រះបាទាព្រះអង្គ?» 14 តើទេវតាទាំងអស់មិនមែនជាវិញ្ញាណ ដែលបម្រើព្រះជាម្ចាស់ ហើយត្រូវព្រះអង្គបញ្ជូនឲ្យមកមើលថែអ្នក ដែលត្រូវទទួលការសង្រ្គោះជាមរតកដែរឬទេ?