ជំពូក ១

1 នេះជាពាក្យរដែលលោកម៉ូសេបានមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលទាំងអស់ នៅឯខាងនាយទន្លេយ័រដាន់ ក្នុងទីរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ព្រមទាំងហាសិរ៉ូត និងឌីសាហាប។ 2 ​បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលដប់មួយថ្ងៃចេញពីហោរែប នៅតាមតំបន់ភ្នំសៀរ ទៅកាន់កាដេស បារនា។ 3 ការនេះកើតឡើងនៅក្នុងឆ្នាំសែសិប នៅខែទីដប់មួយ នៅថ្ងៃទីមួយនៃខែនោះ លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែល អំពីព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោកឲ្យប្រាប់គេពួកគេ។ 4 ការនេះកើតឡើងបន្ទាប់ពីព្រះជាម្ចាស់បានប្រហារលើព្រះបាទស៊ីហុន ជាស្តេចជនជាតិអាម៉ូរី ដែលគង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត និងអេទ្រី។ 5 កាលលោកម៉ូសេចាប់ផ្ដើមបង្រៀនក្រឹត្យវិន័យ នៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ថា៖ 6 «ព្រះអម្ចាស់ជាព្រះនៃយើងបានមានព្រះបន្ទូលមកកាន់ពួកយើង​នៅលើហោរែបថា អ្នករាល់គ្នាបានរស់នៅនៅលើភ្នំនេះជាយូរណាស់មកហើយ។ 7 ចូរចេញទៅ​ហើយបន្តដំណើររបស់អ្នក ហើយឆ្ពោះទៅកាន់តំបន់ភ្នំជនជាតិអាម៉ូរី ហើយទៅកាន់គ្រប់ទីកន្លែងដែលនៅជិតទីនោះនៅ ព្រមទាំងវាលទំនាបជ្រលងទន្លេយ័រដាន់នៅតំបន់ភ្នំ តំបន់វាលទំនាប ក្នុងតំបន់ណេកិប និងឆ្នេរសមុទ្រ ស្រុកកាណាន និងនៅក្នុងប្រទេសលីបង់ រហូតដល់ទន្លេធំអឺប្រាត។ 8 មើល៍ យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ ចូរកាន់កាប់ទឹកដីនោះទៅ ជាទឹកដីដែលព្រះជាម្ចាស់បានសន្យាប្រគល់ឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយផ្សេងទៀត។ 9 នៅពេលនោះយើងបានប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនអាចទទួលខុសត្រូវអ្នករាល់គ្នាតែម្នាក់ឯងបានទេ។ 10 ព្រះជាម្ចាស់ជាព្រះនៃអ្នកបានធ្វើឲ្យអ្នករាលគ្នាកើនគ្នាច្រើន ហើយមើល៍ សព្វថ្ងៃនេះ អ្នករាល់គ្នាមានចំនួនច្រើនដូចជាផ្កាយនៅលើមេឃ។ 11 សូមព្រះជាម្ចាស់ ជាព្រះនៃបុព្វបុរសអ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាមានចំនួនច្រើន មួយពាន់ដងលើសជាងនេះ ហើយប្រទានពរអ្នករាល់គ្នា ដូចព្រះបានសន្យានឹងអ្នករាល់គ្នារួចហើយ! 12 ប៉ុន្តែ តើធ្វើដូចម្ដេចឲ្យខ្ញុំតែម្នាក់ អាចទទួលបន្ទុកដ៏ច្រើន និងដោះស្រាយជម្លោះឲ្យអ្នករាល់គ្នាបានទៅ? 