ជំពូក ១

1 បន្ទាប់ពីព្រះបាទសូល​ សោយទិវង្គតទៅ​ លោកដាវីឌបានត្រឡប់មកវិញ បន្ទាប់ពី វាយឈ្នះជនជាតិអាម៉ាឡេក ហើយបានស្នាក់នៅក្រុងស៊ីគឡាក់រយៈពេលពីរថ្ងៃ។ 2 នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល ជាមួយនឹងសម្លៀកបំពាក់រហែក ហើយរោយដីនៅលើក្បាលផង។ ពេលដែលគាត់បានជួបនឹងលោកដាវីឌ ​គាត់ឱនមុខចុះ ហើយក្រាបថ្វាយបង្គំដល់ដី។ 3 លោកដាវីឌសួរគាត់ថា៖ «តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។ 4 លោកដាវីឌមានប្រសាសន៍ទៅគាត់ថា៖ «សូមប្រាប់យើងមកមើល៍ តើមានរឿងអ្វីកើតឡើង?» គាត់ឆ្លើយថា៖ «ពួកទាហានបានបាក់ទ័ពរត់ពីសមរភូមិ។ មានមនុស្សជាច្រើនបានដួលស្លាប់។ ព្រះបាទសូល​ និងសម្តេចយ៉ូណាថាន់ បុត្ររបស់ទ្រង់ក៏សុគតដែរ»។ 5 លោកដាវីឌសួរទៅបុរសវ័យក្មេងនោះថា៖ «ហេតុអ្វីបានជាឯងដឹងថា ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ សោយទិវង្គត?» 6 បុរសនោះរៀបរាប់ថា៖ «នៅពេលកើតហេតុការណ៍នោះ​ ខ្ញុំក៏នៅលើភ្នំគីលបោរដែរ ហើយព្រះបាទសូលបានច្រត់លើលំពែងរបស់ព្រះអង្គ មានរទេះចម្បាំង និងទ័ពសេះរបស់សត្រូវតាមមកយ៉ាងប្រកិតនឹងព្រះអង្គ។ 7 ព្រះបាទសូលងាកមកបានឃើញខ្ញុំ ហើយបានហៅខ្ញុំ។ ខ្ញុំក៏បានឆ្លើយថា៖​ ព្រះករុណាថ្លៃវិសេស ទូលបង្គំនៅទីនេះ។​ 8 ព្រះអង្គបានមានបន្ទូលមកខ្ញុំថា៖ «តើឯងជាអ្នកណា?» ខ្ញុំក៏បានទូលទៅព្រះអង្គថា៖ «ទូលបង្គំជាជនជាតិអាម៉ាឡេក»។ 9 ព្រះអង្គក៏បង្គាប់មកខ្ញុំថា៖ «ចូរមកឈរនៅពីមុខយើង ហើយសម្លាប់យើងទៅ ព្រោះសេចក្តីឈឺចាប់ជាមួយនឹងរបួសរបស់យើងណាស់ ប៉ុន្តែ យើងនៅមានជីវិត។ 10 ដូច្នេះ ខ្ញុំក៏បានឈរនៅពីមុខព្រះអង្គហើយបានធ្វើគត់ព្រះអង្គទៅ ព្រោះខ្ញុំបានដឹងថា ព្រះរាជានឹងសោយទិវង្គតបន្ទាប់ពី ព្រះអង្គបរាជ័យ។ បន្ទាប់មក ខ្ញុំបានដោះយកមកុដ ដែលនៅលើព្រះ‌សិរ របស់ព្រះអង្គ ព្រមទាំងខ្សែដៃរបស់ព្រះអង្គហើយនាំយកមកជូនលោក ជាម្ចាស់របស់ខ្ញុំ»។ 11 បន្ទាប់មក លោកដាវីឌ បានហែកសម្លៀកបំពាក់របស់លោក រីឯមនុស្សទាំងអស់ដែលនៅជាមួយលោកក៏បានហែកសម្លៀកបំពាក់របស់ពួកគេដែរ។ 12 ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ពេលល្ងាច​ ដើម្បីរំលឹកដល់ព្រះបាទសូល​ និងសម្តេចយ៉ូណាថាន់ បុត្រារបស់ស្តេច និងសម្រាប់ប្រជាជនរបស់ព្រះអម្ចាស់ ព្រមទាំងសម្រាប់ស្រុកអ៊ីស្រាអែលទាំងមូល ដែលពួកគេបានបាត់បង់ជីវិតដោយសារសង្ក្រាម។ 13 លោកដាវីឌបានសួរទៅកាន់បុរសនោះថា៖ «តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាកូនរបស់ជនជាតិអាម៉ាឡេក ដែលរស់នៅក្នុងស្រុកនះ»។ 14 លោកដាវីឌមានប្រសាសន៍ទៅបុរសនោះថា៖ «ហេតុអ្វីបានជាអ្នកមិនមានការភ័យខ្លាច ដែលធ្វើគត់ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេធ ដោយដៃរបស់អ្នកដូច្នេះ?» 