ជំពូក ៣

1 គ្រានោះ មានកើតសង្ក្រាមអស់រយៈពេលយ៉ាងយូរវាងរវាង​រាជ‌វង្សរបស់ព្រះបាទសូល និងរវាង​រាជ‌វង្សរបស់ព្រះបាទដាវីឌ។ រាជ្យវង្សរបស់់ព្រះបាទដាវីឌកាន់តែមានអំណាចឡើងខ្លាំង ហើយខ្លាំងឡើង ចំណែកឯ រាជ‌វង្សរបស់ព្រះបាទសូលកាន់តែចុះខ្សោយទៅ ចុះខ្សោយទៅ។ 2 បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គ បានប្រសូតនៅក្នុងហេប្រុន។ បុត្រច្បងរបស់ព្រះអង្គ ព្រះនាម​អាំណូន ដែលបានប្រសូតពីព្រះនាងអ័ហីណោម ជាអ្នកស្រុកយេសរាល។ 3 បុត្រទីពីរ ព្រះនាម គីឡាប ដែលប្រសូតពីព្រះនាង​អប៊ី‌កែល ជាភរិយារបស់លោកណាបាល អ្នកស្រុកកាមែល។ បុត្រទីបី ព្រះនាម អាប់សាឡូម ប្រសូតពីព្រះនាងម៉ាកា ជាបុត្រីព្រះបាទតាលម៉ាយ អ្នកស្រុកហ្កេសួរ។ 4 បុត្រទីបួនរបស់ស្តេចដាវីឌ ព្រះ‌នាម​អដូនី‌យ៉ា ជាបុត្ររបស់ព្រះនាង​ហាគីត។ បុត្រទីប្រាំ ព្រះនាមសេផាធា ប្រសូតពីព្រះនាងអប៊ីតាល។ 5 ហើយបុត្រទីប្រាំមួយ គឺយីតរ៉ាម ប្រសូតពីព្រះនាងអេកឡា។ ទាំងនេះគឺជាបុត្ររបស់ស្តេចដាវីឌ​​ ដែលបានប្រសូតនៅក្នុងហេប្រុន។ 6 នៅគ្រានោះការធ្វើសង្គ្រាមរវាងរាជវង្សរបស់ព្រះបាទសូល និង រាជវង្សរបស់ព្រះបាទដាវីឌ លោអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួននៅក្នុងរាជវង្សរសស់ព្រះបាទសូល។ 7 ព្រះបាទសូលមានស្នំឯកម្នាក់ ឈ្មោះនាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា។ សម្តេចអ៊ីសបូសែត បានមានបន្ទូលទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោកដេកជាមួយស្នំឯកបិតារបស់យើងដូច្នេះ?» 8 ពេលនោះ លោកអប៊ីនើរខឹងយ៉ាងខ្លាំងចំពោះសំនួររបស់សម្តេចអ៊ីសបូសែត​ រួចតបទៅវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើរបស់ពួកយូដាឬក៏អី? រហូតដល់សព្វថ្ងៃនេះទូលបង្គំបង្ហាញសេចក្តីស្មោះត្រង់ចំពោះញាតិវង្សរបស់ព្រះបាទសូលបិតារបស់ព្រះករុណា ចំពោះបងប្អូន និង មិត្តភក្រ្តរបស់ទ្រង់ ដោយមិនបញ្ជូនព្រះករុណាទៅក្នុងព្រះហស្តស្តេចដាវីឌ។ ប៉ុន្តែ ហេតុអ្វីឥឡូវព្រះករុណាបែរជាស្តីបន្ទោសទូលបង្គំព្រោះតែរឿងមនុស្សស្រីទៅវិញ? 9 សូមព្រះអម្ចាស់ដាក់ទូលបង្គំ លោកអប៊ីនើរ យ៉ាងធ្ងន់ធ្ងរទៅចុះ ប្រសិនបើទូលបង្គំមិនប្រគល់រាជ្យទៅអោយព្រះបាទដាវីឌ តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាទេនោះ 10 គឺព្រះអង្គបានសន្យាថា នឹងផ្ទេររាជ្យពីរាជវង្សរបស់ព្រះបាទសូល ហើយតាំងបល័្លង្ករបស់ព្រះបាទដាវីឌឡើងឲ្យគ្រប់គ្រងលើអ៊ីស្រាអែល​និង