13 ចូរយកមនុស្សដែលមានប្រាជ្ញា មនុស្សដែលមានការយល់ដឹង និងមនុស្សដែលមានកេរិ៍្តឈ្មោះល្អ ក្នុងកុលសម្ព័ន្ធនីមួយៗ ហើយយើងនឹងឲ្យពួកគេធ្វើជាមេដឹកនាំលើអ្នករាល់គ្នា។ 14 អ្នករាល់គ្នាឆ្លើយតមមកខ្ញុំថា៖ «កិច្ចការដែលលោកបានប្រាប់នោះប្រសើរណាស់សម្រាប់ពួកយើង»។ 15 ដូច្នេះ ខ្ញុំបានជ្រើសរើសមេដឹកនាំនៃកុលសម្ពន័្ធរបស់អ្នក គឺមនុស្សមានប្រាជ្ញា និងមនុស្សដែល​មានកេរិ៍្តឈ្មោះល្អ ហើយតែងតាំងឲ្យពួកគេធ្វើជាមេដឹកនាំលើអ្នករាល់គ្នា ជាមេដឹកនាំលើមួយពាន់នាក់ ជាមេដឹកនាំលើមួយរយនាក់ ជាមេដឹកនាំលើហាសិបនាក់ ជាមេដឹកនាំលើដប់នាក់ និងជាពួកមេដឹកនាំ តាមកុលសម្ព័ន្ធ។ 16 ខ្ញុំបានបង្គាប់ទៅពួកចៅក្រុមរបស់អ្នករាល់គ្នានៅគ្រានោះថា ចូរស្ដាប់ជម្លោះរបស់បងប្អូនរបស់អ្នករាល់គ្នា ហើយកាត់ក្ដីដោយយុត្តិធម៌រវាងមនុស្សម្នាក់ និងបងប្អូនរបស់គាត់ ហើយនិងជនបរទេសដែលរស់នៅគាត់ផង។ 17 អ្នករាល់គ្នានឹងមិនត្រូវបង្ហាញភាពលំអៀងទៅលើនរណាម្នាក់នៅេពេលមានជម្លោះកើតឡើងនោះទេ អ្នករាល់គ្នានឹងត្រូវស្ដាប់ទាំងអ្នកតូច និងអ្នកធំដូចគ្នា។ អ្នករាល់គ្នានឹងមិនត្រូវភ័យខ្លាចមុខនៃមនុស្សណាឡើយ ដ្បិត ការកាត់ក្ដីគឺស្ថិតលើព្រះជាម្ចាស់ បើរឿងនោះអ្នករាល់គ្នាពិបាកកាត់ក្ដីពេក នោះអ្នករាល់គ្នានឹងនាំមកឯខ្ញុំ ហើយខ្ញុំនឹងស្ដាប់រឿងនោះ។ 18 ខ្ញុំបង្គាប់អ្នករាល់គ្នានៅគ្រានោះថា គ្រប់កិច្ចការទាំងអស់ដែលអ្នករាល់គ្នាគួរធ្វើ។ 19 យើងធ្វើដំណើរចេញពីភ្នំហោរែប ហើយបានឆ្លងកាត់វាលរហោស្ថានដ៏ធំ គួរស្ញែងខ្លាចទាំងនោះ ដែលអ្នករាល់គ្នាបានឃើញ នៅតាមផ្លូវរបស់ពួកយើងទៅកាន់ភ្នំរបស់ជនជាតិអាម៉ូរី ដូចព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងបានបង្គាប់ដល់យើង ហើយយើងបានទៅដល់កាដេស បារនា។ 20 ខ្ញុំបានប្រាប់អ្នករាល់គ្នាថា៖ «អ្នករាល់គ្នាបានមកដល់ភ្នំរបស់ជនជាតិអាម៉ូរី ដែលព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ប្រទានដល់យើង។ 21 មើល៍ ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា បានរៀបចំទឹកដីនៅមុខអ្នករាល់គ្នាហើយ ចូរឡើងទៅកាន់កាប់ ដូចព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានមានបន្ទូលមកអ្នករាល់គ្នាថារួចហើយថា កុំភ័យខ្លាច ឬតក់ស្លុតអ្វីឡើយ»។ 22 អ្នកទាំងអស់គ្នាបានចូលមកជួបខ្ញុំ ហើយនិយាយថា៖ «ចូរឲ្យពួកយើងចាត់មនុស្សឲ្យទៅមុខពួកយើង ដូច្នេះ ពួកគេអាចនឹងស្វែងរកទឹកដីសម្រាប់ពួកយើង ហើយនាំពាក្យមកប្រាប់ពួកយើងអំពីផ្លូវដែលពួកយើងគួរតែវាយប្រហារ ព្រមទាំងទីក្រុងណាដែលយើងនឹងទៅដល់។ 