15 លោកដាវីឌបានហៅក្មេងអ្នកបម្រើរបស់គាត់ម្នាក់មក ហើយបង្គាប់ថា៖ «ចូរទៅក្បែរគេ! ហើយសម្លាប់គេទៅ»។ ដូច្នេះ អ្នកបម្រើរបស់លោកដាវីឌបានចូលទៅក្បែរ ហើយសម្លាប់ជនជាតិអាម៉ាឡេកនោះស្លាប់ទៅ។ 16 លោកដាវីឌបានមានប្រសាសន៍ទៅកាន់សាកសពជនជាតិអាម៉ាឡេកនោះថា៖ «ឈាមរបស់អ្នកធ្លាក់ទៅលើក្បាលរបស់អ្នក ព្រោះមាត់របស់អ្នកបានធ្វើបន្ទាល់ប្រឆាំងនឹងអ្នក ដោយអ្នកបាននិយាយថា៖ «ខ្ញុំបានសម្លាប់ ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងតែងតាំង!»។ 17 លោកដាវីឌបានស្មូតទំនុកចម្រៀង​ដែលរំលឹកអំពីព្រះបាទសូល និងសម្តេចយ៉ូណាថាន់ ជាបុត្ររបស់ព្រះអង្គ។ 18 ហើយលោកក៏បានបញ្ជាឲ្យពួកគេបង្រៀនបទនេះ គឺជាទំនុកធ្នូរ ដល់កូនចៅយូដា ដែលមានកត់ត្រាទុកក្នុងសៀវភៅ ពួកសុចរិត។ 19 «អ៊ីស្រាអែលអើយ!​ហេតុអ្វីវីរជនរបស់អ្នក ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងដូច្នេះ? 20 អ្នកមិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះនៅតាមផ្លូវនៃក្រុងអេស្កាឡូនដែរ​ ក្រែងលោកូនស្រីរបស់ពួកភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោពួកកូនស្រីនៃជនជាតិដែលមិនកាត់ស្បែកនាំគ្នាអរសប្បាយ។ 21 ជួរភ្នំគីលបោរអើយ! សូមកុំឲ្យមានភ្លៀង ឬទឹកសន្សើមធ្លាក់លើអ្នកឡើយ ទាំងស្រែចម្ការ សូមកុំឲ្យមានផលសម្រាប់តង្វាយឡើយ ព្រោះនៅទីនោះខែលរបស់អ្នកខ្លាំងពូកែត្រូវគេបន្ទាបបន្ថោក។ ខែលរបស់ព្រះបាទសូលក៏លែងបានលាបប្រេងតទៅទៀតដែរ។ 22 ធ្នូររបស់សម្តេចយ៉ូណាថាន់មិនរុញរាឡើយ ហើយដាវរបស់ព្រះបាទសូលក៏មិនវិលចូលស្រោមវិញដែរ ប្រសិនបើ មិនបានបង្ហូរឈាមសត្រូវ ដែលបានសម្លាប់គេនោះ។ 23 ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ គួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលដែលនៅរស់​ ហើយពេលដែលពួកគេស្លាប់ ក៏ពួកគេមិនបែកគ្នាដែរ។ ពួកគេរហ័សដូចជាឥន្រ្ទី ពួកគេខ្លាំងដូចជាសិង្ហ។ 24 ឳកូនស្រីអ៊ីស្រាអែលអើយ! ចូរយំសោកស្រណោះព្រះបាទសូល​ដែលធ្លាប់ស្លៀកសម្លៀកបំពាក់រុងរឿងដ៏ត្រចះត្រចង់ ព្រមទាំងមានរំយោលធ្វើពីមាសនៅលើសម្លៀកបំពាក់។ 25 ហេតុអ្វីបានជាអ្នកដ៏ខ្លាំងពូកែ ត្រូវស្លាប់នៅកណ្តាលសមរភូមិដូច្នេះ! ​សម្តេចយ៉ូណាថាន់អើយ! ហេតុអ្វីបានជាសម្តេចត្រូវខ្មាំងសត្រូវចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ? 26 ទូលបង្គំខ្លោចផ្សារក្នុងចិត្តដោយសារបាត់បង់សម្តេច! សម្តេចយូណាថាន់អើយ!សម្តេចមានសេចក្តីករុណាណាស់ចំពោះទូលបង្គំណាស់។ ក្តីស្រឡាញ់របស់សម្តេច គឺវិសេសណាស់ គឺប្រសើរជាងក្តីស្រឡាញ់របស់មនុស្សស្រីទៅទៀត! 27 ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ដូច្នេះ ហេតុអ្វីបានជាគ្រឿងសាស្ត្រាវុធ ត្រូវវិនាសដូច្នេះ!»