យូដា គឺចាប់ពីក្រុងដាន់ រហូតដល់បៀសេបា»។ 11 1 សម្តេចអ៊ីសបូសែត មិនមានពាក្យអ្វីឆ្លើយតបនឹងពាក្យរបស់លោកអប៊ីនើរបានទេ ព្រោះលោកភ័យខ្លាចលោកអប៊ីនើរ។ 12 លោកអប៊ីនើរបានចាត់អ្នកនាំសារទៅឯព្រះបាទដាវីឌ ដើម្បីទូលព្រះអង្គថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់អ្នកណា? ចូរចងសម្ពន្ធមិត្តជាមួយទូលបង្គំចុះ ហើយចូលទតមើលចុះគឺទូលបង្គំប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យមកនៅក្រោមការដឹកនាំរបស់ទ្រង់»។ ​ 13 ព្រះបាទដាវីឌ​តបវិញថា៖ «បាន! យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក។ ប៉ុន្តែយើងមានរឿងមួយស្នើដល់លោក គឺលោកនឹងមិនបានឃើញមុខរបស់យើងទេ លុះត្រាតែលោកនាំព្រះ‌នាង​មិកាល់ ជាបុត្រីស្តេចសូល មកជាមួយនោះលោកនឹងបានជួបជាមួយយើង»។ 14 បន្ទាប់មក ព្រះបាទដាវីឌ បានចាត់អ្នកនាំសារទៅគាល់ព្រះ‌បាទ​អ៊ីស‌បូសែត បុត្ររបស់ព្រះបាទសូលមានរាជឱង្ការថា៖ «សូមប្រគល់ព្រះ‌នាង​មិកាល់ ជាមហេសីរបស់ទូលបង្កំមកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំបានយកស្បែកអង្គជាតិពួកភីលីស្ទីន ចំនួនមួយរយមកជូនជាបណ្តាការ»។ 15 ដូច្នេះ ព្រះ‌បាទ​អ៊ីស‌បូសែត​ ចាត់គេឲ្យទៅនាំព្រះ‌នាង​មិកាល់ ពីផ្ទះប្តីរបស់នាងមក គឺលោកប៉ាសធាស កូនរបស់លោកឡាអ៊ីស។ 16 ប្តីរបស់នាងក៏ចេញទៅតាមពីក្រោយនាង ទាំងយំផង រហូតដល់បាហ៊ូរីម។ បន្ទាប់មក លោកអប៊ីនើរមានប្រសាសន៍ទៅលោកថា៖ «ចូរត្រឡប់ទៅផ្ទះវិញទៅ!»។ គាត់ក៏ត្រឡប់ទៅវិញ។ 17 លោកអប៊ីនើរបានមានប្រសាសន៍ទៅកាន់ពួកចាស់ទុំរបស់អ៊ីស្រាអែលថា៖​ «កាលពីមុនអ្នករាល់គ្នាព្យាយាមដើម្បីឲ្យបានព្រះបាទដាវីឌ ជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នា។ 18 ឥឡូវនេះ ចូរនាំគ្នាធ្វើដូច្នេះចុះ! ដ្បិត ព្រះអម្ចាស់បានមានព្រះបន្ទូលអំពីព្រះបាទដាវីឌថា៖ «យើងនឹងសង្គ្រោះអ៊ីស្រាអែលជាប្រជារាស្រ្តរបស់យើងពីដៃរបស់ពួកភីលីស្ទីន និងពីដៃរបស់ខ្មាំងសត្រូវរបស់ពួកគេ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង»។ 19 លោកអប៊ីនើរក៏បានមានប្រសាសន៍ដោយផ្ទាល់ជាមួយពួកប៊េនយ៉ាមីនដែរ។ បន្ទាប់មក លោកអប៊ីនើរបានចូលទៅគាល់ព្រះបាទដាវីឌ នៅទីក្រុងហេប្រុន និងបានទូលស្តេចឲ្យបានជ្រាបពីសេចក្តីសម្រេចទាំងឡាយរបស់ពួកអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីន​។ 20 នៅពេលដែល លោកអប៊ីនើរ និងទាហានទាំងម្ភៃនាក់របស់លោកមកដល់ទីក្រុងហេប្រុន ដើម្បីជួបព្រះបាទដាវីឌ​ នោះព្រះបាទដាវីឌបានរៀបចំពិធីជបលៀងសម្រាប់ពួកគេ។ 21 លោកអប៊ីនើរបានទូលព្រះបាទដាវីឌថា៖ «ទូលបង្គំនឹងចេញទៅប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណាជាអម្ចាស់នៃទូលបង្គំ ដូច្នេះពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ឲ្យព្រះករុណាបានសោយរាជ្យលើគ្រប់ៗទាំងអស់»។ 22 ខណៈនោះ ពួកពលទាហានរបស់ព្រះបាទដាវីឌ និងលោកយ៉ូអាប់បានត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ទាំងនាំយករបឹបមកជាមួយផង។ ប៉ុន្តែ ពេលនោះលោក​អប៊ី‌នើរ​មិនបានមកនៅជាព្រះបាទដាវីឌ នៅទីក្រុងហេប្រុនទេ។ ព្រះបាទដាវីឌបានបញ្ជូនគាត់ចេញទៅ ហើយលោកលោក​អប៊ី‌នើរ​បានចេញទៅដោយសុខសាន្ត។ 23 នៅពេលដែលលោកយ៉ូអាប់ និងពួកពលទាហានរបស់លោកមកដល់ មានគេប្រាប់លោកថា៖ «លោក​អប៊ី‌នើរ​ ជាកូនរបស់លោកនើរ បានមកជូបព្រះរាជា ហើយព្រះរាជាបានឲ្យគេទៅ លោក​អប៊ី‌នើរ​ក៏ចេញទៅដោយសុខសាន្ត។ 24 ពេលដែលលោកមកដល់លោកបានទូលសួរព្រះបាទដាវីឌថា៖ «តើព្រះរាជាបានធ្វើអ្វី? ទតចុះ! លោក​អប៊ី‌នើរ​បានមកគាល់ព្រះរាជា តើហេតុអ្វីបានជាព្រះករុណាអនុញ្ញាតឲ្យគេទៅយ៉ាងស្រួលដូច្នេះ? 25 តើព្រះករុណា មិនជ្រាបទេឬ ថា លោក​អប៊ី‌នើរ​ជាកូនរបស់លោកនើរ គេមកដើម្បីបោកបញ្ឆោតព្រះករុណា ហើយដើម្បីស៊ើបរកយុទ្ធសាស្រ្តរបស់ព្រះករុណា និងដើម្បីរៀនពីគ្រប់យ៉ាងដែលព្រះករុណាកំពុងធ្វើ? 26 បន្ទាប់ពី លោកយ៉ូអាប់បានចាកចេញពីព្រះបាទដាវីឌទៅ លោកបានចាត់អ្នកនាំសារទៅតាមលោក​អប៊ី‌នើរ​ ហើយពួកគេបាននាំលោក​អប៊ី‌នើរ​ត្រឡប់ពីអណ្ដូង​ទឹក​ស៊ីរ៉ា​វិញ ប៉ុន្តែ ព្រះបាទដាវីឌ មិនបានជ្រាបពីរឿងនេះទេ។ 27 ពេលដែលលោកអប៊ីនើរត្រឡប់មកដល់ក្រុងហេប្រុនវិញ លោកយ៉ូអាប់បាននាំលោកទៅកាន់កណ្តាលច្រកទ្វារ ដើម្បីនិយាយការសម្ងាត់ជាមួយគាត់។ នៅទីនោះលោកយ៉ូអាប់បានចាក់លោកអប៊ីនើរ ត្រង់ពោះ​ហើយលោកក៏ស្លាប់នៅទីនោះ។ លោកយ៉ូអាប់ធ្វើដូច្នេះដើម្បីសងសឹកឲ្យលោកអេសាអែល ជាប្អូនប្រុសរបស់លោក។ 28 ខណៈដែលព្រះបាទដាវីឌ បានឮដំណឹងនេះ ព្រះអង្គមានរាជ្យឳង្ការថា៖ «យើងនឹងរាជាណាចក្ររបស់យើងគ្មានទោសនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ចំពោះឈាមរបស់លោកអប៊ីនើរ កូនរបស់លោកនើរឡើយ។ 29 សូមឲ្យទោសនៃការសម្លាប់លោកអប៊ីនើរនេះ ធ្លាក់ទៅលើលោកយ៉ូអាប់ ហើយនិងញាតិសន្តានរបស់គេទៅចុះ។ សូមឲ្យក្នុុងគ្រួសាររបស់លោកយ៉ូអាប់តែងតែមានមនុស្សកើត