23 ខ្ញុំយល់ឃើញថាគំនិតនេះល្អ ខ្ញុំបានចាត់មនុស្សដប់ពីរពីអ្នករាល់គ្នា គឺក្នុងកុលសម្ព័ន្ធមួយត្រូវយកមនុស្សម្នាក់។ 24 ពួកគេបានចេញទៅ ហើយឡើងទៅកាន់តំបន់ភ្នំ រហូតដល់ភូមិអែលកុល ហើយក៏ស៊ើបការណ៍នៅស្រុកនោះ។ 25 ពួកគេបានយកផលរបស់ដីនៅក្នុងដៃរបស់ពួកគេ និងបាននាំយកវាចុះដល់ពួកយើង។ ពួកគេព្រមទាំងនាំពាក្យមកប្រាប់ពួកយើងថា៖ «ស្រុកនោះគឺជាទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើងប្រទានដល់ពួកយើង»។ 26 អ្នករាល់គ្នាមិនព្រមវាយប្រហារ តែបែរជាប្រឆាំងបះបោរនឹងសេចក្តីបង្គាប់របស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នាវិញ។ 27 អ្នករាល់គ្នាត្អូញត្អែក្នុងត្រសាលរបស់អ្នករាល់គ្នា ហើយនិយាយថា៖ «ដោយព្រោះ ព្រះអម្ចាស់ស្អប់ពួកយើង បានជាព្រះអង្គនាំពួកយើងចាកចេញពីទឹកដីអេស៊ីប ដើម្បីឲ្យពួកយើងធ្លាក់ចូលក្នុងដៃរបស់ជនជាតិអាម៉ូរី ហើយបំផ្លាញពួកយើង។ 28 តើពួកយើងអាចទៅកន្លែងណាបាន? បងប្អូនរបស់យើងបានបំភ័យយើង ដោយនិយាយថា៖ «ប្រជាជនទាំងនោះធំជាង និងខ្ពស់ជាងពួកយើង ក្រុងរបស់ពួកគេធំជាងយើង ហើយមានកំពែងការពារខ្ពស់ដល់មេឃ មួយទៀត យើងបានឃើញកូនចៅអណាក់ នៅទឹកដីនោះដែរ»។ 29 បន្ទាប់មក ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា៖ «កុំភ័យខ្លាចឲ្យសោះ ហើយក៏មិនត្រូវខ្លាចពួកគេដែរ។ 30 ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលយាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធជំនួសអ្នករាល់គ្នា ដូចជាអ្វីៗដែលព្រះអង្គបានធ្វើលើទឹកដីអេស៊ីបនៅចំពោះមុខអ្នករាល់គ្នា 31 ព្រមទាំងនៅក្នុងទីរហោស្ថាន ជាកន្លែងដែលអ្នករាល់គ្នាបានឃើញថា ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា បាននាំអ្នករាល់គ្នា ដូចជានាំបុត្ររបស់ព្រះអង្គ ទៅគ្រប់កន្លែងដែលអ្នករាល់គ្នាទៅរហូតមកដល់កន្លែងនេះ។ 32 ប៉ុន្តែ ទោះបីយ៉ាងនោះក្តី អ្នករាល់គ្នានៅតែមិនជឿលើព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា 33 ជាព្រះដែលបានយាងនៅមុខអ្នក​នៅតាមផ្លូវ ដើម្បីស្វែងរកទីកន្លែងសម្រាប់អ្នករាល់គ្នាតម្លើងត្រសាល ដោយភ្លើងនៅពេលយប់ និងដោយពពកនៅពេលថ្ងៃ។ 34 ព្រះអម្ចាស់ឮសម្លេងរបស់អ្នករាល់គ្នាហើយ ព្រះអង្គព្រះពិរោធ ហើយមានព្រះបន្ទូលថា៖ 35 «ក្នុងចំណោមមនុស្សអាក្រក់នៅជំនាន់នេះ គ្មានអ្នកណាម្នាក់អាចឃើញទឹកដីល្អ ដែលយើងបានស្បថថា នឹងឲ្យបុព្វបុរសរបស់អ្នករាល់គ្នាឡើយ 36 លើកលែងតែកាលែប ជាកូនរបស់យេភូនេ លោកនឹងឃើញទឹកដីនោះ។ យើងនឹងប្រទានទឹកដីណាដែលលោកបានដើរកាត់ ហើយកូនចៅរបស់លោក​​​​​​​ព្រោះលោកបានដើរតាមព្រះអម្ចាស់ទាំងស្រុង»។ 37 ហើយព្រះអម្ចាស់ក៏ព្រះពិរោធនឹងខ្ញុំដោយព្រោះតែអ្នករាល់គ្នា ព្រះអង្គមានបន្ទូលថា៖ «អ្នកក៏មិនបានចូលទៅក្នុងទឹកដីនោះដែរ 38 លោកយ៉ូស្វេ ជាកូនរបស់លោកនួន ជាអ្នកដែលឈរនៅពីមុខអ្នករាល់គ្នា លោកនឹងទៅដល់ទីនោះ ចូរលើកទឹកចិត្តលោក ដ្បិត លោកនឹងដឹកនាំអ៊ីស្រាអែល ដើម្បីទៅយកវាជាមរតក។ 39 មួយវិញទៀត កូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នានិយាយថា ពួកគេអាចទៅជាជនរងគ្រោះ ដែលសព្វថ្ងៃគេមិនទាន់យល់ដឹងអំពីការល្អ ឬអាក្រក់នៅឡើយ ពួកគេនឹងទៅកាន់ទឹកដីនោះដែរ។ យើងនឹងប្រគល់ទឹកដីនោះឲ្យទៅពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។ 40 ប៉ុន្តែ អ្នករាល់គ្នាវិញ ចូរត្រឡប់ និងធ្វើដំណើរទៅក្នុងទីរហោស្ថាន ឆ្ពោះទៅកាន់សមុទ្រកក់វិញ។ 41 បន្ទាប់មក អ្នករាល់គ្នាឆ្លើយមកខ្ញុំថា៖ «យើងបានធ្វើបាបទាស់នឹងព្រះអម្ចាស់ យើងនឹងឡើងទៅប្រយុទ្ធ ហើយយើងនឹងដើរតាមអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ជាព្រះនៃយើងបានបង្គាប់យើងឲ្យធ្វើ។ បុរសគ្រប់រូប នៅក្នុងចំណោមអ្នករាល់គ្នាត្រូវកាន់អាវុធរៀងៗខ្លួន ហើយអ្នករាល់គ្នាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធនៅតំបន់ភ្នំនោះ។ 42 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖​ «ចូរប្រាប់ពួកគេកុំវាយប្រហារ និងប្រយុទ្ធឡើយ ដ្បិត យើងនឹងមិនគង់នៅជាមួយអ្នករាល់គ្នាឡើយ ហើយខ្មាំងសត្រូវរបស់អ្នករាល់គ្នានឹងយកឈ្នះលើអ្នករាល់គ្នាជាមិនខាន»។ 43 ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនបានស្ដាប់ខ្ញុំទេ។ អ្នករាល់គ្នាបះបោរប្រឆាំងនឹងសេចក្តីបង្គាប់របស់ព្រះអម្ចាស់ អ្នករាល់គ្នាបានក្រអឺតក្រទម ហើយបានទៅវាយលុកនៅតំបន់ភ្នំ។ 44 ប៉ុន្តែ ជនជាតិអាម៉ូរីដែលរស់នៅក្នុងតំបន់ភ្នំនោះ ចេញមកប្រយុទ្ធនឹងអ្នករាល់គ្នា ហើយដេញប្រហារអ្នករាល់គ្នាដូចជាសត្វឃ្មុំ ហើយបានវាយអ្នករាល់គ្នារហូតដល់តំបន់ភ្នំសៀរ និងរហូរដល់ហោម៉ាផងដែឬ។ 45 អ្នករាល់គ្នាបានត្រឡប់មកវិញ ហើយបានយំសោកនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនបានស្ដាប់សម្លេងរបស់អ្នករាល់គ្នាទេ ហើយព្រះអង្គក៏មិនបានផ្ទៀងព្រះកាណ៌ស្ដាប់អ្នករាល់គ្នាដែរ។ 46 ដូច្នេះ អ្នករាល់គ្នារស់នៅក្នុងកាដេសនោះអស់រយៈជាយូរថ្ងៃ។