ដំបៅងារ ជម្ងឺឃ្លង់ ឬមានមនុស្សពិការ ហើយសូមឲ្យមានមនុស្សដែលស្លាប់ដោយមុខដាវ ឬស្លាប់ដោយអត់អាហារ»។ 30 ដូច្នេះ លោកយ៉ូអាប់ និងលោកអប៊ីសាយ ជាបងប្អូនប្រុសរបស់គាត់ដែលបានសម្លាប់លោកអប៊ីនើរ ព្រោះតែលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាបងប្អូនរបស់គាត់នៅគីបៀន នៅក្នុងការប្រយុទ្ធគ្នា។ 31 ព្រះបាទដាវីឌ បានមានរាជឳង្ការទៅកាន់លោកយ៉ូអាប់ និងពួកពលទាហានដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់របស់អ្នករាល់គ្នា រួចស្លៀកបាវជំនួសវិញ ហើយត្រូវកាន់ទុកចំពោះសពរបស់អប៊ីនើរ»។ ស្តេចបានដើរពីក្រោយពិធីដង្ហែរសព។ 32 ពួកគេបានបញ្ចុះសពរបស់លោកអប៊ីនើរនៅក្នុងហេប្រុន។ ព្រះរាជាទ្រង់ព្រះកន្សែងយ៉ាងខ្លាំងនៅផ្នូររបស់លោកអប៊ីនើរ ហើយប្រជាជនទាំងអស់ក៏បានយំសោកដែរ។ 33 ព្រះរាជាបានលើកទំនួញត្អូញត្អែររំលឹកពីលោកអប៊ីនើរដូចតទៅ៖ «លោកអប៊ីនើរអើយ ហេតុអ្វីបានជាលោកស្លាប់ដូចជាមនុស្សលេលាដូច្នេះ 34 ដៃរបស់លោកគ្មានជាប់ចំណងសោះ។ ជើងរបស់លោកក៏មិនជាប់ច្រវាក់ដែរ។ តែលោកបានដួលស្លាប់ ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ ប្រជាជនទាំងអស់នាំគ្នាយំសោកស្តាយស្រណោះលោកអប៊ីនើរសារជាថ្មី។ 35 ប្រជាជនបានចូលមកឯព្រះបាទដាវីឌ​ ដើម្បីថ្វាយព្រះស្ងោយទាន់នៅភ្លឺ ប៉ុន្តែ ព្រះបាទដាវីឌបានស្បថថា៖ «សូមឲ្យព្រះអម្ចាស់ដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅចុះ​ប្រសិនបើ យើងបរិភោគនំប៉័ង ឬអ្វីក៏ដោយមុនពេលថ្ងៃលិច»។ 36 ប្រជាជនបានកត់សម្គាល់ឃើញសេចក្តីសោកសៅរបស់ស្តេច ហើយពួកគេមានការពេញចិត្តណាស់​ដូចដែលពួកគេធ្លាប់ពេញចិត្តនឹងអ្វីដែលស្តេចបានធ្វើ។ 37 ដូច្នេះ ប្រជាជនទាំងអស់ ក៏ដូចជាពួកអ៊ីស្រាអែលបានដឹងថា ការសម្លាប់លោកអប៊ីនើរនៅថ្ងៃនោះ មិនមែនជាការសម្រេចចិត្តរបស់ព្រះរាជានោះទេ។ 38 ព្រះរាជាមានព្រះរាជឳង្ការទៅពួកអ្នកបម្រើរបស់ព្រះអង្គថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬថា ថ្ងៃនេះវីរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់ បានស្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល? 39 ទោះបីជាខ្ញុំបានទទួលការចាក់ប្រេងតាំងពីព្រះជាម្ចាស់ក្តី ក៏ខ្ញុំនៅតែជាមនុស្សទន់ខ្សោយដែរ។ ចំណែកឯកូនៗរបស់លោកស្រីសេរូយ៉ា គេជាមនុស្សឃោរឃៅជាងខ្ញុំ។ សូមឲ្យព្រះអម្ចាស់ ដាក់ទោសមនុស្សឃោរឃៅ ទៅតាមអំពើរឃោរឃៅរបស់គេទៅចុះ»។